វិស័យហិរញ្ញវត្ថុ

អ្នកជំនាញផ្នែកហិរញ្ញវត្ថុបារម្ភថា កំណើននៃការផ្ដល់សេវាហិរញ្ញវត្ថុគ្មានច្បាប់ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា


ក្រុមអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានកត់សម្គាល់ឃើញថា សកម្មភាពផ្សព្វផ្សាយ និងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្តាញសង្គម នានា និងអនឡាញ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីធនាគារជាតិនៃកម្ពុជា បាននិងកំពុងមានសកម្មភាពយ៉ាងអនាធិបតេយ្យនៅរយៈពេលចុងក្រោយនេះ។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុបារម្ភថា កំណើននៃការផ្ដល់សេវាហិរញ្ញវត្ថុគ្មានច្បាប់ ធ្វើឲ្យប៉ះពាល់សេដ្ឋកិច្ចកម្ពុជា

លើសពីនេះ សេវាឥណទានខុសច្បាប់ទាំងនេះ គឺមានការកំណត់យកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែង ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

អ្នកជំនាញបានបង្ហាញក្ដីបារម្ភថា ប្រសិនណា មិនចាត់វិធានការបានទាន់ពេលវេលានោះទេ បញ្ហានៃការផ្ដល់កម្ចីខុសច្បាប់ អាចនឹងជិះឥទ្ធិពលអវិជ្ជមានដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជា ជាពិសេសអាចប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច-សង្គមកម្ពុជា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី«ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនិងវិធានការបុរេសកម្មឆ្លើយតបទៅនឹងការផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ»នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក រ័ត្ន សោភ័ណ្ឌ អនុប្រធានសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បន្ន កំណើននៃការផ្តល់កម្ចីខុសច្បាប់ កំពុងបង្កក្ដីព្រួយបារម្ភយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋ និងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ លោក រ័ត្ន សោភ័ណ្ឌ បន្តថា តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់របស់ហិរញ្ញវត្ថុក្រៅផ្លូវការ បណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។ ការណ៍នេះ បានជះឥទ្ធិពលដល់ស្ថិរភាពហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា ទាំងមូល។

បើតាមលោក រ័ត្ន សោភ័ណ្ឌ ការស្វែងយល់ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពិតជាសំខាន់សម្រាប់ប្រជាពលរដ្ឋ ដោយអនុប្រធានសមាគមធនាគារនៅកម្ពុជារូបនេះ បានពន្យល់ទៀតថា ដើម្បីជួយឲ្យប្រជាពលរដ្ឋចៀសវាងធ្លាក់ក្នុងបំណុលច្រើនលើសលប់ សមាគមធនាគារនៅកម្ពុជា អំពាវនាវដល់សាធារណៈជនត្រូវគិតគូឲ្យបានច្បាស់មុននឹងទទួលសេវាឥណទាន ឬសេវាហិរញ្ញវត្ថុ ពីស្ថាប័ននានា ពិសេសទាក់ទងទៅនឹងលក្ខខណ្ឌកម្ចី លទ្ធភាពសង និងគោលបំណង ជាដើម។ លោកបន្ថែមថា ដើម្បីរួមចំណែកកាត់បន្ថយឲ្យប្រជាពលរដ្ឋទទួលកម្ចីក្រៅផ្លូវការ សមាគមធនាគារនៅ និងសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងជំរុញនិងពង្រីកកម្ចីផ្លូវការឲ្យបានច្រើន។

ចំពោះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានកត់សម្គាល់ឃើញថា ការកើនឡើងនៃការផ្ដល់កម្ចីតាមអនឡាញ មិនមែនសុទ្ធតែផ្ដល់ផលអវិជ្ជមាននោះទេ ប្រសិនអាជីវកម្មនោះមានអាជ្ញាបណ្ណត្រឹមត្រូវ ព្រោះនឹងជួយសម្រួលដល់អតិថិជន។ ក៏ប៉ុន្តែ បើតាមការកត់សម្គាល់របស់លោក សុខ វឿន បច្ចុប្បន្ន ភាគច្រើនការផ្ដល់កម្ចីតាមប្រព័ន្ធអនឡាញ មិនមានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា នោះទេ។ អ្នកជំនាញរូបនេះ បានគូសបញ្ជាក់ថា បញ្ហានេះ ក៏នឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជា វិស័យធនាគារទាំងមូល ដោយលោក សុខ វឿន បានសង្កត់ធ្ងន់ថា ភាគច្រើននៃស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលផ្លូវការ និងស្របច្បាប់ មិនមានការធ្វើប្រតិបត្តិការតាមប្រព័ន្ធអនឡាញនោះទេ។

យ៉ាងណាមិញ ដើម្បីរួមរំណែកទប់ស្កាត់នូវបញ្ហានេះ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក៏នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹង ផងដែរ ចំពោះការផ្តល់ប្រាក់កម្ចីខុសច្បាប់ និងការផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ពាក់ព័ន្ធនឹងការផ្តល់សេវាហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាត។

សូមបញ្ជាក់ថា កាលពីខែមករា កន្លងទៅនេះ ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដោយបានព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះការផ្ដល់ឥណទានខុសច្បាប់ និងការផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុ ដោយគ្មានច្បាប់អនុញ្ញាត។ ការព្រមាននេះ បន្ទាប់ពីស្ថាប័នជាតិទាំងពីរសង្កេតឃើញពីសកម្មភាពនៃការផ្សព្វផ្សាយ និងផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ពិសេសសេវាឥណទានតាមទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញកំពុងមានកើតមានយ៉ាងអនាធិបតេយ្យ ដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ ហើយវាបង្កឲ្យមានប៉ះពាល់ដល់សេដ្ឋកិច្ច និសង្គម ក៏ដូចជាពលរដ្ឋដែលជាអ្នកខ្ចីប្រាក់ផងដែរ៕




អត្ថបទបន្ទាប់


ធនាគារ ប្រ៊ីដ សហការជាមួយផ្សារទំនើប ហោសហ្គូរូ ដើម្បីផ្ដល់ជូនអតិថិជននូវកញ្ចប់សេវាកម្មបង់ប្រាក់ដ៏អស្ចារ្យ

ព័ត៌មាន
ធនាគារ ប្រ៊ីដ ដែលត្រូវបានគេស្គាល់ថាជាធនាគារពាណិជ្ជកម្មក្នុងស្រុកមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងផ្សារទំនើបបែបគេហដ្ឋាន និងការរស់នៅ ហោសហ្គូ…

អ្នកជំនាញក្នុងវិស័យ SME នៅតែទទូចស្នើឱ្យរដ្ឋជួយគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែមទៀត

ព័ត៌មាន
បើទោះបី ស្ថានភាពនៃជំងឺកូវីដ១៩ មានភាពល្អប្រសើរឡើងវិញក៏ពិតមែន ប៉ុន្តែ វិស័យSME នៅតែជួបនូវបញ្ហាប្រឈមជាច្រើន ខណៈវិស័យនេះ ក៏ជាវិស័យមួយដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ