ស្រូវ​អង្ករ​កម្ពុជា

សុខ ពុទ្ធីវុធ៖ ការ​នាំ​ចេញ​អង្ករ​ទៅ​បង់ក្លាដែស​ត្រូវ​​ខកខាន តែ​មិន​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​​ទេ


ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ឯកឧត្តម សុខ ពុទ្ធីវុធ បាន​លើក​ឡើង​ថា ការ​នាំចេញ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​បង់ក្លាដែស នៅ​ដំណាក់កាល​ដំបូង​ក្នុង​ឆ្នាំ​នេះ ត្រូវ​បាន​ខកខាន ប៉ុន្តែ មិន​បាន​លុប​ចោល​កិច្ច​ព្រមព្រៀង​ទាំង​ស្រុង​នោះ​ទេ ហើយ​ឥឡូវ​នេះ កំពុង​ធ្វើការ​ចរចា​បន្ត​ទៀត។
លោក សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា
ដោយ

ប្រតិកម្ម​របស់​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ធ្វើ​ឡើង​បន្ទាប់​ពី​លេច​ឮ​ព័ត៌មាន​ពី​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះផ្សាយ​ថា កិច្ច​ព្រមព្រៀង​នាំ​ចេញ​អង្ករ​ទៅ​បង់ក្លាដែស​ត្រូវ​បាន​លុប​ចោល។

ថ្លែង​ប្រាប់ ខេមបូណូមីស តាម​ទូរស័ព្ទ​ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ថា ការ​នាំចេញ​អង្ករ​ទៅ​ បង់ក្លាដែស នៅ​ដំណាក់កាល​ដំបូង​សម្រាប់​ឆ្នាំ​នេះ បាន​មាន​ភាព​យឺតយ៉ាវ មិន​អាច​ឈាន​ទៅ​សម្រេច​កិច្ច​សន្យា ដោយសារ​តែ​កម្ពុជា​មិន​មាន​អង្ករ​គ្រប់​គ្រាន់​ដើម្បី​នាំ​ចេញ​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រទេស​បង់ក្លាដែស។ 

លោក​​បន្ថែម​ថា ការ​តម្រូវ​ឲ្យ​នាំ​អង្ករ​ទៅ​ប្រទេស​បង់ក្លាដែស គឺ​មាន​​រយៈពេល​​ខ្លី ខណៈ​ដែល​​រដូវ​​ប្រមូល​​ផល​​មិន​​ទាន់​​ចូល​​មក​ដល់ ហើយ​កម្ពុជា​ត្រូវការ​ពេល​វេលា​ដើម្បី​រៀបចំ។ ណា​មួយ​ទៀត នេះ​គឺ​ជា​ការ​នាំចេញ​អង្ករ​ទៅ​ទីផ្សារ​អន្តរជាតិ​ទ្រង់ទ្រាយ​ធំ​មួយ​សម្រាប់​កម្ពុជា ដែល​ចាំបាច់​ត្រូវ​មាន​ទំនាក់​ទំនង​បន្ថែម​រវាង​ប្រទេស​ទាំង​ពីរ ការ​សិក្សា​ពី​នីតិ​វិធី​ក្នុង​ការ​នាំ​ចេញ​និង​ការ​ចរចា​ដ៏​ត្រឹមត្រូវ​ជាដើម។ 

ហេតុ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​កម្ពុជា​ខកខាន​ក្នុង​ការ​នាំចេញ​ទៅ​បង់ក្លាដែស​នៅ​ដំណាក់​កាល​ដំបូង​នេះ។ ទោះ​យ៉ាង​ណា ឯកឧត្តម​បាន​បញ្ជាក់​ថា ការ​នាំ​ចេញ​ទៅ​បង់ក្លាដែស​នេះ ត្រូវ​ធ្វើ​ឡើង​ទៅ​តាម​ដំណាក់កាល ហើយ​កម្ពុជា​កំពុង​ស្ថិត​នៅ​ក្នុង​ចំណុច​ចាប់​ផ្ដើម​នៅ​ឡើយ ដូច្នេះ វា​ទាមទារ​ឲ្យ​មាន​ពេល​វេលា​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ការងារ​នេះ​បន្ត​ទៀត។ 

ជាមួយ​គ្នា​នេះ​ដែរ លោក​ឧកញ៉ា គឹម សាវុធ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Food ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា ជាទូទៅ នៅ​ដើម​ឆ្នាំ​នៃ​រដូវ​ប្រមូល​ផល​ស្រូវ​ កម្ពុជា​ច្រើន​តែ​ត្អូញត្អែរ​ពីការ​ខ្វះ​ទីផ្សារ តែ​ពេល​ចុង​ឆ្នាំ តែងតែ​ខ្វះ​អង្ករ​ដើម្បី​លក់​ទៅ​ឲ្យ​ទីផ្សារ​វិញ។ ជាក់​ស្ដែង កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ខាង​សហព័ន្ធ​ស្រូវ​អង្ករ​ក៏​ធ្លាប់​បាន​មក​ទាក់ទង​ទិញ​អង្ករ​ពី​ក្រុមហ៊ុន​លោក ដើម្បី​ធ្វើការ​នាំ​ចេញ​ទៅ​បង់ក្លាដែស​ដែរ ប៉ុន្ដែ ក្រុមហ៊ុន​លោក​មិន​មាន​អង្ករ​គ្រប់គ្រាន់​សម្រាប់​លក់​ជូន ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ភាគី​កម្ពុជា​មិន​អាច​ឈាន​ទៅ​សម្រេច​បាន​តាម​កិច្ច​សន្យា ឬ​ការ​ចង់​បាន​របស់​បង់ក្លាដែស។ 

បើ​តាម​ឧកញ៉ា ហ៊ុន ឡាក់ ធ្លាប់​បាន​លើក​ឡើង​ថា កន្លង​មក កម្ពុជា​ធ្លាប់​បាន​ចរចា​ជាមួយ​បង់ក្លាដែស​ពី​តម្លៃ​សម្រាប់​លក់ចេញ​ផង​ដែរ ពោល​គឺ​មាន​តម្លៃ​ប្រមាណ​ជាង ៤០០​ដុល្លារ​ក្នុង​មួយ​តោន ដែល​ការ​នាំចេញ​នេះ ជា​ប្រភេទ​អង្ករ​ស​ធម្មតា មិន​មែន​អង្ករ​ចំហុយ​នោះ​ឡើយ។ 

ទោះ​យ៉ាង​ណា ការ​ឈាន​ទៅ​សម្រេច​កិច្ចការ​នាំចេញ​ទៅ​បង់ក្លាដែស ២៥​ម៉ឺន​តោន​ក្នុង​ដំណាក់កាល​ដំបូង​នេះ ពុំ​បាន​សម្រេច​តាម​ការ​រំពឹង​ទុក​នោះ​ទេ។

ជុំវិញ​ព័ត៌មាន​ដែល​ថា កិច្ច​ព្រមព្រៀង​នាំ​ចេញ​អង្ករ​ទៅ​បង់ក្លាដែស ត្រូវ​បាន​លុប​ចោល​នេះ​ដែរ មន្ត្រី​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ឡុង កែម​វិចិត្រា បាន​អះអាង​ថា រហូត​មក​ទល់​ពេល​នេះ ក្រសួង​ពាណិជ្ជកម្ម តាមរយៈ​ក្រុមហ៊ុន គ្រីន ត្រេដ នៅ​តែ​បន្ត​ជំរុញ​កិច្ច​ចរចា​នាំ​អង្ករ​ទៅ​បង់ក្លាដែស ដដែល ហើយ​គម្រោង​នេះ​នៅតែ​មាន​ជា​ផ្លូវការ និង​មិន​មាន​ការ​លុប​ចោល​កិច្ច​ព្រមព្រៀង​នោះ​ទេ ហើយ​ខាង​ក្រុមហ៊ុន គ្រីនត្រេដ ក៏​កំពុង​តែ​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ​ដដែល។ 

យ៉ាង​ណា​ក៏​ដោយ លោក​មិន​ដឹង​ថា ដំណើរការ​ចរចា​នេះ​កំពុង​ឈាន​មក​ដល់​ដំណាក់​កាល​ណា​នៅ​ឡើយ​ទេ ដោយ​ទំនួល​ខុស​ត្រូវ គឺ​ជា​កាត្វកិច្ច​របស់​ក្រុមហ៊ុន គ្រីន ត្រេដ។ ខេមបូណូមីស បាន​ហៅ​ទូរស័ព្ទ​ជា​ច្រើន​ដង​ទៅ​កាន់​នាយក​គ្រប់គ្រង​ក្រុមហ៊ុន គ្រីន ត្រេដ លោក ចាន់ សុខទី តែ​មិន​អាច​ទាក់ទង​បាន។

សូម​បញ្ជាក់​ដែរ​ថា អនុស្សរណៈ​យោគយល់​គ្នា​រវាង​កម្ពុជា និង​ប្រទេស​បង់ក្លាដែស ក្នុង​ការ​នាំ​ចេញ​អង្ករ​ឲ្យ​បាន​១​លាន​តោន ក្នុង​រយៈពេល​៥​ឆ្នាំ​នេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​ព្រៀមព្រៀង​គ្នា​កាល​ពី​ដើម​ខែ​សីហា កន្លង​ទៅ។ ក្នុងនោះ កម្ពុជា​រំពឹង​ថា ក្នុង​មួយ​ឆ្នាំ​ដំបូង​នេះ នឹង​អាច​ធ្វើការ​នាំចេញ​អង្ករ​ទៅ​បង់ក្លាដែស បាន ២៥​ម៉ឺន​តោន។ ប៉ុន្ដែ បើ​តាម​ការ​អះអាង​ពី​អ្នក​ជំនាញ ការ​រំពឹង​នេះ​ត្រូវ​បាន​ខកខាន​ដោយសារ​តែ​ពេល​វេលា​សម្រាប់​ការ​នាំ​ចេញ​មាន​ខ្លី ខណៈ​ដែល​អង្ករ​កម្ពុជា​នៅ​ក្នុង​ស្ដុក​មាន​មិន​​គ្រប់​គ្រាន់​នៅ​ឡើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មហា​សេដ្ឋី លី យ៉ុងផាត់ វិនិយោគ​សួន​ទឹក​កម្សាន្ត​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី

ព័ត៌មាន
សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​និង​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី ដែល​វិនិយោគ​ក្នុង​ទឹកប្រាក់​ជ…

ផ្សារ​កុងតឺន័រ​សិង្ហបុរី​នៅ​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ បើក​លក់​នៅ​ខែ​វិច្ឆិកា​នេះ

ព័ត៌មាន
ផ្សារ​កុងតឺន័រ​ថ្មី​មួយ​ទៀត ​នៅ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ គ្រោង​នឹង​​បើក​លក់​ចំនួន​ជិត​៥០០​តូប ស្ថិត​នៅ​ខាង​ត្បូង​សណ្ឋាគារ សូហ្វ៊ីតែល។ ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ