គំនិត​ពិចារណា!

អាជីវកម្ម​ខ្នាត​តូច​៥​ប្រភេទ ដែល​ធ្លាប់​រីក​លឿន រោយ​លឿន!


ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បរិយាកាស​នៃ​ការ​ធ្វើ​អាជីវកម្ម​កាន់តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ឡើងៗ ពិសេស គឺ​អាជីវកម្ម​ខ្នាត​តូច​តែ​ម្ដង ខណៈ​ដែល​អាជីវកម្ម​ប្រភេទ​នេះ​ចំណាយ​ទុន​តិច និង​ងាយ​ក្នុង​ការ​ចាប់​ផ្ដើម។
ហាងលក់ទំនិញ ២៥០០រៀល ដែល​ផ្អើល​មួយ​រយៈ​ខ្លី ឥឡូវ​ស្ទើរតែបាត់អស់។
ដោយ

ភាព​ងាយ​ស្រួល​ក្នុង​ការ​ចាប់​ផ្ដើម​នេះ​ហើយ ទើប​ធ្វើ​ឲ្យ​អាជីវកម្ម​ខ្នាត​តូច​ភាគ​ច្រើន ដែល​បើក​មក​ហើយ រមែង​ព្រួយ​បារម្ភ​ពី​ការ​ចម្លង​គ្នា ឬ​បើក​តាម​គ្នា​ជាដើម។ ខេមបូណូមីស សូម​លើក​យក​មុខរបរ​៥​ប្រភេទ ដែល​ធ្លាប់​តែ​រីក​ខ្លាំង​លើ​ទីផ្សារ តែ​បច្ចុប្បន្ន​បាន​និង​កំពុងរុះរោយ​ទៅ​វិញ​ជា​បណ្ដើរៗ។ អាជីវកម្ម​ទាំង​នោះ រួមមាន៖ 

១, ហាង​២៥០០​រៀល

ការ​ដាក់​លក់​ទំនិញ​គ្រប់​មុខ​ដោយ​ប្រើ​តម្លៃ​រួម​ត្រឹមតែ ២៥០០រៀល ជា​ស្លាក​សញ្ញា​ទាក់ទាញ​អតិថិជន បាន​ធ្វើ​ឲ្យ​ហាង​លក់​ទំនិញ​ខ្នាត​តូច​ប្រភេទ​នេះ បាន​រីក​សាយភាយ​យ៉ាង​ខ្លាំង ពិសេស​នៅ​ភ្នំពេញ​តែម្ដង កាល​ពី​ប្រមាណ​៤ ឬ​៥​ឆ្នាំ​មុន។ 

ដំបូង​ឡើយ អាជីវកម្ម​នេះ មាន​តិច​តួច​ប៉ុណ្ណោះ ប៉ុន្ដែ​ក្រោយ​មក​បន្តិច បាន​រីក​សាយ​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​តាម​ទីប្រជុំជន។ ទំនិញ​ភាគ​ច្រើន​ដាក់​លក់​ត្រឹម​តែ​តម្លៃ​២៥០០​រៀល​ប៉ុណ្ណោះ ដូចជា គ្រឿង​សម្អាង សម្ភារៈ​ប្រើប្រាស់ សម្លៀក​បំពាក់​កូន​ក្មេង និង​ចំណី​អាហារ​ជា​ដើម។ យ៉ាងណា​ក៏​ដោយ គិត​មក​ទល់​ពេល​នេះ ហាង​លក់​រាយ​ដែល​ធ្លាប់​ពេញ​និយម​ខ្លាំង​មួយ​នេះ បាន​សាប​រលាប​ទៅ​វិញ​ស្ទើរ​គ្មាន​សល់​ឡើយ ពោល​គឺ​នៅ​មាន​តែ​បន្តិច​បន្ដួច​ប៉ុណ្ណោះ។

មុខរបរ តែគុជ ផ្អើល​មួយ​ឆាវ រួចហើយ​ក៏​ថម​ថយ​ចុះ​យ៉ាង​ខ្លាំង​ទៅវិញ។

២, ហាង​តែ ឬ​តែ​គុជ

អាជីវកម្ម​ហាង​តែ​គុជ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រៀប​បាន​នឹង​អាជីវកម្ម​បែប​ភ្លើង​ចម្បើង ដែល​ឆេះ​ឆួល​មួយ​ឆាវៗ។ ជាក់ស្ដែង ហាងតែ​គុជ​បាន​អង្រួន​ចិត្ត​យុវវ័យ​យ៉ាង​ខ្លាំង នា​អំឡុង​កាល​ពី​៣​ទៅ​៤​ឆ្នាំ​មុន ខណៈ​ដែល​ហាង​តែ​គុជ​ជា​ច្រើន​ទាំង​ម៉ាក Franchise ពី​បរទេស និង​យីហោ​ក្នុង​ស្រុក​បាន​សម្រុក​ពង្រីក​ខ្លួន​រីក​ដូច​ផ្សិត។ ក្នុងនោះ មាន​ហាង​តែ​គុជ​យីហោ Franchise  ភាគច្រើន​មក​ពី​តៃវ៉ាន់ ហើយ​ក៏​ធ្លាប់​មាន​ហាង​តែ​គុជ Franchise មួយ បាន​ពង្រីក​ខ្លួន​ជិត ៣០​សាខា​នៅ​កម្ពុជា តែ​ក៏​ត្រូវ​បាន​បិទ​អស់​ទៅ​វិញ​ជាង​ពាក់​កណ្ដាល គិត​មក​ទល់​ពេល​នេះ។ 

ទោះ​យ៉ាង​ណា ដ្បិត​ថា ហាង​តែ​គុជ​ជា​ច្រើន​ត្រូវ​បាន​រោយ​រាយ​ទៅ​វិញ​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា ក៏​មាន​ហាង​តែ ក៏​ដូចជា​តែ​គុជ​ខ្លះ​ក៏​អាច​នៅ​ឈរ​ជើង​បាន​រឹងមាំ​ដែរ តួយ៉ាង ហាង​កាហ្វេ​និង​តែ KOI ដែល​ជា​ម៉ាក Franchise ពី​តៃវ៉ាន់ ជា​ដើម។ 

៣, ហាង​គុយ​ទាវ​ទូក

អ្នក​ប្រហែល​ជា​មិន​ទាន់​ភ្លេច​នោះ​ទេ អំពី​វត្តមាន​ហាង​គុយទាវ​ញ៉ាំ​គរចាន ដែល​បាន​ពុះ​កញ្ជ្រោល​ខ្លាំង​ក្នុង​ទីផ្សារ និង​មាន​អ្នក​តម្រង់​ជួរ​ចាំ​ចូល​ទទួល​ទាន​បន្ត​កន្ទុយ​គ្នា។ មួយ​ចាន​តម្លៃ​ត្រឹម​តែ ២៥០០រៀល ប៉ុន្ដែ បើ​ចង់​យក​ឆ្អែត អ្នកត្រូវ​ទទួល​ទាន​មិន​ក្រោម​៥​ចាន​ទេ។ គំរូ​អាជីវកម្ម​គុយទាវ​ទូក​មួយ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ម្ចាស់​ដើម​អាជីវកម្ម​កើប​លុយ​ពី​ការ​លក់ Franchise បន្ត មិន​តិច​នោះ​ដែរ ខណៈ​ដែល​ក្រោយ​ពី​ការ​បើក​ទើប​តែ​ប៉ុន្មាន​ខែ​សោះ ហាង​គុយទាវ​ទូក​ខ្លះ​ក៏​បាន​ដាក់​លក់​សិទ្ធិ​​បន្ត​​ជា​ច្រើន​សាខា និង​មាន​អ្នក​ខ្លះ​ទៀត​ទិញ​ទៅ​បើក​បន្ត​នៅ​បណ្ដា​ខេត្ត​នានា​ផងដែរ។ 

ប៉ុន្ដែ អ្វី​ដែល​គួរ​ឲ្យ​សោក​ស្ដាយ​នោះ អ្នក​ដែល​ទិញ Franchise បន្ត​នោះ ក៏​មាន​អ្នក​ទឹក​ភ្នែក​មិន​តិច​នោះ​ដែរ ព្រោះ ហាង​បើក​មិន​ទាន់​រក​ដើម​បាន​មក​វិញ​ស្រួល​បួល​ផង ក៏​ត្រូវ​អស់​ភ្ញៀវ​ទៅ​វិញ ដោយសារ​តែ​គំរូ​អាជីវកម្ម​នេះ ត្រូវ​បាន​ចម្លង​ធ្វើ​ត​គ្នា ខណៈ​ដែល​អតិថិជន​ភាគច្រើន​គ្រាន់តែ​ជា​អ្នក​ចង់​សាក គ្រាន់​តែ​ចូល​ញ៉ាំ​ហើយ និង​ថតរូប​តែ​ប៉ុណ្ណោះ។ នា​អំឡុង​ពេល​នោះ​ដែរ គំរូ​អាជីវកម្ម​គុយទាវ​ទូក​នេះ ក៏ត្រូវ​បាន​យក​ទៅ​ប្រើ​លើ​ហាង​លក់​បបរមាន់​មួយ​ចំនួន​ផង​ដែរ​។ ប៉ុន្ដែ នៅ​ទីបំផុត គំរូ​អាជីវកម្ម​ហាង​គុយទាវទូក​ដែល​ធ្លាប់​ល្បី​ខ្ទរខ្ទា​នោះ រួមទាំង​ហាង​បបរមាន់​ទាំង​នោះ ក៏​ត្រូវ​បាន​លិច​កប់​ទៅ​បាត់​ងើប​មុខ​លែង​រួច។

៤, កាហ្វេ​ដូង​ខ្ចី​ថង់​ក្រដាស

វា​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែរ កាល​ពី​២ ទៅ ៣​ឆ្នាំ​មុន​នេះ ដែល​ការ​លក់​កាហ្វេ​យក​ក្រដាស​មក​ខ្ចប់​ពី​ខាង​ក្រៅ តែ​មាន​ការ​លក់​ដាច់ភ្លូក​ទឹក​ភ្លូក​ដី។ កាហ្វេ​ដូង​ខ្ចី ខ្ចប់​ថង់​ក្រដាស​នេះ គឺជា​ប្រភេទ​អាជីវកម្ម​តាម​ផ្លូវ​មួយ ដែល​ភាគច្រើន​មាន​លក់​នៅ​តាម​តូប​មុខ​ផ្ទះ និង​តាម​រទេះ​ប៉ុណ្ណោះ ប៉ុន្ដែ បាន​បន្ត​រីក​សាយភាយ​យ៉ាង​ខ្លាំង ដោយ​គំរូ​អាជីវកម្ម​នេះ ត្រូវ​បាន​ដឹង​ថា មាន​ការ​ចម្លង​មក​ពី​ប្រទេស​ថៃ។

ទោះ​យ៉ាង​ណា មក​ទល់​ពេល​នេះ អាជីវកម្ម​នេះ ត្រូវ​បាន​បាត់​មុខ​ពី​ទីផ្សារ​ទាំង​ស្រុង ខណៈ​ដែល​បច្ចុប្បន្ន ការ​លក់​អាជីវកម្ម​កាហ្វេ​ចល័ត ឬ​កាហ្វេ​តាម​រទេះ លក់​តាម​ដង​ផ្លូវ​កំពុង​កញ្ជ្រោល​ខ្លាំង​លើ​ទីផ្សារ។

៥, ភីហ្សា​លក់​តាម​ផ្លូវ

ភីហ្សា ត្រូវ​បាន​លក់​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​តាំង​ពី​ជាង​១០​ឆ្នាំ​មុន​ម្លេះ តួយ៉ាង ហាង The Pizza Company របស់​ថៃ បាន​ចូល​មក​ទីផ្សារ​កម្ពុជា​តាំង​ពី​ឆ្នាំ​២០០៥ ហើយ​បច្ចុប្បន្ន ក៏​មាន​ហាង​ភីហ្សា​ដែល​មាន​យីហោ​ល្បីៗ​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​បន្ត​ពង្រីក​ខ្លួន​កាន់​តែ​ច្រើន​ឡើង​ផង​ដែរ។ 

ប៉ុន្ដែ នៅ​ប្រមាណ​១​ឆ្នាំ ទៅ​២​​ឆ្នាំចុង​ក្រោយ​នេះ ការ​បង្កើត​អាជីវកម្ម​ដុត​នំ​ភីហ្សា​លក់​តាម​ផ្លូវ​ជាមួយ​នឹង​រទេះ ឬ​តូប​តូចៗ​នៅ​មុខ​ផ្ទះ ហាក់​មាន​ចំនួន​កើន​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ និង​មាន​ម្ចាស់​អាជីវកម្ម​ខ្លះ ឈាន​ដល់​ការ​បង្កើត​ជា​ការ​លក់ Franchise ផងដែរ។ 

គំរូ​អាជីវកម្ម​ខ្នាត​តូច​នេះ បើ​តាម​ដឹង គឺ​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​ថៃ ពិសេស វត្ថុ​ធាតុ​ដើម​នានា​ភាគ​ច្រើន​ត្រូវ​បាន​យក​មក​ពី​ប្រទេស​ថៃ​ដូច​គ្នា​ដែរ។ ទោះ​យ៉ាង​ណា តាម​ការ​សង្កេត​មើល​ជាក់​ស្ដែង ចំនួន​អាជីវកម្ម​នេះ​និង​ភាព​ពេញ​និយម នា​ពេល​បច្ចុប្បន្ន ហាក់​មាន​ភាព​ស្រក​ចុះ​គួរ​ឲ្យ​កត់​សម្គាល់។ 

ជារួម កត្តា​ដែល​ធ្វើ​ឲ្យ​អាជីវកម្ម​ទាំង​នេះ រុះ​រោយ​ទៅ​វិញ​លឿន​យ៉ាង​ដូច្នេះ គឺ​ដោយសារ​តែ​ការ​និយម​ធ្វើ​អាជីវកម្ម​តាម​គ្នា ឬ​ធ្វើ​ត​គ្នា ខណៈ​ដែល​គំរូ​អាជីវកម្ម​ទាំង​នេះ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចម្លង និង​មិន​មាន​អ្វី​ជា​ចំណុច​ពិសេស (Unique Selling Proposition) ដែល​ជា​អត្តសញ្ញាណ​របស់​ខ្លួន។ 

ទោះ​យ៉ាង​ណា​ក៏​ដោយ ខេមបូណូមីស សង្កេត​ឃើញ​ថា បច្ចុប្បន្ន ការនិយម​ធ្វើ​អាជីវកម្ម​តាម​គ្នា​នេះ នៅតែ​បន្ដ​មាន​ដដែល តួយ៉ាង ការ​បើក​ហាង​កាហ្វេ និង​កាហ្វេ​ចល័ត​តាម​រទេះ ឬ​តូប​នៅ​តាម​ផ្លូវ និង​ហាង​លក់​មី​ហឹរ បាន​និង​កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ ខណៈ​ដែល​ប្រជាជន​ជា​យុវវ័យ​ក៏​កំពុង​និយម​ភាព​ស៊ីវិល័យ​ខ្លាំង​ដែរ។ 

យ៉ាង​ណា​ក៏​ដោយ​ចុះ ជា​សហគ្រិន អ្នក​គួរ​តែ​ស្វែងរក​នូវ​អ្វី​ដែល​ជា​ចំណុច​ពិសេស​ផ្ទាល់​ខ្លួន​សម្រាប់​អាជីវកម្ម​អ្នក ទោះ​បី​វា​ជា​គំរូ​អាជីវកម្ម​មួយ​ដូច​គេ ឬ​ស្រដៀង​គេ​ក៏​ដោយ។ ចំណុច​ពិសេស​នេះ គឺ​សំដៅ​លើ​​យុទ្ធសាស្ត្រ​ក្នុង​ការ​កសាង​ម៉ាក​យីហោ ដោយ​ធ្វើ​យ៉ាង​ណាឲ្យ​អតិថិជន​មក​ទិញ​ផលិតផល​អ្នក មិន​ស្ដាយ​លុយ ពោល​គឺ​ឲ្យ​ពួក​គេ​យល់​ថា ការ​ទិញ​របស់​ពួកគេ គឺ​ទទួល​បាន​អ្វី​មួយ​លើស​ពី​ផលិតផល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហគ្រិន​ស្ត្រី​៧រូប​និង​អ្នក​សារព័ត៌មាន​១​​រូបពី​កម្ពុជា នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក​នៅ​ឥណ្ឌា

ព័ត៌មាន
ស្ត្រី​ជា​សហគ្រិន​និង​មេដឹកនាំ​ធុរកិច្ច​នៅ​កម្ពុជា​ចំនួន ៧រូប និង​អ្នក​សារព័ត៌មាន​ ១រូប ស្ថិត​ក្នុង​ចំណោម​មនុស្ស​ ១៥០០នាក់ មក​ពី​ជុំវ…

ផ្សារ​ព្រំ-​ប៉ៃលិន ជាទីប្រជុំ​នៃ​​ជន​ចំណាកស្រុកនិង​កាស៊ីណូ

ព័ត៌មាន
វេលា​ម៉ោង​ជិត ១រសៀល នៅ​ខាង​ក្រៅ​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង​នៅ​ផ្សារ​ព្រំ ខេត្ត​ប៉ៃលិន ជាប់​នឹង​ព្រំដែន​កម្ពុជា-​ថៃ ដែល​ខ្ញុំ​ស្នាក់នៅ ស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ