គន្លឹះអាជីវកម្ម

អាជីវកម្ម​ដែល​ជោគជ័យ ត្រូវ​មាន​មូលដ្ឋាន​ធំៗ​ចំនួន​៥! តើ​អ្វីខ្លះ?


ការ​បង្កើត​អាជីវកម្ម​គឺ​ងាយ​ស្រួល​ទេ ប៉ុន្តែ ការ​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​ដំណើរ​ការ​និង​ទទួល​បាន​ជោគជ័យ នោះ​ទើប​ជា​រឿង​លំបាក។ ថ្មីៗ​នេះ នៅ​ក្នុង​សិក្ខា​សាលា​មួយ​ស្ដីពី​គន្លឹះ​ក្នុង​ការ​គ្រប់គ្រង​ពហុ​អាជីវកម្ម លោក សោម សម្បត្តិ នាយកប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ (Cam-Paint) បាន​ផ្តល់​នូវ​គន្លឹះ​៥​យ៉ាង ដើម្បី​បង្កើត​អាជីវកម្ម​មួយ និង​ជំរុញ​អាជីវកម្ម​នោះ​ឲ្យ​ទទួល​បាន​ជោគជ័យ។
លោក សោម សម្បត្តិ នាយកប្រតិបត្តិ​ក្រុមហ៊ុន​ថ្នាំ​ពណ៌​ជាតិ (Cam-Paint)។
ដោយ

គន្លឹះ​ទី១ គឺ​ការ​កៀរគរ​គ្នីគ្នា​ដើម្បី​បង្កើត​សហគ្រាស ឬ​ក្រុមហ៊ុន។ គន្លឹះទី២ គឺ​សហគ្រាស ឬ​ក្រុមហ៊ុន ត្រូវការ​ចំណូល ដូច្នេះ​តម្រូវ​ឲ្យ​មាន​មនុស្ស​ម្នាក់​ដែល​ជា​អ្នក​ពូកែ​ធ្វើ​ទីផ្សារ។ ការ​ធ្វើ​អាជីវកម្ម សូម​កុំ​គិត​ថា យើង​ជា Chief of Executive Officer (CEO)  តែ​ត្រូវ​គិត​ថា យើង​ជា Chief Marketing Officer (CMO) ពីព្រោះ យើង​ជា​អ្នក​ធ្វើ​ទីផ្សារ បើ​យើង​មិន​ពូកែ​ធ្វើ​ទីផ្សារ​ទេ មាន​ន័យ​ថា សហគ្រាស​ហ្នឹង វា​គង់​តែ​មិន​ដំណើរការ។

តួយ៉ាង គំនិត​ល្អ​មាន​១០០ ដំណើរការ​បាន​តែ​១ ដោយសារ​តែ​១​ហ្នឹង ត្រូវ​បាន​អ្នក​ដែល​ពូកែ​ធ្វើ​ទីផ្សារ​ធ្វើ​វា​ឲ្យ​ដើរ តែ​៩៩​ដែល​ស្លាប់​ហ្នឹង ដោយសារ​តែ​មាន​គំនិត​ល្អ តែ​អត់​ចេះ​ធ្វើ​ទីផ្សារ។

ជុំវិញ​ការ​ធ្វើ​ទីផ្សារ (marketing) នេះ លោក សោម សម្បត្តិ បាន​រៀបរាប់​ពី​សាវតារ​ខ្លះៗ​ថា នៅក្នុង​​ឆ្នាំ​​១៩១០ មនុស្ស​ចាប់​​ផ្តើម​​​ធ្វើ​​ទីផ្សារ (Marketing 1.0) មាន​ន័យ​ថា មនុស្សចាប់ផ្តើម គិតថា ធ្វើ​ម៉េច​ឲ្យ​តែ​ផលិត​បាន នោះ​អស្ចារ្យ​ហើយ ព្រោះ មនុស្ស​ចាំតែ​ប្រើ​ទេ ធ្វើ​ម៉េច​ឲ្យ​តែ​យើង​មាន​ផលិតផល។ 

ពេល​បដិវត្តន៍​ឧស្សាហកម្ម​មក​ដល់ ការ​ផ្គត់ផ្គង់​ផលិតផល​ច្រើន​លើស​លប់ ដែល​លើស​តម្រូវការ​ទីផ្សារ ហេតុនេះ ជំរុញ​អ្នក​ទីផ្សារ​ចាប់​ផ្តើម​គិត​ដំណាក់កាល​ទី​២ ( Marketing 2.0) គឺ​មនុស្ស​ត្រូវ​យល់​ពី​ចិត្ត​របស់​មនុស្ស។ ដូច្នេះ យើង​ត្រូវ​គិត​ពី​ចិត្តសាស្រ្ត​វិញ​ម្តង។ 

ដំណាក់​កាល​ទី១ ឲ្យ​តែ​កន្លែង​ណា​មាន​មនុស្ស យើង​អាច​លក់​អីវ៉ាន់​បាន ប៉ុន្តែ អ្នក​ទីផ្សារ​ជំនាន់​ទី២ យើង​មិន​អាច​លក់​អីវ៉ាន់​បាន​ទេ បើ​យើង​មិន​អាច​យល់​ចិត្ត​របស់​មនុស្ស ដែល​ទាមទារ​ឲ្យ​អ្នក​ទីផ្សារ ពូកែ​វិភាគ​ចិត្ត​របស់​មនុស្ស។ សម្រាប់​អ្នក​ទីផ្សារ​ជំនាន់​ទី៣ (Marketing 3.0) ចាប់​ផ្តើម​គិត​ពី​អាជីវកម្ម​ទទួល​ខុសត្រូវ​ចំពោះ​សង្គម។ 

យុទ្ធសាស្រ្ត​ថ្មី​មួយ​សម្រាប់​អ្នក​ទីផ្សារ​សម័យ​នេះ ត្រូវ​មាន​គំនិត​ច្នៃ​ប្រឌិត​ខ្ពស់ ចេញ​ផលិត​ថ្មី​មួយ​ដើម្បី​សម្លាប់​ផលិត​ចាស់។ ឧទាហរណ៍​ថា iPhone បាន​ចេញ​ស៊េរី​ថ្មី​រាល់​ឆ្នាំ ពេល​ចេញ​ស៊េរី​ថ្មី​មួយ គេ​សប្បាយ​កើប លុយ​ណាស់ ព្រោះ គេ​បាន​សម្លាប់​ផលិត​ចាស់​បាត់​ទៅ​ហើយ។ បើ iPhone អត់​មាន​ផលិត​ស៊េរី​ថ្មី​ទេ ​នៅ​តែ​​លក់​របស់​ចាស់ iPhone នឹង​ក្លាយ​ជា Nokia ទីពីរ។ មួយ​ទៀត យុទ្ធសាស្រ្ត​ទីផ្សារ នៅ​សម័យ​ថ្មី​នេះ គេ​ចាប់​ផ្តើម​គិត​ធ្វើ​យ៉ាងម៉េច​បង្កើត​ផលិតផល​ណា​ដែល​ធ្វើ​ឲ្យ​មនុស្ស​ចង់​ប្រើ។ ឧទាហរណ៍ ហ្វេសប៊ុក ពេល​យើង​ទំនេរ យើង​នឹង​ទាញ​ហ្វេសប៊ុក​មើល វា​ដូច​ដឹង​ចិត្ត​​យើង យើង​​ចង់​​ប្រើ​វា។ ចំណែក ហាង​​កាហ្វេ​ខ្លះ គេ​ធ្វើ​ឲ្យ​មនុស្ស ពេល​ចូល​ទៅ​កន្លែង​គេ យើង​មាន​អារម្មណ៍​ថា យើង​ជា​មនុស្ស​ទាន់​សម័យ។

ដូច្នេះ នៅ​ពេល​បច្ចុប្បន្ន និង​អនាគត យើង​ត្រូវ​គិត​ទៅ​មុខ​ទៀត ត្រូវ​បង្កើត​អាជីវកម្ម​មួយ​ដែល​អាច​ដោះស្រាយ​បញ្ហា​របស់​មនុស្ស ធ្វើ​ឲ្យ​មនុស្ស​កាន់​តែ​ងាយ​ស្រួល នោះ​អាជីវកម្ម​នោះ​នឹង​​ជោគជ័យ។

គន្លឹះទី៣ ការ​គ្រប់គ្រង​ធនធាន​មនុស្ស។ ធនធាន​ពីរ​សំខាន់ គឺ​ដើម​ទុន​ជា​មនុស្ស និង​ដើម​ទុន​ជា​លុយ។ បើ​ចង់​ធ្វើ​អាជីវកម្ម​ជោគជ័យ គឺ​មិន​អាច​គិតតែ​ដើរ​ប្រមូល​ទុន​នោះ​ទេ។ តាម​ពិត គួរតែ​ដើរ​ប្រមូល​មនុស្ស​ល្អ​ជា​មុន​សិន។ វិធី​ដែល​ប្រមូល​មនុស្ស​ល្អៗ គឺ​កសាង​ខ្លួន​ឯង​ឲ្យ​ល្អ និង​ខ្លាំង ពីព្រោះ គ្មាន​មនុស្ស​ល្អ​ណា មក​បម្រើ​មនុស្ស​អន់​ទេ។ គ្មាន​មនុស្ស​ខ្លាំង​ណា មក​បម្រើ មនុស្ស​ខ្សោយ​ទេ។ ខ្ញុំ​ធ្វើការ​២៥​ឆ្នាំ​នេះ អ្វី​ដែល​ខ្ញុំ​ខំ​ជាង​គេ គឺ​កសាង​ខ្លួន​ឯង ដើម្បី​ទាក់ទាញ​មនុស្ស​ដែល​មាន​សមត្ថភាព​មក​នៅ​ក្បែរ​ខ្ញុំ។ ដូច្នេះ យើង​ត្រូវ​វិនិយោគ​លើ​មនុស្ស​ឲ្យ​បាន​ច្រើន ពីព្រោះ សិង្ហបុរី គេ​វិនិយោគ​ច្រើន​បំផុត គឺ​វិនិយោគ​លើ​ការ​កសាង​មនុស្ស។ ទី​បំផុត ពលរដ្ឋ​សិង្ហបុរី​នេះ​ឯង​ជា​អ្នក​កសាង​ប្រទេស​ឲ្យ​រីក​ចម្រើន។

គន្លឹះទី៤ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ទោះ​វា​មិន​មែន​ជា​ជំនាញ​របស់​ខ្ញុំ ប៉ុន្តែ ខ្ញុំ​ត្រូវ​តែ​ចេះ​អាន និង​ចេះ​មើល​របាយការណ៍​ហិរញ្ញវត្ថុ​ឲ្យ​យល់​បាន ពីព្រោះ បើ​សិន​យើង​មិន​យល់​ទេ យើង​មិន​អាច​គ្រប់គ្រង​អាជីវកម្ម​បាន​ទេ។

ចុង​ក្រោយ ជា​គន្លឹះ​ទី៥ គឺ​ការ​គ្រប់គ្រង​និង​ភាព​ជា​អ្នក​ដឹកនាំ ដែល​ជា​កត្តា​សំខាន់​ធ្វើ​ឲ្យ​សហគ្រាស​ដើរ​មាន​រយៈពេល​វែង​ឆ្ងាយ ពោល គឺ​ជា​មនុស្ស​ដែល​មាន​ទស្សនវិស័យ។

អ្នក​ដឹកនាំ​ត្រូវតែ​ជា​មនុស្ស​ដែល​ផ្តល់​ភាព​ជឿជាក់ និង​មាន​ទំនុក​ចិត្ត​ដល់​អ្នក​ដទៃ ពីព្រោះ កាលណា​គេ​មាន​ទំនុក​ចិត្ត និង​ជឿ​ជាក់ យើង​នឹង​ងាយ​ស្រួល​រក​លុយ ប៉ុន្តែ បើ​គេ​អត់​ជំនឿ យើង​នឹង​ពិបាក​រក​លុយ​ហើយ។ ឧទាហរណ៍ ក្រុមហ៊ុន Uber ហេតុអ្វី ក្រុមហ៊ុន​ខាត​រាប់​លាន តែ​គេ​នៅ​តែ​ប្រមូល Fund បាន​ទៀត គឺ​មក​ពី​គេ​មាន​ជំនឿ​ថា ក្រុមហ៊ុន​នេះ​នឹង​ដំណើរការ​ទៅ​មុខ។ ការ​ផ្តល់​ជំនឿ​ចិត្ត និង​ទំនុក​ចិត្ត​ដែល​ល្អ​បំផុត គឺ​ផ្តល់​ជំនឿ​ចិត្ត ដែល​ប្រកប​​ដោយ​ក្តី​សង្ឃឹម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការ​នាំ​ចេញ​អង្ករ​របស់​ថៃ​នៅ​ឆ្នាំ​២០១៧ បង្កើត​​កំណត់​ត្រា​ថ្មី ខណៈ​កម្ពុជា​រអាក់​រអួល

ព័ត៌មាន
ស្រប​ពេល​ដែល​ការ​នាំចេញ​អង្ករ​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៧ ហាក់​មាន​ភាព​រអាក់​រអួល​មួយ​ចំនួន ការ​នាំ​អង្ករ​ចេញ​អង្ករ​របស់​ថៃ​ដែល​ជា​…

វៀតណាម​មាន​ចំនួន​ស្រ្តី​ជា​អ្នក​ដឹកនាំ​ធុរកិច្ច​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់

ព័ត៌មាន
ស្ត្រី​នៅ​ក្នុង​ប្រទេស​វៀតណាម​ដែល​កាន់​មុខ​តំណែង​ដឹកនាំ​នៅ​ក្នុង​វិស័យ​ធុរកិច្ច មាន​ចំនួន​ច្រើន​ជាង​គេ​ បើ​ធៀប​នឹង​បណ្ដា​ប្រទេស​ផ្សេងៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ