អតីតនាយករដ្ឋមន្ត្រីជប៉ុនថ្លែងពីបញ្ហាឥទ្ធិពលចិនជាថ្មី

អតីតនាយករដ្ឋមន្ត្រីជប៉ុន ចេញពីថ្លែងពាក់ព័ន្ធបញ្ហារសើបកោះតៃវ៉ាន់ជាថ្មីទៀត ទោះចិនព្រមាន


លោក ស៊ីន ហ្សូអាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ឃើញថាមួយរយៈចុងក្រោយនេះ ហាក់បីដូចជាមានការបញ្ចេញមតិច្រើនជុំវិញរឿងដ៏រសើបទាក់ទងនឹងកោះតៃវ៉ាន់។ យ៉ាងណាមិញ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកអាបេ បាន ថ្លែងអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែស្អិតល្មួតថែមទៀត រវាង ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ លើវិស័យយោធា និង ការពារជាតិ។
អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ

បើតាម​លោក អាបេ គឺលោក​ចង់ឲ្យភាគីទាំង៣ ចែករំលែកបច្ចេកវិទ្យាថ្មីៗ លើវិស័យយោធា និងការពារជាតិ ជាមួយគ្នាទៅវិញទៅមក នៅចំពោះមុខនៃការ រះត្រដែតឡើងយ៉ាងខ្លាំង នៃសមត្ថភាពយោធារបស់ប្រទេសចិនពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។

«ភាគីទាំងបី គឺជប៉ុន អាមេរិក និងកោះតៃវ៉ាន់ត្រូវចាំបាច់ខំប្រឹងបង្កើនសមត្ថភាពយោធា និងការពារជាតិលើគ្រប់ផ្នែកទាំងអស់ រួមទាំងដែនគោក ដែនសមុទ្រ ដែនអាកាស សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត និងទាំងវិស័យអាវកាស»។ នេះជាអ្វីដែលលោក ស៊ីនហ្សូអាបេ បានលើកឡើងក្នុងខ្សែវីដេអូដែលបានថតទុករួចជាស្រេចមួយ ហើយត្រូវបានចាក់បញ្ចាំងអំឡុងកិច្ចសន្ទនាស្តីពីសន្តិសុខត្រីភាគីរវាងកោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងប្រទេសជប៉ុន។

លោកបន្ថែមថា ដើម្បីអាចបង្កើនសមត្ថភាពយោធា និងការពារជាតិបាន លុះត្រាតែភាគីទាំងបី ព្រមពិចារណាលើយុទ្ធសាស្ត្រថ្មីមួយ ដើម្បីចែករំលែកចំណេះដឹង និងព័ត៌មានផ្នែកបច្ចេកវិទ្យាដែលខ្លួនមាន ឲ្យមានប្រសិទ្ធភាព។ 

ដែលគួរឲ្យកត់សម្គាល់នោះ គឺនៅត្រង់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនដែលធ្លាប់កាន់ដំណែងអស់ពេលយ៉ាងយូរ ជាមួយនឹងបទពិសោធន៍ក្រាស់ក្រែលរូបនេះ បានអំពាវនាវឲ្យភាគីទាំងបី ធ្វើការជាមួយគ្នា ដើម្បីបញ្ចុះបញ្ចូលរដ្ឋអំណាចក្រុងប៉េកាំង ឱ្យដើរលើផ្លូវសន្តិភាពមួយ ជៀសវាងការប្រឈមមុខដាក់គ្នា និងជម្លោះ។

គួរជម្រាបថា នៅមួយរយៈចុងក្រោយនេះ លោកស៊ីន ហ្សូអាបេ ត្រូវបានគេសង្កេតឃើញ បានចេញមកថ្លែងសារជាញឹកញាប់ ដោយសម្តែងការគាំទ្រលើកោះតៃវ៉ាន់ និងថ្លែងទាក់ទិនរឿងពាក់ព័ន្ធផ្សេងៗទៀត រវាងដែនកោះមួយនេះ ជាមួយចិន ជប៉ុន និងសហរដ្ឋអាមេរិកជាដើម។

ជាក់ស្តែង លោក អាបេ ក៏បានចូលរួមក្នុងកិច្ចប្រជុំដើម្បីប្រជាធិបតេយ្យ កាលពីសប្តាហ៍មុន ដែលរៀបចំដោយអាមេរិកដែរ ហើយថែមទាំងបានជំរុញឲ្យកោះតៃវ៉ាន់ក្រោកឈរឡើង ដើម្បីផ្សព្វផ្សាយជំនឿចិត្តលើលទ្ធិប្រជាធិបតេយ្យទៅកាន់ពិភពលោក។

សូមរំឭកថា កាលពីដើមខែធ្នូនេះ អតីតនាយករដ្ឋមន្ត្រីចាស់វស្សារូបនេះ បានថ្លែងចំចំណុចរសើប ដែលធ្វើឲ្យក្រុងប៉េកាំង ខឹងសម្បារម្តងរួចមកហើយ។ ពោលគឺលោកបានបង្ហាញជំនឿចិត្តថា ជប៉ុន និងសហរដ្ឋអាមេរិក នឹងមិនឈរឱបដៃមើលកោះតៃវ៉ាន់ ត្រូវចិនវាយដណ្តើមយកនោះទេ ហើយលោកបន្តថា នេះជាអ្វីដែលក្រុងប៉េកាំងត្រូវតែយល់ឲ្យបានច្បាស់។

ភ្លាមៗក្រុងប៉េកាំងបានចេញមកសម្តែងការមិនពេញចិត្តនោះឡើយ ដោយបានហៅការលើកឡើងនេះ ថាជាការជំទាស់ដោយបើកចំហ ចំពោះអធិបតេយ្យភាពរបស់ចិន និងបានផ្តល់ការគាំទ្រយ៉ាងមុតមាំដល់កងកម្លាំងដែលចង់បានឯករាជ្យភាពរបស់កោះតៃវ៉ាន់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតសម្រេចបានជាង៨៩% ហើយ និងគ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២២

ព័ត៌មាន
គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតតម្លៃជិត ១០លានដុល្លារ ដែលបានសាងសង់អូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ មកទល់ពេលនេះសម្រេចបានការស…

អាមេរិកនឹងពិនិត្យមើលលើការចាត់វិធានការបន្ថែមទាក់ទងនឹងវិបត្តិនៅប្រទេសភូមា

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អានតូនី ប្លីងខេន បាននិយាយនៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកកំពុងមើលទៅលើជំហានបន្ដទៀត ដើម្បីប្រឆាំងនឹងរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ