វៀតណាម និងសហរដ្ឋអាមេរិក

កាដូធំៗ៤ ដែលវៀតណាមទទួលបានពីដំណើរទស្សនកិច្ចអនុប្រធានាធិបតីអាមេរិក


ក្រោយពីបានធ្វើដំណើរដល់ប្រទេសវៀតណាមនៅយប់ថ្ងៃអង្គារ ឃើញថានៅព្រឹកឡើងថ្ងៃពុធទី២៥ ខែសីហា អនុប្រធានាធិបតីអាមេរិកលោកស្រីកាម៉ាឡា ហារីស បានចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមដូចការគ្រោងទុក។ នៅថ្ងៃទី២ នៃដំណើរទស្សនកិច្ចនៅវៀតណាម លោកស្រីហារីស បានចូលជួបប្រជុំជាមួយមេដឹកនាំកំពូលៗរបស់វៀតណាមដើម្បីពិភាក្សាលើកិច្ចការសំខាន់ជាច្រើន។ អ្វីដែលគួរឲ្យកត់សម្គាល់ជាពិសេសក្នុងដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកនេះដែរ គេសង្កេតឃើញថា អាមេរិកបានផ្ដល់នូវកាដូធំៗ ចំនួន៤ សម្រាប់វៀតណាម។
នាយករដ្ឋមន្រ្តីវៀតណាម និងអនុប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងកិច្ចប្រជុំទ្វេភាគីនៅប្រទេសវៀតណាម

តើ​កាដូ​ធំ​ៗ ទាំង​៤ នោះ មាន​អ្វីខ្លះ? ​តើ​វា​មាន​សារៈសំខាន់​អ្វីខ្លះ​ដល់​ប្រជាជន​វៀតណាម?

កាដូ​ទី​១ គឺ​អា​មេ​រិ​ក​នឹង​ផ្ដល់​ជំនួយ​វ៉ាក់សាំង​១​លាន​ដូ​ស​បន្ថែម​ទៀត​ឲ្យ​វៀតណាម

នៅ​ក្នុង​ថ្ងៃ​ទី​២​នៃ​ដំណើរ​ទស្សនកិច្ច​៣​ថ្ងៃ លោកស្រី កា​ម៉ា​ឡា ហារី​ស បាន​ជួប​ប្រជុំ​កំពូល​ទ្វេភាគី​ជាមួយ​លោក ផា​ម មិ​ញ​ជី​ង នាយក​រដ្ឋមន្ត្រី​វៀតណាម​។ ក្នុង​នោះ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​រូប​នេះ បាន​ប្រកាស​ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​វ៉ាក់សាំង​កូ​វី​ដ​១៩​ចំនួន ១ លាន​បន្ថែម​ទៀត​ដល់​ប្រទេស​វៀតណាម ដែល​ធ្វើ​ឲ្យ​ការ​បរិច្ចាគ​វ៉ាក់សាំង​របស់​សហរដ្ឋអាមេរិក​សរុប​ដល់​ប្រទេស​វៀតណាម​កើន​ដល់ ៦​លាន​ដូ​ស​ហើយ ខណៈ​ដែល​អត្រា​អ្នក​ទទួល​បានការ​ចាក់​វ៉ាក់សាំង​គ្រប់​២​ដូ​ស​ក្នុង​ប្រទេស​នេះ​មាន​ត្រឹមតែ ២% នៃ ប្រជាជន ៩៨ លាន​នាក់​ប៉ុណ្ណោះ​។ អ្វី​ដែល​ចាប់អារម្មណ៍​នោះ គឺ​វ៉ាក់សាំង​១​លាន​ដូ​ស​បន្ថែម​នេះ បាន​ចាប់ផ្តើម​ដឹក​មក​ដល់​ប្រទេស​វៀតណាម​នៅ​ក្នុង​រយៈពេល​ត្រឹមតែ ២៤ ម៉ោង​ភ្លាម​ៗ​តែ​ម្ដង​។

កាដូ​ទី​២ អា​មេ​រិ​ក​ផ្ដល់​ថវិកា ២៣​លាន​ដុល្លារ​សម្រាប់​វៀតណាម​ប្រយុទ្ធ​ទប់ទល់​កូ​វី​ដ​-១៩

បន្ថែម​ពីលើ​វ៉ាក់សាំង ១​លាន​ដូ​ស សហរដ្ឋអាមេរិក​បាន​សន្យា​ថា នឹង​ផ្តល់​ថវិកា​ចំនួន ២៣ លាន​ដុល្លារ​ទៅ​ក្នុង​គម្រោង​ជួយ​សង្គ្រោះ និង​ការ​ផ្តល់​មូលនិធិ​សង្គ្រោះ​បន្ទាន់​សហរដ្ឋអាមេរិក តាម​រយៈ​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺឆ្លង និង ទីភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​សហរដ្ឋអាមេរិក ដើម្បី​ជួយ​វៀតណាម​ពង្រីក​ការ​ចែកចាយ និង លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ -១៩ និង ត្រៀមខ្លួន​សម្រាប់​ការ​គំរាមកំហែង​នៃ​ជំងឺ​រាតត្បាត​នា​ពេល​ខាង​មុខ​ទៀត​។

កាដូ​ទី​៣ អា​មេ​រិ​ក​ជ្រើស​យក​វៀតណាម​សម្រាប់​បង្កើត​ការិយាល័យ​នៃ​មជ្ឈមណ្ឌល​បង្ការ និង​កម្ចាត់​ជំងឺឆ្លង (CDC) របស់​អា​មេ​រិ​ក ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី ម៉ា​កាឡា ហារី​ស ក៏​បាន​ប្រកាស​ផង​ដែរ​អំពី​ការ​បើក​ដំណើរការ​ការិយាល័យ​នៃ​មជ្ឈមណ្ឌល​បង្ការ និង​កម្ចាត់​ជំងឺឆ្លង ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​បាន​សាងសង់​ឡើង​នៅ​ក្នុង​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ អនុ​ប្រធានាធិបតី​អា​មេ​រិ​ក បាន​ចូលរួម​សម្ពោធ​ការិយាល័យ​នៃ​មជ្ឈមណ្ឌល​បង្ការ និង​កម្ចាត់​ជំងឺឆ្លង (CDC) របស់​សហរដ្ឋអាមេរិក​ផង​ដែរ​។ ការ​សម្ពោធ​ការិយាល័យ​នេះ គឺ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ សីហា​នេះ ដែល​មានការ​ចូលរួម​ផង​ដែរ ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សហរដ្ឋអាមេរិក ប្រធាន CDC របស់​សហរដ្ឋអាមេរិក ឧបនាយករដ្ឋមន្ត្រី និង រដ្ឋមន្ត្រី​សុខាភិបាល​មក​ពី​ប្រទេស​មួយ​ចំនួន​ផង​ដែរ​។

សូម​ជម្រាប​ថា ការិយាល័យ​នៃ​មជ្ឈមណ្ឌល​បង្ការ និង​កម្ចាត់​ជំងឺឆ្លង (CDC) របស់​សហរដ្ឋអាមេរិក នឹង​ក្លាយជា​ការិយាល័យ​មួយ​ក្នុង​ចំណោម​ការិយាល័យ​ប្រចាំ​តំបន់​ទាំង ៤ នៅ​ទូ​ទាំង​ពិភពលោក ហើយ​វា​ផ្តោត​លើ​ការ​សហការ​ជាមួយ​រដ្ឋាភិបាល​តំបន់​ក្នុង​ការ​ស្រាវជ្រាវ និង​បណ្តុះបណ្តាល ដើម្បី​ដោះស្រាយ និង​ការពារ​វិបត្តិ​សុខភាព​ពិភពលោក​។

កាដូ​ទី​៤ អា​មេ​រិ​ក​ប្រកាស​ពី​ការ​វិនិយោគ​ថ្មី​ៗ​នៅ​វៀតណាម​បន្ថែម​ទៀត

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក ក៏​បាន​ប្រកាស​ឡើង​ផង​ដែរ អំពី​ការ​វិនិយោគ​ថ្មី​ៗ​បន្ថែម ដើម្បី​ជួយ​ប្រទេស​វៀតណាម​ផ្លាស់​ប្ដូរ​ទៅ​រក​ប្រព័ន្ធ​ថាមពល​ស្អាត និង​ពង្រីក​ការ​ប្រើប្រាស់​រថយន្ដ​អគ្គិសនី​, កាត់​បន្ថយពន្ធ​នាំ​ចូល​លើ​មុខទំនិញ​កសិកម្ម​នាំ​ចេញពី​វៀតណាម​ទៅ​អា​មេ​រិ​ក និង​ការ​ផ្ដល់​ជំនួយ​រាប់​លាន​ដុល្លារ​ទៀត ដើម្បី​បោសសម្អាត​អាវុធ​មិន​ទាន់​ផ្ទុះ​ដែល​សល់​ពី​សង្គ្រាម​វៀតណាម​។

ក្រៅពី​កាដូ​ទាំង​៤​នេះ​ហើយ តើ​អា​មេ​រិ​ក​និយាយ​រឿង​សំខាន់​អ្វី​ទៀត​ជាមួយ​វៀតណាម

ក្រៅ​តែ​ពី​ការ​ផ្ដល់​កាដូ​ធំ​ៗ ទាំង​៤​នេះ​ហើយ អា​មេ​រិ​ក​ក៏​មិន​ភ្លេច​នោះ​ទេ ក្នុង​ការ​និយាយ​ពី​រឿង​បញ្ហា​ចាក់ស្រេះ​ទាក់ទង​នឹង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​។ នៅ​ក្នុង​ជំនួប​ជាមួយនឹង​ប្រធានាធិបតី​វៀតណាម លោក ង្វៀ​ន សៀន​ហ្វុ​ក លោកស្រី ហារី​ស អនុ​ប្រធានាធិបតី​អា​មេ​រិ​ក បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ក្នុង​ការ​បញ្ជូន​កង​ឆ្មាំ​សមុទ្រ​របស់​អា​មេ​រិ​ក​បន្ថែម​ទៀត​មក​កាន់​ប្រទេស​វៀតណាម ដើម្បី​ជួយ​ការពារ​ផលប្រយោជន៍​សន្ដិសុខ នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​អា​មេ​រិ​ក​ក៏​បាន​រិះគន់​ខ្លាំង​ៗ ទៅ​លើ​ការ​លុកលុយ​របស់​ទីក្រុង​ប៉េ​កាំ​ង​ចំពោះ​ជម្លោះ​ដែនទឹក​នេះ​ផង​ដែរ​។

គេ​នៅ​ចាំ​ថា កាលពី​អំឡុង​ពេល​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ លោកស្រី ហារី​ស បាន​ធ្វើ​អត្ថាធិប្បាយ​ជាមួយ​ពាក្យ​សម្ដី​ដ៏​មុត​ស្រួច ចាក់​ស​ម្ដៅ​ចំ​ៗ​ទៅ​លើ​ក្រុង​ប៉េ​កាំ​ង ដោយ​បាន​លើក​ឡើង​ថា សកម្មភាព​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង គឺជា​សកម្មភាព «​បង្ខិតបង្ខំ​» និង «​បំភិតបំភ័យ​»​។

អនុ​ប្រធានាធិបតី​អា​មេ​រិ​ក បាន​ប្រាប់​ទៅ​កាន់​ប្រធានាធិបតី​វៀតណាម​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ អា​មេ​រិ​ក និង​វៀតណាម​គឺ​បាន​ធ្វើ​ដំណើរ​មក​ឆ្ងាយ​ហើយ ដែល​មាន​រយៈពេល​ប្រហែល​២៥​ឆ្នាំ​ហើយ​។

លោកស្រី ហារី​ស បាន​ថ្លែង​លើកកម្ពស់​ទំនាក់ទំនង​ជាមួយ​វៀតណាម​ពី​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ ដែល​ជា​បង្កើត​ឡើង​នូវ​ការទូត ដែល​នឹង​ឆ្លុះ​បញ្ចាំង​ពី​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ធ្លាប់​ជាស​ត្រូវ​ស៊ីសាច់ហុតឈាម​នឹង​គ្នា​កាលពី​អំឡុង​សង្គ្រាម​នៅ​វៀតណាម​។

សូម​រំឭក​បន្ដិច​ថា ដំណើរ​ទស្សនកិច្ច​របស់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក​នៅ​ក្នុង​ប្រ​ទស​វៀតណាម គឺ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​តែ​១​ថ្ងៃ​ប៉ុណ្ណោះ ដែល​មេដឹកនាំ​វៀតណាម​ក៏​បាន​ជួប​ជាមួយនឹង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​វៀតណាម​។ ក្នុង​ជំនួប​នោះ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផា​ម មិ​ញ​ជី​ង ក៏​បាន​ប្រាប់​ទៅ​កាន់​ឯកអគ្គរដ្ឋទូត​ចិន​ថា វៀតណាម​នឹង​មិន​រួម​ដៃ​ជាមួយ​ប្រទេស​មួយ ទៅ​ប្រឆាំង​ប្រទេស​មួយទៀត​នោះ​ឡើយ​៕

អត្ថបទ៖ ស៊ើង និមល់




អត្ថបទបន្ទាប់


អ្នកជំនាញ៖ វិបត្តិកូវីដ-១៩ ជាឱកាសសម្រាប់ SMEs ពង្រឹងសមត្ថភាពដើម្បី ដណ្ដើមយកទីផ្សារពីផលិតផលនាំចូល

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យសេដ្ឋកិច្ចមើលឃើញថា វិបត្តិកូវីដ-១៩ ជាឱកាសសម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម(SMEs) ក្នុងការចាប់យកទីផ្សារប្រើប្រាស់ក្នុង…

ក្រុមហ៊ុននាវាដែលលួចដឹកប្រេងចេញពីកម្ពុជា ចេញមុខច្រានចោលការចោទប្រកាន់

ព័ត៌មាន
ក្រុមហ៊ុន World Tankers Management ដែលជាក្រុមហ៊ុនប្រតិបត្តិករគ្រប់គ្រងលើនាវាដឹកប្រេងមួយគ្រឿង ដែលបានលួចនាំយកប្រេងឆៅរបស់កម្ពុជាទៅកាលពីពេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ