ការវិនិយោគបច្ចេកវិទ្យា

ក្រុមហ៊ុនតៃវ៉ាន់ Foxconn កំពុងចរចាជាមួយនឹង​ក្រុមហ៊ុន​វៀតណាម VinFast សម្រាប់​គម្រោង​ផលិត​រថយន្ដអគ្គិសនី


ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ កំពុងស្ថិតនៅក្នុងដំណាក់កាលចរចាដំបូងជាមួយនឹងក្រុមហ៊ុនផលិតរថយន្ដវៀតណាម VinFast ទាក់ទងនឹងការចាប់ដៃគ្នាផលិតរថយន្ដអគ្គិសនី។ នេះបើតាមប្រភពព័ត៌មានជិតស្និទ្ធដែលបានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters។
រោងចក្រ​ផលិតរថយន្ដ​របស់​ក្រុមហ៊ុន VinFast នៅវៀតណាម (រូបភាព៖ /www.carsifu.my)
ដោយ

ប្រភពព័ត៌មាន​បាន​ឲ្យដឹងទៀតថា ក្រុមហ៊ុន Foxconn បាន​ស្នើសុំ​ទិញ​យកខ្សែចង្វាក់​ផលិតកម្ម​ផលិត​រថយន្ដ​អគ្គិសនី​របស់​ក្រុមហ៊ុនវៀតណាម VinFast ប៉ុន្ដែ ក្រុមហ៊ុន​វៀតណាម​មួយនេះ មិនចង់​លក់​ផលិតកម្ម​របស់ខ្លួននោះទេ តែចង់​ធ្វើជាដៃគូ​ជាមួយនឹង Foxconnវិញ។

ក្រុមហ៊ុន Foxconn បានដាក់ចេញ​នូវផែនការ​ដើម្បីក្លាយជា​អ្នកផ្គង់ផ្គង់​គ្រឿងបន្លាស់ និងសេវាកម្ម​ដ៏សំខាន់​នៅក្នុង​ទីផ្សារ​រថយន្ដ​អគ្គិសនី​ក្នុងពិភពលោក ហើយបើទទួលបាន​កិច្ចព្រមព្រៀងណាមួយ​ជាមួយនឹង​ក្រុមហ៊ុន VinFast មែននោះ ក្រុមហ៊ុននេះ អាចនឹង​ឈាន​ទៅសម្រេច​នូវកិច្ចព្រមព្រៀង​ផ្សេងទៀត​ជាមួយនឹង​ក្រុមហ៊ុន Fiat Chrysler និង ក្រុមហ៊ុនថ្មីៗ​ដែលផលិត​រថយន្ដ​អគ្គិសនីផ្សេងទៀត។

ក្រុមហ៊ុន VinFast ជាក្រុមហ៊ុន​មួយ ដែលមាន​ចង្វាក់ផលិតកម្ម​ផលិត​រថយន្ដ​ពេញលេញ​ដំបូងគេ​នៅវៀតណាម ដោយក្រុមហ៊ុននេះ ដំបូងឡើយ​បាន​ផលិត​រថយន្ដ​ប្រើ​សាំងធម្មតាប៉ុណ្ណោះ​ ហើយបាន​ចាប់ផ្ដើម​លក់​នៅ​ឆ្នាំ២០១៩។

នៅឆ្នាំ២០២០ ក្រុមហ៊ុន​វៀតណាម​មួយនេះ បានលក់​រថយន្ដ​របស់ខ្លួន​បាន​៣ម៉ឺនគ្រឿង ហើយ​ព្យាករថា​នៅឆ្នាំ​២០២១នេះ នឹងកើន​ឡើង​ដល់ទៅជាង​៤ម៉ឺន​៥ពាន់គ្រឿង ហើយក្រុមហ៊ុននេះ ក៏នឹង​ចាប់ផ្ដើម​ចែកចាយ​រថយន្ដ​អគ្គិសនី​ដែលខ្លួនបានផលិតរួច​ សម្រាប់​លក់​នៅទីផ្សារ​ក្នុងស្រុក​នៅ​ក្នុងខែ​ធ្នូ​ឆ្នាំនេះផងដែរ។ VinFast ក៏មាន​ផលិត​ម៉ូតូ និងឡានក្រុង​អគ្គិសនី ហើយ​ថ្មីនេះក៏មានផែនការ​បង្កើត​ទីតាំង​ផលិត​អាគុយរថយន្ដ​អគ្គិសនី​ជាមួយនឹង​ក្រុមហ៊ុន​ ProLogium របស់តៃវ៉ាន់ផងដែរ។

ដោយសារតែ​មាន​គោលដៅ​ផ្គត់ផ្គង់​គ្រឿងបន្លាស់ និងសេវាកម្ម​ឲ្យបាន​ដល់ ១០% នៃរថយន្ដអគ្គិសនី​ទូទាំងសកលោក នៅត្រឹមដើមឆ្នាំ២០២៥ ក្រុមហ៊ុន Foxconn បាន​កំពុង​ប្រញ៉ាប់ប្រញាល់​ស្វែងរកកិច្ចព្រមព្រៀងមួយចំនួន​ដើម្បីឈាន​សម្រេចគោលនេះ។ កិច្ចព្រមព្រៀង​ធំបំផុត​របស់​ក្រុមហ៊ុន​តៃវ៉ាន់មួយនេះ គឺនឹងត្រូវធ្វើ​ជាមួយនឹង​ក្រុមហ៊ុន Zhejiang Geely Holding Group ដើម្បី​ផ្ដល់​ជូន​កុងត្រាផលិត​សម្រាប់​អ្នកផលិត​រថយន្ដ​ដទៃទៀត។

ក្រុមហ៊ុន Foxconn ក៏បាន​និយាយថា ខ្លួននឹង​ធ្វើការ​ជាមួយនឹង​ក្រុមហ៊ុន​អាមេរិក Fisker ដើម្បីផលិត​រថយន្ដ​ឲ្យបាន​២៥ម៉ឺនគ្រឿង​ក្នុងមួយឆ្នាំ ចាប់ពីចុង​ឆ្នាំ២០២៣ និង​ចាប់ផ្ដើម​ផលិត​រថយន្ដ​ប្រភេទ SUV សម្រាប់​ក្រុមហ៊ុន​ចិន Byton នៅឆ្នាំក្រោយនេះផងដែរ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន៣នាក់ហើយ ត្រឹមរយៈជាងមួយសប្ដាហ៍ប៉ុណ្ណោះ!

ព័ត៌មាន
បន្ទាប់ពីមានករណីស្លាប់ដោយសារកូវីដ-១៩ ជាលើកដំបូងកាលពីថ្ងៃទី ១១ ខែមីនាបានជាង១សប្ដាហ៍ ពោលគឺនៅថ្ងៃទី១៩ខែមីនានេះ កម្ពុជាមានអ្នកស្លាប់ដោ...

ចិនហាមផ្ដាច់យោធារបស់ខ្លួនប្រើរថយន្ដ Tesla របស់អាមេរិក

ព័ត៌មាន
រដ្ឋាភិបាលចិន ចេញបម្រាមហាមឃាត់យោធារបស់ខ្លួនប្រើប្រាស់រថយន្ដ Tesla របស់អាមេរិក ដោយសារតែបារម្ភអំពីការប្រមូលទិន្នន័យ ដោយកាមេរ៉ាដែលដំឡើ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ