កូវីដ១៩នៅបារាំង

បារាំងរងទុក្ខធំពីកូវីដ-១៩ ជាថ្មីទៀតហើយ និងបានប្រកាសបិទប្រទេសជាលើកទី៣


ប្រធានាធិបតីបារាំងលោក Macron នៅថ្ងៃពុធសប្ដាហ៍នេះ បានចេញបញ្ជា ឲ្យមានការបិទប្រទេសជាលើកទី៣ហើយ ដោយក្នុងនោះ ក៏មានការបិទសាលា២សប្ដាហ៍ផងដែរ នៅក្រោយពេលដែលរលកឆ្លងកូវីដ-១៩ ជាលើកទី៣ កំពុងបន្ដរាតត្បាត និងគំរាមកំហែងយ៉ាងខ្លាំងនៅក្នុងប្រទេសបារាំង។ នេះបើតាមការរាយការណ៍ដោយភ្នាក់ងារសារព័ត៌មាន Reuters។
ពលរដ្ឋថតរូបនៅ Eiffel Tower នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២១ មុនមានការបិទប្រទេស រូបភាព៖ Xinhua
ដោយ

ខណៈដែល​ចំនួន​អ្នកស្លាប់​ដោយសារកូវីដ-១៩ នៅក្នុង​ប្រទេស​បារាំង កំពុងកើន​ឡើង​ជិត​១០ម៉ឺននាក់ និង​ក្រុមគ្រូពេទ្យ​កំពុង​មមាញឹកខ្លាំង​ក្នុងការ​ជួយសង្គ្រោះ​អ្នកឆ្លង​កូវីដ-១៩ គួបផ្សំ​នឹង​ភាពយឺតយ៉ាវ​នៃផែនការ​ចាក់វ៉ាក់សាំង​ផងនោះ បានបង្ខំឲ្យ​លោក Macron ត្រូវ​បោះបង់ចោល​នូវ​គោលដៅ​បើកចំហប្រទេស​ដើម្បី​ការពារ​ផលប្រយោជន៍​សេដ្ឋកិច្ច តែត្រូវមក​បិទទ្វារប្រទេស​ដើម្បីការពារ​អាយុជីវិត​ប្រជាជន​វិញម្ដង។

លោក​ Macron បាន​និយាយ​នៅក្នុង​ទូរទស្សន៍​បារាំងថា «យើង​នឹង​បាត់បង់​ការគ្រប់គ្រង ប្រសិនបើ​យើង​មិន​មានការ​ផ្លាស់ប្ដូរ​ទេនោះ!»។

បើតាម​ការប្រកាស​របស់​លោក​ Macron ការរឹតត្បិត​សកម្មភាព​នានា នៅក្នុង​ទីក្រុង​បារីស តំបន់ភាគខាងជើង និងខាងត្បូង​រយៈពេលជាងមួយសប្ដាហ៍​នឹងនៅតែបន្ដ​ ហើយនឹង​អនុវត្ត​បិទប្រទេស​ទាំងស្រុង​តែម្ដង​​ដែល​យ៉ាងហោចណាស់​​សម្រាប់​រយៈពេល​១ខែ ចាប់ពីថ្ងៃ ទី០៣ ខែមេសាតទៅ។

ប្រធានាធិបតី​បារាំង​វ័យ​៤៣ឆ្នាំរូបនេះ បាន​ព្យាយាម​បញ្ជៀស​ការ​បិទប្រទេស​ទ្រង់ទ្រាយធំ​តាំងពី​ដើមឆ្នាំមកម្ល៉េះ ដើម្បី​ធ្វើយ៉ាងណា​ទ្រទ្រង់ដល់​ចរន្ដសេដ្ឋកិច្ច​កុំឲ្យធ្លាក់ចុះខ្លាំង និងខិតខំ​ស្វែង​រកឱកាស​ដើម្បី​ជំរុញ​សេដ្ឋកិច្ច​ឲ្យងើបឡើងវិញ​ ប៉ុន្ដែ​គោលដៅនេះត្រូវបាន​យាយីជាថ្មី ពីការរាតត្បាត​កូវីដ-១៩ ជាលើកទី៣ ដែល​តម្រូវឲ្យ​បារាំង​ត្រូវតែ​បិទប្រទេស​ជាលើកទី៣។

ករណីឆ្លងកូវីដ-១៩ ​ប្រចាំថ្ងៃ​នៅបារាំង​បានបន្ដកើន​ឡើង​ជាបន្ដបន្ទាប់ តាំងពីខែកុម្ភៈ​មកម្ល៉េះ ដោយជាមធ្យម​មាន​អ្នកឆ្លង​៤ម៉ឺននាក់  ដែលចំនួននេះ កំពុង​ធ្វើឲ្យ​មន្ទីរពេទ្យ​នៅបារាំង​ប្រឈមនឹងការ​ខ្វះកន្លែងសម្រាប់​ព្យាបាល​អ្នកជំងឺ ហើយលោក​ Macron បាន​និយាយថា គ្រែមន្ទីរពេទ្យ​អាចនឹង​ត្រូវ​បង្កើន ១ម៉ឺន​គ្រែទៀត​សម្រាប់​ទុកព្យាបាល​អ្នក​ជំងឺកូវីដ-១៩។

ការចាក់សោរ​បិទប្រទេស​ជាថ្មី​របស់​បារាំង នឹងក្លាយ​ជាហានិភ័យ​សម្រាប់​ការងើបឡើងវិញ​នៃសេដ្ឋកិច្ច​របស់​ប្រទេសនេះ ពីការធ្លាក់ចុះខ្លាំង​កាលពីឆ្នាំមុន។ ការបិទ​ប្រទេស​ជាថ្មីនេះ ក៏នឹង​ត្រូវបិទ​បណ្ដោះ​អាសន្ន​នូវ​អាជីវកម្ម​ប្រមាណ​១៥ម៉ឺន​អាជីវកម្ម ដែលនឹង​ធ្វើឲ្យខាតបង់​ប្រហែល​ជិត​១៣ពាន់លាន​ដុល្លារអាមេរិក​ក្នុងមួយខែផងដែឬ។ នេះបើតាមការះអាងរបស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WHO៖ទិន្នន័យបង្ហាញថា វ៉ាក់សាំង Sinopharm និង Sinovac មានប្រសិទ្ធភាពគ្រប់គ្រាន់

ព័ត៌មាន
ប្រធានក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៃអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃទី៣១ ខែមីនាថា ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងពីររបស់ចិនគឺ ក្…

ចិនបិទទីក្រុងមួយជាប់ព្រំដែនភូមាក្រោយរកឃើញមានអ្នកឆ្លងកូវីដ-១៩ជាបន្តបន្ទាប់

ព័ត៌មាន
ប្រទេសចិនបានបញ្ជាក់ថា ទីក្រុងមួយរបស់ខ្លួននៅជាប់នឹងព្រំប្រទល់ប្រទេសភូមា ត្រូវបានបិទ បន្ទាប់ពីរកឃើញថាមានមនុស្សចំនួន៩នាក់ រួមទាំងជនជាតិភូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ