ប្រទេសវៀតណាម

ការដាច់ចរន្តអគ្គិសនីញឹកញាប់នៅវៀតណាមប៉ះពាល់មជ្ឈមណ្ឌលផលិតកម្មបរទេស រហូតដល់មានការតវ៉ា


កាលពីថ្ងៃចន្ទ មន្ត្រីមួយចំនួនបាននិយាយថា ការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់នៅប្រទេសវៀតណាមបានប៉ះពាល់ដល់សួនឧស្សាហកម្មក្នុងខេត្តភាគខាងជើងរបស់ប្រទេសនេះ។ នៅទីនោះ ក្រុមហ៊ុនឧស្សាហកម្មកំពូលៗនៅលើពិភពលោក ដូចជាក្រុមហ៊ុន ហ្វក់ខន (Foxconn) និងក្រុមហ៊ុន សាំស៊ុង (Samsung) មានរោងចក្រកំពុងដំណើរការ។ ការដាច់ភ្លើងញឹកញាប់បែបនេះបានកើតឡើងនៅពេលដែលអាកាសធាតុក្ដៅខ្លាំង ហើយការប្រើប្រាស់ថាមពលក៏កើនឡើង។
ការដាច់ចរន្តអគ្គិសនីញឹកញាប់នៅវៀតណាមប៉ះពាល់មជ្ឈមណ្ឌលផលិតកម្មបរទេស រហូតដល់មានការតវ៉ា

ទីភ្នាក់ងារសារព័ត៌មានរើយធើបានរាយការណ៍ថា ការដាច់ចរន្តអគ្គិសនីញឹកញាប់ដោយមិនបានប្រកាសប្រាប់មុននៅក្នុងប្រទេសវៀតណាម បានជំរុញឱ្យសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ដែលតំណាងឱ្យក្រុមហ៊ុនអឺរ៉ុបក្នុងប្រទេសនេះ ផ្ញើលិខិតមួយកាលពីថ្ងៃចន្ទទៅកាន់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ដោយជំរុញឱ្យមានវិធានការជាបន្ទាន់ដើម្បីដោះស្រាយភាពអាសន្ននេះ។

មន្ត្រីវិនិយោគក្នុងស្រុកពីរនាក់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា សួនឧស្សាហកម្មមួយចំនួននៅភាគខាងជើងនៃខេត្ត បាក់និញ (Bac Ninh) និងខេត្ត បាក់យ៉ាង (Bac Giang) បាននឹងកំពុងប្រឈមនឹងការដាច់ចរន្តអគ្គិសនី។ បណ្តាខេត្តទាំងនោះមានរោងចក្រផលិតគ្រឿងអេឡិចត្រូនិករបស់ក្រុមហ៊ុន Samsung, ក្រុមហ៊ុន Foxconn, ក្រុមហ៊ុន Canon និងក្រុមហ៊ុន លុចស៊ែ (Luxshare)។

មន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយថា ក្រុមហ៊ុនខ្លួនគ្រោងធ្វើការជាមួយអគ្គិសនីវៀតណាម (EVN) ដើម្បីពិភាក្សាអំពីស្ថានភាពនិងវិធានការនានា ដែលអាចធ្វើទៅបាន សំដៅសំដៅកាត់បន្ថយផលប៉ះពាល់។

ទន្ទឹមនឹងនេះ លោក ហ្សង់-ហ្សាក់ ប៊ូហ្វឡេ (Jean-Jacques Bouflet) អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបក្នុងប្រទេសវៀតណាម បានប្រាប់រ៉យទ័រកាលពីថ្ងៃចន្ទថា "ក្រសួងឧស្សាហកម្មរបស់វៀតណាមគួរតែចាត់វិធានការជាបន្ទាន់ មុនពេលកេរ្តិ៍ឈ្មោះរបស់ប្រទេសនេះក្នុងនាមជាមជ្ឈមណ្ឌលផលិតកម្មរបស់ពិភពលោក ដែលអាចទុកចិត្តបាន ត្រូវបានបំផ្លាញ"។ លោកបានបន្ថែមថា ការដាច់ចរន្តអគ្គិសនីបានរំខានយ៉ាងខ្លាំងចំពោះសកម្មភាពឧស្សាហកម្ម។

អគ្គិសនីវៀតណាមមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ។

ការដាច់ចរន្តអគ្គិសនីឥតឈប់ឈរបែបនេះ បានគំរាមកំហែងដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃសេដ្ឋកិច្ច ដែលបណ្ដាលមកពីតម្រូវការខ្សោយក្នុងទីផ្សារនាំចេញសំខាន់ៗ បន្ទាប់ពីកំណើននៅត្រីមាសទីមួយបានធ្លាក់ចុះមកនៅជាង ៣% ខណៈដែលត្រីមាសទី ៤ ឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចវៀតណាមមានជិត ៦%។

ប្រទេសវៀណាមបាននឹងកំពុងបិទភ្លើងតាមដងផ្លូវ ហើយក្រុមហ៊ុនឧស្សាហកម្មបានប្តូរប្រតិបត្តិការរបស់ខ្លួនទៅម៉ោងដែលពុំសូវមានតម្រូវការថាមពលវិញ ដើម្បីរក្សាប្រព័ន្ធថាមពលជាតិឱ្យនៅមានដំណើរការ។ កន្លងទៅ មានជាង ១ ម៉ឺនក្រុមហ៊ុន ដែលបានយល់ព្រមកាត់បន្ថយការប្រើប្រាស់ថាមពលតាមដែលអាចធ្វើទៅបាន។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក ដូ ថាង ហៃ (Do Thang Hai) បានទទួលស្គាល់នៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលកាលពីចុងសប្តាហ៍មុនថា មានការខ្វះខាតថាមពលសម្រាប់គ្រួសារនិងអាជីវកម្មនៅទីតាំងនិងពេលជាក់លាក់មួយ។ លោកបានបន្ថែមថា ការលំបាកបែបនេះទំនងជានៅមានបន្តទៀត៕

ប្រែសម្រួលដោយ៖ ឯម មាឃ




អត្ថបទបន្ទាប់


ប្រទេសចិននាំមុខប្រទេសផ្សេងៗទៀតក្នុងការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោក

ព័ត៌មាន
ការលក់រថយន្តអគ្គិសនី (EV) បានកើនឡើងបីដងក្នុងរយៈពេល៣ឆ្នាំមកនេះ ពោលគឺកើនពីចំនួនរថយន្តអគ្គិសនីថ្មីដែលលក់បានជិត ៣ លានគ្រឿងនៅក្នុងឆ្នាំ២០២០…

ផ្លូវក្រវាត់ក្រុងទី៣ តម្លៃ៣០០លានដុល្លារ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី៣០ ខែមិថុនា

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចជ្រើសរើសយកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ជាថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ដែលមានតម្លៃប្រមាណ៣០០លាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ