ប្រេង​ឥន្ធនៈឡើងថ្លៃ

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មពន្យល់ពីរឿងប្រេងឥន្ធនៈឡើងថ្លៃ


តម្លៃប្រេងឥន្ធនៈ នៅរយៈពេល៣ខែកន្លងមកនេះ ហក់ឡើងថ្លៃជាបន្តបន្ទាប់។ មតិសាធារណៈជនមួយចំនួនតែងតែមានការងឿងឆ្ងល់ និងចោទសួរថា តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាឡើងថ្លៃ? មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានពន្យល់ថា តម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះមិនមែនក្រសួងពាណិជ្ជកម្ម ឬ ស្ថាប័នណាមួយនៅកម្ពុជាជាអ្នកកំណត់ថ្លៃឡើងចុះនោះទេ។ ការកើនឡើងថ្លៃនេះ បន្ទាប់ពីមានតម្រូវការប្រេងឥន្ធនៈកើនឡើងខ្ពស់នៅលើពិភពលោក គួបផ្សំការកាត់បន្ថយការផលិតពីប្រទេសផលិតប្រេងធំៗនៅលើសកលលោក។
តម្លៃប្រេងឥន្ធនៈ
ដោយ

តម្លៃប្រេងឥន្ធនៈនៅកម្ពុជា ក្នុងរយៈពេល ៣ខែកន្លងមកនេះ បានហក់ឡើងថ្លៃជាបន្តបន្ទាប់ ក្នុងនោះប្រេងសាំងធម្មតាបានឡើងថ្លៃបន្ថែមក្នុងរង្វង់ ៤០០រៀលក្នុង១លីត្រ ខណៈប្រេងម៉ាស៊ូតឡើងក្នុងរង្វង់ ៣០០រៀលក្នុង១លីត្រ។ តម្លៃប្រេងឥន្ធនៈឡើងថ្លៃនេះដែរ នៅតែជាប្រធានបទក្តៅដដែលៗ ដែលត្រូវបានប្រជាពលមួយចំនួនលើកមកជជែកដេញដោល និង ចោទជាសំណួរ ដោយដាក់បន្ទុកមកលើរាជរដ្ឋាភិបាលកម្ពុជាថាជាអ្នកដំឡើងថ្លៃ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមុខចេញមកអះអះអាងបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាណិជ្ជកម្មពុំមានសិទ្ធិកំណត់ ឬ ដំឡើងថ្លៃប្រេងឥន្ធនៈនៅកម្ពុជានោះទេ ពោលគឺក្រសួងគ្រាន់តែជាអ្នកជួយសម្របសម្រួលនីតិវិធីដល់វិស័យឯកជនតែប៉ុណ្ណោះ។ ហើយការឡើងចុះតម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជា គឺវាអាស្រ័យលើតម្លៃកើនឡើង ឬ ធ្លាក់ចុះ ប្រេងឆៅនៅលើទីផ្សារអន្តរជាតិប៉ុណ្ណោះ។ 

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានពន្យល់ថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានហក់ឡើងថ្លៃ គឺបន្ទាប់ពីមានការឡើងថ្លៃតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ។ ការឡើងថ្លៃ តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ គឺបន្ទាប់ពីប្រទេសធំៗមួយចំនួនលើពិភពលោកបានអនុញ្ញាតឲ្យអាជីវកម្មបើកដំណើរការឡើងវិញ ដែលធ្វើឲ្យតម្រូវការប្រេងឥន្ធនៈមានការកើនឡើង ស្របពេលមានការកាត់បន្ថយផលិតកម្មប្រេងពីប្រទេសផលិតប្រេងធំៗមួយចំនួនលើសកលលោក។ 

ឯកឧត្តម ប៉ែន សុវិជាតិ បានបង្ហាញជំនឿយ៉ាងមុតមាំថា តម្លៃប្រេងឥន្ធនៈនៅកម្ពុជានឹងចាប់ផ្តើមធ្លាក់ចុះនៅអំឡុងខែសីហា ឆ្នាំ២០២១ នេះ។ កត្តាដែលធ្វើឲ្យ ឯកឧត្តម មានការជឿជាក់បែបនេះ ក្រោយប្រទេសផលិតប្រេងធំៗលើសកលលោក ដែលជាសមាជិករបស់អង្គការ OPEC បានអះអាងក្នុងកិច្ចប្រជុំកន្លងមកថា ពួកគេនឹងបង្កើនផលិតកម្មប្រេងឡើងវិញ ក្រោយកាត់បន្ថយការផលិតអស់មួយរយៈពេលកន្លងមកនេះ។

បច្ចុប្បន្នតម្លៃប្រេងសាំងធម្មតាលក់ចេញនៅថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ខែសីហា ក្នុងតម្លៃ ៤.០៥០រៀលក្នុង១លីត្រ រីឯប្រេងម៉ាស៊ូត ៣.៦០០រៀលក្នុង១លីត្រ ខណៈកាលពីដើមខែឧសភា ឆ្នាំ២០២១ ប្រេងសាំងធម្មតាលក់ចេញក្នុងតម្លៃ៣,៧៥០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៣,៣០០រៀលក្នុង១លីត្រ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុននៅវៀតណាមថា កញ្ចប់ថវិកាជាង១ពាន់លានដុល្លារពីរដ្ឋាភិបាល ពិបាកទទួលបាន ព្រោះមានលក្ខខណ្ឌតម្រូវច្រើន

ព័ត៌មាន
នៅកំឡុងពេលកូវីដ-១៩ រដ្ឋាភិបាលវៀតណាមបានបញ្ចេញថវិការជំរុញសេដ្ឋកិច្ច ប្រមាណជាង១ ពាន់លានដុល្លារ ដើម្បីជួយដល់ក្រុមហ៊ុនសហគ្រាសដែលរងផលប៉ះពាល…

តើសេដ្ឋកិច្ចកម្ពុជារង្គោះរង្គើយ៉ាងណាខ្លះ ក្រោយរដ្ឋាភិបាលសម្រេចបិទខ្ទប់ខេត្តចំនួន៨?

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចអះអាងថា ការបិទខេត្តចំនួន៨ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ មិនបានជះឥទ្ធិពលធ្ងន់ធ្ងរដល់វិស័យសេដ្ឋកិច្ចរបស់កម្ពុជានោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ