ប្រទេសG7-វៀតណាម

ក្រុមប្រទេសG7 នឹងផ្ដល់ឱ្យវៀតណាមនូវថវិកាចំនួន ១៥,៥ ពាន់លានដុល្លារដើម្បីកាត់បន្ថយការប្រើធ្យូងថ្ម


ក្រសួងការបរទេសអង់គ្លេសបាននិយាយនៅថ្ងៃទី១៤ខែធ្នូថា ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ (G7) នឹងផ្តល់ប្រាក់ចំនួន ១៥ពាន់៥រយលានដុល្លារ ដើម្បីជួយដល់ប្រទេសវៀតណាមក្នុងការផ្លាស់ប្តូរចេញឆ្ងាយពីការប្រើធ្យូងថ្ម ដែលវាអាចប៉ះពាល់ដល់បរិស្ថាន និងងាកមកប្រើប្រាស់ថាមពលស្អាតវិញ។ នេះបើតាមការចុះចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រនៅថ្ងៃនេះ។
ក្រុមប្រទេសG7 នឹងផ្ដល់ឱ្យវៀតណាមនូវថវិកាចំនួន ១៥,៥ ពាន់លានដុល្លារដើម្បីកាត់បន្ថយការប្រើធ្យូងថ្ម

កិច្ចព្រមព្រៀងនេះនឹងក្លាយជាកិច្ចព្រមព្រៀងទី៣ហើយ ដែលបានសម្រេចដោយក្រុមប្រទេសជី៧ ខណៈដែលបច្ចុប្បន្ន កំពុងមានសម្ពាធកាន់តែខ្លាំងទៅលើក្រុមប្រទេសអ្នកមាន និងបំភាយឧស្ម័នខ្លាំង ក្នុងការជួយប្រទេសក្រីក្រទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរទៅប្រើថាមពលស្អាតមិនប៉ះពាល់បរិស្ថាន។

សហភាពអឺរ៉ុបធ្លាប់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្រដៀងគ្នានេះមួយចំនួនកាលពីឆ្នាំមុនជាមួយប្រទេសអាហ្វ្រិកខាងត្បូង ហើយកាលពីខែមុនក៏បានចុះកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូនេស៊ីផងដែរ។

ការិយាល័យបរទេសរបស់អង់គ្លេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ថវិកាដំបូងចំនួន ១៥ពាន់៥រយលានដុល្លារ ជាហិរញ្ញវត្ថុទាំងសម្រាប់វិស័យសាធារណៈ និងឯកជន នឹងត្រូវបានបញ្ចេញក្នុង រយៈពេល ៣ ទៅ ៥ ឆ្នាំខាងមុខទៀត សម្រាប់ជួយវៀតណាមក្នុងការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មឲ្យងាកមកប្រើថាមពលស្អាតជំនួសវិញ។

កិច្ចព្រមព្រៀងនេះនឹងជួយប្រទេសវៀតណាមឱ្យឈានដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ខ្ពស់បំផុតនៅត្រឹមឆ្នាំ២០៣០ ពោលគឺនឹងដើរលឿនជាងការព្យាករដល់ទៅ៥ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះទៀតសោត ក៏នឹងកម្រិតសមត្ថភាពប្រើប្រាស់ធ្យូងថ្មកំពូលរបស់វៀតណាមមកនៅត្រឹម ៣០,២ ជីហ្គាវ៉ាត់ (GW) ជំនួសឱ្យការគ្រោងទុកពីដំបូងថាមាន ៣៧ ជីហ្កាវ៉ាត់ និងទទួលបានប្រភពថាមពល ៤៧% ពីថាមពលកកើតឡើងវិញនៅត្រឹមឆ្នាំ២០៣០ផងដែរ។

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពេលនេះប្រទេសវៀតណាមបានបង្ហាញពីភាពជាអ្នកដឹកនាំក្នុងការរៀបចំតារាងផ្លាស់ប្តូរថាមពលស្អាតប្រកបដោយមហិច្ឆតាដែលនឹងផ្តល់នូវសន្តិសុខថាមពលរយៈពេលវែង។

ដើម្បីបញ្ចុះបញ្ចូលវៀតណាមឱ្យគាំទ្រការផ្តល់ជូននេះ ក្រុមអ្នកចរចាបស្ចិមលោកដែលដឹកនាំដោយសហភាពអឺរ៉ុប និងអង់គ្លេសបានបង្កើនចំនួនថវិកាដែលផ្តល់ជូនដល់ទីក្រុងហាណូយ ម្តងហើយម្តងទៀត។

ប្រភពដែលមិនបញ្ចេញឈ្មោះមួយចំនួនបាននិយាយថា ពាក់កណ្តាលនៃទឹកប្រាក់ចំនួន ដែល G7 ត្រៀមផ្ដល់ឲ្យទីក្រុងហានូយ នឹងបានមកពីវិស័យសាធារណៈ ហើយនៅសល់ប៉ុន្មានទៀតគឺបានមកពីក្រុមអ្នកវិនិយោគឯកជន។

ប្រភពមួយក្នុងចំណោមប្រភពទាំងនេះបាននិយាយថា ផ្នែកតូចមួយនៃការផ្តល់មូលនិធិនេះគឺជាជំនួយ ខណៈដែលការវិនិយោគសាធារណៈភាគច្រើន គឺជាកម្ចី។

កន្លងមកេះ G7 ក៏មានកិច្ចព្រមព្រៀងជាមួយប្រទេសឥណ្ឌូណេស៊ីដែរ ដោយបានសន្យាថា នឹងផ្តល់មូលនិធិសាធារណៈចំនួន ១០ ពាន់លានដុល្លារជាថ្នូរនឹងការបិទរោងចក្រធ្យូងថ្មនៅទីនោះ ហើយកាត់បន្ថយការបំភាយឧស្ម័នពុលខ្ពស់បំផុតនៅឆ្នាំ២០៣០ ចំណែកអាហ្រ្វិកខាងត្បូងវិញក៏ត្រូវបាន G7 សន្យាថានឹងផ្ដល់មូលនិធិចំនួន ៨ពាន់៥ រយលានដុល្លារផងដែរ៕




អត្ថបទបន្ទាប់


ធនាគារកណ្តាលអាមេរិកដំឡើងអត្រាការប្រាក់គោលថែម ០,៥%ទៀត ក្នុងការបន្តយុទ្ធនាការទប់ទល់អតិផរណា

ព័ត៌មាន
ធនាគារកណ្តាលអាមេរិកកាលពីថ្ងៃពុធទី១៤ធ្នូ បានដំឡើងអត្រាការប្រាក់គោលចំនួន ០,៥%បន្ថែមទៀតហើយ ដើម្បីបន្តយុទ្ធនាការទប់ទល់នឹងអតិផរណានៅសហរដ្ឋអា…

Toyota ចាប់ដៃ CP លើគម្រោងឥន្ធនៈអ៊ីដ្រូសែនសម្រាប់រថយន្ត ដែលជាជម្រើសថ្មីនៃការកាត់បន្ថយផ្សែងពុល

ព័ត៌មាន
ក្រុមហ៊ុនរថយន្តយក្សជប៉ុន Toyota បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសថៃ ដើម្បីអភិវឌ្ឍគម្រោងចំហេះអ៊ីដ្រូសែន សម្រាប់រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ