សួនទឹកធំជាងគេ​នឹងបើកដំណើរការ

មហាសេដ្ឋី លី យ៉ុងផាត់ នឹងបើកដំណើរការសាកល្បង «សួនទឹកកម្សាន្តធំជាងគេបង្អស់នៅកម្ពុជា» ក្នុងខែកក្កដាឆ្នាំនេះ


សួនទឹកកម្សាន្ដ ហ្គាដិន ស៊ីធី វ៉តធើផាកដ៏ធំជាងគេនៅអាស៊ី នឹងបើកឲ្យចូលលេងកម្សាន្ដ សាកល្បងនៅខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះហើយ។ នេះបើយោងតាមការបញ្ជាក់អះអាងពីអ្នកគ្រប់គ្រងគម្រោងសួនទឹកហ្គាដិនស៊ីធី ប្រាប់សារព័ត៌មាន ខេមបូណូមីស នាពេលថ្មីៗនេះ។
រូបភាព​គំរូ​នៃ​គម្រោង​វិនិយោគ​សួន​ទឹក​កម្សាន្ត​ដ៏ធំ​បំផុត ដែល​ឧកញ៉ា លី យ៉ុងផាត់ គ្រោង​សាងសង់​នៅ​កម្ពុជា តម្លៃ​ទឹកប្រាក់​ជាង ៣០​លានដុល្លារអាមេរិក។

បន្ទាប់ពីបើក​ឲ្យចូលលេង​សាកល្បង​នៅខែ កក្កដា ឆ្នាំ ២០១៩នេះរួចហើយ ក្រុមហ៊ុន​នឹងបើក​ដំណើរការ​ជាផ្លូវការ​ឲ្យចូលលេង​កម្សាន្ដ​នៅដើម​ខែធ្នូ ឆ្នាំ ២០១៩នេះ។ នេះបើតាមការ​អះអាង​ពីលោក​ឧកញ៉ា សេង ញ៉ក់ អគ្គនាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប។

ឧកញ៉ា សេង ញ៉ក់ បានឲ្យដឹង​ទៀតថា គម្រោង​សួនទឹកកម្សាន្ដ​ហ្គាដិនស៊ី​ធីវ៉តធើផាក​នេះ វិនិយោគ​សាងសង់​ក្នុងទឹក​ប្រាក់​ប្រមាណ ៥៥លាន​ដុល្លារ​អាមេរិក ​ដែលជា​ទុនចុះ​បញ្ជីនៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ បច្ចុប្បន្នសួនទឹក​ដ៏ធំនេះ​បាននិងកំពុង តែពន្លឿន​ការសាងសង់​ដើម្បីបញ្ចប់​គម្រោង​ទាំងមូល​និងបើកសាក​ល្បង​នៅខែកក្កដា​ខាងមុខ​នេះតែម្តង។ ហើយក្រុមហ៊ុន​ក៏កំពុងតែ​ផ្សព្វផ្សាយ​ជ្រើសរើស​បុគ្គលិក​ជាច្រើន​នាក់ផងដែរ។ 

សួន​ទឹក​កម្សាន្ត​ធំ​ទី១​នៅ​អាស៊ី​នេះ​វិនិយោគ​សាងសង់​​ឡើង​ដោយ​មហា​សេដ្ឋី​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ឧកញ៉ា លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​ដ៏​ធំ​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោកឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បាន​ឲ្យ​ដឹង​ទៀត​ថា ដោយសារ​តែ​មើល​ឃើញ​ថា នៅ​រាជ​ធានី​ភ្នំពេញ​យើង ក៏ដូចជា​ប្រទេស​ខ្មែរ​យើង ខ្វះ​កន្លែង​កម្សាន្ត​កម្រិត​ស្តង់ដារ​អន្តរជាតិ​បែប​នេះ​ហើយ ទើប​ក្រុមហ៊ុន​លោក​សម្រេច​ចិត្ត​សាងសង់​សួន​ទឹក​កម្សាន្ត​ដ៏​ធំ​ជាង​គេ​មួយ​នេះ​ឡើង៕

បើនិយាយ​ពី​ឈ្មោះ លី យ៉ុងផាត់ លោក​អ្នក​នាង​ខ្លះ​ប្រហែល​ជា​ធ្លាប់​ឮ​ល្បី​រហ័សនាម​ដែល​កាសែត​បរទេស​ធំៗ​ដាក់​ឲ្យ​លោក ថា ជា​«ស្ដេច​កោះកុង» ឬ "King of Koh Kong"។ រហ័ស​នាម​នេះ ទំនង​ជា​ដោយសារ​តែ​ឧកញ៉ា លី យ៉ុងផាត់ មាន​កំណើត​កើតជា​នៅ​ក្នុង​ខេត្ត​កោះកុង និង​បាន​ក្លាយ​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល ល្បី​ល្បាញ និង​ចាក់​គ្រឹះ​យ៉ាង​រឹងមាំ នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃមួយនេះ។ 

សួន​ទឹក​កម្សាន្ត  ហ្គាដិនស៊ីធី​ វ៉តធើផាក នេះ អភិវឌ្ឍ​សាងសង់​នៅ​លើ​ផ្ទៃ​ដី ៦ហិកតា ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ថ្មី របស់​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយ​ចង្វារ ប្រមាណ ១៨​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ។  នេះ​បើ​តាម​ការ​បញ្ជាក់​អះអាង​ពី​នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប។ 

សួន​ទឹក​កម្សាន្តនេះ វិនិយោគ​សាងសង់​នៅ​ក្បែរ​គ្នា​នឹង​សួន​សត្វ​ដ៏​ធំជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទីមួយ ដែល​មាន​ឈ្មោះ​ថា​ ភ្នំពេញ សាហ្វារី ដែល​មាន​តម្លៃ​វិនិយោគ​ប្រមាណ​ជាង ១០​លាន​ដុល្លារ​អាមេរិក ដែល​បាន​បើក​ដំណើរការ​ឲ្យ​ប្រជាជន​ចូល​ទស្សនា​កម្សាន្ត​កាល​ពី​ឆ្នាំមុននេះ។

លោក​ឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ធ្លាប់​បាន​អះអាង​ថា សួន​ទឹក​កម្សាន្តហ្គាដិនស៊ីធីវ៉តធើផាក នេះ គឺ​ជា​គម្រោង​ធំ​ជាង​គេ​ទី១​ក្នុង​តំបន់​អាស៊ី ពោល​គឺ​ដណ្តើម​តំណែង​ធំ​ជាង​សួន​ទឹក​កម្សាន្ត នៅប៉ាតាយ៉ា ប្រទេស​ថៃ ដែល​មាន​ឈ្មោះ​ថា Cartoon Network Waterpark រហូត​ដល់​ទៅ ៥០​ភាគរយ​ឯណោះ។ 

សួន​ទឹក​កម្សាន្ត ហ្គាដិន​ស៊ីធីវ៉ត​ធើផាក​នេះ ទទួល​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន វ៉ាយ វ៉តធើ (White Water) ដែល​ជា​ក្រុមហ៊ុន​អន្តរជាតិ​ដ៏​ល្បីល្បាញ​នៅ​លើ​ពិភពលោក ផ្នែក​ការ​សាងសង់​សួន​ទឹក​កម្សាន្ត​តែ​ម្តង។

លក្ខណៈ​ពិសេស​របស់​សួន​ទឹក​កម្សាន្ត​ដ៏​ធំដំបូង​គេ​បង្អស់​នៅ​កម្ពុជា​នេះ មាន​កន្លែង​សំខាន់ៗ ដូចជា សមុទ្រ​សិប្បនិម្មិត ដែល​ទឹក​រលក​កម្ពស់​៣​ម៉ែត្រ​កន្លះ ទឹក​ជ្រោះ​ធ្លាក់​ដ៏​ស្រស់​ស្អាត កន្លែង​រំអិល​ទឹក​ខ្ពស់ ទឹករាំ​តាម​ចង្វាក់​ភ្លេង កន្លែង​ក្មេង​លេង​ជា​ច្រើន និង​កន្លែង​សំខាន់ៗ​ផ្សេង​ទៀត។

សួន​ទឹក​កម្សាន្តនេះ សាងសង់​រំលេច​​ទៅ​តាម​បែប​រចនាបថ​សម័យ​អង្គរ​ដែល​មាន​រូប​អប្សរា ដំរី បាយ័ន អង្គរវត្ត លាយ​ឡំ​ទៅនឹង​រចនាបថ​សម័យ​ទំនើប​មក​ពី​អឺរ៉ុប និង​អាមេរិក ផងដែរ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុរី ប៉េង ហួត សម្ពោធ​បើក​គម្រោងថ្មី ដឹស្តា មេរាហ្កាដិន ជាមួយនឹងប្រូម៉ូសិនពិសេស​យ៉ាងច្រើន!!!

ព័ត៌មាន
នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បុរី ប៉េង ហួត បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការគម្រោង ដឹស្តា មេរាហ្កាដិន ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្…

ក្រុមហ៊ុន​ចែកចាយ​ Huawei នៅ​កម្ពុជា ប្រកាសប្រមូលទិញទូរស័ព្ទពីអ្នកប្រើប្រាស់វិញ បើមានបញ្ហាប្រើប្រាស់លើកម្មវិធីសំខាន់ចំនួន៤

ព័ត៌មាន
ក្រុមហ៊ុនចែក​ចាយ​ផលិតផល Huawei នៅកម្ពុជា Yako Technology នៅថ្ងៃទី ៧ មិថុនានេះ បានប្រកាសថា ខ្លួននឹងប្រមូលទិញទូរស័ព្ទស្មាតហ្វូន ឬថេប្លេត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ