តម្លៃ​ប្រេងសាំង​ឡើងវិញ​ហើយ!

ប្រេង​សាំង​នៅ​កម្ពុជា​ឡើងថ្លៃ​ឡើង​វិញ​ដោយ​ស្ងាត់ៗ


ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ តម្លៃ​ប្រេង​សាំង​បាន​ហក់​ឡើង​ជា​បន្ត​បន្ទាប់ រហូត​ដល់​ក្រសួង​ពាណិជ្ជកម្ម​ដែល​ធ្លាប់​តែ​បញ្ចេញ​តម្លៃ​សាំង​ប្រភេទ​ស៊ូពែ បាន​លុប​ចោល​នៅ​លើ​តារាង​តម្លៃ​វិញ ដោយ​ដាក់​ត្រឹម​តែ​តម្លៃ​សាំង​ធម្មតា និង​ប្រេង​ម៉ាស៊ូត។
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះរូបភាព៖ ហេង ភារម្យ
ដោយ

បើ​​តាម​​សេចក្តី​​ជូន​​ដំណឹង​​របស់​​ក្រសួង​​ពាណិជ្ជកម្ម បាន​​បញ្ចេញ​​តារា​​តម្លៃ​​ប្រេង​សាំង​និង​​ម៉ាស៊ូត ដែល​​ត្រូវ​​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ថា ប្រេង​សាំង​​ធម្មតា មាន​តម្លៃ ៤០០០​រៀល​ក្នុង​មួយ​លីត្រ និង​ប្រេង​​ម៉ាស៊ូត មាន​តម្លៃ ៣៨០០​រៀល​ក្នុង​មួយ​លីត្រ ខណៈ​សាំង​ស៊ូពែ មិន​ត្រូវ​បង្ហាញ​ឲ្យ​ដឹង​នោះ​ទេ។ ប៉ុន្តែ ប្រេងសាំង​ស៊ូពែ នៅ​តាម​ស្ថានី​ប្រេង​នានា មាន​តម្លៃ​ខ្ពស់​រហូត​ជាង ៤​ពាន់​រៀល ក្នុង​មួយ​លីត្រ។

លោក ប៉ុល សំណាង ពលរដ្ឋ​នៅ​ភ្នំពេញ​ បានប្រាប់ ខេមបូណូមីស ថា នៅ​ពេល​បញ្ចុះ​តម្លៃ​សាំង គឺ​មាន​សភាព​តឹងតែង​ណាស់ ប៉ុន្តែ នៅ​ពេល​ដំឡើង​វិញ គឺ​ដំឡើង​ថ្លៃ​ស្ងាត់ៗ។ 

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ចាក់​សាំង​ស៊ូពែ ៤៤០០​រៀល​ក្នុង​មួយ​លីត្រ ប៉ុន្តែ ២​ឆ្នាំ​មុន សាំង​តែ​មួយ​លីត្រ ៣​ពាន់​ទេ ហេតុ​អ្វី​សាំង​ឡើង​លឿន​ម៉្លេះ? ពេល​បញ្ចុះ​តម្លៃ​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​អ៊ីចឹង ប៉ុន្តែ បើ​ឡើង​ថ្លៃ​វិញ ឡើង​លឿន​ណាស់។ មួយ​សប្តាហ៍ គ្រាន់​តែ​ចំណាយ​លុយ ចាក់​សាំង​អស់​១០​ដុល្លារ​ហើយ។ វា​មិនមែន​ប៉ះពាល់​តែ​ខ្ញុំ​ម្នាក់​ទេ អ្នក​ផ្សេង​ទៀត ក៏​ដូច​គ្នា​ដែរ។ នរណា​មិន​ត្រូវ​ចាក់​សាំង​ឡាន​ម៉ូតូ!»។

កាល​ពី​ចុង​ឆ្នាំ​២០១៥ តម្លៃ​សាំង​អន្តរជាតិ បាន​ធ្លាក់​ចុះ​ខ្លាំង ប៉ុន្តែ ស្ថានីយ​ប្រេង​នៅ​កម្ពុជា នៅ​បន្ត​លក់​ក្នុង​តម្លៃ​ខ្ពស់​ដដែល ដែល​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​ពី​ប្រជាជន​រហូត​ប្រមុខ​រដ្ឋាភិបាល​ចេញ​មុខ​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ដុត​ដៃ​ដុត​ជើង​ធ្វើ​ការងារ​ជាមួយ​ម្ចាស់​ស្ថានីយ​ ឲ្យ​មាន​ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា។

កាល​នោះ តម្លៃ​សាំង​នៅ​កម្ពុជា​ពិត​ជា​បាន​ថ្លៃ​ចុះ​មក​ត្រឹម​នៅ​ក្នុង​រង្វង់​៣​ពាន់​រៀល​នៅ​ក្នុង​មួយ​លីត្រ។ ប៉ុន្តែ បន្ត​បន្ទាប់​មក ម្ចាស់​ស្ថានីយ​បាន​ដំឡើង​ថ្លៃ​ប្រេង​សាំង​បន្តិច​ម្តងៗ រហូត​មក​ដល់​ដើម​ឆ្នាំ​២០១៨​នេះ ប្រេងសាំង​បាន​ហក់​ឡើង​ខ្ពស់​ជាង ៤​ពាន់​រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រភេទ​សាំង​ស៊ូពែ។ 

ទាក់ទង​បញ្ហា​នេះ លោក ច័ន្ទ សុផល អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​អត្ថាធិប្បាយ​ថា រយៈពេល​៣​ចុង​ក្រោយ​នេះ ប្រេង​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ​បាន​ឡើង​ថ្លៃ ដែល​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេង​សាំង​កម្ពុជា ក៏​ត្រូវ​ឡើង​ថ្លៃ​ជា​បន្ត​បន្ទាប់​ដែរ។

លោក​បាន​ប្រាប់ ខេមបូណូមីស យ៉ាង​ដូច្នេះ​ថា៖ «បើ​តាម​ទិន្នន័យ​ថ្លៃ​ប្រេង​ដែល​យើង​អាច​រក​បាន​តាម​គេហ​ទំព័រ​មួយ​ចំនួន តម្លៃ​ប្រេង​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ឡើង​ក្នុងរយៈពេល​ពីរ​ខែ​មក​នេះ។ ខ្ញុំ​សន្និដ្ឋាន​ថា ការ​ឡើងថ្លៃ​ប្រេង​នៅកម្ពុជា គឺ​បណ្តាល​មក​ពី​កត្តា​អន្តរជាតិ​ទាំង​ស្រុង»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រាជធានីភ្នំពេញនឹងមាន co-working space ដ៏ធំបំផុត បើកឲ្យដំណើរការនៅដើមឆ្នាំនេះ

ព័ត៌មាន
បួន​ប្រាំឆ្នាំមុន បើ​និយាយ​អំពី​ការិយាល័យ​ធ្វើការ​រួម ឬ​ហៅថា co-working space គ្មាន​អ្នក​ណា​ស្គាល់​ទេ។ ប៉ុន្តែ ឥឡូវ ខណៈ​ដែល​និស្សិត​…

សណ្ឋាគារ​លំដាប់​អន្តរជាតិ Courtyard Marriott នឹង​​បើក​ដំណើរការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ

ព័ត៌មាន
សណ្ឋាគារ​លំដាប់​ថ្នាក់​អន្ដរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Courtyard Marriott នឹង​ផុស​ឡើង​នៅ​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​បញ្ចប់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ