អាល្លឺម៉ង់ - បារាំង - អ៊ុយក្រែន

អាល្លឺម៉ង់ និងបារាំងពង្រឹងទំនាក់ទំនង ចំពោះមុខភាពចម្រូងចម្រាស់ក្នុងការផ្តល់រថក្រោះធុនធ្ងន់ឱ្យអ៊ុយក្រែន


អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល និងប្រធានាធិបតីបារាំងលោក ម៉ាក្រុង កាលពីចុងសប្តាហ៍មុន បានបញ្ជាក់ពីជំហររបស់ខ្លួនសាជាថ្មី និងទទួលស្គាល់ពីសារៈសំខាន់របស់ប្រទេសធំៗនៅអឺរ៉ុបទាំងពីរ នៅចំពោះមុខការខ្វែងគំនិតគ្នាខ្លះ ដែលបាននិងកំពុងកើតឡើង អំឡុងពេលដោះស្រាយវិបត្តិសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ ភាពចម្រូងចម្រាស់ខ្លះដែល កំពុងមានបច្ចុប្បន្ន គឺការចង់ផ្តល់ឱ្យអ៊ុយក្រែននូវរថក្រោះធុនធ្ងន់របស់អាល្លឺម៉ង់ Leopard ប៉ុន្ដែត្រូវក្រុងប៊ែរឡាំងបដិសេធ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
អាល្លឺម៉ង់និងបារាំងពង្រឹងទំនាក់ទំនងចំពោះមុខភាពរកាំរកូស!

ទោះយ៉ាងណា រដ្ឋមន្ត្រីរបស់អាល្លឺម៉ង់បានគូសបញ្ជាក់ហើយថា ទោះខ្លួនមិនព្រមប្រគល់ឱ្យក្តីតែ ក៏មិនហាមប្រទេសណាក្នុងការផ្តល់ឱ្យអ៊ុយក្រែនដែរ ពិសេសប៉ូឡូញ ដែលកំពុងមានរថក្រោះប្រទេសនេះនៅក្នុងដៃ។

ប្រធានាធិបតីបារាំងលោកម៉ាក្រុងបានគូសបញ្ជាក់ហើយថា ពុំមានសព្វាវុធណាមួយដែលត្រូវដកចេញពីបញ្ជី មិនផ្តល់ឱ្យអ៊ុយក្រែននោះទេ។ កន្លងមកបារាំងបានយល់ព្រម ផ្តល់រថក្រោះធុនស្រាល និងរថពាសដែកមួយចំនួនទៅឱ្យអ៊ុយក្រែនរួចហើយ ខណៈក្រុងបារីសក៏បានបង្ហើបពីបំណងចង់បញ្ជូនរថក្រោះធុនធ្ងន់ឈ្មោះ Leclerc ដែលផលិតដោយបារាំង ទៅឱ្យទីក្រុងកៀវផងដែរ។

លោកម៉ាក្រុងអះអាងនៅចំពោះមុខ លោកអូឡាហ្វ ស្កូលយ៉ាងដូច្នេះ អំឡុងពេលបារាំង និងអាល្លឺម៉ង់បានប្រារព្ធខួប ៦០ឆ្នាំនៃសន្ធិសញ្ញាមិត្តភាព ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២២ មករា ឆ្នាំ ១៩៦៣។ ខួប ៦០ឆ្នាំនៃមិត្តភាពបារាំង អាល្លឺម៉ង់ក៏បានធ្វើឡើងនៅក្នុងបរិបទ នៃសង្រ្គាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន និងចំពេលដែលបារាំង អាល្លឺម៉ង់កំពុងមានភាពរកាំរកូសរវាងគ្នា។ និយាយជារួម អាល្លឺម៉ង់ហាក់បានគិតគូរច្រើនជាងលើប្រយោជន៍ខ្លួនឯង ជាជាងលើប្រយោជន៍របស់អឺរ៉ុបជារួម រាប់ចាប់តាំងពីវិស័យថាមពល ការពារជាតិ និងចុងក្រោយនេះ គឺភាពស្ទើរស្ទាក់របស់ក្រុងប៊ែរឡាំងក្នុងការផ្តល់រថក្រោះឱ្យអ៊ុយក្រែន។

ទោះយ៉ាងណា អំឡុងពេលថ្លែងសន្ទរកថាប្រារព្ធខួប ៦០ឆ្នាំ អធិការបតីអាល្លឺម៉ង់និយាយថា ការរក្សាទំនាក់ទំនងដ៏រឹងមាំគឺជាគន្លឹះសម្រាប់តំបន់អឺរ៉ុប ពិសេសក្នុងនាមបារាំងនិងអាល្លឺម៉ង់ ជាប្រទេសស្ថាបនិកនិងមានឥទ្ធិពលជាងគេក្នុងតំបន់។ ដោយឡែក បារាំង ក៏នៅតែបង្ហាញពីជំហរសាមគ្គីភាពជាមួយអាល្លឺម៉ង់ដែរដោយលោកម៉ាក្រុង បានប្រដូចទំនាក់ទំនងនៃប្រទេសទាំងពីរថា ជាព្រលឹង២ ដែលសន្ធិតក្នុងខ្លួនប្រាណតែមួយ។

គួររំឭកថា ជុំវិញការផ្តល់រថក្រោះឱ្យអ៊ុយក្រែននេះ ក្រុងបារីសធ្លាប់បានយល់ព្រមកាលពីដើមខែមករានេះថា នឹងបញ្ជូនរថក្រោះធុនស្រាលផលិតដោយបារាំងប្រភេទ AMX-10 ទៅឱ្យអ៊ុយក្រែន ហើយលោកម៉ាក្រុងក៏ធ្លាប់បានប្រាប់ឱ្យក្រសួងការពារជាតិពិចារណាផ្តល់ឱ្យអ៊ុយក្រែណនូវរថក្រោះធន់ធ្ងន់ប្រភេទ Leclerc ផងដែរ។

សូមជម្រាបថា សម្រាប់ជំហររបស់អាល្លឺម៉ង់ឥលូវនេះ គឺត្រូវបានរដ្ឋមន្ត្រីការបរទេសខ្លួនអះអាងហើយថា ប៊ែរឡាំងត្រៀមរួចរាល់ក្នុងការអនុញ្ញាតឱ្យប៉ូឡូញផ្តល់រថក្រោះឱ្យអ៊ុយក្រែន។ នេះក៏ដោយសារតែប៉ូឡូញ មានរថក្រោះប្រភេទ Leopard ដែលផលិតដោយអាល្លឺម៉ង់នៅក្នុងដៃស្រាប់។ បច្ចុប្បន្ន ប៉ូឡូញកំពុងត្រៀមដឹកជញ្ជូនរថក្រោះប្រភេទនេះចំនួន ១៤ទៅឱ្យអ៊ុយក្រែន ដោយរងចាំតែការអនុញ្ញាតចុងក្រោយពីទីក្រុងប៊ែរឡាំងប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ទីបំផុត ចិន-អូស្ត្រាលីយល់ព្រមចាប់ដៃគ្នាចូលតុចរចាពាណិជ្ជកម្មឡើងវិញហើយ!

ព័ត៌មាន
ប្រេសិតពាណិជ្ជកម្មកំពូលរបស់ចិន និងអូស្ត្រាលីនឹងជួបប្រជុំគ្នាតាមប្រព័ន្ធវីដេអូ បន្ទាប់ពីមានការពន្យារពេលជាច្រើនខែ ដោយសារតែភាពប្រេះឆានូវទំនា…

អេ អឹម ខេ ឈ្នះ “ពានរង្វាន់និយោជកឆ្នើមក្នុងប្រទេសកម្ពុជា” ៣ឆ្នាំជាប់គ្នា

ព័ត៌មាន
ដើម្បីក្លាយជាជម្រើសសម្រាប់អាជីពការងារ គឺពិតជាមិនងាយស្រួលនោះទេ ប៉ុន្ដែ អេ អឹម ខេ នៅតែខិតខំព្យាយាមដើម្បីរក្សានៅកិត្តិនាមនេះ ហើយបានឈ្នះ “ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ