ការធ្វើដំណើរបែបធុរកិច្ចសកលលោក

ការធ្វើដំណើរបែបធុរកិច្ចសកលលោកអាចងើបឡើងបានពេញលេញឡើងវិញនៅឆ្នាំ២០២៦


បើយោងតាមការព្យាករណ៍សមាគមទេសចរណ៍ធុរកិច្ចសកល ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ទី ១៥ ខែ សីហា បានបង្ហាញថា ការកើនឡើងអតិផរណា បញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ និង ការបិទខ្ទប់នៃជំងឺកូវីដ១៩ ដែលកំពុងបន្តនៅក្នុងប្រទេសចិន គឺជាកត្តាមួយចំនួនក្នុងចំណោមកត្តាផ្សេងទៀត ដែលបានពន្យារពេលការងើបឡើងវិញពេញលេញនៃការធ្វើដំណើរបែបធុរកិច្ចសកលលោក ឱ្យត្រឡប់ទៅដូចកាលពីពេលមុនមានជំងឺរាតត្បាត។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
ការធ្វើដំណើរបែបធុរកិច្ចសកលលោកអាចងើបឡើងបានពេញលេញឡើងវិញនៅឆ្នាំ២០២៦

សមាគមទេសចរណ៍ធុរកិច្ចសកលបានព្យាករណ៍ថា ការធ្វើដំណើរបែបធុរកិច្ចសកល នឹងអាចទទួលបានប្រាក់ចំណូលកើនឡើងមកវិញដូចក្នុងកម្រិតកាលពីឆ្នាំ ២០១៩ ដែលមានប្រមាណ ១,៤៣ ទ្រីលានដុល្លារនោះ គឺត្រូវរង់ចាំដល់ពាក់កណ្តាលឆ្នាំ ២០២៦ឯណោះ។ កំណើននេះ គឺមានការកើនឡើងយឺតជាងការព្យការណ៍កាលពី ខែ វិច្ឆិកា ឆ្នាំមុនទៅទៀត ដោយកាលនោះ សមាគមទេសចរណ៍ធុរកិច្ចសកល បាននព្យារណ៍ថា ចំណូលពីការធ្វើដំណើរបែបធុរកិច្ចនឹងមានដល់ ១,៤៣ទ្រីលានដុល្លារត្រឹមឆ្នាំ ២០២៥។

សមាគមទេសចរណ៍ធុរកិច្ចសកល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការស្ទុះងើបឡើងវិញនៃការធ្វើដំណើរបែបធុរកិច្ចបានជួបប្រទះនឹងបញ្ហាមួយចំនួន ក៏ប៉ុន្ដែ វាបានបង្ហាញពីភាពប្រសើរឡើងបន្តិចម្តងៗពីកម្រិតទាបនៃឆ្នាំ ២០២០ ដែលទទួលបានប្រាក់ចំណូលត្រឹមចំនួន ៦៦១ ពាន់លានដុល្លារ រហូតដល់ទទួលបានចំណូល ១,៤៧ ទ្រីលានក្នុងឆ្នាំ ២០២៦។

លោក Suzanne Neufang នាយកប្រតិបត្តិរបស់សមាគមទេសចរណ៍ធុរកិច្ចសកលបាននិយាយថា កត្តាដែលប៉ះពាល់ដល់ឧស្សាហកម្មជាច្រើននៅជុំវិញពិភពលោកត្រូវបានគេរំពឹងថា នឹងប៉ះពាល់ដល់ការងើបឡើងវិញនៃការធ្វើដំណើរបែបធុរកិច្ចជាសកលរហូតដល់ឆ្នាំ ២០២៥ ។ ទោះយ៉ាងណា នាយកប្រតិបត្តិរូបនេះបាននិយាយថា ការបន្តកើនឡើងនៃមេរោគកូវីដ ១៩ បំប្លែងថ្មីអូមីក្រុង បានធ្វើឱ្យមានការងើបឡើងវិញយឺតនៅក្នុងចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២ ប៉ុន្តែការធ្វើដំណើរបានកើនឡើងវិញជាបណ្ដើរ បន្ទាប់ពីនៅពេលដែលករណី កូវីដ ១៩ បានធ្លាក់ចុះជាសកល។

គួរជម្រាបថា ឧបសគ្គធំៗចំពោះការស្ទុះងើបឡើងវិញពេញលេញនៃការធ្វើដំណើរបែបពាណិជ្ជកម្មសកល រួមមានតម្លៃថាមពលខ្ពស់ កង្វះកម្លាំងពលកម្ម ការបិទខ្ទប់នៃជំងឺកូវីដ១៩ ផលប៉ះពាល់ក្នុងតំបន់ដោយសារសង្គ្រាមនៅអ៊ុយក្រែន និង កង្វល់អំពីនិរន្តរភាពសកល។

យ៉ាងណាក៏ដោយចុះ យោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់អង្គការទេសចរណ៍អន្តជាតិ (UNWTO) បានបង្ហាញថា ទេសចរណ៍អន្តរជាតិជារួម មានការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ ២០២២ ជាមួយនឹងការមកដល់របស់អន្តរជាតិជិត ២៥០ លាននាក់ ខណៈបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ មានចំនួន ៧៧ លាននាក់ មានន័យថា វិស័យទេសចរណ៍បានស្ទុះងើបឡើងវិញស្ទើរតែជាង ៤៦% នៃកម្រិតមុនការរាតត្បាតនៃជំងឺកូវីត ១៩ ឆ្នាំចុងឆ្នាំ ២០១៩៕




អត្ថបទបន្ទាប់


បុរីនីមួយៗត្រូវអនុញ្ញាតឲ្យក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធើណិតយ៉ាងតិច៣ក្រុមហ៊ុន តខ្សែបណ្តាញចូល

ព័ត៌មាន
ក្រោយលុបបំបាត់មិនឲ្យមានសិទ្ធិផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធើណិតផ្តាច់មុខនៅតាមបុរី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានកំណត់ឲ្យបុរីនីមួយៗ …

ស្ថាប័នវាយតម្លៃ S&P ចាត់ចំណាត់ថ្នាក់ប្រទេសស្រីលង្កា «បរាជ័យក្នុងការសងបណ្ណបំណុល»

ព័ត៌មាន
ក្រុមហ៊ុនវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ឥណទានដ៏ល្បីលំដាប់ពិភពលោក S&P នៅថ្ងៃទី ១៦ សីហានេះ បានចេញរបាយការណ៍ថ្មីមួយរបស់ខ្លួន ដោយចាត់ចំណាត់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ