ហាងឆេងមាស

ហាងឆេងមាសនៅកម្ពុជា​​កំពុងបន្ដធ្លាក់ថ្លៃខ្លាំងនៅប៉ុន្មានថ្ងៃនេះ


ក្រុមអាជីវករលក់មាសនៅកម្ពុជាបានអះអាងប្រាប់ខេមបូណូមីសថា តម្លៃហាងឆេងមាសនៅមួយរយៈពេលចុងក្រោយនេះ មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់រហូតដល់ ៤០ដុល្លារអាមេរិកក្នុងមួយតម្លឹង។ ការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញទីផ្សារជួញដូរមាសវាយតម្លៃថា ដោយសារបញ្ហាទីផ្សារតម្លៃមាសសកលលោកមានការធ្លាក់ចុះ បន្ទាប់ពីធនាគារកណ្តាលរបស់អាមេរិករំពឹងថា តម្លៃលុយដុល្លារមានការកើនឡើង។ សម្រាប់អ្នកជំនាញការធ្លាក់ចុះហាងឆេងតម្លៃមាសនេះ វាអាចហុចទាំងផលវិជ្ជមាន និងអវិជ្ជមាន។
ហាងឆេងមាសនៅកម្ពុជាកំពុងបន្ដធ្លាក់ថ្លៃខ្លាំងនៅប៉ុន្មានថ្ងៃនេះ
ដោយ

ម្ចាស់ហាងមាសពេជ្រ ទី មង្គល ដែលមានទីតាំងនៅរាជធានីភ្នំពេញ បានអះអាងថា ហាងឆេងតម្លៃមាសនៅកម្ពុជាបានធ្លាក់ចុះជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ជាពិសេសកាលពីថ្ងៃទី ១៧ ខែមិថុនា ម្សិលមិញនេះ តម្លៃមាសបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ ៤០ដុល្លារក្នុងមួយតម្លឹង ដែលជាការធ្លាក់ចុះខ្លាំងបំផុត។ បើតាមហាងឆេងរបស់ហាងមាសពេជ្រ ទី មង្គល នៅថ្ងៃទី១៧ ខែមិថុនា មាស១តម្លឹងលក់ចេញក្នុងតម្លៃ ២,២១០ដុល្លារ ខណៈកាលពីថ្ងៃទី១៦ មិថុនា មាស១តម្លឹងលក់ចេញក្នុងតម្លៃ២,២៥០ដុល្លារអាមេរិក។  

បើយើង មើលទៅលើទីផ្សារមាសពិភពលោកដែលបានជួញដូរកាលពីថ្ងៃទី ១៧ មិថុនា ម្សិលមិញនេះវិញ គឺមានតម្លៃក្នុងរង្វង់ ១ពាន់៨រយដុល្លារអាមេរិកក្នុងមួយអោន ធ្លាក់ចុះប្រមាណ៣% ដោយមាស ១អោនស្មើនឹងជាង៨ជី។

បើទោះបីជាតម្លៃមាននៅមួយរយៈចុងក្រោយនេះធ្លាក់ថ្លៃក៏ដោយ ប៉ុន្ដែ អាជីវករលក់មាសនៅរាជធានីភ្នំពេញបានគូសបញ្ជាក់បន្ថែមថា ក្រោយកម្ពុជាផ្ទុះការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍២០កុម្ភៈ ចរន្តនៃការទិញលក់នៅហាងរបស់លោកហាក់ស្ងាត់ជាងធម្មតា មិនសូវមានអ្នកមកទិញ ឬលក់ច្រើននោះទេ។

ជាមួយគ្នានេះ លោកស្រីម្ចាស់ហាងមាសពេជ្រ ប៉ា ប៉ាវ ដែលសុំមិនបញ្ចេញឈ្មោះបានអះអាងដូចគ្នាថា ហាងឆេងតម្លៃមាសនៅហាងរបស់ លោកស្រី ក៏មានការធ្លាក់ចុះខ្លាំងផងដែរកាលពីម្សិលមិញ បន្ទាប់ពីមានការធ្លាក់ចុះជាបន្តបន្ទាប់ នៅប៉ុន្មានថ្ងៃចុងក្រោយកន្លងមកនេះ។ លោកស្រីម្ចាស់ហាងមាសពេជ្រនៅខេត្តកំពតរូបនេះបានកត់សម្គាល់ឃើញថា ក្រោយកម្ពុជាមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនសូវមានអតិថិជនមកទិញមាសនោះទេ ហើយបើមានភាគច្រើនជាអ្នកយកមាសមកលក់។ 

ជុំវិញហាងឆេងតម្លៃមាសធ្លាក់ចុះនេះដែរ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ ហិរញ្ញវត្ថុ នៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីងឃែភីថលអះអាងថា មូលហេតុដែលធ្វើឲ្យតម្លៃមាសនៅកម្ពុជា ក៏ដូចជាលើទីផ្សារសកលមានធ្លាក់ចុះ ដោយសារការរំពឹងនៃការឡើងថ្លៃនៃតម្លៃលុយដុល្លាររបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកនាពេលខាងមុខ។ ការងើបឡើងវិញនៃវិស័យសេដ្ឋកិច្ចពិភពលោក ក្រោយការអាចគ្រប់គ្រងស្ថានការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងបង្ការ ក៏កត្តារួមចំណែកធ្វើតម្លៃមាសធ្លាក់ចុះផងដែរ។ អ្នកជំនាញរូបនេះ គូសបញ្ជាក់ទៀតថា ការធ្លាក់ចុះនៃតម្លៃមាសនេះ ហុចទាំងផលវិជ្ជមាន និងអវិជ្ជមាន។ 

អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ក្រោយផ្ទុះការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ការទិញមាសទុកនៅកម្ពុជាមិនសូវមាននោះទេ។ ប៉ុន្តែប្រទេសធំៗជាច្រើននៅលើពិភពលោកបាននាំគ្នាសម្រុកទិញមាសទុក ដើម្បីទុកធ្វើជាទុនបម្រុងក្នុងការស្តារសេដ្ឋកិច្ចរបស់ពួកគេ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តោះ​ ដើរផ្សារ ! សប្បាយ​នឹង​ការបញ្ចុះ​តម្លៃ​ជាមួយ​ អេស៊ីលីដាម៉ូបាល

ព័ត៌មាន
ប្រម៉ូសិន​ពាក់​កណ្តាល​ឆ្នាំ​បាន​មក​ដល់​ទៀតហើយ...! ទទួល​បាន​ប្រាក់​វិញ ៣០% (រហូតដល់ ១០​ដុល្លារ) រាល់​ការទូទាត់​តាម​ អេស៊ីលីដាម៉ូបា…

តម្លៃភាគហ៊ុនអេស៊ីលីដា បន្តធ្លាក់ចុះ១០% ពីរថ្ងៃជាប់គ្នា តែអ្នកជំនាញថា វាជាឱកាសសម្រាប់អ្នកវិនិយោគរយៈពេលវែង

ព័ត៌មាន
តម្លៃភាគហ៊ុនរបស់ធនាគារអេស៊ីលីដា បានបន្តធ្លាក់ចុះខ្លាំងនៅរយៈពេល២ថ្ងៃជាប់គ្នានេះ ដល់ថ្លៃដែនកំណត់ទាបបំផុតប្រចាំថ្ងៃ ដោយកាលពីថ្ងៃទី១៦មិថុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ