កូវីដ-១៩ ក្នុងប្រទេសថៃ

ប្រជាពលរដ្ឋថៃ បន្ដនាំគ្នាសម្រុកលក់មាសកាន់តែច្រើន ចំពេល​កូវីដ-១៩ បន្តរាលដាល


ការលក់មាសនៅក្នុងប្រទេសថៃ កំពុងហក់ឡើង ដោយសារតែពលរដ្ឋកំពុងរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ នៅចំពេលដែលមានវិបត្តិកូវីដ-១៩ ហើយបញ្ហានេះ បង្កឲ្យមានហានិភ័យដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ទល់នឹងបញ្ហាដែលកើតឡើងនៅក្នុងការនាំចេញទាក់ទងនឹងរូបិបណ្ណរបស់ជាតិ។ នេះបើតាមការរាយការណ៍មួយ ដោយBloomberg។
ប្រជាពលរដ្ឋថៃ បន្ដនាំគ្នាសម្រុកលក់មាសកាន់តែច្រើន ចំពេល​កូវីដ-១៩ បន្តរាលដាល (រូបភាព៖ Bangkok Post)
ដោយ

ការនាំចេញ​នៃ​លោហៈធាតុ​មានតម្លៃ របស់​ប្រទេសថៃ បានកើនឡើង​ខ្លាំង​នៅក្នុង​ឆ្នាំ២០២០ ដោយ​តម្លៃ​បាន​កើនឡើង ហើយ​ប្រជាជន​ថៃ បាន​បញ្ចេញលក់​គ្រឿងអលង្ការ ដើម្បី​បង្កើន​សាច់ប្រាក់​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ។ អ្នកជួញដូរមាសដុំ រំពឹងថា និន្នាការ​នាំយក​មាស ក៏ដូចជា​គ្រឿង​អលង្ការ​ទៅ​លក់នេះ អាចនឹង​បន្ដ​ដល់​ឆ្នាំ២០២១ ដោយសារតែ​បញ្ហា​មេរោគ​កូវីដ-១៩ បាន​ទាញទម្លាក់​វិស័យទេសចរណ៍ និង​ការផលិត ដែលជា​មូលដ្ឋាន​គ្រឹះ​ដ៏សំខាន់​នៃសេដ្ឋកិច្ច​របស់ថៃ។

លោក Pawan Nawawatanasub នាយក​ប្រតិបត្តិ​ក្រុមហ៊ុន YLG Bullion International ដែលជា​ក្រុមហ៊ុន​​ជួញដូរមាស​កំពូលមួយ​នៅក្នុងប្រទេស​ថៃ បាននិយាយថា «មាស​ងាយស្រួល​ក្នុងការលក់ជាង ដី ឬខុនដូ»។ លោកបន្ថែមថា «ប្រជាជនថៃ នៅតែមាន​ស្ដុកមាស​ច្រើន ព្រោះ​ប្រទេសនេះ ជាប្រទេស​មានការ​នាំចូល​សុទ្ធ​ច្រើនជាង​​ការនាំចេញ​នាពេល​កន្លងមក»។

អ្នកស្រី Suvirat Namvicha អាយុ២២ ឆ្នាំ ដែលជាបុគ្គលិក​ការិយាល័យ​បម្រើការ​នៅទីក្រុង​បាងកក បានលក់​ខ្សែក​មាស​របស់នាង កាលពីខែ​មុននេះ ដើម្បី​ចំណាយ​លើ​ថ្លៃសេវា​សុខាភិបាល និង​ការចំណាយ​ទាក់ទង​​នឹង​ការពពោះ​របស់នាង ក្រោយពី​នាយក​គ្រប់គ្រង​របស់នាង​បាន​កាត់​ប្រាក់​ឧបត្ថម្ភ​បន្ថែមម៉ោង។

អ្នកស្រី Suvirat និយាយថា «ខ្ញុំ​ត្រូវការ​លុយ ដើម្បី​ការចំណាយ​របស់ខ្ញុំ ហើយ​ការលក់មាស គឺជាជម្រើស​ប្រសើរ​បំផុត។ ខ្ញុំអាចនឹង​ត្រូវការ​លក់​ខ្សែក​ចុងក្រោយ​របស់ខ្ញុំ​ បន្ទាប់ពី​​កូនរបស់​ខ្ញុំកើតមក។ មើលទៅ ខ្ញុំ​ឃើញតែ​ការចំណាយ​កើនឡើង​ប៉ុណ្ណោះ ដោយ​ចំណូល​គឺមានកម្រិត»។

សាច់ប្រាក់រហ័ស​ដែលបានមកពី​ហាងមាស​ជាង​១.៨០០ហាង នៅទូទាំងប្រទេស​ថៃ គឺជាមធ្យោបាយ​ទូទៅ​បំផុត​មួយ ដែល​ប្រជាជន​ថៃ បាន​ធ្វើឡើង ដើម្បី​ដោះស្រាយ​បញ្ហាដែល​កើតឡើង​ដោយសារតែ​សេដ្ឋកិច្ច​ធ្លាក់ចុះ។ បន្ថែមពីនេះ ក្នុងកាលៈទេសៈ​ដ៏លំបាកនេះ ប្រជាជនថៃ ក៏នឹងស្វែងរក​ប្រាក់​កម្ចី​រយៈពេលខ្លី, លើកពេល​សងបំណុល និងការស្វែករងការងារ​បន្ថែម។

ជាលទ្ធផល​ ការនាំចេញមាស បានកើនឡើងដល់ជាង ២៣៧តោន នៅអំឡុងខែ​មករា ដល់ខែ​តុលា ឆ្នាំ២០២០ ធៀបនឹង​កាលពីឆ្នាំ២០១៩ មាន​ ១៧០ តោន។ នេះបើតាម​ទិន្នន័យផ្លូវការ​ដែលបាន​ផ្សាយ​ដោយ​Bloomberg។

ការនាំចេញមាស​ទាំងនោះ កំពុងធ្វើឲ្យ​អតិរេក​គណនីចរន្ដ​ របស់ថៃ កើនឡើង ដែលជួយ​ជំរុញ​ដល់​ការឡើងថ្លៃ​ប្រាក់បាត ដែលគំរាមកំហែង​ដល់​ការស្ទុះឡើង​នៃសេដ្ឋកិច្ច​ថៃ។ ប្រាក់បាត បានកើនឡើង​ថ្លៃជាង ៩% ចាប់ពី​ពេល​ដែលវា​មានការធ្លាក់ចុះ​មកនៅទាប​តាំងពីខែ​មេសាមក។ ការឡើងថ្លៃ​ប្រាក់បាត ដោយសារតែ​ការទន់ខ្សោយ​នៃប្រាក់​ដុល្លារ​ផងដែរ ខណៈដែលមាន​ការ​កើនឡើង​ ២៥% នៅឆ្នាំនេះ បន្ទាប់ពីមាន​បាន​បំបែក​កំណត់ត្រា​កាលពីខែ​សីហា។

ប្រទេស​ថៃ ដែលជា​ប្រទេស​មានសេដ្ឋកិច្ច​ធំបំផុត​លំដាប់​ទី២ នៅតំបន់​អាស៊ី​អាគ្នេយ៍​នោះ រំពឹង​នឹង​មានកំណើន​សេដ្ឋកិច្ច​ត្រឡប់​មកវិញ ៣,២%​ នៅឆ្នាំ២០២១ បន្ទាប់ពី​ធ្លាក់ចុះ ៦,៦% នៅឆ្នាំ២០២០។ នេះបើតាម​ការព្យាករ​ពី​ធនាគារកណ្ដាលថៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីបំផុត កម្ពុជា​ចាប់ផ្ដើម​បូម​តំណក់ប្រេង​លើក​ដំបូង​របស់ខ្លួនហើយ

ព័ត៌មាន
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បានប្រកាស​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​ នៅថ្ងៃនេះ ថា តំណក់ប្រេងលើកដំបូងរបស់កម្ពុជា នឹង​ចា…

ហេតុផលអ្វីខ្លះ គួរទិញអចលនទ្រព្យអំឡុងពេលវិបត្តិកូវីដ១៩ និង សេដ្ឋកិច្ចស្ងប់ស្ងាត់?

ព័ត៌មាន
បើទោះបីជាបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចហាក់មានសភាពអាប់អួរ ជាពិសេសដោយសារតែជំងឺកូវីដ-១៩ក្ដី ប៉ុន្តែ នេះក៏ជា ឱកាសសម្រាប់អស់លោកអ្នក ដែលមានធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ