ព្រំដែនកម្ពុជា-វៀតណាម

ទំនិញចាប់ផ្ដើមកកស្ទះនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្រោយមានការប្រកាសបិទការធ្វើដំណើរបណ្ដោះអាសន្ន


ក្រោយពីវៀតណាមបានបិទព្រំដែនជាមួយកម្ពុជានៅត្រឹម ម៉ោង សូន្យថ្ងៃទី ១៨ ខែមីនាដោយមិនបានជូនដំណឹងជាមុននោះ កាលពីម្សិលមិញនេះ ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្ដីប្រកាសអំពីការបិទការធ្វើដំណើរលែងឲ្យពលរដ្ឋវៀតណាមចូលមកក្នុងទឹកដីកម្ពុជាវិញដែរ ដែលនឹងចាប់ផ្ដើមអនុវត្តនៅម៉ោង ២៣៖៥៩នាទីយប់ថ្ងៃទី ២០ ខែមីនា។ បើតាមអាជ្ញាធរខេត្តស្វាយរៀង ការបិទនេះ កំពុងធ្វើឲ្យការចរាចររបស់អ្នកដំណើរមានការស្ងប់ស្ងាត់ ខណៈដែលទំនិញចេញចូលមួយចំនួន ក៏កំពុងជាប់កកស្ទះនៅតាមព្រំដែនកម្ពុជា-វៀតណាមផងដែរ។
ទំនិញចាប់ផ្ដើមកកស្ទះនៅតាមព្រំដែនកម្ពុជា-វៀតណាម ក្រោយមានការប្រកាសបិទការធ្វើដំណើរបណ្ដោះអាសន្ន (រូបភាព៖ ពីហ្វេសប៊ុក)

លោក រស់ ផា​រិ​ទ្ធ អភិបាលរង ខេត្តស្វាយរៀង បាន​គូសបញ្ជាក់​ដែរ​ថា គិត​មក​ទល់​ពេល​នេះ ចរាចរណ៍​ធ្វើ​ដំណើរ និង​ទំនិញ​ចេញចូល​តាម​ច្រកព្រំដែន​រវាង​កម្ពុជា និង​វៀតណាម គឺ​ហាក់​មាន​សភាព​ស្ងប់ស្ងាត់ ខណៈ​ដែល​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញចូល​មួយ​ចំនួន ក៏​មានការ​រាំងស្ទះ​តាម​ច្រកព្រំដែន​ផង​ដែរ​។

លោក រស់ ផា​រិ​ទ្ធ​បន្ត​ថា បើ​ទោះបីជា ការ​ប្រកាស​បិទ​ច្រកព្រំដែន​នេះ ផ្ដោត​តែ​លើ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ និង​មិន​បាន​ផ្ដោត​លើ​ការ​ចរាចរណ៍​ទំនិញ​ចេញចូល​ក៏​ដោយ ប៉ុន្ដែ ទំនិញ​មិន​អាច​ហោះ​មក ដោយ​ឯកឯង​បាន​នោះ​ទេ វា​ត្រូវ​មាន​មនុស្ស​ដឹក​ជញ្ជូន​ចេញចូល ដូច្នេះ​ហើយ ខាង​ភាគី​អាជ្ញាធរ​រវាង​កម្ពុជា និង​វៀតណាម កំពុង​ពិភាក្សា ស្វែងរក​នីតិវិធី​រួម​គ្នា​មួយ ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ព្រំដែន​ឡើង​វិញ សំដៅ​ដល់​ការ​បញ្ចៀស​ការ​កកស្ទះ​ដែល​កំពុង​កើត​មាន ហើយ​គេ​សង្ឃឹមថា នឹង​មានការ​ព្រមព្រៀង​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ 

លិខិត​ប្រកាស​របស់​ក្រសួងការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​បិទ​ជា​បណ្ដោះអាសន្ន​លែង​ឲ្យ​ពលរដ្ឋ​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា តាម​គ្រប់​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស ចាប់ពី​ម៉ោង ២៣៖៥៩​នាទី​យប់ ថ្ងៃ​ទី​២០ ខែមីនា តទៅ ក្នុង​គោលបំណង​បញ្ចៀស​នូវ​ការ​លំបាក​ចំពោះ​ពលរដ្ឋ​វៀតណាម ក៏​ដូច​ជា​ពលរដ្ឋ​កម្ពុជា ដែល​តម្រូវ​ឲ្យ​បង្ខាំង​ខ្លួន​នៅ​ដាច់​ពី​គេ ក្រោយ​ពី​ធ្វើ​ដំណើរ​ពី​កម្ពុជា​ចូល​ទៅ​វៀតណាម​។

យោង​តាម​លិខិត របស់​ក្រសួងការបរទេស​កម្ពុជា​ដដែល​នេះ បាន​បញ្ជាក់​ថា «​ការ​បិទ​ការ​ធ្វើ​ដំណើរ​បណ្ដោះអាសន្ន​តាម​ច្រកព្រំដែន​ទាំង​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវអាកាស​នេះ គឺ​ស្ថិត​ក្នុង​ស្មារតី​មិត្តភាព និង​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក ទាក់ទង​នឹង​ការ​ការពារ​ការ​រីក​រាលដាល​នៃ​វីរុស Covid-19​។​» ជាមួយ​គ្នា​នេះ នៅ​ក្នុង​លិខិត​របស់​ក្រសួងការបរទេស​ដដែល​នេះ បាន​គូសបញ្ជាក់​ដែរ​ថា ភាគី​កម្ពុជា​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការងារ​រួម​គ្នា ដើម្បី​សម្របសម្រួល និង​ធានា​ថា ការ​ដឹក​ជញ្ជូន​ទំនិញ ឆ្លងកាត់​ព្រំដែន​រួម អាច​អនុវត្ត​ដោយ​គ្មាន​ការ​រាំងស្ទះ​។ 

អ្នកជំនាញ សេដ្ឋកិច្ច​អះអាង​ថា ក្រោយ​ពី​មានការ​ប្រកាស​បិទ​ការ​ធ្វើ​ដំណើរ​ចេញចូល​រវាង​ពលរដ្ឋ​ប្រទេស​ទាំង​ពីរ​ភ្លាម គេ​សង្កេត​ឃើញ​តម្លៃ​ផលិតផល​កសិកម្ម​របស់​កម្ពុ​ជាមួយ​ចំនួន​ដែល​ត្រូវ​នាំ​ចូល​ទៅ​វៀតណាម គឺ​ចាប់ផ្ដើម​ធ្លាក់​ថ្លៃ​គួរ​ឲ្យ​កត់សម្គាល់​។

លោក ច័ន្ទ សុផល ជា​អ្នក​សេដ្ឋកិច្ច​ឯករាជ្យ និង​ជា​នាយក​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បាន​ឲ្យ​ដឹង​ថា គ្រាន់តែ​លេច​ឭ​ព័ត៌មាន​ទាក់ទង​នឹង​ការ​បិទ​ការ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ការ​បិទ​ព្រំដែន រវាង​កម្ពុជា និង​វៀតណាម លោក​សង្កេត​ឃើញ​ថា តម្លៃ​ផលិតផល​កសិកម្ម​មួយ​ចំនួន​ដែល​ត្រូវ​នាំ​ពី​កម្ពុជា​ចូល​ទៅ​វៀតណាម បាន​បង្ហាញ​ពី​សញ្ញា​ធ្លាក់​ថ្លៃ ដូច​ជា ម្រេច កៅស៊ូ និង​ដំឡូង​មី​ជាដើម​។

លោក ច័ន្ទ សុផល បាន​គូសបញ្ជាក់​ទៀត​ថា បើសិនជា​ការ​បិទ​ច្រកព្រំដែន​នេះ បិទ​ទាំង​ការ​ធ្វើ​ធុរកិច្ច នាំ​ចេញ​នាំ​ចូល​ទំនិញ​ទៀត​នោះ វា​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​គួរ​ឲ្យ​កត់សម្គាល់ ដូច​ជា​ផលិតផល​កសិកម្ម​កម្ពុជា ដែល​ត្រូវ​នាំ​ចូល​ទៅ​វៀតណាម នឹង​ត្រូវ​កកស្ទះ​ក្នុង​ទីផ្សារ​ក្នុងស្រុក ធ្វើ​ឲ្យ​តម្លៃនឹង​មានការ​ធ្លាក់​ចុះ​។ ដូច្នេះ វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កសិករ​កម្ពុជា​រាប់​សែន​គ្រួសារ ដោយសារ​តែ​ចំណូល​របស់​ពួក​គាត់​ធ្លាក់​ចុះ​។ 

ដោយឡែក ចំពោះ ទំនិញ​ដែល​នាំ​ចូល​ពី​វៀតណាម​មក​វិញ ក៏​អាច​នឹង​ជួប​បញ្ហា​ដែរ បើសិនជា​វៀតណាម​បិទ​ច្រកព្រំដែន មិន​ឲ្យ​ទំនិញ​ចេញចូល​មែន​នោះ ពោល​គឺ ក្នុង​រយៈពេល​ខ្លី​នេះ វា​អាច​នឹង​ធ្វើ​ឲ្យ​ទំនិញ​ភាគច្រើន​ជា​គ្រឿង​ឧបភោគ បរិ​ភាគ​ទ នឹង​ឡើងថ្លៃ​ជាង​មុន ដែល​វា​នឹង​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ទូទៅ​នៅ​កម្ពុជា​។

អ្នកជំនាញ​សេដ្ឋកិច្ច​រូប​នេះ បាន​អះអាង​ទៀត​ថា បើសិនជា​មានការ​បិទ​ច្រកព្រំដែន ក្នុង​រយៈពេល​ខ្លី គឺ​មិន​ទាន់​មាន​ចោទ​ជា​បញ្ហា​ធំ សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​ទេ ប៉ុន្ដែ បើ​ការ​បិទ​នេះ មាន​រយៈពេល​ជា​ច្រើន​ខែ នោះ​វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ ឬ​អាច​ឈាន​ដល់​មាន​វិបត្តិ​សេដ្ឋកិច្ច​ផង​ដែរ​។

បើ​តាម​លោក ច័ន្ទ សុផល ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​គួរតែ​ព្យាយាម​ពង្រឹង​ការ​ផលិត​ក្នុងស្រុក ពិសេស​បន្លែ ត្រី​សាច់ អី​ជាដើម ដើម្បី​ជំនួស​ឲ្យ​ការ​នាំ​ចូល ហើយ​កសិករ​អាច​ធ្វើ​បែប​នេះ​ទៅ​បាន គឺ​ចាំបាច់​ត្រូវ​មានការ​ជួយ​ឧបត្ថម្ភ​ធន​ពី​គម្រោង​ផ្សេង​ៗ និង​រាជរដ្ឋាភិបាល នោះ​កសិករ​អាច​នឹង​បង្វែរ​មក​ខិតខំ​ប្រឹងប្រែង​ផលិត​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពលរដ្ឋជិត១លាននាក់បានភ្ជាប់ទៅកាន់លេខ១១៥ ក្រោយរកឃើញកូវីដ១៩នៅកម្ពុជា

ព័ត៌មាន
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានស្នើដល់សាធារណៈជន ឲ្យមានការយោគយល់និងអត់ធ្មត់ ការហៅចូលលេខ ១១៥ ដោយសារមានការហៅចូលដ៏ច្រើន…

ក្រសួងការងារ៖ រោងចក្រជាកន្លែងសុវត្ថិភាពបំផុត ក្នុងការជៀស ផុតពីការឆ្លងមេរោគ Covid-19

ព័ត៌មាន
បញ្ហា Covid-19 កំពុងមានការកើនឡើងនូវករណីឆ្លងនៅកម្ពុជា សរុបមានរហូតដល់ទៅ ៣៧ ករណីហើយ គិតមកទល់រសៀលថ្ងៃទី ១៩ ខែមីនា។ បញ្ហានេះ បានជំរុញឲ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ