ច្បាប់-រថយន្តធុនធ្ងន់

ទំនិញប្រមាណ​៥០%​បានកកស្ទះ​បន្ទាប់ពីអនុវត្តច្បាប់លើរថយន្តដឹកទំនិញធុនធ្ងន់


ក្រោយពីប្រមុខរាជរដ្ឋាភិបាល បានប្រតិកម្មធ្ងន់ៗចំពោះការអនុវត្តច្បាប់ស្តីពីការដឹកជញ្ជូនទំនិញតាមរថយន្តធន់ធ្ងន់ ដែលកន្លងមកមានការភាន់ច្រឡំមួយចំនួន ទាក់ទងនឹងការកាត់ទ្រុងរថយន្តដឹកទំនិញធន់ធ្ងន់ទាំងនោះ ខណៈច្បាប់របស់កម្ពុជាកំណត់ថា រថយន្តប្រភេទនេះ មានប្រវែងត្រឹមតែ១៦ ម៉ែត្រប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ សម្ដេចថា ការកំណត់កាត់ទ្រុងនេះ គឺកាត់តែទ្រុងឡានដែលតខុសបច្ចេកប៉ុណ្ណោះ ប៉ុន្ដែមិនសម្ដៅលើកាត់កុងតឺន័រនោះឡើយ។
ទំនិញប្រមាណ​៥០%​បានកកស្ទះ​បន្ទាប់ពីអនុវត្តច្បាប់លើរថយន្តដឹកទំនិញធុនធ្ងន់។
ដោយ

យ៉ាងណាក៏ដោយ ការអនុវត្តច្បាប់នេះ ក៏បានធ្វើឲ្យអ្នករកស៊ីនៅក្នុងវិស័យនេះហាក់បង្ហាញពីការបារម្ភ ដោយមានក្រុមហ៊ុនខ្លះហាក់ស្ទាក់ស្ទើរក្នុងការដឹកទំនិញចេញ ដោយបារម្ភខ្លាចរថយន្ដខុសបច្ចេកទេសកំណត់។ ប្រការនេះ ក៏បានធ្វើឲ្យមានការកកស្ទះទំនិញជាច្រើនផងដែរ នេះបើតាមការលើកឡើងពីអ្នកជំនាញក្នុងវិស័យដឹកជញ្ជូន។ 

ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា លោក ស៊ិន ចន្ធី បានលើកឡើងថា ការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាលនាពេលនេះ ហាក់ធ្វើឲ្យអ្នករកស៊ីនៅក្នុងវិស័យដឹកជញ្ជូនបង្ហាញពីក្តីបារម្ភ និងស្ទាក់ស្ទើរក្នុងដំណើរការដឹកជញ្ជូនទំនិញចេញចូលផងដែរ។ លោកបន្តថា បើតាមរបាយការណ៍​ពីសមាគមរោងចក្រកាត់ដេរកម្ពុជា មានទំនិញរហូតដល់ប្រមាណ៥០%ឯនោះ ត្រូវបានកកស្ទះ ព្រោះតែភ័យខ្លាចការផាកពិន័យ ព្រោះរឿងចុះអនុវត្តកាត់ទ្រុងយានយន្ដខុសបច្ចេកទេសនេះ។

លោក ស៊ិន ចន្ធី ប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា។

ទោះយ៉ាងណា ការអនុវត្តច្បាប់នេះប្រធានសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជាជឿជាក់ថា នឹងអាចដោះស្រាយបានក្នុងរយៈពេលដ៏ខ្លី និងមិនបណ្តោយឲ្យវិស័យរងផលប៉ះពាល់យូរឡើយ។

តាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា គិតត្រឹមឆ្នាំ២០១៧មុននេះ ការនាំចេញសម្លៀកបំពាក់មានវិសាលភាពប្រមាណ៦៤% នៃការនាំចេញសរុប ពោលគឺមានទំហំជាទឹកប្រមាណប្រមានជិត៦ពាន់លានដុល្លារអាមេរិក ឬស្មើនឹងកំណើន៨% ធៀបនឹងឆ្នាំមុន។ ដោយឡែក ការនាំចេញស្បែកជើងវិញ មានប្រមាណ ៧រយលានដុល្លារ ឬស្មើនឹង ៨%នៃការនាំចេញសរុប។ ទីផ្សារនាំចេញសំខាន់ៗរបស់ផលិតផលសម្លៀកបំពាក់ និងស្បែកជើងនេះ មានដូចជាអឺរ៉ុប អាមេរិក និងជប៉ុនជាដើម។

នេះជារថយន្តដឹកលើសទម្ងន់ (រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបង្ហាញការព្រួយបារម្ភ ខណៈទំនិញរបស់ពួកគេ ត្រូវបានហាមឃាត់។ 

សេចក្តីថ្លែងការណ៍សរសេរយ៉ាងដូច្នេះថា៖ «ជាអកុសល ស្ថានភាពបច្ចុប្បន្ន បានបណ្តាលឲ្យសមាជិករបស់យើងក្លាយជាជនរងគ្រោះ និងត្រូវទទួលរងផលវិបាកនៃការឃាត់ទំនិញ ហើយក៏មិនអាចទទួលយកវត្ថុធាតុដើម ឬនាំចេញផលិតផលសម្រេចរបស់យើងផងដែរ»។

ជុំវិញផលវិបាកនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានស្នើសុំដល់រដ្ឋាភិបាល មេត្តាអនុញ្ញាតឲ្យមានការដឹកជញ្ជូនកុងតឺន័រជាបណ្ដោះអាសន្នដើម្បីធានានូវប្រតិបត្តិការជាបន្តក្នុងវិស័យរបស់ខ្លួន។

បញ្ហានេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជួន លោក វ៉ាសឹម សូរិយា ធ្លាប់ថ្លែងថា ការឃាត់ទុករថយន្តទាំងអម្បាលមាណ គឺធ្វើឡើងតែចំពោះរថយន្តណា ដែលមានការកែច្នៃខុសបច្ចេកទេសប៉ុណ្ណោះ។ ចំណែករថយន្តកុងតឺន័រ គឺប៉ះពាល់តែ៥ភាគរយប៉ុណ្ណោះមិនមែន​ប៉ះពាល់​រហូតដល់៥០ភាគដូចការលើកឡើងរបស់GMACនោះទេ។ បើតាមអ្នកនាំពាក្យខាងលើ អ្វីដែលមន្រ្តីជំនាញធ្វើគឺអនុវត្តទៅតាមច្បាប់និងបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។ យ៉ាងណាក៏ដោយ ក្រសួងនឹងធ្វើការពន្យល់ទៅ GMACនៅពេលឆាប់ៗនេះ។  

សូមបញ្ជាក់ថា កន្លងទៅថ្មីៗនេះ សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញវិធានការណ៍ក្តៅហាមឃាត់រថយន្តកែច្នៃខុសបច្ចេកទេស រថយន្តតទ្រុង រថយន្តដឹកលើសទម្ងន់ រហូតព្រមាន ដកអភិបាលខេត្ត អភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធ   ប្រសិនបើមិនអនុវត្តន៍បទបញ្ជានេះ ព្រមទាំងព្រមានបិទក្រុមហ៊ុនណាដែលល្មើសបទបញ្ជានេះទៀតផង។ 

គួរជម្រាបជូនថា ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន ៩២៣.៦៥៧ គ្រឿង ក្នុងនោះមាន៖ រថយន្តចំនួន ២.៩៥៣គ្រឿង ដឹកលើសចាប់ពី ៤តោន រហូតដល់ ៤៣តោន និង បានផាកពិន័យជាទឹកប្រាក់ចំនួន ៥.៧៧៨.៨២០.០០០រៀល និង បានកាត់ទ្រុងចេញ ១.២១៥គ្រឿង បានអប់រំណែនាំ ៥៤៥គ្រឿង និងដោះទ្រុងតខាងក្រោយ ៤៧៣គ្រឿង។ នេះបើតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូននៅឆ្នាំ២០១៧៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គការ Skateistan បើកបង្រៀនកីឡាជិះស្គីដល់កុមារកម្ពុជាដោយមិនគិតថ្លៃ

ព័ត៌មាន
អង្គការ Skateistan ដែលបង្កើតឡើងដោយលោក Oliver ជនជាតិអូស្ត្រាលី បានបង្កើតសាលា​កីឡាជិះស្គី(Skate)ដ៏ធំមួយនៅក្នុង Factory Phnom Penh ដើម្…

អ្នក​ជំនាញ​ពន្យល់​ពី​មូលហេតុ​ដែល​សេវា​ដឹក​ជញ្ជូន​នៅ​កម្ពុជា​មាន​តម្លៃ​ថ្លៃ

ព័ត៌មាន
ក្រៅពី​តម្លៃ​អគ្គិសនី​មាន​តម្លៃ​ថ្លៃ​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង តម្លៃ​សេវា​ដឹក​ជញ្ជូន​នៅ​កម្ពុជា​ក៏​ត្រូវ​បាន​អ្នក​ជំនាញ​សេដ្ឋកិច្ច​ជា​ច្រើន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ