វិស័យកសិកម្ម

មៀនប៉ៃលិនជាង២ពាន់តោនហើយ ត្រូវបានរាជរដ្ឋាភិបាលប្រមូលទិញផ្ទាល់ពីកសិករ


គិតចាប់តាំងពីប្រកាសប្រមូលទិញផ្លែមៀនប៉ៃលិនពីកសិករមក មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលទិញផ្លែមៀនប៉ៃលិន ឬតាង៉ែន ចំនួនប្រមាណ ២.២០០តោនហើយ ពីក្រុមកសិករនៅតាមបណ្ដាខេត្តមួយចំនួនជាប់ព្រំដែន ដែលជួបបញ្ហាទីផ្សារ ព្រោះមិនអាចនាំចេញផ្លែមៀនប៉ៃលិន ទៅប្រទេសថៃបាន។ បច្ចុប្បន្នសហគមន៍មៀនប៉ៃលិនក៏បានខិតខំសាងសង់រោងចក្រកែច្នៃមៀនធំមួយផងដែរ នៅពេលដែលបើកដំណើរការ រោងចក្រនេះ វាមានសមត្ថភាពអាចកែច្នៃមៀនបានដល់ប្រមាណ ៥៤០តោនក្នុងមួយថ្ងៃ ដែលវានឹងជំរុញទីផ្សារមៀនប៉ៃលិន បានកាន់តែប្រសើរឡើង។
ក្រុមការងារ​លោកនាយក​រដ្ឋមន្ត្រី និង​អាជ្ញាធរ ​ចុះ​​ប្រមូល​ទិញ​ផ្លែ​មៀន ពី​កសិករ​នៅក្នុង​ខេត្ត​បាត់ដំបង។ រូបថត៖ ឯកឧត្តម ហ៊ីង ប៊ុនហៀង

យុទ្ធនាការ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ផ្ទាល់​ពី​កសិករ​នា​ពេល​នេះ ជា​ដំណោះស្រាយ​បន្ទាន់ និង​មាន​ប្រសិទ្ធិ​ភាព​បំផុត ដែល​ធ្វើ​ឱ្យ​ក្រុម​កសិករ អាច​បញ្ចេញ​ផ្លែ​មៀន​របស់​ខ្លួន​បាន​ទាន់​ពេលវេលា​។ បើ​តាម​លោក សេង ឌី​លី​ន ក្រុមការងារ​ទទួល​បន្ទុក​ការងារ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន របស់​រដ្ឋាភិបាល បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស នៅ​ថ្ងៃ ទី​២៦ ខែសីហា​ថា រហូត​មក​ដល់​ពេល​នេះ ក្រុមការងារ​បាន​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន ដោយ​ផ្ទាល់​ពី​កសិករ បាន​ចំនួន ២.២០០​តោន ហើយ​។

លោក សេង ឌី​លី​ន បាន​បន្ថែម​ថា កន្លង​មក ក្រុមការងារ​បាន​ចុះ​ប្រមូល​ទិញ​ផ្លែ​មៀន​ផ្ទាល់​ពី​កសិករ​ដែល​ស្ថិត​ក្នុង​ខេត្តបាត់ដំបង និង​កំពុង​បន្ត​ចុះ​ទិញ​ផ្លែ​មៀន​ដល់​ចម្ការ​ផ្ទាល់​របស់​កសិករ នៅ​ខេត្ត​ប៉ៃលិន​ម្ដង​។ លោក​បញ្ជាក់​ថា តាម​រយៈ​យុទ្ធនាការ​នេះ នឹង​ជួយ​សម្រួល​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន ដល់​កសិករ ដែល​ប្រកប​របរ​ដាំ​ដុះ​មៀន​ប៉ៃលិន​បាន​មួយ​កម្រិត​។

ក្រុម​អ្នក​ដាំ​ដុះ​ដំណាំ​មៀន​ប៉ៃលិន យល់​ថា យុទ្ធនា​ប្រមូល​ទិញ​ផ្លែ​មៀន​របស់​រាជរដ្ឋាភិបាល ពិតជា​បាន​ចូលរួម​យ៉ាង​សំខាន់ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទីផ្សារ​ដល់​កសិករ​។ លោក សួ​ស ស៊ី​យ៉ា​ត រំពឹង​ថា បច្ចុប្បន្ន រដ្ឋាភិបាល បាន​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ពី​កសិករ ក្នុង​សមាគម​លោក​បាន​ប្រមាណ ៣០​តោន​ហើយ និង​កំពុង​ប្រមូល​ទិញ​ជា​បន្តបន្ទាប់​ទៀត​។ ប្រធាន​សមាគម​រូប​នេះ បាន​ចាត់​ទុក​យុទ្ធនាការ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ នឹង​ជួយ​ឱ្យ​កសិករ​អាច​ប្រមូល​ផល​ផ្លែ​មៀនបាន​ទាន់​ពេលវេលា​។

យ៉ាងណា​ក៏​ដោយ ប្រធាន​សហ​គម​មៀន​ប៉ៃលិន​រូប​នេះ សង្ឃឹមថា កម្ពុជា នឹង​អាច នាំ​ចេញ​កសិផល​កែ​ច្នៃ​បន្ថែម ក្រៅពី​ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់ ដែល​បាន​នាំ​ចេញ​តាម​ច្រក​ប្រទេស​ថៃ​កន្លង​មក ដើម្បី​បង្កើន​ឱកាស​ទីផ្សារ​កសិផល​ខ្មែរ និង​បង្កើន​ការ​នាំ​ចេញ​។

បើ​តាម​លោក សួ​ស ស៊ី​យ៉ា​ត សព្វថ្ងៃ សមាគម​មៀន​ប៉ៃលិន មាន​រោងចក្រ​កែ​ច្នៃ​ផ្លែ​មៀន​ក៏​ពិតមែន តែ​រោងចក្រ​នោះ​មិន​ទាន់​អាច​ដំណើរ​នៅឡើយ​ទេ​។ លោក​រំពឹង​ថា ក្រោយ​រោងចក្រ​កែ​ច្នៃ​នេះ​អាច​ដំណើរការ ស្ថានភាព​ទីផ្សារ​ផ្លែ​មៀន​ប៉ៃលិន នឹង​ប្រសើរ​ឡើង ព្រោះ​រោងចក្រ​កែ​ច្នៃ​ផ្លែ​មៀន​ប៉ៃលិន នេះ មាន​សមត្ថភាព​កែ រហូត ៥៤០​តោន ក្នុង​មួយ​ថ្ងៃ​។

យោង​តាម​របាយការណ៍ ដែល​បង្ហាញ​ដោយ​ឯកឧត្តម វេ​ង សា​ខុន រដ្ឋមន្ត្រី​កសិកម្ម កាលពី​ពេល​ថ្មី​ៗ បច្ចុប្បន្ន កម្ពុជា មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​មៀន​ប៉ៃលិន សរុប​ជាង​១​ម៉ឺន​៣​ពាន់​ហិ​កតា ដែល​អាច​ប្រមូល​ផល​បាន​ជិត ៧​ពាន់​ហិ​កតា​។ ដោយឡែក បរិមាណ​នៃ​ការ​ប្រមូល​ផល​សរុប ក្នុងឆ្នាំនេះ មាន​ប្រមាណ ១១​ម៉ឺន​តោន​។

តាម​ការ​ប៉ាន់ស្មាន​របស់​ក្រសួងកសិកម្ម ជា​មធ្យម ផ្លែ​មៀន​ប៉ៃលិន ឆ្នាំ​នេះ មាន​តម្លៃ ១,៨០០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ដូច្នេះ បើសិន​រដ្ឋាភិបាល​ប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​ទាំង​អស់ពី​កសិករ រដ្ឋ​ត្រូវ​ប្រើប្រាស់​ថវិកា ជិត ៥០​លាន​ដុល្លារ ក្នុង​ការ​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ដាក់​ឲ្យ​ដំណើរការ​«សេវាកម្មធនាគារ​ស្វ័យ​ប្រវត្តិ» ១៣ទីតាំង​បន្ថែមទៀត

ព័ត៌មាន
បន្ទាប់ពីដាក់ឲ្យដំណើរការ សេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self-Service) នៅស្រុកវាលវែងកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងមក ឥឡូវនេ…

ក្រសួងពាណិជ្ជកម្មសិក្សាឃើញផលិតផលកសិកម្ម៩មុខ ដែលមានតម្លៃខ្ពស់ និងមានសក្ដានុពលសម្រាប់នាំចេញ

ព័ត៌មាន
ក្រោយការសិក្សាស្រាវជ្រាវស្ដីពី«ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា» បានបញ្ចប់ ក្រសួងពាណិជ្ជកម្ម បានបង្ហាញផលិតផលកសិកម្មចំនួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ