វិបត្តិខ្វះប្រេងឥន្ធនៈឡាវ

រដ្ឋាភិបាលឡាវ កំពុងញាប់ដៃញាប់ជើង ស្វែងរកច្រកចេញពីវិបត្តិខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ


រដ្ឋាភិបាលឡាវ កំពុងតែស្វែងរកដំណោះស្រាយ ចំពោះវិបត្តិខ្វះខាតប្រេងឥន្ធនៈ ដែលកំពុងកើតមាននៅក្នុងប្រទេស ដែលកំពុងវិវត្តទៅរកស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលប្រទេសក្បែរខាងកម្ពុជាមួយនេះ ក៏កំពុងរកមធ្យោបាយ ដើម្បីទទួលបានរូបិយបណ្ណបរទេស ដែលត្រូវការជាចាំបាច់ ដើម្បីធានាដល់ក្រុមហ៊ុននាំចូលប្រេងឥន្ធនៈផងដែរ។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានឡាវ ឡាវថេន ថែមស៍ (Laotian Times)។
ឡាវ កំពុងជួបវិបត្តិខ្វះប្រេងឥន្ធនៈធ្ងន់ធ្ងរ
ដោយ

លោក ខាំ​ផែង សាយ​សំ​ផេង រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឡាវ បាន​និយាយ​នៅ​ស​ប្ដា​ហ៍​នេះ​ថា រដ្ឋាភិបាល​បាន​បែងចែក​សម្រាប់​ជា​ដំណោះស្រាយ​រយៈពេល​ខ្លី និង​ដំណោះស្រាយ​រយៈពេល​វែង ពាក់ព័ន្ធ​វិបត្តិ​ប្រេងឥន្ធនៈ​ដែល​កំពុង​កើត​មាននៅ​ក្នុង​ប្រទេស​។

ក្នុង​នោះ ធនាគារ​នានា នឹង​បញ្ចេញ​រូបិយ​បណ្ណ​បរទេស​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ សម្រាប់​ក្រុមហ៊ុន​នាំ​ចូល​ប្រេង​មួយ​ចំនួន​ដែល​ត្រូវ​បាន​ជ្រើសរើស ដោយ​រដ្ឋ​បាន​ប្រើប្រាស់​ប្រាក់​ចំណូល​ពី​ការ​លក់​ធនធានធម្មជាតិ និង​ប្រតិបត្តិការ​រុករក​រ៉ែ ដើម្បី​គាំទ្រ​ដល់​យន្ដការ​។ លោក រដ្ឋមន្ត្រីក្រសួង​ឧ​ស្សហកម្ម និង​ពាណិជ្ជកម្ម​ឡាវ​ជឿជាក់​ថា ក្រុមហ៊ុន​ឥន្ធនៈ​នឹង​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​ប្រេង​យ៉ាង​ហោច​ណាស់ ៥០% នៃ​តម្រូវការ​ប្រេង​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន បន្ទាប់​ពី​ការ​អនុវត្ត​យន្ដការ​នេះ​។

ការ​ខ្វះខាត​ប្រេង​នៅ​ប្រទេស​ឡាវ បាន​ចាប់ផ្ដើម​កើត​មាន​ឡើង​អស់​រយៈពេល​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ប៉ុន្ដែ នៅ​ដើម​ស​ប្ដា​ហ៍​នេះ បញ្ហា​នេះ កាន់តែ​ធ្ងន់ធ្ងរ ខណៈ​ដែល​រដ្ឋធានី​វៀងចន្ទន៍ ក៏​មានការ​ខ្វះខាត​ប្រេងឥន្ធនៈ​ប្រើប្រាស់​ដែរ​។

ក្រុមហ៊ុន​នាំ​ចូល​ប្រេង​បាន​ជួប​បញ្ហា ដោយសារ​តែ​ប្រាក់​គីប​របស់​ឡាវ​ធ្លាក់​ចុះ តាំងពី​ខែកញ្ញា​ឆ្នាំ​មុន​មក​ម្ល៉េះ រួម​ទាំង បញ្ហា​ធ្លាក់​ចុះ​នៃ​ទុនបម្រុង​អន្តរជាតិ និង​តម្លៃ​ប្រេងឥន្ធនៈ​ហក់​ឡើង​ខ្ពស់ ដោយសារ​តែ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។ បញ្ហា​ទាំងនេះ គឺជា​ផ្នែក​មួយ​ដែល​រុញ​ឲ្យ​ឡាវ​ជួប​ប្រទះ​ការ​ខ្វះខាត​ប្រេងសាំង​ប្រើប្រាស់​។

ប្រទេស​ឡាវ​ត្រូវការ​ប្រេង​ប្រហែល​១២០​លាន​លី​ត្រ​ក្នុង​មួយ​ខែ ប៉ុន្ដែ​អ្នក​នាំ​ចូល​ប្រេង​អាច​មាន​លទ្ធភាព​ផ្គត់ផ្គង់​បាន​តែ​២០​លាន​លី​ត្រ​ប៉ុណ្ណោះ​។ សភា​ឡាវ ក៏​បាន​កាត់​បន្ថយពន្ធ​លើ​ប្រេងសាំង ពី​៣១% មក​នៅ​ត្រឹម​១៦%​ផង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ប្រេងសាំង​មាន​តម្លៃ​ទាប​សម្រាប់​អ្នក​ប្រើប្រាស់​។

លោក​ខាំ​ផែង​ក្រសួង​ឧ​ស្សហកម្ម និង​ពាណិជ្ជកម្ម​ឡាវ បាន​អះអាង​ទៀត​ថា ក្រុមហ៊ុន​នាំ​ចូល​ប្រេង​ត្រូវការ​ទឹកប្រាក់​ជាង ១០០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​ៗ ដើម្បី​ធានា​បាន​សន្ដិសុខ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​ឡាវ ហើយ​នៅ​ក្នុង​រយៈពេល​ខ្លី​នេះ រដ្ឋាភិបាល​នឹង​ផ្ដល់​ទឹកប្រាក់​៦០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​គាំទ្រ​ដល់​ដំណើរការ​នាំ​ចូល​ប្រេង​នេះ​។

ទាក់ទង​នឹង​ដំណោះស្រាយ​រយៈពេល​មធ្យម​វិញ ប្រទេស​ឡាវ នឹង​ស្វែងរក​ការ​បញ្ជា​ទិញ​ប្រេង​ពី​ប្រភព​ទីផ្សារ​ថ្មី​ៗ​បន្ថែម​ទៀត ជា​ជាង​បច្ចុប្បន្ន​ពឹងផ្អែក​ខ្លាំង​តែ​លើ​អ្នក​ផ្គត់ផ្គង់​ពី​ថៃ និង​វៀតណាម​។

លោក​ខាំ​ផែង បន្ថែម​ថា ប្រទេស​ឡាវ​ត្រូវ​បង្កើត​យុទ្ធសាស្ត្រ​ថ្មី​ៗ​សម្រាប់​អនាគត ស្រប​តាម​ស្ថានភាព​សេដ្ឋកិច្ច​សង្គម​បច្ចុប្បន្ន​។ លោក​បន្ថែម​ថា ប្រទេស​ឡាវ បច្ចុប្បន្ន មិន​ទាន់​មាន​ស្ដុក​ង​ប្រេង​បម្រុង ឬ​មូលនិធិ​ប្រេង​បម្រុង​នោះ​ទេ ហើយ​នៅ​ពេល​អនាគត អ្នក​នាំ​ចូល​មិន​គួរ​ពឹងផ្អែក​តែ​លើ​ធនាគារកណ្ដាល ធនាគារពាណិជ្ជ និង​ពាណិជ្ជករ​ប្ដូរ​ប្រាក់ ដើម្បី​ទទួល​បាន​រូបិយ​បណ្ណ​បរទេស​សម្រាប់​ការ​នាំ​ចូល​ទំនិញ​នោះ​ដែរ​។

សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ ប្រទេស​ឡាវ​ក៏​បាន​បង្ហាញ​ពី​គម្រោង​ទិញ​ប្រេង​តម្លៃ​ថោក​ពី​រុ​ស្ស៊ី​ដែរ ប៉ុន្ដែ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ប្រទេស​នេះ អះអាង​ថា វា​គ្រាន់តែ​ជា​គំនិត​មួយ​ប៉ុណ្ណោះ ប៉ុន្ដែ ដំណើរការ​នៃ​ការ​ទិញ​ប្រេង​ពី​ប្រទេស​រុ​ស្ស៊ី គឺ​មាន​រយៈពេល​វែង ហើយ​មធ្យោបាយ​នេះ មិន​អាចយ​កមក​ប្រើប្រាស់​ដោះស្រាយ​បន្ទាន់​សម្រាប់​រយៈពេល​ខ្លី​នោះ​ទេ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេដឹកនាំវៀតណាមចាប់អារម្មណ៍ សំណើក្របខណ្ឌសេដ្ឋកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក ប៉ុន្ដែស្នើឲ្យមានការសិក្សាលម្អិត

ព័ត៌មាន
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីង នៅអំឡុងពេលមានវត្តមានសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងវ៉ាស៊ិនតោននាសប្ដាហ៍នេះ បានអះអ…

មន្ទីរបញ្ចកោណអាមរិកស្នើសុំសភាផ្ដល់មូលនិធិដល់គម្រោងជីករ៉ែ នៅប្រទេសអូស្ត្រាលី និងអង់គ្លេស

ព័ត៌មាន
នៅចំពេលដែល សង្គ្រាមកំពុងឆេះក្ដៅរវាងរុស្ស៊ី និងអ៊ុយក្រែន បង្កឲ្យមានតម្រូវការនៃការផ្គត់ផ្គង់អាវុធកើនឡើង ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានស្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ