រដ្ឋាភិបាល

រាជរដ្ឋាភិបាលដាក់ចេញគោលការណ៍គន្លឹះ៥ចំណុច ដើម្បីខ្ចី និងគ្រប់គ្រងបំណុល


នៅក្នុងឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាល​កម្ពុជា មានផែនការនឹងបង្កើនទំហំនៃការខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍បន្ថែមទៀត រហូតដល់ ១.៦០០លាន SDR (ជាតម្លៃរបិយវត្ថុដែលកំណត់ដោយ IMF) ស្មើនឹងប្រមាណជាង២.២០០លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងពី ១០០លាន SDR ឬស្មើនឹងជាង១៤០លានដុល្លារអាមេរិក បើធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១។ នេះបើតាមសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២២ ដែលទើបតែបានអនុម័តនៅថ្ងៃទី ២២ខែតុលានេះ។
រូបក្រដាសប្រាក់រៀលខ្មែរ
ដោយ

បើទោះបីជា មានការបង្កើនទំហំកម្ចីកាន់តែធំជាងមុននៅក្នុងបរិការណ៍កូវីដ១៩ក៏ដោយចុះ ប៉ុន្ដែ រាជរដ្ឋាភិបាលកម្ពុជាអះអាងថា ទំហំកម្ចីដែលគ្រោងនឹងខ្ចីបន្ថែម បូករួមទាំងបំណុលដែលកំពុងជំពាក់មិនទាន់សងរាប់ពាន់លានដុល្លារទៀត ក៏មិនទាន់ធ្វើឲ្យកម្ពុជាមានបន្ទុកបំណុលវ័ណ្ឌករនោះដែរ ពោលគឺ ក្នុងទិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា មាន ចីរភាព និងហានិភ័យកម្រិតទាបនៅឡើយទេ។

យ៉ាងណាមិញនៅក្នុងការគ្រប់គ្រងបំណុលសាធារណៈនេះដែរ រាជរដ្ឋាភិបាលក៏បានប្រកាន់ខ្ជាប់នូវគោលការណ៍គន្លឹះ៥ចំណុច៖

១, ខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន

២, ខ្ចីតែឥណទានដែលមានកម្រិតសម្បទាន ឬលក្ខណអនុគ្រោះខ្ពស់

៣, ខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម

៤, ប្រើប្រាស់ឥណទាន ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពខ្ពស់បំផុត

៥, ប្រើប្រាស់ឥណទានសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលត្រូវមានស្ដង់ដារ និងគុណភាពខ្ពស់ ស្របតាមគោលការណ៍នៃការគ្រប់គ្រងការវិនិយោគសារធារណៈ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិនៅក្នុងដំណាក់កាលថ្មី ពិសេសធានាបាននូវចីរភាពសេដ្ឋកិច្ច សង្គម បរិស្ថាន និងភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។

គិតត្រឹមឆមាសទី១ឆ្នាំ២០២១ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបជាង៩ពាន់លានដុល្លារអាមេរិក ដោយក្នុងនោះ ជំពាក់ប្រទេសចិនច្រើនជាងគេមានដល់ទៅជិត៤៤%នៃបំណុលសាធារណៈសរុប បន្ទាប់មក គឺបំណុលដែលខ្ចីពីពហុភាគីដែលមានជាង ៣០% និងបំណុលជំពាក់ប្រទេសជប៉ុនមានជិត៩%, កូរ៉េខាងត្បូងមានជាង៥% និងបំណុលមរតកដែលកំពុងចរចាមានប្រមាណជាង៦,៧%។ នេះបើតាមតួលេខពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេចតេជោ ហ៊ុនសែន បានប្រកាសថា នឹងមិនមានការបិទតំបន់ដែលមានហានិភ័យខ្ពស់ទៀតទេ

ព័ត៌មាន
សម្ដេចតេជោ ហ៊ុនសែន នាយកររដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាន៍ថាកម្ពុជានឹងមិនមានការបិទតំបន់ និងទីកន្លែងសាធារណៈដូចជាសាលារៀន ផ្…

ក្រុមប្រទេសលោកខាងលិចរិះគន់ខ្លាំងៗលើគោលនយោបាយពាណិជ្ជកម្មចិន នៅWTO ខណៈចិននៅតែរក្សាជំហរឹងមាំ

ព័ត៌មាន
នៅក្នុងកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកដែលធ្វើឡើងនៅទីក្រុងសឺណេវ កាលពីថ្ងៃទី ២០ខែតុលានេះ ប្រទេសចិនត្រូវបានរងការចោទប្រកាន់ថា បានលាងឈ្មោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ