សេរីភាព​សារព័ត៌មាន

វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក​ បើក​ការិយាល័យ​ស្របច្បាប់​នៅ​កម្ពុជា​បាន​ហើយ!


ទីបំផុតទៅ វិទ្យុ​សំឡេងសហរដ្ឋ​អាមេរិក (Voice of America) ដែលផ្សាយ​ព័ត៌មាន​ជា​ភាសា​ខ្មែរ​ពី​សហរដ្ឋ​អាមេរិក បានទទួល​ការអនុញ្ញាត​ពីរដ្ឋាភិបាល​កម្ពុជា ឲ្យ​បើក​ការិយាល័យតំណាងស្រប​ច្បាប់​នៅ​កម្ពុជាហើយ បន្ទាប់ពី​ជំនួប​រវាង​មន្ត្រី​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភព​លោក (US Agency for Global Media) និងតំណាងស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ជាមួយនឹង​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា កាលពី​ចុង​ខែ​ឧសភា​​កន្លងទៅ។
នៅថ្ងៃទី៥ មិថុនា ២០១៩ ក្រសួង​ព័ត៌មាន​បានចេញ​ប្រកាស​ទទួល​ស្គាល់​ការិយាល័យ​ស្របច្បាប់​របស់​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) នៅ​កម្ពុជា។
ដោយ

ប្រកាស​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ចុះ​ថ្ងៃទី៥ មិថុនា ២០១៩ បាន​ទទួលស្គាល់​ជាផ្លូវការនូវ​ការិយាល័យ​របស់​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) ប្រចាំ​ព្រះរាជាណាចក្រកម្ពុជា ដែល​ប្រកាស​នេះ​មាន​សុពលភាព​រយៈពេល​មួយឆ្នាំ។

មន្ត្រីអ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​រាជធានីភ្នំពេញ បានសម្ដែង​នូវ​ប្រតិកម្ម​វិជ្ជមាន​​ចំពោះ​ការដែល​វិទ្យុ​ VOA ភាសាខ្មែរ ទទួលបាន​អាជ្ញាប័ណ្ណ​ដំណើរការស្របច្បាប់​នៅ​កម្ពុជា។

លោក Arend Zwartjes មន្ត្រី​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិកប្រចាំកម្ពុជា ថ្លែង​នៅក្នុង​សារអ៊ីម៉េល​ជា​ភាសា​អង់គ្លេស​ មកកាន់សារព័ត៌មាន ខេមបូណូមីស ដែលមាន​អត្ថន័យ​ប្រែ​សម្រួល​យ៉ាងដូច្នេះថា ៖ «យើងមានការរីករាយ​ដែល VOA Khmer បានទទួល​ការអនុញ្ញាត​​ឲ្យ​ដំណើរការនៅ​កម្ពុជា។ យើងរំពឹងថា ព័ត៌មានរបស់ VOA នឹង​អាច​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​នៅទូទាំង​ប្រទេស​កម្ពុជាជាថ្មីម្ដងទៀត ដើម្បី​ប្រជាជន​កម្ពុជា​នៅគ្រប់ទិសទី​ទទួល​បាន​ព័ត៌មាន​ដែលត្រឹមត្រូវ មិនលម្អៀង និង​ស៊ីជម្រៅ»។

គួររំឭក​ថា កាលពី​ចុង​ឆ្នាំ​២០១៧ ពោល​នៅមុន​ការបោះឆ្នោតជាតិ​ឆ្នាំ​២០១៨ រដ្ឋាភិបាលបាន​ចាត់​វិធានការ​បញ្ឈប់​ការផ្សាយ​របស់​វិទ្យុ​ សំឡេងសហរដ្ឋ​អាមេរិក និង​វិទ្យុ​ អាស៊ីសេរី ពីរលកធាតុ​អាកាស FM នៅលើ​ស្ថានីយ​វិទ្យុ​នានា នៅក្នុង​ប្រទេស​កម្ពុជា ហើយ​វិទ្យុ​អាស៊ីសេរី គ្រានោះ​ ក៏បាន​ប្រកាស​បិទ​ការិយាល័យ​នៅ​ទីក្រុង​ភ្នំពេញ​របស់​ខ្លួន បន្ទាប់ពី​ដំណើរការ​អស់​រយៈពេល ២០ឆ្នាំ​មក។

ចុងឆ្នាំ២០១៧ដដែល ក៏ជា​ពេលវេលា​នៃការធ្លាក់ចុះនៃសេរីភាពសារព័ត៌មានផងដែរ ដោយ​ពេល​នោះ កាសែត​ឯករាជ្យ​ជា​ភាសា​អង់គ្លេស​ដ៏​ចំណាស់​ជាង​គេ​នៅ​កម្ពុជា ក៏ត្រូវបាន​បង្ខំ​ចិត្ត​បិទ​ប្រតិបត្តិការចេញ​ផ្សាយ​របស់​ខ្លួន បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ចោទ​ថា សារព័ត៌មាន​នេះ​ជំពាក់​ពន្ធ​រដ្ឋាភិបាល​ជាង ៦លានដុល្លារអាមេរិក។

ខណៈដែលមានការអត្ថាធិប្បាយ​វិជ្ជមានពី​មន្ត្រីនាំ​ពាក្យ​ស្ថានទូត​អាមេរិក ជុំវិញ​ការបើក​ការិយាល័យវិទ្យុ VOA នៅកម្ពុជានេះ លោក នាន់ សិរីបុត្ត អ្នកសរសេរ​ប្លុក​នយោបាយ និងជាសមាជិក​សំខាន់​មួយ​រូប​នៃ​ក្រុម​ កាហ្វេ​នយោបាយ (Politikoffee) ហាក់មិន​មាន​សុទិដ្ឋិនិយម​អំពី​ការវិលត្រឡប់ដូចដើមវិញ នៃ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នោះទេ។

លោក សិរីបុត្ត បាន​និយាយ​ដូច្នេះថា ៖ «ចំពោះ​ការ​ទទួល​ស្គាល់​ការិយាល័យ VOA អី​នោះ ដូចជា​មិន​មាន​អី​គួរ​ជា​ការ​សាទរ​ដល់​លំហ​នៃ​សេរីភាព​សារព័ត៌មាន​ទេ ខណៈ​ពេលដែល​កញ្ចក់​សង្គម​មួយ​នេះ [វិស័យ​សារព័ត៌មាន] វា​ស្រអាប់​ហើយ ឆ្លុះ​មិន​ឃើញ​ដូច​មុន​ទេ។ ម្យ៉ាង លំហ​នៃ​សេរីភាព​សារព័ត៌មាន ជា​ជន​រង​គ្រោះ​ដោយសារ​តែ​រឿង​នយោបាយ។»

​អ្នកសរសេរ​ប្លុក​នយោបាយ​ដដែល និយាយបន្ត​ថា ៖ «ដង្ហើម​នៃ​សេរីភាព​សារព័ត៌មាន កំពុង​ត្រូវការ​ខ្យល់​អុកស៊ីសែន​ជា​ខ្លាំង ដើម្បី​សង្គ្រោះ​ជា​បន្ទាន់។»

លោក នាន់ សិរីបុត្ត បាន​និយាយថា ៖ «វា​អាស្រ័យ​លើ​ជំហរ​របស់​រដ្ឋាភិបាល​សុទ្ធ​សាធ តើ​រដ្ឋាភិបាល​ចង់​ឲ្យ​មាន​សារព័ត៌មាន​បែប​ណា ដើម្បី​ដំណើរការ និង​ផ្តល់​ព័ត៌មាន​ដល់​ប្រជាជន​ខ្លួន និង​រដ្ឋាភិបាល​ខ្លួន​ឯង​ចង់​ស្តាប់ និង​ទទួល​បាន​ព័ត៌មាន​បែប​ណា»៕




អត្ថបទបន្ទាប់


នាយក​រដ្ឋមន្ត្រី​កម្ពុជា៖ នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ប្រមាថ​ដល់​ពលិកម្ម​​​របស់​កងទ័ព​វៀតណាម

ព័ត៌មាន
សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ស៊ានឡុង ថា ជា​ការ​ប្រមាថ​ដល់​ពលិកម្ម​សាច់​ស្រស់ …

បុរី ប៉េង ហួត សម្ពោធ​បើក​គម្រោងថ្មី ដឹស្តា មេរាហ្កាដិន ជាមួយនឹងប្រូម៉ូសិនពិសេស​យ៉ាងច្រើន!!!

ព័ត៌មាន
នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ បុរី ប៉េង ហួត បានប្រារព្ធពិធីបើកសម្ពោធជាផ្លូវការគម្រោង ដឹស្តា មេរាហ្កាដិន ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ