វិធានការណ៍ជុំទី៨

តើវិធានការណ៍ជុំទី៨ របស់រាជរដ្ឋាភិបាលនឹងជួយបានកម្រិតណាចំពេលកូវីដ-១៩ វាយប្រហារខ្លាំងក្នុងសហគមន៍?


វិធានការណ៍ជុំទី ៨ ក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ ត្រូវបានដាក់ចេញហើយ និងមានលក្ខណៈមិនសូវខុសគ្នាប៉ុន្មានទេ ពីវិធានការណ៍ជុំមុនៗ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដោយក្នុងនោះមានការជួយឧបត្ថម្ភដល់ កម្មករនិយោជិត ក្នុងវិស័យកាត់ដេរ និងទេសចរណ៍ដែលរងផលប៉ះពាល់ និងការជួយបន្ធូរបន្ថយពន្ធសម្រាប់អាជីវកម្មទេសចរណ៍ ក៏ដូចជាការការជួយដល់គ្រួសារក្រីក្រជាដើម។
រូបតំណាង៖ បុរសអ្នកលក់អំបោស ដោយមានពាក់ម៉ាស់ផង កំពុងដើរតាមផ្លូវព្រះនរោត្តម ក្នុងរាជធានីភ្នំពេញ រូបភាព៖ Xinhua
ដោយ

តើ​អ្នកជំនាញ និង​អ្នកជំនួញ​វិញ យល់​ឃើញ​បែប​ណា​ដែរ ចំពោះ​វិធាន​ការណ៍​ជុំ​ទី​៨​នេះ នៅ​ចំ​ពេល​កម្ពុជា​កំពុង​ជួប​បញ្ហា​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​យ៉ាង​ដូច្នេះ?

ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ការ​ដាក់​ចេញ​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​ចំនួន ៨​ជុំ​នេះ បាន​ជួយ​ដោះស្រាយ​បញ្ហា​ដល់​វិស័យ​ឯកជន​បាន​មួយ​ផ្នែក​ដែរ ជា​ពិសេស​ជួយ​ដល់​ការ​ទ្រទ្រង់​កម្លាំង​ពលកម្ម​បាន​ខ្លះ មិន​ឲ្យ​ក្រុមហ៊ុន​ដួល​រលំ ដែល​នេះ ជា​ការ​ជំរុញ​ទឹកចិត្ត​ដល់​វិស័យ​ឯកជន​ឲ្យ​ប្រឹងប្រែង​រស់​បន្ត​ទៀត​។

ជុំវិញ​នឹង​វិធានការ​ជុំ​ទី​៨ នេះ​ដែរ សម្រាប់​វិស័យ​ទេសចរណ៍​វិញ ត្រូវ​បាន​លោក​ជំទាវ ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បញ្ជាក់​ថា អាច​ជួយ​បាន​ខ្លះ ក្នុង​ការ​កាត់​បន្ថយ​ការ​ចំណាយ​របស់​អាជីវកម្ម​ទេសចរណ៍​។ តែ​យ៉ាងណាមិញ លោក​ជំទាវ បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល​ពិចារណា ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​អ្នក ដែល​ធ្វើការ​ក្នុង​វិស័យ​ទេសចរណ៍​ជួរ​មុខ​ផង​ដែរ ដើម្បី​អាច​ឲ្យ​វិស័យ​នេះ អាច​រស់រាន​បាន​បន្ត​ទៀត ព្រោះ​វិស័យ​ទេសចរណ៍​រង​ទុក្ខ​ធំធេង​ជាងគេ​បើ​ធៀប​នឹង​វិស័យ​ផ្សេង​ៗ​ទៀត​។

ដោយឡែក​សម្រាប់​វិស័យ​អាកាសចរណ៍​វិញ ត្រូវ​បាន​ឯកឧត្តម ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​រ​ដ្ឋា​ន​អាកាស​ចរ​ស៊ី​វិល បញ្ជាក់​ថា ការ​ដាក់​ចេញ​វិធានការ​ជុំ​ទី​៨ ក្នុង​ការ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​នេះ គឺជា​ការ​ល្អ​សម្រាប់​វិស័យ​មួយ​ចំនួន ដែល​កំពុង​តែ​ដុនដាប ព្រោះតែ​លេប​ត្របាក់​ដោយ​កូ​វី​ដ​-១៩​នេះ ប៉ុន្តែ​សម្រាប់​វិស័យ​អាកាសចរណ៍​វិញ គឺ​ជួយ​បាន​តិចតួច​បំផុត​។

យ៉ាងណា​ក៏​ដោយ​ចុះ ជុំវិញ​នឹង​ការ​ទប់ទល់​នឹង​ជាមួយនឹង​វិបត្តិ​កូ​វី​ដ​-១៩ នេះ​ដែរ ឯកឧត្តម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក​ឡើង​ថ្មី​ៗ​នេះ​ថា កម្ពុជា​អាច​មាន​លទ្ធភាព​ទ្រទ្រង់​សេដ្ឋកិច្ច​របស់​ខ្លួន​បាន​ពីរ​ឆ្នាំទៅ​មុខ​ទៀត ដើម្បី​ប្រយុទ្ធ​ទប់ទល់​ជាមួយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​នេះ​។ ប៉ុន្តែ ឯកឧត្តម វ​ង្សី វិស្សុត​បាន​អះអាង​ទៀត​ថា បើ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ បន្ត​អូស​បន្លាយ​លើស​ពី​រយៈពេល​ពីរ​ឆ្នាំ នោះ​លទ្ធផល​អាច​នឹង​ពិបាក​ធានា​បាន​ណាស់​។

ទោះ​យ៉ាងណា ឯកឧត្តម វ​ង្សី វិស្សុត បាន​បញ្ជាក់​អះអាង​ទៀត​ថា សម្រាប់​ការ​ទិញ​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ គឺ​កម្ពុជា​មាន​លទ្ធភាព​គ្រប់គ្រាន់ និង មិន​បារម្ភ​ពី​រឿង​ខ្វះ​ថវិកា​ទិញ​វ៉ាក់សាំង​នោះ​ទេ អ្វី​ដែល​បារម្ភ គឺ​ខ្លាច​ថា​មិន​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​លក់​មក​ឲ្យ​កម្ពុជា​ទៅ​វិញ​ទេ0x017d7

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០២១ រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​ដាក់​វិធានការ​ជុំ​ទី​៨ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ច ដើម្បី​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងអំឡុងពេល និង​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩​។ វិធាន​ការណ៍​នេះ មាន​រយៈពេល​៣​ខែ​ទៅ​មុខ​ទៀត ចាប់ពី​ខែមេសា ដល់​ខែមិថុនា ដោយ​ផ្តោត​ទៅ​លើ​វិស័យ​កាត់ដេរ ទេសចរណ៍ អាកាសចរណ៍ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ​ជាដើម​។

នៅ​ក្នុង​វិធានការ​ជុំ​ទី​៨​នេះ កម្មករ​ក​ម្មា​ការិនី​រោងចក្រ​កាត់ដេរ​វាយ​ន​ភណ្ឌ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ និង​កាបូប នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ ៤០​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​រយៈពេល​៣​ខែ ពី​ខែមករា​ដល់​ខែមិថុនា ឆ្នាំ​២០២១​។ រីឯ​ម្ចាស់​រោងចក្រ សហគ្រាស​ក្នុង​វិស័យ​នេះ ត្រូវ​បន្ដ​បន្ថែម​ផ្ដល់​ជូន​៣០​ដុល្លារ សម្រាប់​កម្មករនិយោជិត​ម្នាក់​ៗ​។ សរុប​កម្មករ​ម្នាក់​នឹង​ទទួល​បាន​៧០​ដុល្លារ​ក្នុង​មួយ​ខែ​។

ជាមួយ​គ្នា​នេះ កម្មករនិយោជិត​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ដូច​ជា​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ភ្នាក់ងារទេសចរណ៍ ក៍​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​៤០​ដុល្លារ ក្នុង​មួយ​ខែ សម្រាប់​រយៈពេល​៣​ខែ ចាប់ពី​ខែមេសា ដល់​ខែមិថុនា​ឆ្នាំ​២០២១​។

រាជរដ្ឋាភិបាល ក៏​បន្ដ​លើកលែង​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែល​បាន​ចុះ​ប​ញ្ចី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​មាន​សកម្មភាព​អាជីវកម្ម នៅ​ក្នុង​រាជធានី​ភ្នំពេញ សៀមរាប ព្រះ​សីហ​នុ កែប កំពត ក្រុង​បា​វិត និង​ក្រុង​ប៉ោយ​ប៉ែ​ត សម្រាប់​រយៈពេល​៣​ខែ បន្ថែម​ទៀត ពី​ខែមេសា ដល់​ខែ មិថុនា​ឆ្នាំ​២០២១​។

សម្រាប់​វិស័យ​អាកាសចរណ៍ ក៏​ត្រូវ​បាន​ទទួល​ការ​លើកលែង​ការ​បង់ពន្ធ​អប្បបរមា សម្រាប់​រយៈពេល​៣​ខែ​បន្ថែម​ទៀត ពី​ខែមេសា ដល់​ខែមិថុនា​ឆ្នាំ​២០២១​។ ជាមួយ​គ្នា​នេះ នឹង​បន្ដ​ពន្យារ​ការ​បង់ប្រាក់​ជំពាក់​កម្រៃ​អាកាសចរណ៍​ស៊ី​វិល​សម្រាប់​រយៈពេល​៣​ខែ​ផង​ដែរ​។

សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក៏​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​សម្រាប់​រយៈពេល ៣​ខែ​បន្ថែម​ទៀត ពី​ខែមេសា ដល់​ខែមិថុនា​ឆ្នាំ​២០២១

រាជរដ្ឋាភិបាល​ក៏​បន្ដ​ណែនាំ​ដល់​ក្រសួង​ស្ថាប័នរ​ដ្ឋា និង​អំពាវ​ដល់​បុគ្គល​ឯកជន ដែល​ជា​ម្ចាស់​អគារ​ទីតាំង​អាជីវកម្ម និង​រោងចក្រ ជួយ​សម្រួល​ដល់​ភាគី​អ្នក​ជួល ដោយ​ជៀសវាង​ការ​បញ្ឈប់​កិច្ចសន្យា ឬ​ការ​បណ្ដេញចេញ ក្នុង​ករណី​ដែល​ភាគី​អ្នក​ជួល​មិន​មាន​លទ្ធភាព​បង់​សេវា​ជួល បាន​ទាន់​ពេលវេលា​ផង​ដែរ​។

រាជរដ្ឋាភិបាល​ក៏​សូម​លើកទឹកចិត្ត​ដល់​ភាគី​ម្ចាស់​អគារ​ទីតាំង​អាជីវកម្ម និង​រោងចក្រ ចរចា​ជាមួយនឹង​ភាគី​ជួល លើ​ការ​ពន្យារពេល​នៃ​ការ​បង់ថ្លៃ​សេវា​ជួល និង​ការ​ប្រែប្រួល​ថ្លៃ​សេវា​ជួល ជាយថាហេតុ​។ បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​ក៏​សូម​អំពាវនាវ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនវត្ថុ​ទាំងអស់ ចូលរួម​អនុវត្ត​តាម​ស្មារតី​នៃ​សេចក្ដី​ប្រកាស​រួម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារជាតិ​នៃ​កម្ពុជា ស្ដី​ពី​លទ្ធផល​កិច្ចប្រជុំ​ស្ដី​ពី​បញ្ហា​អចលនវត្ថុ​នៅ​កម្ពុជា​ចុះ​ថ្ងៃ​ទី ២២ ខែមីនា​ឆ្នាំ​២០២១៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យោធា​ភូមា​បើក​ការ​វាយប្រហារ​ពី​លើ​អាកាស​ សម្លាប់អ្នកភូមិ​ជនជាតិភាគតិច​ការ៉ែន៣នាក់​

ព័ត៌មាន
អ្នកភូមិ​ជនជាតិ​ភាគតិចការ៉ែន (Karen) ៣នាក់ បានស្លាប់ និង​យ៉ាង​ហោច ៧នាក់ទៀត បានរងរបួស​ បន្ទាប់ពី​យោធា​ភូមា​បាន​បើក​ការវាយប្រហារ​ត…

កម្ពុជា​កំពុង​ពិចារណា​លើ​គម្រោង​ជួយ​សម្រួលឲ្យ​ភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំងរួច​អាចចូល​មក​កម្សាន្ដ​នៅ​កម្ពុជា

ព័ត៌មាន
ក្រសួងទេសចរណ៍កំពុងពិចារណា លើគម្រោងជួយសម្រួលដល់ភ្ញៀវទេសចរបរទេស ដែលបានចាក់សាំងកូវីដ-១៩ រួច អាចចូលមកកម្សាន្ដនៅកម្ពុជាបាន ដើម្បីស្តារស្ថាន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ