ផល​ប៉ះពាល់​ពី កូវីដ-១៩ និង EBA

រដ្ឋ​បាន​បញ្ចេញ​ថវិកា ៥០​លាន​ដុល្លារ​ជួយ​ស្រោចស្រង់​វិស័យ SME ដែល​កំពុង​រងគ្រោះ​ដោយសារ EBA និង​វីរុស Covid-19


ធនាគារ​អភិវឌ្ឍន៍​ជនបទ​និង​កសិកម្ម ដែល​ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​បើក​កញ្ចប់​ហិរញ្ញប្បទាន​ ៥០​លាន​ដុល្លារ​ ជួយ​ដល់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម ក៏ដូចជា សហគ្រាស​ផលិត​និង​កែច្នៃ​ផលិតផល​កសិកម្ម ក្នុង​វិស័យ​កសិឧស្សាហកម្ម និង​វិស័យ​កសិកម្ម នៅក្នុង​គ្រា​ដែល​កំពុងតែ​ជួប​បញ្ហា​នៃ​ការ​ឆ្លង​រាតត្បាត​នៃ​វីរុស កូវីដ ១៩ និង​ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA។
កម្មករកំពុង​បកសម្បកគ្រាប់ស្វាយចន្ទី នៅក្នុងរោងចក្រ​
ដោយ

ទំហំ​ប្រាក់​កម្ចី​នេះ នឹង​ត្រូវ​បាន​កំណត់​ឲ្យ​ខ្ចី​សម្រាប់​សហគ្រាស​នីមួយៗ អាច​​​ខ្ចីបាន​ប្រមាណ​ត្រឹមតែ ៣០​ម៉ឺន​ដុល្លារ​អាមេរិក សម្រាប់​រយៈពេល​៥​ឆ្នាំ ក្នុង​អត្រា​ការប្រាក់​ទាប ជុំវិញ ៦​ភាគ​រយ។

ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម បាន​អះអាង​ថា ទិសដៅ​នៃ​កញ្ចប់​ហិរញ្ញប្បទាន ៥០​លាន​ដុល្លារ​នេះ គឺ​សម្រាប់​ជួយ​ឲ្យ​សហគ្រាស​ខ្នាត​​តូច និង មធ្យម អាច​មាន​លទ្ធភាព​ពង្រីក​ខ្លួន​បន្ថែម ខណៈ​​បច្ចុប្បន្ន កម្ពុជា​កំពុង​ជួប​វិបត្តិ​មួយ​ចំនួន ដូចជា ការ​ព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ EBA និង​វិបត្ដិ​ធំ​ជាង​គេ​នោះ គឺ វិបត្តិ​ការរីករាល​ដាល​នៃ​ជំងឺ Covid-19។

ឯកឧត្តម កៅ ថាច បាន​​​ឲ្យ​​ដឹង​​ទៀតថា គម្រោង​កញ្ចប់​ថវិកា​ថ្មី​នេះ រហូត​មក​ដល់​ពេល​នេះ មិនទាន់​មាន​សហគ្រាស​ផលិត​ណា​មួយ​មក​ស្នើ​សុំ​នៅ​ឡើយ​ទេ។ ប៉ុន្តែ សម្រាប់​កញ្ចប់​ថវិកា​កន្លង​មក ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ជូន​សម្រាប់​ជួយ​ក្នុង​វិស័យ​ស្រូវ​អង្ករ​វិញ គឺ​មាន​ការ​ស្នើ​សុំ​រហូត​ ៨០​ភាគរយ នៃ​ទំហំ​សរុប​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ប្រមាណ ៥០​លាន​ដុល្លារ។

ជុំវិញនឹងកម្មវិធីហិរញ្ញប្បទាន​ពិសេស ដែល​មាន​ទំហំ​ទឹក​ប្រាក់ ៥០​លាន​ដុល្លារ​នេះ​ដែរ ត្រូវ​បាន​លោក ឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ខ្នាត​តូច​និង​​ធម្យម​កម្ពុជា បាន​បង្ហាញ​ពី​ការ​គាំទ្រ ដោយ​ចាត់​ទុក​ថា កញ្ចប់​ថវិកា​នេះ​ពិត​ណាស់​នឹង​ជួយ​ដល់​អ្នក​ផលិត និង​កែច្នៃ​ផលិតផល​ក្នុង​ស្រុក​ អាច​មាន​លទ្ធភាព​ពង្រីក​ការផលិត​កាន់​តែ​ច្រើន​ជាមុន។

ប៉ុន្តែ យ៉ាងណា​ក៏​ដោយ ឧកញ៉ា តែ តាំងប៉ បញ្ជាក់​ថា បើ​កញ្ចប់​ថវិកា​នេះ​ប្រើ​ខុស​គោលដៅ ​​នោះ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​នឹង​ជួប​បញ្ហា​ហិរញ្ញវត្ថុ​កាន់តែ​ខ្លាំង​ជាង​មុន ខណៈ​បច្ចុប្បន្ន កម្ពុជា​ត្រូវ​បាន​កាត់​ផ្តាច់​ផ្នែក​ខ្លះ នៃ EBA និង​បញ្ហា​ធំ​មួយ​ទៀត​នោះ គឺ​បញ្ហា Covid-19។

ផ្អែក​តាម​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​និង​មធ្យម​កម្ពុជា និង​តាម​ជំរឿន​ផែនការ គឺ​មាន​សហគ្រាស​រហូត​ជាង ៥៣​ម៉ឺន​សហគ្រាស ប៉ុន្តែ សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​ផ្លូវការ​មាន​ជាង ១៥​ម៉ឺន​សហគ្រាស​ប៉ុណ្ណោះ។

សូម​ជម្រាប​ថា កញ្ចប់​ថវិកា ៥០​លាន​ដុល្លារ​នេះ ត្រូវ​បាន​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា​សម្តេច តេជោ ហ៊ុន សែន សម្រេច​ដាក់​ចេញ​នូវ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​កាលពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វិធានការ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​គ្រប់គ្រង​ផល​ប៉ះពាល់​ពី​ជំងឺ Covid-19 និង​ការ​ព្យួរ​ផ្នែកខ្លះ​នៃ​ភាព​អនុគ្រោះ​ពន្ធ EBA ដែល​កញ្ចប់​ថវិកា​នេះ ដើម្បី​ផ្តល់​កម្ចី​មាន​ការ​ប្រាក់​ទាប ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម ក្នុង​វិស័យ​កែច្នៃ​ផលិតផល​កិសកម្ម វិស័យ​កសិ-ឧស្សាហកម្ម និង​វិស័យ​កសិកម្ម ដែល​មាន​ដូចជា ការ​ដាំ​បន្លែ ការ​ចិញ្ចឹម​សត្វ និង​ការធ្វើ​ឲ្យប្រសើរ​ឡើង នូវ​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់​ខ្លួន ក្នុង​គោលដៅ​បង្កើត​ការងារ​បន្ថែម និង​ពង្រឹង​ភាព​ប្រកួត​ប្រជែង៕




អត្ថបទបន្ទាប់


ម្តង​នេះ​លេង​ឈុត​ធំ​ហើយ !!! ផ្តល់​ជូន​បន្តោង​ខ្សែ​ក​ពេជ្រ ដោយ បុរី ប៊ុន លី ក្នុង​ឱកាស​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ….

ព័ត៌មាន
ក្រោយ​ទទួលបានការគាំទ្រពីសំណាក់អតិថិជនលើវិស័យអចលនទ្រព្យនិងសំណង់ផ្ទះល្វែង គ្រប់ប្រភេទអស់រយៈពេលជិតមួយឆ្នាំរួចមក ហើយដើម្បីជាការថ្លែងអំណរគុណ…

នាយករដ្ឋមន្ត្រីវៀតណាម៖ វៀតណាម គ្មានមូលដ្ឋាន កែប្រែមហិច្ឆិតាគោលដៅ កំណើនសេដ្ឋកិច្ចនោះទេ ទោះបីមានវិបត្តិមេរោគកូវីដ

ព័ត៌មាន
នៅក្នុងអំឡុងពេលដែលមានវិបត្តិមេរោគកូវីដ ១៩ កំពុងសាយភាយទូទាំងសកលលោកនេះ ប្រទេសវៀតណាម បានសម្រេចនូវអតិរេកពាណិជ្ជកម្មប្រមាណ ១ពាន់ ៨រយលានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ