អ្នកនាំពាក្យ​រដ្ឋាភិបាលហៅអ្នក​សារព័ត៌មាន​មួយចំនួនថា «ក្ងាន»

លោក ផៃ ស៊ីផាន ហៅ​អ្នក​ព័ត៌មាន​មួយ​ចំនួន​ថា«ក្ងាន», អញ្ជើញ​​ឲ្យ​ទៅ​ពិនិត្យ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម


រដ្ឋាភិបាលកម្ពុជា នៅថ្ងៃ​ព្រហស្បតិ៍ ទី២៥ ខែ​កក្កដា​នេះ បាន​រិះគន់​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ថា ជា​«ក្រុម​សត្វ​ក្ងាន» ដែល​ចាំតែ​ផ្សាយ​បន្ត​ព័ត៌មាន​ក្លែងក្លាយ ក៏ប៉ុន្តែ បាន​រៀបចំ​ការ​ធ្វើ​ដំណើរ​សម្រាប់​នាំ​អ្នក​សារព័ត៌មាន​ទៅ​មើល​ទីតាំង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម ផ្ទាល់​នៅ​ថ្ងៃ​សុក្រ ទី២៦ ខែកក្កដា បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា មាន​កិច្ច​ព្រមព្រៀម​សម្ងាត់ជា​មួយចិន ដើម្បី​ឲ្យ​ចិន​​ប្រើប្រាស់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម សម្រាប់​រយ:ពេល​៣០​ឆ្នាំ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា។ រូបថតឯកសារដោយ ស៊ីវ ចាន់ណា/The Cambodia Daily
ដោយ

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បាន​វាយ​ប្រហារ​ស្ថាប័ន​ព័ត៌មាន​មួយ​ចំនួន ​ដែល​បាន​ផ្សាយ​បន្ត​នូវ​ការ​ផ្សាយ​របស់​កាសែត​អាមេរិក  Wall Street Journal ដែល​បាន​សរសេរ​កាល​ពី​ថ្ងៃ​ទី២១ ខែ​កក្កដា ថា ចិន​និង​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​កាល​ពី​និទាឃរដូវ​កន្លង​ទៅ ដើម្បី​ផ្តល់​សិទ្ធិ​ផ្តាច់​មុខ​ឱ្យ​ប្រទេស​ចិន​ក្នុង​ការ​ប្រើប្រាស់​ផ្នែក​មួយ​នៃ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម នៅ​កម្ពុជា។

លោក ផៃ ស៊ីផាន បាន​រិះគន់​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន រួមទាំង​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក ផងដែរ ថា​ជា«ពួក​ក្ងាន»។

លោក ផៃ ស៊ីផាន បាន​និយាយ​ដូច្នេះ​ថា «កាសែត​បរទេស ខ្ញុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ គឺ​មាន​ជា​ប្រព័ន្ធ​ក្នុង​ការ​ផ្សាយ​បន្ត រាប់ទាំង Voice of America។ អាហ្នឹង​គឺ​ថាឲ្យ​តែ​ឮ​ថា​ម៉េច គឺ​ឆ្លើយ​តាម​គេ។»

បន្ទាប់​ពី​ការ​រិះគន់​ហើយ លោក ផៃ ស៊ីផាន បាន​ប្រកាស​ថា នឹង​មាន​ការ​ដឹក​ក្រុម​អ្នក​កាសែត​ទៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ខេត្ត​ព្រះសីហនុ ដើម្បី​មើល​ឲ្យ​ច្បាស់​ថា តើ​ទីតាំង​នោះ វា​ស័ក្ដិសម​សម្រាប់​ដាក់​តាំង​មូលដ្ឋាន​ទ័ព​ចិន​ឬ​អត់។

លោក ផៃ ស៊ីផាន បាន​និយាយ​ដូច្នេះ​ថា «យើង​មាន​ព្រឹត្តិការណ៏​មួយ​ អញ្ជើញ​អ្នក​សារព័ត៌មាន​ទាំង​អស់ រាប់ទាំង VoA អញ្ជើញ​ទៅ ដើម្បី​ទៅ​ពិនិត្យ​មើល​ខ្លួន​ឯង ឲ្យ​និយាយ​តែ​ខ្លួន​ឯង​ចុះ។»

លោក ផៃ ស៊ីផាន បាន​និយាយ​បន្ត​ថា «តាម​ពិត នៅ​កន្លែង​មូលដ្ឋាន កន្លែង​ខ្លះ គេ​អត់​ឲ្យ​យើង​ថត​ទេ សុំ​ត្រៀម​លក្ខណ:។ យើង​គ្រាន់​តែ​សុំ​ឲ្យ​មើល តើ​មូលដ្ឋាន​ទ័ព គេ​មិន​សូវ​បើក​ចំហ​ណាស់​ណា​ប៉ុន្មាន​ទេ គ្រាន់​តែ​សុំ​មើល តើ​វា​សមស្រប​នឹង​ការ​ដាក់​មូលដ្ឋាន​កង​ទ័ព​នាវា​ចិន​នៅ​ហ្នឹង​ដែរ ឬ​ទេ?»

អត្ថបទ​កាសែត  Wall Street Journal នោះ ដែល​ដក​ស្រង់​សម្ដី​មន្រ្តី​អាមេរិក​មិន​បញ្ចេញ​ឈ្មោះ ដែល​បាន​ឃើញ​កិច្ច​ព្រមព្រៀង​នោះ បាន​អះអាង​ថា ភាគី​ទាំង​ពីរ​មិន​បាន​ប្រកាស​ជា​សាធារណៈ​នោះ​ទេ បន្ទាប់​ពី​ចុះហត្ថលេខា​ហើយ។

យោងតាម Wall Street Journal កិច្ច​ព្រមព្រៀង​នោះ នឹង​អនុញ្ញាត​ឲ្យ​ចិន​ប្រើ​មូលដ្ឋាន​ជើង​ទឹក​រាម រយៈពេល​៣០​ឆ្នាំ ហើយ​នឹង​បន្ត​ជា​ស្វ័យ​ប្រវត្តិ រៀង​រាល់​១០​ឆ្នាំ​ម្ដង នៅ​ក្រោយ​រយៈពេល ៣០​ឆ្នាំ​ដំបូង​នោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនចិន កំពុងចរចា ទិញផលិតផលកសិកម្ម របស់អាមេរិកតាមការសន្យា

ព័ត៌មាន
ក្រោយពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក អន់ចិត្ត និងបានចោទប្រកាន់ទៅលើ ប្រទេសចិន ថា មិនគោរពទៅតាមសន្យា ដែលថា នឹងទិញផលិតផលកស…

ក្រុមហ៊ុនធានារ៉ាប់រង BIMA បានផ្ដល់សំណងដល់អតិថិជននៅកម្ពុជាជាង ១លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុន ធានារ៉ាប់រង BIMA ដែលជាក្រុមហ៊ុនផ្ដល់សេវាសុខភាព និងសេវាធានារ៉ាប់រងតាមរយៈប្រព័ន្ធទូរស័ព្ទនៅកម្ពុជា ដោយផ្ដោតលើអតិថិជនដែលមានប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ