ពលរដ្ឋភូមា

ពលរដ្ឋភូមាពាក់កណ្តាលប្រទេស អាចនឹងធ្លាក់ក្នុងភាពក្រីក្រនៅឆ្នាំ២០២២


ផលប៉ះពាល់ធំៗចំនួន២ ដែលនឹងរុញច្រានឲ្យប្រជាជនភូមាកន្លះនគរ ធ្លាក់ក្នុងភាពក្រីក្រនៅឆ្នាំ២០២២ គឺទី១បណ្តាលមកពីភាពវឹកវរនៅក្នុងប្រទេសក្រោយរដ្ឋប្រហារ ទី២ បណ្តាលមកពីបញ្ហាកូវីដ-១៩។ នេះបើតាមការព្យាកររបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ នៃអង្គការសហប្រជាជាតិ។
ពលរដ្ឋភូមាពាក់កណ្តាលប្រទេស អាចនឹងធ្លាក់ក្នុងភាពក្រីក្រនៅឆ្នាំ២០២២ (រូបភាព៖ Xinhua)
ដោយ

នៅក្នុងរបាយការណ៍កម្រាស់រាប់សិបទំព័រដែលទើបចេញផ្សាយកាលថ្មីៗនេះថា ផលប៉ះពាល់ ដែលបណ្តាលមកពីភាពវឹកវរផង និង ជំងឺឆ្លងផង នឹងរុញច្រានពលរដ្ឋភូមារាប់លាននាក់ថែមទៀត ឲ្យធ្លាក់ចូលក្នុងភាពក្រីក្រ ស្របពេលដែលពលរដ្ឋស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រនៅភូមា មានដល់ជាង ១០លាននាក់រួចទៅហើយ។ 

លទ្ធផលសិក្សាស្រាវជ្រាវរបស់ UNDP បានបង្ហាញថា ក្នុងឆ្នាំ២០២០ គ្រាដែលកូវីដ-១៩ កំពុងរាយលុក មានពលរដ្ឋភូមាជាង ៨០% បានបាត់បង់ប្រាក់ចំណូលស្ទើរតែពាក់កណ្តាលទៅហើយ។ ប្រការនេះ ត្រូវបានគេជឿជាក់ថា អ្នកដែលរស់នៅក្រោមបន្ទាត់ភាពក្រីក្រក្នុងប្រទេសភូមា នឹងកើនឡើង១១%បន្ថែមទៀត ពីលើចំនួនដែលមានស្រាប់ប្រមាណ ២៥%។  

របាយការណ៍របស់ UNDP បានទាញសញ្ញាអាក្រក់មួយផ្សេងទៀតជុំវិញ ភាពវឹកវរក្រោយរដ្ឋប្រហារ ដោយបានលើកឡើងថា៖ ការគំរាមកំហែងដល់សិទ្ធិមនុស្ស និងការអភិវឌ្ឍនៅក្នុងប្រទេសភូមាចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ខែកុម្ភៈ អាចជំរុញអត្រាភាពក្រីក្រកើនឡើង ១២ ភាគរយបន្ថែមទៀតនៅដើមឆ្នាំក្រោយ។

របាយការណ៍UNDPដដែលបានបន្តថា ស្រ្តី និងកុមារបានកំណត់ថា ជាក្រុមអ្នកងាយរងគ្រោះជាងគេអំឡុងវិបត្តិទាំងពីរដែលកំពុងបន្តអូសបន្លាយនេះ។

ពលរដ្ឋភូមាក្រីក្រនៅតាមទីប្រជុំជន ត្រូវបានគេរំពឹងថា នឹងកើនឡើងបីដង ស្របពេលដែលស្ថានភាពអសន្តិសុខកំពុងធ្វើឱ្យ ខ្សែសង្វាក់ផ្គត់ផ្គង់រាំងស្ទះ និង រារាំងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន បូករួមនឹងផលប៉ះពាល់លើ សេវាកម្ម និងទំនិញ ដូចជាទិន្នផលកសិកម្មជាដើម។ 

ដោយឡែក សម្ពាធលើរូបិយបណ្ណរបស់ភូមាបានបង្កឱ្យទំនិញឡើងថ្លៃ ប៉ះពាល់ដល់ការនាំចេញ និង នាំចូល ស្របពេលដែលប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុហាក់មានភាពទន់ខ្សោយ។

ចំពោះសេដ្ឋកិច្ចភូមានៅឆ្នាំ២០២១នេះវិញ ត្រូវបានធនាគារពិភពលោកព្យាករនាពេលថ្មីៗនេះថា នឹងធ្លាក់ចុះ -១០% ឯណោះ។

គួររំឭកថា កម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ ផងដែរ ថ្មីៗនេះធ្លាប់បានព្រមានថា អសន្ដិសុខស្បៀងអាហារកំពុងតែកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសភូមា ចាប់តាំងពីមានរដ្ឋប្រហារយោធានៅដើមខែកុម្ភៈឆ្នាំនេះ បូករួមនឹងវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរឡើង ដែលនឹងរុញច្រានឲ្យពលរដ្ឋភូមារាប់លាននាក់ធ្លាក់ចូលក្នុងភាពអត់ឃ្លាន ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

យ៉ាងណាក៏ដោយចុះ ទោះបីកំពុងប្រឈមមុខនឹងភាពក្រីក្រ និងកង្វះស្បៀងអាហារយ៉ាងណាក៏ដោយចុះ ប្រទេសភូមា ដែលជាប្រទេសអ្នកនាំចេញអង្ករមួយក្នុងតំបន់អាស៊ានដែរនោះ បានបង្ហើបឲ្យដឹងថា ខ្លួននៅតែបន្តនាំចេញអង្ករទៅទីផ្សាក្រៅប្រទេសក្នុងរង្វង់ ២លានតោនដដែលក្នុងខែកញ្ញាឆ្នាំនេះ។ 

ប្រធានសហព័ន្ធស្រូវអង្ករភូមា បានគូសបញ្ជាក់ថា ទិន្នផលនៅរៀងរាល់ឆ្នាំមានចាប់ពី ១៤ ទៅ១៥លានតោន ដូចនេះ លោកជឿជាក់ថា អង្ករដែលនៅសល់ពីការនាំចេញ នឹងគ្រប់គ្រាន់សម្រាប់តម្រូវការក្នុងស្រុក គ្រាន់តែវាអាចនឹងពិបាកក្នុងការដឹកជញ្ជូនទៅដល់ដៃពលរដ្ឋក្រីក្រអំឡុងពេលមានវិបត្តិនេះ។

សូមបញ្ជាក់ថា ប្រទេសភូមាបានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី ដោយបានឃុំខ្លួនលោកស្រី និងអ្នកនយោបាយដទៃទៀត ហើយក្រោយមកក្រុមយោធាបានបើកការបង្ក្រាបយ៉ាងហិង្សា ទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋប្រហារ។ បើតាមប្រភពពីអង្គការក្នុងស្រុកបានឲ្យដឹងថា យោធាបានសម្លាប់ជនស៊ីវិលជាង ៧៥០នាក់ហើយចាប់តាំងពីមានចលនាបាតុកម្មមក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងសាងសង់ព្រលានយន្ដហោះថ្មីៗ របស់កម្ពុជា មានការរាំងស្ទះដំណើរការអ្វីខ្លះ នៅអំឡុងពេលបិទខ្ទប់?

ព័ត៌មាន
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឲ្យដឹងថា ក្រោយពីអាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ កាលព…

WHO ទទួលស្គាល់វ៉ាក់សាំងអាមេរិកមួយប្រភេទទៀតហើយ ខណៈវ៉ាក់សាំងចិន២ប្រភេទ កំពុងរង់ចាំការសម្រេចចុងក្រោយ

ព័ត៌មាន
វ៉ាក់សាំងកូវីដ-១៩ មួយប្រភេទទៀតដែលមានឈ្មោះថា Moderna ដែលជាការផលិតដោយក្រុមហ៊ុនអាមេរិក ត្រូវបានអង្គការសុខភាពពិភពលោកសម្រេចដាក់បញ្ចូលក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ