ការប្រមូលចំណូលពន្ធដារ

ឯកឧត្តម គង់ វិបុល៖ ការប្រមូលចំណូលពន្ធដារជាង ៩៩% គឺធ្វើឡើងតាមរយៈធនាគារ និងប្រព័ន្ធទូទាត់អេឡិចត្រូនិក


មន្រ្តីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានពន្ធដារ បានអះអាងថា បច្ចុប្បន្ន ចំណូលជាង៩៩%ហើយ ដែលរដ្ឋបាលសារពើពន្ធបានប្រមូលប្រាក់ពន្ធតាមរយៈធនាគារ ឬតាមរយៈប្រព័ន្ធទូទាត់អេឡិចត្រូនិច ដែលកាន់តែបង្កភាពងាយស្រួលដល់អ្នកជាប់ពន្ធ។ ក្នុងនោះ ធនាគារអេស៊ីលីដា ភីអិលស៊ី ក៏ជាធនាគារមួយដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសកម្មជាងគេជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការប្រមូលចំណូលពន្ធតាមប្រព័ន្ធអេឡិចត្រូនិច( E-payment) ក៏ដូចជា ផ្ដល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរសម្រាប់ប្រជាពលរដ្ឋ។
ការប្រមូលចំណូលពន្ធដារជាង ៩៩% គឺធ្វើឡើងតាមរយៈធនាគារ និងប្រព័ន្ធទូទាត់អេឡិចត្រូនិក

ថ្លែងក្នុងកម្មវិធីពិសេស​ស្ដីពីសវនកម្ម និងការតវ៉ាលើការកំណត់ពន្ធឡើងវិញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ឃើញថា តាមរយៈការធ្វើកំណែទម្រង់ និងទំនើបកម្មពន្ធដារ បានធ្វើឲ្យការប្រមូលចំណូលពន្ធអាករ កាន់តែប្រសើរឡើង ជាពិសេស បើទោះជាពិភពលោក រួមទាំងកម្ពុជា បានជួបនូវបញ្ហាប្រឈមជាបន្តបន្ទាប់ក្ដី។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលចំណូលពន្ធ​ផ្ទៃ​ក្នុង ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបាន ១១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើតាមឯកឧត្តម គង់ វិបុល បច្ចុប្បន្ន មានធនាគារចំនួន៧ ដែលបានចូលរួមជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការប្រមូលចំណូលពន្ធតាមប្រព័ន្ធអេឡិចត្រូនិច ដោយក្នុងនោះ រួមមានទាំង ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេ​នៅកម្ពុជាផងដែរ។

អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា បច្ចុប្បន្ន ចំណូលសរុបដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ មានរហូតជាង ៩៩%​ ទៅហើយ ដែលរដ្ឋបាលសារពើពន្ធបានប្រមូលតាមរយៈធនាគារ ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិច។ ខណៈកន្លងមក ការប្រមូលចំណូលរបស់មន្រ្តីពន្ធដារ មានការលំបាក និងត្រូវប្រើរយៈពេលយូរ ដើម្បីរាប់ចំណូលពន្ធដែលត្រូវប្រមូល តែឥឡូវមិនមានលុយត្រូវរាប់ទៀតនោះទេ ព្រោះអ្នកជាប់ពន្ធបង់ពន្ធតាមធនាគារ និង E-payment ជាដើម។

លោកស្រី ម៉ា អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ទៅតាមគោលនយោបាយប្រមូលប្រាក់ពន្ធរបស់រាជរដ្ឋាភិបាល។ លោកស្រីបន្តថា កត្តាដែលជំរុញឲ្យធនាគារ អេស៊ីលីដា ចូលរួមជាមួយអគ្គនាយកដ្ឋានពន្ធដារ ការប្រមូលពន្ធតាមរយៈ E-Payment ជាការផ្លាស់ប្តូរបរិបទបច្ចេកទេស ដើម្បីឲ្យការប្រមូលពន្ធមានលក្ខណៈឌីជីថល មានភាពងាយស្រួល ជួយសម្រួលដល់អ្នកជាប់ពន្ធ ដែលអាចធ្វើប្រតិបត្តិការបង់ពន្ធ​ដោយខ្លួនឯងបាន។ បច្ចុប្បន្ន ការចុះឈ្មោះ ការប្រកាសពន្ធផ្សេងៗ អ្នកជាប់ពន្ធអាចធ្វើ​ប្រតិបត្តិការតាម online និងមាន​ភាពងាយស្រួល និងរហ័សទាន់ចិត្ត។ នេះជាការបញ្ជាក់​របស់លោកស្រី ម៉ា អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ដោយលោកស្រីបន្ថែមថា ការប្រមូលប្រាក់ពន្ធ តាមរយៈ E-Payment មានប្រសិទ្ធភាពលឿន ចំណេញពេលវេលា និងកាត់បន្ថយនូវចំណាយ​ធ្វើដំណើរផ្សេងៗ ជាពិសេសអ្នកជាប់ពន្ធអាចធ្វើការទូទាត់ប្រាក់ពន្ធ​បាននៅគ្រប់ទីកន្លែង និងអាចទទួលបាននូវចំណេះដឹងថ្មីៗ ក្លាយជាមនុស្សទាន់សម័យ ព្រមទាំងអាចរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ស្របពេលជាមួយគ្នានេះ អតិថិជនមានឱកាសប្រើប្រាស់​ផលិតផល និងសេវាផ្សេងៗ ទៀតរបស់ធនាគារក្នុងពេលដំណាលគ្នា ដែលផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ក្នុងការធ្វើប្រតិបត្តិការសេវា។

ជុំវិញការប្រមូលចំណូលតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរត្រូវបានឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បង្ហាញនូវគំនិតសុទិដ្ឋិនិយមថា តាមរយៈ ការធ្វើកំណែទម្រង់ និងទំនើបកម្មពន្ធដារ នឹងកាន់តែជំរុញបន្ថែមដល់កិច្ចការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឲ្យសម្រេចបាននូវលទ្ធផលល្អប្រសើរ។ ជាក់ស្ដែង បើគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលចំណូលពន្ធ​ផ្ទៃ​ក្នុង ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានប្រមាណជិត ៣ពាន់លានដុល្លារ ឬស្មើនឹង ១១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយ ឯកឧត្តម គង់ វិបុល៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន BYD បណ្ដាក់ទុនវិនិយោគការដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ២០០ទីតាំងនៅកម្ពុជាត្រឹមឆ្នាំ២០២៣

ព័ត៌មាន
ក្រុមហ៊ុន BYD Auto Industry បានបង្ហាញនូវផែនការក្នុងការបណ្ដាក់ទុនវិនិយោគដំឡើងស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន២០០ទីតាំងផ្សេងៗគ្នាន…

អាជ្ញាធរខេត្តព្រះសីហនុជំរុញឲ្យក្រុមហ៊ុនដ៏ធំមួយពីប្រទេសអូទ្រីស វិនិយោគគម្រោងកន្ត្រកខ្សែរ៉កទេសចរណ៍នៅកោះរុង

ព័ត៌មាន
ក្រុមហ៊ុនមកពីប្រទេសអូទ្រីសដ៏ធំមួយ កំពុងសិក្សាលើគម្រោងវិនិយោគ ទោងយោល កន្ត្រកខ្សែរ៉ក និងកន្លែងកម្សាន្ដជាច្រើននៅខេត្តព្រះសីហនុ ខណៈដែលខាងអាជ្ញា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ