ក្រុមហ៊ុនផ្លូវល្បឿនលឿនរំពឹងមានរថយន្តធ្វើដំណើរកាន់តែច្រើន

ក្រុមហ៊ុនផ្លូវល្បឿនលឿនរំពឹងមានរថយន្តធ្វើដំណើរកាន់តែច្រើន ក្រោយចាប់ដៃជាមួយសមាគមដឹកជញ្ជូនអ្នកធ្វើដំណើរ


ថ្នាក់ដឹកនាំក្រុមហ៊ុន Cambodian PPSHV Expressway រំពឹងមានរថយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុកាន់តែច្រើន ក្រោយក្រុមហ៊ុនបានចុះអនុស្សណៈនៃការយោគយល់គ្នាជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ដែលមានសមាជិក១៥ក្រុមហ៊ុន។ ការរំពឹងបែបនេះ ក៏ដោយសារតាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុនដឹកអ្នកដំណើរ ដែលជាសមាជិករបស់សមាគម នឹងទទួលបានការបញ្ចុះតម្លៃចន្លោះពី ២០% ទៅ៣០% រាល់ការធ្វើដំណើរលើផ្លូវនេះ។
ក្រុមហ៊ុនផ្លូវល្បឿនលឿនរំពឹងមានរថយន្តធ្វើដំណើរកាន់តែច្រើន ក្រោយចាប់ដៃជាមួយសមាគមដឹកជញ្ជូនអ្នកធ្វើដំណើរ

ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូនដែលជាអ្នកសម្របសម្រួលរំពឹងថា ក្រុមហ៊ុនផ្លូវល្បឿនលឿននេះនឹងបន្តចាប់ដៃគូជាមួយសមាគម និងក្រុមហ៊ុនដឹកជញ្ជូនទំនិញនៅកម្ពុជាបន្ថែមទៀត ដើម្បីជំរុញកំណើនរថយន្តដឹកទំនិញឲ្យងាកមកប្រើប្រាស់លើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ខណៈ ក្រោយដាក់ឲ្យដំណើរការ៤ខែកន្លងមកនេះមានរថយន្តជិត២លានគ្រឿងបានប្រើប្រាស់លើផ្លូវល្បឿនលឿននេះ ដោយក្រុមហ៊ុនរកចំណូលបានជិត១១លានដុល្លារ។

លោក Mo Kun អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Cambodia PPSHV Expressway បានបង្ហាញសុទិដ្ឋិនិយមខ្ពស់លើភាពជាដៃគូជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជាក្នុងការជួយជំរុញកំណើនរថយន្តប្រើប្រាស់លើផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុឲ្យមានការកើនឡើងបន្ថែមទៀត។ ការរំពឹងបែបនេះ ក៏ដោយសារភាពជាដៃគូនេះ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ដែលជាសមាជិករបស់សមាគមនឹងទទួលបានការបញ្ចុះតម្លៃទាំងលើថ្លៃសេវាប្រើប្រាស់ និងសន្តោងរថយន្តពេលមានបញ្ហា។ បន្ថែមលើនេះក្រុមហ៊ុនក៏មានការលើកទឹកចិត្តបន្ថែមសម្រាប់ក្រុមហ៊ុន ដែលប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីផងដែរ។

បើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ រថយន្តដឹកអ្នកដំណើរដែលជាសមាជិករបស់សមាគមនឹងទទួលបានការបញ្ចុះតម្លៃ២៥% ប្រសិនបើមានរថយន្តធ្វើដំណើរលើផ្លូវល្បឿនលឿនចន្លោះពី៣០គ្រឿងទៅ១០០គ្រឿងក្នុងមួយថ្ងៃ និងទទួលបានការបញ្ចុះតម្លៃ៣០% ប្រសិនបើមានរថយន្តចាប់ពី១០០គ្រឿងឡើងទៅក្នុងមួយថ្ងៃ។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ការប្រើប្រាស់ផ្លូវល្បឿនលឿនមិនត្រឹមតែជួយកាត់បន្ថយពេលវេលានោះទេ ថែមទាំងជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ថែមទៀតផង។

ជាមួយគ្នានេះ លោកបណ្ឌិត ឆឹម ចំណាន នាយកប្រតិបត្តិសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជាបានចាត់ទុកការចុះ MOU ជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុជាជំហានដំបូងមួយសម្រាប់សមាគមក្នុងការសាកល្បងប្រើប្រាស់សេវាលើផ្លូវមួយនេះ។ លោកបានបន្តថា កត្តាដែលជំរុញឲ្យសមាគមសម្រេចចាប់ដៃជាមួយក្រុមហ៊ុននេះ គឺដើម្បីជំរុញឲ្យក្រុមហ៊ុនដែលជាសមាជិកងាកមកប្រើប្រាស់ផ្លូវល្បឿនលឿនព្រោះកន្លងមកក្រុមហ៊ុនរកស៊ីដឹកអ្នកដំណើរមិនសូវប្រើប្រាស់ផ្លូវនេះនោះទេ ដោយសារកត្តាតម្លៃ និងការបារម្ភមួយចំនួន។ បើតាមការគូសបញ្ជាក់របស់នាយកប្រតិបត្តិសមាគមរូបនេះ សមាគមដឹកជញ្ចូនអ្នកដំណើរផ្លូវគោគមានក្រុមហ៊ុនជាសមាជិកចំនួន១៥ក្រុមហ៊ុន ដែលមានរថយន្តចន្លោះពី៤រយគ្រឿងទៅ៥រយគ្រឿង។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូនបានគូសបញ្ជាក់ថា ភាពជាដៃគូរវាងក្រុមហ៊ុននិងសមាគមខាងលើនឹងក្លាយជាចលករក្នុងការជួយបើកផ្លូវឲ្យមានការចុះសហការគ្នារវាងក្រុមហ៊ុនផ្លូវល្បឿនលឿនជាមួយសមាគម និងក្រុមហ៊ុនដឹកជញ្ជូនទំនិញបន្ថែមទៀត ដើម្បីជំរុញឲ្យក្រុមហ៊ុនដឹកជញ្ជូនទំនិញប្រើប្រាស់ផ្លូវនេះឲ្យកាន់តែច្រើនបន្ថែមទៀត។ សម្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចំនួនរថយន្តប្រើប្រាស់ផ្លូវល្បឿនលឿនមានការកើនឡើងមិនត្រឹមតែជាជោគជ័យសម្រាប់ក្រុមហ៊ុនឯកជននោះទេ តែវាក៏ជាជោគជ័យមួយសម្រាប់រាជរដ្ឋាភិបាលក្នុងការបង្កើនភាពប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងទាក់ទាញការវិនិយោគបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា ក្រោយដាក់ឲ្យដំណើរការអស់រយៈពេល៤ខែ ផ្លូវល្បឿនលឿននេះទទួលបានរថយន្តធ្វើដំណើរជិត២លានគ្រឿង ដោយប្រមូលចំណូលបានជិត១១លានដុល្លារអាមេរិក៕




អត្ថបទបន្ទាប់


២០២៣ រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យអនុវត្តនូវយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» ដើម្បីជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍

ព័ត៌មាន
ដើម្បីបង្កើនការផ្សព្វផ្សាយទេសចរណ៍ និងលើកកម្ពស់កិត្តិនាមរបស់ព្រះរាជាណាចក្រកម្ពុជា នាឱកាសដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្…

កម្ពុជាមានរោងចក្រឧស្សាហកម្មជិត២ពាន់កំពុងដំណើរ និងមានតម្លៃទិន្នផលសរុបជាង ១៥ពាន់លានដុល្លារកាលពីឆ្នាំ២០២២

ព័ត៌មាន
ដ្បិតកន្លងមក វិស័យឧស្សាហកម្មនៅកម្ពុជា រងផលប៉ះពាល់មួយចំនួន ដែលបណ្ដាលឲ្យមានការផ្អាក ឬបិទរោងចក្រក៏ពិតមែន ប៉ុន្ដែសម្ទុះនៃការបង្កើតរោងចក្រថ្មីៗ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ