សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១

តើសេដ្ឋកិច្ចកម្ពុជា២០២១នៅរក្សាបានកំណើនវិជ្ជមានឬយ៉ាងណា?


ព្រឹត្តិការសហគមន៍ ២០ កុម្ភៈ បាននឹងកំពុងតែបន្តអូសបន្លាយរហូតដល់បច្ចប្បន្ននេះបញ្ហានេះវាបាននិងកំពុងដាក់សម្ពាធមកលើសូចនាករសំខាន់នៃវិស័យជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលបញ្ហានេះត្រូវបានអ្នកជំនាញជាច្រើនយល់ឃើញថា អាចនឹងធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជា ថមថយជាងអ្វីដែលបានព្យាករទុក។
ទិដ្ឋភាពរាជធានីភ្នំពេញ (រូបភាព៖ Wikipedia)
ដោយ

ទោះជា​យ៉ាងណា​បើ​មើល​ក្នុង​ទិដ្ឋភាព​ជា​រួម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ពី​ក្ដី​រំពឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១​នេះ នឹង​រក្សា​បាន​នូវ​កំណើន​វិជ្ជមាន​ដដែល​ទែ​។ ហេតុ​អ្វី​ក្រសួង​សេដ្ឋកិច្ច​និង ហិរញ្ញវត្ថុ​ហ៊ាន​ធានា​អះអាង​យ៉ាង​ដូច្នេះ? តើ​វា​មាន​កត្តា​អ្វីខ្លះ ដែល​នឹង​ជំរុញ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ដ​រក្សា​បាន​កំណើន​វិជ្ជមាន​នៅ​ឆ្នាំ​២០២១​នេះ?

បើ​យើង​ក្រ​ឡែក​ទៅ​មើល​របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​-​សង្គម​របស់​ក្រសួង​សេដ្ឋកិច្ច​នៅ​ខែឧសភា​ឆ្នាំ​២០២១ ដែល​ទើប​ចេញផ្សាយ​នៅ​ដើមខែ​កក្កដា​នេះ បាន​ឲ្យ​ដឹង​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២១ នៅ​តែ​មាន​ក្តី​រំពឹង​ថា នឹង​មាន​កំណើន​វិជ្ជមាន ដោយសារ​តែ​ការ​ងើបឡើង​វិញ​នៃ​ស្ថានភាព​សេដ្ឋកិច្ច​សកល និង សេដ្ឋកិច្ច​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា​។ មួយវិញទៀត កំណើនសេដ្ឋកិច្ច​កម្ពុជា​វិជ្ជមាន​នេះ នឹង​បាន​មក​ពី​កំណើន​តម្រូវការ​ផលិតផល​កសិកម្ម និង លទ្ធភាព​នៃ​ការ​បង្វែរ​ការ​បញ្ជា​ទិញ និង រោងចក្រ​កាត់ដេរ​ពី​ប្រទេស​មី​យ៉ា​ន់​ម៉ា មក​កាន់​ប្រទេស​កម្ពុជា​ជាដើម​។

សូម​រម្លេច​ត្រង់នេះ​បន្តិច ដៃគូ​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ធំ​ៗ​របស់​កម្ពុជា​មាន​ដូច​ជា អា​មេ​រិ​ក អឺរ៉ុប​ពិសេស​បងធំ​ចិន​ហ្នឹងឯង​ដែល​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ដល់​ទៅ ៨,៥​ភាគរយ​ក្នុងឆ្នាំនេះ​បើ​តាម​ការ​ព្យា​ការ​ចុង​ក្រោយ​ថ្មី​ៗ​នេះ ពី​ធនាគារពិភពលោក និង សេដ្ឋកិច្ច​អា​មេ​រិ​ក​ឆ្នាំ​នេះ មាន​កំណើន​ជុំវិញ ៧​ភាគរយ និង សេដ្ឋកិច្ច​ក្នុង​តំបន់​អឺរ៉ុប ត្រូវ​បាន​ព្យាករ​ថា នឹង​កើន​៤,២% នៅ​ឆ្នាំ​២០២១  និង​ឆ្នាំ​២០២២​កើន​ដល់ ៤,៤%​។

ដ្បិតថា​ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ផលិតផល​កាត់ដេរ ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ រួម​ទាំង​សកម្មភាព​សំណង់ និង ទុន​វិនិយោគ​មានការ​ដាំ​ក្បាល​ចុះ​ក៏​ពិតមែន ប៉ុន្ដែ បើ​មើលទៅ​លើ​ការ​នាំ​ចេញ​ផលិតផល​ក្រៅពី​សម្លៀក​បំពាក់​កាត់ដេរ គឺ​នៅ​តែ​រក្សា​បាន​កំណើន​ល្អ​ដដែល​។ ដូច​ជា​ការ​នាំ​ចេញ​កង់ គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក ផលិតផល​ពី​ឈើ និង​ផលិតផល​កសិកម្ម​ជាដើម​។ នេះ​បើ​តា​មកា​បញ្ជាក់​នៅ​របាយការណ៍​ក្រសួង​សេដ្ឋកិច្ច​ដដែល​។

ឯកឧត្តម វ​ង្ស៊ី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យ​ដឹង​ថា ស្ថានភាព​សេដ្ឋកិច្ច​របស់​កម្ពុជា អាច​វាយតម្លៃ​បាន​ថា អាច​ទប់ទល់​បាន តែ​យ៉ាងណា​វា​មិនល្អ​ដូច​ការ​រំពឹង​ទាំងស្រុង​នោះ​ទេ​។ ឯកឧត្តម​វ​ង្សី វ​ស្សុត បាន​បញ្ជាក់​ទៀត​ថា រយៈពេល​៥​ខែ​ដំបូង​ឆ្នាំ​នេះ សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​រឹង​មាំ បើ​ទោះបីជា​រង​ផល​ប៉ះពាល់​ពី​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ក៏​ដោយ​ចុះ​។

មន្ត្រី​ជាន់​រាជរដ្ឋាភិបាល​រូប​នេះ បាន​គូសបញ្ជាក់​ថា បើសិន​ស្ថានភាព​កូ​វី​ដ​-១៩ ត្រូវ​គ្រប់គ្រង​បាន​ឆាប់​ៗ ហើយ​សេដ្ឋកិច្ច​កម្ពុជា​អាច​ងើប​ប្រសើរ​ឡើង​វិញ​ត្រឹម​ខែកញ្ញា ឬ​ខែតុលា​ខាង​មុខ នោះ​គោលដៅ​កំណើន​៤% ទំនងជា​អាច​សម្រេច​បាន​។ ប៉ុន្ដែ បើ​ស្ថានភាព​កូ​វី​ដ​-១៩​រីក​រាលដាល​ខ្លាំង​នៅ​បន្ដ​យូរ​ទៀត នោះ​គោលដៅ​កំណើន​នេះ អាច​នឹង​ពិបាក​សម្រេច​ហើយ​។

តាម​របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ការ​នាំ​ចេញ​ទំនិញ​សរុប​របស់​កម្ពុជា​នៅ រយៈពេល​៥​ខែ ឆ្នាំ​២០២១ សម្រេច​បាន​ក្នុង​ទឹកប្រាក់​ប្រមាណ ៦​ពាន់​លាន​ដុល្លា ស្មើនឹង​ជិត ២១% នៃ ផលិត​ក្នុងស្រុក​សរុប​ពោល​បាន​កើនឡើង​១,៦% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ ទន្ទឹម​នេះ ការ​នាំ​ចូល​ទំនិញ ដោយ​ដក​មាស​ចេញ សម្រេច​បាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៩​ពាន់​លាន​ដុល្លា ស្មើនឹង​ជាង ៣០% នៃ​ផលិត​ក្នុងស្រុក​សរុប បាន​កើនឡើង ១៧% ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន​។

ដោយឡែក​បើ​មើលទៅ​លើ​ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​ក្នុង​រយៈពេល ៥​ខែ​ដំបូង​ឆ្នាំ​២០២១​នេះ​វិញ គឺ​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​នៅឡើយ​ទេ ជាក់ស្ដែង​គម្រោង​វិនិយោគឯកជន​សរុប​មាន​ត្រឹមតែ ៤៥​គម្រោង​ប៉ុណ្ណោះ ធ្លាក់​ចុះ ៤៧% ខណៈ​ទុន​វិនិយោគ​វិញ មាន​៨២៥​លាន​ដុល្លារ ធ្លាក់​ចុះ​ជិត ៦០% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

សូម​បញ្ជាក់​ថា ធនាគារពិភពលោក នៅ​ពាក់កណ្ដាល​ខែមិថុនា​ឆ្នាំ​២០២១​នេះ បាន​រក្សា​ការ​ព្យាករណ៍​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​កំណើន​៤% ក្នុង​សេណា​រី​យ៉ូ គោល ប៉ុន្តែ​ជាមួយ​គ្នា​នេះ ធនាគារពិភពលោក​ក៏​បាន​ព្រមាន​ផង​ដែរ​ថា សេដ្ឋកិច្ច​កម្ពុជា គឺ​កំពុង​ស្ថិត​ក្នុង​ភាព​ផុយ​ស្រួយ​នៅឡើយ​ទេ ដោយសារ​ភាព​មិន​ប្រាកដប្រជា​នៃ​កូ​វី​ដ​-១៩ មាន​ន័យ​ថា ប្រសិនបើ​លក្ខខណ្ឌ​អាក្រក់​បំផុត​ណាមួយ​កើតឡើង ពោល​គឺ​ក្នុង​សេណា​រី​យ៉ូ​ទាប​បំផុត កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​ត្រឹមតែ ១%​ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០២១​នេះ​៕

អត្ថបទដោយ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូវីដ-១៩បង្ករផលប៉ះពាល់ការងារកម្មករ ១៣លាននាក់នៅវៀតណាម

ព័ត៌មាន
ស្ថានភាពវិបត្តិកូវីដ-១៩ នៅប្រទេសវៀតណាមពេលនេះកំពុងតែមានការរីករាតត្បាតកាន់តែខ្លាំងហើយ បច្ចុប្បន្ននេះមានកម្មករវៀតណាមជិត១៣ លាននាក់ហើយ ទទួ…

WHO ណែនាំឲ្យប្រើថ្នាំកាត់បន្ថយហានិភ័យស្លាប់ដោយសារកូវីដ-១៩

ព័ត៌មាន
អង្គការសុខភាពពិភពលោក (WHO) ក្នុងសប្តាហ៍នេះ បានណែនាំឱ្យប្រើថ្នាំព្យាបាលជំងឺរលាកសន្លាក់ប្រភេទអេកថេមរ៉ា (Actemra) របស់ក្រុមហ៊ុនថ្នាំ រ៉ូចឆ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ