រដ្ឋមន្ត្រីថ្មីរបស់ជប៉ុន

តើចិនមានប្រតិកម្មបែបណាចំពោះ វត្តមានរបស់នាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន?


ប្រទេសចិនបានស្វាគមន៍ចំពោះការជាប់ឆ្នោតជានាយករដ្ឋមន្ត្រីជប៉ុនថ្មី របស់លោក ហ្វូមីអូ គីហ្សីដា (Fumio Kishida) ដែលជាជ័យជំនះឈានទៅបើកផ្លូវឱ្យអតីតរដ្ឋមន្ត្រីការបរទេសរូប នេះឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីផ្លូវការតែម្តងនៅសប្តាហ៍ក្រោយនេះ។ ទន្ទឹមនឹងការស្វាគមន៍ ក្រុងប៉េកាំង អះអាងថាខ្លួនរីករាយនឹងសហការជាមួយជាមួយ តូក្យូ ក៏ប៉ុន្តែនឹងឃ្លាំមើលដោយប្រុងប្រយ័ត្នពីគោលជំហររបស់ថ្នាក់ដឹកនាំថ្មីនេះផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន South China Morning Post។
លោក ហ្វូមីអូ គីហ្សីដា នាយករដ្ឋមន្ត្រីជប៉ុនថ្មី និង លោកស្រី ហ័រ ឈុនយីង អ្នកនាំពាក្យក្រសួងការបរទេសចិន
ដោយ

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហ័​រ ឈុ​ន​យី​ង បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ​ទី​៣០​កញ្ញា​ថា ប្រទេស​ចិន​រីករាយ​នឹង​ធ្វើ​ការងារ​ជាមួយ​រដ្ឋាភិបាល​ថ្មី​របស់​ជប៉ុន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នានា និង​ឈាន​ទៅ​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ស្ថិរភាព នៃ​ទំនាក់ទំនង​ចិន​-​ជប៉ុន​។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់​ក្រុង​ប៉េ​កាំ​ង​បាន​ទាញ​សញ្ញា​ប្រុង​ប្រយ័ត្ន​ថា ខ្លួន​នឹង​បន្ត​ឃ្លាំមើល​យ៉ាង​យកចិត្តទុកដាក់ និង​ដោយ​ប្រុង​ប្រយ័ត្ន​ជុំវិញ​សកម្មភាព និង​គោល​ជំហរ​របស់​រដ្ឋាភិបាល​ថ្មី​របស់​ជៃ​ប៉ុន ក្រោម​ការ​ដឹកនាំ​ដោយ​អតីតរដ្ឋមន្ត្រី​ការ​បរទេស​រូប​នេះ​។

ការ​លើក​ឡើង​របស់​ចិន​បែប​នេះ ដោយសារ​តែ​កន្លង​មក លោក គី​ហ្សី​ដា ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ការ​បរទេស រមែង​មាន​និន្នាការ​ប្រើប្រាស់​កម្លាំង ជា​ជាង​ការ​ពិភាក្សា​ឬ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី នៅ​ក្នុង​ទំនាក់ទំនង​ការ​បរទេស ជាមួយ​ប្រទេស​ជិតខាង​និយាយ​ជា​រួម និង សំដៅ​ដល់​ប្រទេស​ចិន និយាយ​ដោយឡែក​។

ជាក់ស្តែង អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត លោក​លោក គី​ហ្សី​ដា ដែល​ទើបតែ​ជាប់​ម្សិលមិញ​នេះ​បាន​និយាយ​ថា​ការ​ប្រឆាំង​នឹង​ប្រទេស​ចិន គឺជា​អាទិភាព​របស់​លោក ប្រសិនបើ​លោក​ជាប់​ឆ្នោត​ជា​នាយក​រដ្ឋមន្ត្រី ហើយ​លោក គី​ហ្សី​ដា បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជប៉ុន​គួរតែ​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហរដ្ឋអាមេរិក​និង​ប្រទេស​ដែល​មានគំនិត​ដូច​គ្នា ដើម្បី​ប្រឆាំង​នឹង​ឥទ្ធិពល​ដែល​កំពុង​កើនឡើង​របស់​ចិន​។

អ្នកនយោបាយ​ជើង​ចាស់ វ័យ​៦៤​ឆ្នាំ​រូប​នេះ ថែម​ទាំង​ចង់​ស្នើ​ឲ្យ​មាន​តំណែង​មន្ត្រី​ជាទី​ប្រឹក្សា​ពិសេស​របស់​នាយក​រដ្ឋមន្ត្រី ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ចោទប្រកាន់​ពី​ការ​រំលោភសិទ្ធិ​មនុស្ស​នៅ​តំបន់​ស៊ី​ន​ជាំ​ង ប្រទេស​ចិន និង​នៅ​ហុងកុង ជា​ពិសេស​លោក គី​ហ្សី​ដា បាន​បង្ហើប​ពី​ការ ចង់​បង្កើន​ថវិកា​យោធា​បន្ថែម​ទៀត​ផង​ដែរ​។

សូម​រំឭក​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ពុធ​ទី​២៩​កញ្ញា លោក​ហ្វូ​មី​អូ គី​ហ្សី​ដា បាន​យកឈ្នះ​ទៅ​លើ​បេក្ខភាព​ប្រកួតប្រជែង​របស់​លោក​៣​រូប​ផ្សេង​ទៀត ចាប់តាំងពី​ការ​បោះ​ឆ្នោត​ជុំ​ទី​មួយ​ឯណោះ​។ លោក​នឹង​ត្រូវ​មក​បន្ត​ដំណែង​ពី​លោក យ៉ូ​ស្ហ៊ី​ហ៊ី​ដេ ស៊ូ​ហ្កា ដែល​បាន​ចប់​អាណត្តិ និង​ក្រោយ​ពី​លោក​ប្រកាស​ជំហរ​មិន​បន្ត​ឈរឈ្មោះ​ជា​នាយក​រដ្ឋមន្ត្រី​តទៅ​ទៀត​។ ការ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ជា​ផ្លូវការ នឹង​ធ្វើ​ឡើង​ក្នុង​សម័យប្រជុំ​ពេញអង្គ​រដ្ឋសភា​ជាតិ​ជប៉ុន ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ៤ ខែតុលា​ខាង​មុខ​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនចាប់ផ្តើមពង្រឹងយុទ្ធសាស្ត្រ «គ្មានកូវីដ ឬ Zero-Covid»

ព័ត៌មាន
ចិនចាប់ផ្តើមពង្រឹងយុទ្ធសាស្ត្រគ្មានកូវីដ ឬហៅ Zero-Covid ដោយសាងសង់មជ្ឈមណ្ឌលចត្តាឡីស័កដ៏ធំសម្រាប់អ្នកដំណើរមកពីបរទេស។ ប្រទេសចិន បានចំណាយទឹក…

ថៃទទួលបានវ៉ាក់សាំង Pfizer ជើងដំបូង ២លានដូសពីអាមេរិក ក្នុងចំណោមការបញ្ជាទិញ ៣០លានដូស

ព័ត៌មាន
អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានអះអាងថា បន្ទាប់ពីបានបញ្ជាទិញវ៉ាក់សាំង ៣០លានដូស ថៃ បានទទួលនូវវ៉ាក់សាំង Pfizer ចំនួន ២លានដូសជើងដំបូង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ