ទីផ្សារអចលនទ្រព្យចិន

តើទីផ្សារអចលនទ្រព្យចិន រងប៉ះពាល់ពីវិបត្តិបំណុលក្រុមហ៊ុន Evergrande យ៉ាងណាខ្លះ?


វិបត្តិបំណុលរបស់ក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២របស់ចិនគឺក្រុមហ៊ុន Evergrande ដែលកំពុងមានឈ្មោះជាក្រុមហ៊ុនជាប់ជំពាក់បំណុលច្រើនជាងគេលើលោក នៅតែបន្ដស្ថិតក្នុងការតាមដានរបស់ពិភពលោក ដោយអ្នកជំនាញសេដ្ឋកិច្ចព្រួយបារម្ភថា ប្រសិនបើក្រុមហ៊ុននេះត្រូវដួលរលំមែន ចង់ ឬ មិនចង់ វាអាចនឹងបង្កបញ្ហាដល់ការលូតលាស់របស់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាសេដ្ឋកិច្ចចិនផងដែរ ព្រោះបំណុលជាង ៣០០ពាន់លានដុល្លាររបស់ក្រុមហ៊ុន Evergrandeនេះ គឺមានស្មើនឹងប្រមាណ២% នៃ GDP របស់ចិនទៅហើយ។
ក្រុមហ៊ុនអចលនទ្រព្យអេវឺហ្គ្រាន (Evergrande) ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យធំលំដាប់ទី២នៅប្រទេសចិន
ដោយ

បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ជប៉ុន Nikkei វិបត្តិ​បំណុល​របស់​ក្រុមហ៊ុន​នេះ បច្ចុប្បន្ន បាន​និង​កំពុង​បន្ត​ជះ​ឥទ្ធិពល​អាក្រក់​ជា​បណ្ដើរ​ៗ​ហើយ​ដល់​សុខភាព​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ប្រទេស​ចិន​។

បើ​យោង​តាម​វិទ្យាស្ថាន​ហិរញ្ញវត្ថុ Rushi Advanced បានឱ្យ​ដឹង​ថា តម្លៃ​ខុន​ដូ​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ស៊ិ​ន​ជិន (Shenzhen) បច្ចុប្បន្ន​គឺ​មាន​តម្លៃ​ស្មើនឹង ៥៧​ដង នៃ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យម​របស់​ពលរដ្ឋ​នៅ​ទីនោះ ខណៈ​តម្លៃ​ខុន​ដូ​នៅ​ទីក្រុង​ប៉េ​កាំ​ង​វិញ មាន​តម្លៃ​ស្មើនឹង​ប្រមាណ ៥៥​ដង នៃ​ចំណូល​មធ្យម​របស់​ពលរដ្ឋ​ដូច​គ្នា​ដែរ​។ នេះ​ជា​តម្លៃ​មួយ​ដ៏​ខ្ពស់​មិន​ធ្លាប់​មាន សូ​ម្បី​តែ​អំឡុង​វិបត្តិ​សេដ្ឋកិច្ច​នៅ​ជប៉ុន​ក្នុង​ឆ្នាំ ១៩៩០ ដែល​ធ្វើ​ឲ្យ​តម្លៃ​ខុន​ដូ​នៅ​ទីក្រុង​តូ​ក្យូ​កើនឡើង ខ្ពស់​បំផុត គឺ​ត្រឹមតែ ១៨​ដង​ប៉ុណ្ណោះ នៃ​ប្រាក់​ចំណូល​ជា​មធ្យម​ប្រចាំឆ្នាំ​របស់​ពលរដ្ឋ​ជប៉ុន​។

ជាមួយនឹង​ផ្ទះ​ដែល​មាន​តម្លៃលើស​ពី​សមត្ថភាព​របស់​គ្រួសារ​នីមួយ​ៗ​នៅ​ប្រទេស​ចិន វិនិយោគិន​កំពុង​ភ័យ​ខ្លាច​ថា ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង អាច​នឹង​ចាត់វិធានការ​ដើម្បី​បន្ថយ​តម្លៃ​។ ពិសេស​គឺ​តាម​រយៈ​គោលនយោបាយ​ថ្មី​របស់​លោក​ដែល​មានឈ្មោះ​ថា «​វិបុលភាព​ជា​រួម​» (Common Prosperity) ដោយ​ផ្តោត​ទៅ​លើ​ប្រព័ន្ធ​សេដ្ឋកិច្ច ដែល​ផ្តល់​ប្រយោជន៍​ជា​រួម​ដល់​ជាតិ និង ប្រកបដោយ​សមធម៌​។

ក៏​ប៉ុន្តែ​បើ​មាន​វិធានការ​ទម្លាក់​តម្លៃ​ណាមួយ​ពី​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង​ពិតមែន វិស័យ​អចលនទ្រព្យ​នៅ​ចិន អាច​ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់​នៃ​ការ​ធ្លាក់​ចុះ​។ ប្រសិនបើ​គេ​ដោះស្រាយ​ស្ថានការណ៍​នេះ មិន​បាន​ត្រឹមត្រូវ វា​ក៏​អាច​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​ចិន ធ្លាក់​ចូល​ក្នុង​បញ្ហា​កាន់តែ​ខ្លាំង​ផង​ដែរ ។

វិស័យ​អចលនទ្រព្យ​របស់​ប្រទេស​ចិន មាន​ស្មើនឹង ៧% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ចិន ដែល​វា សបញ្ជាក់​អំពី តួនាទី​ដ៏​សំខាន់ នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​ចរន្ត​សេដ្ឋកិច្ច​ប្រទេស​មួយ​នេះ ដូច្នេះ​ហើយ​បញ្ហា​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ខ្នាត​យក្ស Evergrande ក៏​ទំនងជា​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ចិន​ផង​ដែរ ប្រសិនបើ​ក្រុមហ៊ុន​នេះ មិន​អាច​ដោះស្រាយ​បញ្ហា​បំណុល​របស់​ខ្លួន​បាន​។

ជាមួយ​គ្នា​នេះ អត្រា​បំណុល​ឯកជន​នៅ​ក្នុង​ប្រទេស​ចិន​ធៀប​នឹង​ផលិតផល​ក្នុងស្រុក គឺ​មាន​ដល់​ទៅ ២២០%​ឯណោះ ដែល​មាន​លើស​អត្រា​បំណុល​ឯកជន​នៅ​ក្នុង​ប្រទេស​ជប៉ុន​ទៅ​ទៀត​។ ក្នុង​ចំណោម​អត្រា​បំណុល​ឯកជន​នៅ​ក្នុង​ប្រទេស​ចិន បំណុល​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ គឺ​មាន​ក្រោម ៣០% នៃ​បំណុល​សរុប​។

យ៉ាងណាមិញ បំណុល​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ខ្នាត​យក្ស Evergrande មួយ​នេះ បាន​ធ្វើ​ឲ្យ​វិនិយោគិន​បន្ថែម​ការ​ព្រួយបារម្ភ និង​ការ​សម្រុក​លក់​ភាគហ៊ុន​ចេញ នៅ​ក្នុង​ទីផ្សារ​ភាគហ៊ុន​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន នៅ​ស្ទើរ​ពេញ​មួយ​ខែកញ្ញា​នេះ ដែល​បាន​ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​សកលលោក​ក៏​មានការ​រង្គោះរង្គើ​ផង​ដែរ ហើយ​សូ​ម្បី​តែ​ម្ចាស់​ភាគហ៊ុន​ធំ​ៗ​របស់ Evergrande ក៏​ចង់​លក់​ភាគហ៊ុន​របស់​ខ្លួន​ចេញ​អស់​ដែរ​។

គួរ​ជម្រាប​ថា បច្ចុប្បន្ន​ក្រុមហ៊ុន Evergrande កំពុង​ប្រញាប់ប្រញាល់​លក់​ចេញ​នូវ​ទ្រព្យសម្បត្តិ និង​អាជីវកម្ម​ដទៃ​ទៀត​របស់​ខ្លួន ដើម្បី​បាន​លុយ​យក​មក​ទូទាត់​បំណុល​។ ប៉ុន្តែ​ទោះបីជា​ការ​លក់​ចេញ​នេះ បាន​ជួយ​បញ្ចៀស​ការ​ដួល​រលំ​ភ្លាម​ៗ​របស់​ក្រុមហ៊ុន​ក៏​ដោយ ប៉ុន្តែ​បើ​និយាយ​ជា​រួម ពពក​ខ្មៅ​នៅ​តែ​បន្ត​ហ៊ុម​ព័ទ្ធ​បិទ​បាំង និង​គ្របដណ្តប់​លើ​ទីផ្សារ​អចលនទ្រព្យ​ចិន ដែល​មើលទៅ​ហាក់ដូចជា​នៅ​គាំង​ទ្រឹង​ស្តូក​តែ​ម្តង​។

សូម​បញ្ជាក់​ថា ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ចិន​មានការ​ធ្លាក់​ចុះ ហើយ​មិនសូវ​មាន​តម្រូវការ​ផ្ទះ អា​ផាត​មិន ឬ ខុន​ដូ​ថ្មី​ៗ​ច្រើន​នោះ​ទេ​។ ដូច្នេះ​ហើយ ជាមួយនឹង​តម្លៃ​ដ៏​ខ្ពស់កប់ពពក​របស់​ខុន​ដូ​ថ្មី​ៗ ដូច​បាន​រៀបរាប់​ខាងលើ បូក​រួម​នឹង​ភាព​មិន​ប្រាកដប្រជា​របស់​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​ចិន​ដ៏​ធំ កំពុង​រុញច្រាន​ឲ្យ​វិស័យ​អចលនទ្រព្យ​កំពុង​ប្រឈម​នឹង​ហានិភ័យ​កាន់តែ​ខ្ពស់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Smart Axiata គាំទ្រកម្មវិធីអភិវឌ្ឍន៍យុវជនអង្គការទស្សនៈពិភពលោកក្នុងនាមជាដៃគូសហការ

ព័ត៌មាន
ដើម្បីលើកកម្ពស់ការអភិវឌ្ឍរបស់យុវជនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Smart Axiata បានប្រកាសគាំទ្រក្នុងភាពជាដៃគូដល់កម្មវិធីយុវជននិងការចូលរួម រ…

តើចិនអាចចូលរួមក្នុងកិច្ចព្រមព្រៀង CP TPP បាន ឬមិនបាន?

ព័ត៌មាន
បើយើងមើលទៅលើ អ្នកវិភាគនយោបាយ និង ព្រឹត្តិការណ៍អន្តរជាតិជាច្រើនបានអះអាងស្រដៀងៗគ្នាថា ប្រទេសចិនទំនងជានឹងបរាជ័យក្នុងការចូលរួមជាសមាជិករបស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ