សេរីភាព​ហិរញ្ញ​វត្ថុ

បើ​ចង់​ស្រណុក​ខ្លួន​នៅ​ពេល​ចាស់ ត្រូវ​អនុវត្ត​វិធី​៤​យ៉ាង​​ដើម្បី​​«សេរីភាព​ហិរញ្ញ​វត្ថុ»


មនុស្ស​យើងម្នាក់ៗ​ចំណាយ​ពេល​វេលា​មិនក្រោម ២០ឆ្នាំ​ទេ ទៅ​លើ​ការសិក្សា​យក​ចំណេះ​ដឹង​និង​ជំនាញ។ បន្ទាប់​មក​ យើង​ប្រើ​ចំណេះ​និង​ជំនាញ​នេះ​ ខំប្រឹង​ធ្វើការងារ ឬ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ និង​មាន​ក្រុម​គ្រួសារ។
មនុស្ស​ម្នាក់ៗ​ចង់​មាន​សេរីភាព​ហិរញ្ញវត្ថុ ប៉ុន្តែ តើ​ត្រូវធ្វើ​ដូចម្ដេច?
ដោយ

ប៉ុន្តែ ទោះ​យ៉ាង​ណា យើង​ជឿជាក់ថា គ្មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើការងារ​រហូត​ដល់​ចាស់​នោះទេ។ យើង​គ្រប់គ្នា​ប្រាថ្នា​ថា នៅ​ពេល​វ័យ​ណា​មួយ យើង​មាន​លុយកាក់​គ្រប់គ្រាន់ អាច​សម្រាក​ពី​ការងារ (ចូល​និវត្តន៍) និង​ដើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសាររបស់​យើង។ ប៉ុន្តែ តើ​ត្រូវរៀបចំផែនការ​យ៉ាង​ដូចម្ដេច? 

ខាងក្រោម​នេះ ជា​ការណែនាំ​មួយ​ចំនួន​ពី​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច លោក ង៉ែត ជូ អំពី​ការត្រៀម​ខ្លួន​ឆ្ពោះ​ទៅ​រក​សេរីភាព​ហិរញ្ញវត្ថុ។ លោក ង៉ែត ជូ​ មាន​ប្រសាសន៍​ថា បើ​ចង់​ឲ្យ​ជីវិត​មាន​សេរីភាព​ ត្រូវ​រៀន​ពី​របៀប​នៃ​ការ​ហោះហើរ​របស់​យន្តហោះ និង​ចៀស​ឲ្យ​ផុត​ពី consumer loans (កម្ចី​ទិញ​របស់​ប្រើ​ប្រាស់ ឬ​កម្ចី​យក​ទៅ​ចាយ​វាយ)។ 

វិធីសាស្រ្ត​នេះ​អាច​បង្ក​លក្ខណៈ​ឲ្យ​យើង​មាន​សេរីភាព​ហិរញ្ញវត្ថុ​ពេញ​លេញ ក្នុង​អាយុ​ចន្លោះ​ពី​៤២ ទៅ ៤៧​ឆ្នាំ ពោល​គឺ​អាច​មាន​ពេល​វេលា​និង​លទ្ធភាព​ច្រើន​សម្រាប់​លេង​កីឡា សម្រាក​លំហែ​កាយ​នៅ​បរទេស និង ធ្វើ​កិច្ចការ​សង្គម​នានា​ដែល​យើង​ពេញចិត្ត។ល។

ការ​ទិញ​ធានា​រ៉ាប់រង​ដែល​ភ្ជាប់​ជាមួយ​កាតព្វកិច្ច​សន្សំ​រយៈពេល​វែង ឬ​បង់​រំលោះ​ផ្ទះ​ក្នុង​រយៈពេល​វែង​ដោយ​សំអាង​តែ​ចំណូល​ពី​ការ​ធ្វើ​ការងារ​មួយ​មុខ មិនមែន​ជា​ការ​វ័យ​ឆ្លាត​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត ត្រូវ​ចៀស​ឲ្យ​ខាង​តែ​បាន​នូវ​ការ​ប្រើ consumer loans ព្រោះ​យើង​ត្រូវ​ចំណាយ​ទ្វេ​ដង​លើ​រឿង​តែ​មួយ ពោល​គឺ​ចំណាយ​លើ​ការ​ប្រាក់​និង​ភាព​សឹក​រិចរិល​នៃ​សម្ភារ:​ដែល​បាន​ទិញ (ដូចជា រថយន្ត ស្មាតហ្វូន និង​គ្រឿង​អេឡិច​ត្រូនិក​នានា) ក៏​ដូចជា​ការ​បាត់បង់​ឱកាស​ក្នុង​ការ​វិនិយោគ​ផង​ដែរ។

ការត្រៀម​ខ្លួន​ឆ្ពោះ​ទៅរក​សេរីភាព​ហិរញ្ញ​វត្ថុ ធៀប​នឹង​របៀប​នៃ​ការហោះ​ហើ​រ​របស់​យន្តហោះ មាន​ ៤​ដំណាក់​កាល ដូច​ខាងក្រោម៖

ការ​សន្សំ​ និងការវិនិយោគ​ត្រឹមត្រូវ ជា​កត្តា​សំខាន់​នាំ​ទៅរក​ជោគជ័យ​ផ្នែក​ហិរញ្ញ​វត្ថុ។

១. ការ​ត្រួត​​ពិនិត្យ​​និង​​រៀបចំ​​មុន​​ការ​​ហោះហើរ

ដំណាក់​កាល​​នេះ មនុស្ស​​ត្រូវ​​គិត​​និង​រៀបចំ​ខ្លួន ដូចមុន​ការ​ហោះហើរ​របស់​យន្តហោះ​អ៊ីចឹង​ ជា​ដំណាក់​កាល​ចាក់​សាំង ត្រួត​ពិនិត្យ​ម៉ាស៊ីន​និង​បច្ចេកទេស​នានា។ ជា​ដំណាក់កាល អប់រំ​ខ្លួន រួមមាន​ជំនាញ​ទន់​ ជំនាញ​រឹង (soft and hard skills) បទពិសោធន៍​ការងារ និង​ទំនាក់​ទំនង​សង្គម។ 

ជាទូទៅ ការ​​បញ្ចប់​​ដំណាក់កាល​នេះ គួរតែ​ចន្លោះ​អាយុ​២២​ទៅ​២៣ឆ្នាំ​យ៉ាងយូរ ពោល​គឺ​បញ្ចប់មហាវិទ្យាល័យ។ ការ​មាន​ជំនាញ​និង​សមត្ថភាព​ច្បាស់លាស់​សំខាន់​ណាស់​ដើម្បី​ទទួល​បាន​ចំណូល​សមរម្យ (ពីការងារ) ក្នុង​ដំណាក់កាល​ហោះហើរ​ដំបូង និង​អាច​ឲ្យ​យើង​សន្សំ​ប្រាក់​សម្រាប់​ការ​វិនិយោគ។ បើ​មិន​ដូច្នោះ​ទេ គឺ​ធ្វើការ​ដើម្បី​តែ​ក្រពះ​ហើយ។

២. ការ​ចាប់​ផ្តើម​ការ​ហោះហើរ​ដំបូង

ជា​ដំណាក់កាល​ចាប់​ផ្តើម​នៃ​ជីវិត​ការងារ ត្រូវ​សន្សំ​ប្រាក់​ដើម្បី​វិនិយោគ​ឬ​ធ្វើ​​អាជីវកម្ម​ដែល​យើង​ពេញ​ចិត្ត។ ជា​ការ​ហោះហើរ​ដំបូង ហោះហើរ​ទាប​ទទួល​បាន​ផល​លាភ​តិច​តាម​រយៈ​ការ​សន្សំ​ប្រាក់​ដែល​ជាទូទៅ មាន​ការប្រាក់​ប្រចាំ​ឆ្នាំ​ចន្លោះ ៧% ទៅ ៨%។ ប្រសិន​បើ​ចង់​បាន​សេរីភាព​ពេល​វ័យ​ក្មេង គួរ​ចំណាយ​ពេល​ក្នុង​ដំណាក់កាល​នេះ​ត្រឹម​ពី​៣ ទៅ ៤​ឆ្នាំ​ប៉ុណ្ណោះ ព្រោះជា​ដំណាក់កាល​ទទួល​បាន​ផល​លាភ​តិច ប៉ុន្តែ ដើម្បី​ហោះហើរ​បាន​ខ្ពស់​និង​លឿន​ក៏​ចាំបាច់​ត្រូវ​ចាប់​ផ្តើមពី​ការ​ហោះហើរ​ទាប​នេះ​ដែរ។

៣. ការ​ហោះហើរ​ក្នុង​ល្បឿន​លឿន

ជា​ដំណាក់កាល​ហោះ​ខ្ពស់​បំផុត​និង​លឿន​បំផុត។ ដូចគ្នា​នេះ​ដែរ ត្រូវ​វិនិយោគ​លើ​អាជីវកម្ម​ដែល​មាន​ផល​លាភ (ប្រាក់​ចំណេញ)​ខ្ពស់ ព្រោះ​វា​មាន​ហានិភ័យ​ខ្ពស់​ជាង​ការ​សន្សំ​ប្រាក់​និង​តម្រូវ​ឲ្យ​​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង។ ជារួម ផលលាភ​ឬ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ ដែល​ទទួល​បាន​គួរតែ​យ៉ាង​ហោច​ណាស់​ពី ២០% ទៅ ៣០%។ យើង​អាច​ចំណាយ​ពេល​ក្នុង​ដំណាក់កាល​នេះ ពី ១០ ទៅ ១៥​ឆ្នាំ។ ក្នុង​ដំណាក់កាល​នេះ យើង​អាច​បន្ត​ធ្វើការ​បណ្តើរ​និង​វិនិយោគ​បណ្តើរ ឬ​ឈប់​ធ្វើការ​ទាំង​ស្រុង​តែ​ម្តង ដោយ​មក​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន​បើ​ចាំបាច់។

៤. ការ​រៀប​ចុះចត

ការហោះ​ខ្ពស់​និង​ល្បឿន​លឿន​យូរ​អាចធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ចង់​បន្ថយ​ល្បឿន រួច​រក​ទី​ចុះចត។ តាម​ច្បាប់​ធម្មជាតិ ការ​គិត​បែប​នេះ​មាន​ការ​សមស្រប​ម្យ៉ាង​ដែរ ដែល​យើង​ត្រូវ​រៀបចំ​ដំណាក់​កាល​អន្តរកាល​នេះ ឲ្យ​បាន​សមស្រប។

ដូច្នេះ យើង​គប្បី​ស្វែងរក​ឱកាស​វិនិយោគ​ទាំង​ឡាយ​ណា ដែល​អាច​បង្ក​ឲ្យ​យើង​ទទួល​បាន​​ប្រាក់​ចំណូល​ជា​ប្រចាំ និង​តម្រូវ​ឲ្យ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង​តិច​តួច ដែល​ជា​បច្ច័យ​នាំ​ឲ្យ​មាន​ពេល​វេលា​គ្រប់គ្រាន់​សម្រាប់​ជា​សេរីភាព​ផ្ទាល់​ខ្លួន។ ពោល​គឺ​ឈប់​សម្រាក​ពី​ការងារ​ជា​បុគ្គលិក​ដែល​ត្រូវ​ធ្វើការ​ពេញ​ម៉ោង​ពី​ថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ។ 

ក្នុងដំណាក់​កាល​នេះ ជម្រើស​រួម​មាន សង់​អាគារ​ឬ​ឃ្លាំង​សម្រាប់​ជួល ការ​ផ្តល់​កម្ចី​តាមរយ: Peer to Peer Lending Platform ឬ​ចូលរួម​ក្នុង​ក្រុម​សន្សំ​ជា​ដើម។ ជាទូទៅ ផលលាភ​ដែល​ទទួល​បាន​ពី​ការ​វិនិយោគ​បែប​នេះ​មិន​ខ្ពស់​ដូច​ដំណាក់កាល​ហោះហើរ​ក្នុង​ល្បឿន​លឿន​នោះ​ទេ (ជា​ទូទៅ ចន្លោះ​ពី ១២% ទៅ ១៥% ក្នុ​ង​១​ឆ្នាំ) ប៉ុន្តែ​មិន​មាន​ន័យ​ថា យើង​ត្រូវ​ចាត់ចែង​ទ្រព្យ​សម្បត្តិ​ទាំង​អស់​វិនិយោគ​ដើម្បី​រៀបចំ​ការ​ចុះចត​នោះ​ដែរ។ យើង​ប្រហែល​ជា​នៅ​មាន​លទ្ធភាព​វិនិយោគ​ទ្រព្យ​សម្បត្តិ​មួយ​ភាគ​ធំ​ក្នុង​ល្បឿន​លឿន និង​ទទួល​បាន​ផល​លាភ​ខ្ពស់​ដដែល។ យើង​ប្រហែល​ជា​ត្រូវការ​ពេល​៤ ទៅ ៥​ឆ្នាំ​ដើម្បី​ធ្វើ​កិច្ចការ​អស់​ទាំង​នេះ មុន​នឹង​ទទួល​បាន​សេរីភាព​ពេញ​លេញ​ក្នុង​ជីវិត។

ធ្វើ​បាន​តាម​ដំណាក់កាល​នៃ​ការ​ហោះហើរ​របស់​យន្ត​ហោះ​ដូច្នេះ យើង​នឹង​អាច​ទទួល​បាន​សេរីភាព​ពេញ​លេញ​ក្នុង​ជីវិត​ត្រឹម​អាយុ ៤២ ទៅ ៤៧​ឆ្នាំ​ជាក់​ជា​មិន​ខាន។ ពេល​ដែល​យន្តហោះ​ចុះចត​ជា​ពេល​ដែល​យើង​សម្រេច​បាន​នូវ​គោលដៅ​ក្នុង​ជីវិត ដូច្នេះ ការ​រៀបចំ​តាម​ដំណាក់​កាល​ចាប់​ពី​ពេល​មុន​ធ្វើការ​ហោះហើរ​រហូត​ដល់​ពេល​ចុះចត​មាន​សារសំខាន់​ណាស់ ដើម្បី​ធានា​ឲ្យ​មាន​ការ​ចុះចត​ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់៕




អត្ថបទបន្ទាប់


ហេតុផល​១០​យ៉ាង​ដែល​អ្នក​គួរ​តែ​នាំ​កូនៗ​ទៅ​ទស្សនា​សារមន្ទីរ!

ព័ត៌មាន
បើទោះ​ជា​មិន​មាន​ការ​ស្រាវជ្រាវ​ជា​ផ្លូវការ​ណា​មួយ​ត្រូវ​បាន​បង្ហាញ​និង​ផ្សព្វផ្សាយ​ក្តី ក៏​គេ​សង្កេត​ឃើញ​ថា មាន​ពលរដ្ឋ​កម្ពុជា​យើង​តិច​…

សកលវិទ្យាល័យ​ល្អ​ជាង​គេ​បំផុតទាំង៥នៅ​​អាស៊ី ប្រចាំ​ឆ្នាំ២០១៧

ព័ត៌មាន
បើ​និយាយ​ពី​វិស័យ​អប់រំ​នៅ​អាស៊ី ប្រទេស​សិង្ហ​បុរី​គឺ​ឈាន​មុខ​គេ។ របាយការណ៍​ចំណាត់​ថ្នាក់​សកលវិទ្យាល័យ​អាស៊ី ឆ្នាំ​២០១៧ បង្ហាញ​ថា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ