ការនាំចេញផលិតផលកសិកម្ម

តើកម្ពុជាត្រូវពង្រឹងសមត្ថភាពក្នុងការនាំចេញផលិតផលកសិកម្មដោយត្រង់ទៅទីផ្សារក្រៅប្រទេសដោយរបៀបណា?


នៅមួយរយៈចុងក្រោយនេះ ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាបានស្ទុះឡើងយ៉ាងខ្លាំង ប៉ុន្ដែក្នុងនោះ ការនាំចេញរបស់កម្ពុជាដោយត្រង់ទៅកាន់ទីផ្សារក្រៅប្រទេសគឺនៅមានកម្រិតនៅឡើយទេ ខណៈដែលកម្ពុជានៅតែពឹងផ្អែកខ្លាំងលើទីផ្សារប្រទេសជិតខាងនៅឡើយ។
សកម្មភាពកសិករប្រមូលផលផ្លែស្វាយ

ត្រង់​ចំណុច​នេះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង អ្នកជំនាញ​បាន​អះអាង​ប្រាប់​ខេ​ម​បូ​ណូ​មី​ស​ថា ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ដោយ​ត្រង់​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស គឺ​មាន​លក្ខណៈ​តឹង​រឹង ពិសេស​ពាក់ព័ន្ធ​នឹង​ស្ដង់ដារ​គុណភាព និង ភូតគាម​អនាម័យ​តែ​ម្តង ដែល​តម្រូវការ​ស្តង់ដារ​ទាំងអស់​នេះ បច្ចុប្បន្ន​កម្ពុជា​កម្ពុជា​នូវ​មាន​កម្រិត​នៅឡើយ និង​ត្រូវ​ពង្រឹង​ខ្លួន​បន្ថែម​ទៀត ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផ្ទាល់​ដោយ​ខ្លួនឯង​បាន​។

បើ​ទោះបី កន្លង​មក កម្ពុជា បាន​នាំ​ចេញ​ផ្លែ​ឈើ​ស្រស់ ដូច​ជា ផ្លែ​ចេក​ស្រស់ និង​ផ្លែស្វាយ​ស្រស់ និង​ផលិត​មួយ​មួយ​ចំនួន​ទៀត​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​ពិសេស​ទីផ្សារ​ចិន​ដោយ​ត្រង់​ក៏​ដោយ ប៉ុន្ដែ​សម្រាប់​កសិផល​ជា​ច្រើន​មុខ​ទៀត កម្ពុជា​នៅ​តែ​ពឹងផ្អែក​លើ​ប្រទេស​ថៃ និង​វៀតណាម សម្រាប់​នាំ​ចេញ​ដដែល​។ ការ​ពឹងផ្អែក​ប្រទេស​ដទៃ សម្រាប់​នាំ​ចេញ ត្រូវ​បាន​អ្នកជំនាញ​ផ្នែក​សិ​កម្ម​មើលឃើញ​ថា វា​មិន​មាន​ស្ថិរភាព​នោះ​ទេ​។

ត្រង់​ចំណុច​នេះ ត្រូវ​បាន​អ្នកជំនាញ សង្កេត់​ធ្ងន់​ថា កម្ពុជា ត្រូវការ​ពេលវេលា​បន្ថែម ក្នុង​ការ​ពង្រឹងសមត្ថភាព​ផលិត ការ​រក្សា​ទុក ការ​វិច​ខ្ចប់​ផលិតផល​កសិកម្ម​ដើម្បី​នាំ​ចេញ​។

លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សហព័ន្ធ​ស្រូវ​-​អង្ករ កម្ពុជា បាន​លើក​ឡើង​ថា ការ​នាំ​ចេញ​កសិផល ដោយ​ត្រង់​ទៅ​កាន់​ទីផ្សារ មិនមែន​ជា​ការ​ងាយស្រួល​នោះ​ទេ ដូច្នេះ កម្ពុជា ត្រូវ​សិក្សា​ទីផ្សារ​របស់​ប្រទេស​នាំ​ចូល​ឱ្យ​បាន​ច្បាស់​ជា​មុន​សិន​។ ក្រៅពី​នេះ កម្ពុជា ក៏​គួរ​ពិចារណា លើ​ការងារ​កែ​ច្នៃ​ផលិតផល​បន្ថែម កុំ​រំពឹង​លើ​ការ​នាំ​ចេញ​ផលិតផល​ស្រស់​តែ​ម្យ៉ាង ព្រោះ​វា​អាច​ប្រឈម​ហានិភ័យ ដូច​ករណី​ប្រទេស​ថៃ​ពេល​នេះ កំពុង​រង​គ្រោះ​ដោយសារ​តែ​បញ្ហា​ចិន​ផ្អាក​ការ​នាំ​ចូល​ផ្លែ​មៀន ព្រោះតែ​បញ្ហា​មាន​សត្វល្អិត​ចង្រៃ​នៅ​លើ​ផ្លែ​មៀន​ទាំងនោះ​។ 

លើស​ពី​នេះ​ទៀត លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​សង្កត់ធ្ងន់​ថា ក្រៅ​តែ​ពី​ការ​ពង្រឹង​លើ​សមត្ថភាព​ខាងក្នុង​ទាក់ទង​បច្ចេកទេស​ដាំ​ដុះ ការ​វេច​ខ្ចប់​ត្រឹមត្រូវ​តាម​ស្ដង់ដា​រហើយ​នោះ ដើម្បី​អាច​នាំ​ចេញ​ផលិតផល​កសិកម្ម​ដោយ​ត្រង់​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​បាន វា​ចាំបាច់​ត្រូវ​តែ​មានការ​ឯកភាព​គ្នា​ផង​ដែរ រវាង​ប្រទេស​នាំ​ចេញ និង​ប្រទេស​នាំ​ចេញ​តាម​រយៈ​ការ​ចរចា​ស្រុះស្រួល​ពី​សំណាក់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​។

ជាមួយ​គ្នា​នេះ​ដែរ ក្រោយ​មើលឃើញ​ករណី​កើតឡើង​ក្នុង​ប្រទេស​ថៃ ដែល​ត្រូវ​ភាគី​ចិន​បិទ​ការ​នាំ​ចូល​ផ្លែ​មៀន​ទៅ​កាន់​ទីផ្សារ​ចិន ព្រោះ​បញ្ហា​រក​ឃើញ​សត្វល្អិត​នៅ​លើ​ផ្លែ​មៀន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា ឯកឧត្តម វេ​ង សា​ខុន បាន​ក្រើនរំឭក​ដល់​ក្រុមហ៊ុននាំចេញ​ផលិតផល​កសិកម្ម​ទាំងអស់ ត្រូវ​បង្កើន​សមត្ថភាព​របស់​ខ្លួន និង​គិតគូ​បន្ថែម នូវ​ចំណុច​មួយ​ចំនួន​។ ថ្លែងប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស ឯកឧត្តម វេ​ង សា​ខុន បាន​ក្រើនរំលឹក​ថា ក្រុមហ៊ុននាំចេញ​ទាំងអស់ មិន​ត្រូវ​មើល​ស្រាល​លើ​ការងារ​រៀបចំ សម្អាត វេច​ខ្ចប់ ការ​ស្តុក ការ​ដឹក​ជញ្ជូន​នោះ​ឡើយ ពោល​គឺ​ត្រូវ​បន្ដ​អនុវត្ត​ឲ្យ​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ ដូចដែល​បាន​ចុះហត្ថលេខា​ព្រមព្រៀង​នៅ​ក្នុង​ពិធីសារ​រវាង​ប្រទេស​នាំ​ចេញ និង​ប្រទេស​នាំ​ចូល​។

យោង​តាម​របាយការណ៍​នាំ​ចេញ​ផលិតផល​កសិកម្ម របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២១ កម្ពុជា បាន​នាំ​ចេញ​កសិផល​សរុប ជាង ៤​លាន​តោន ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ដែល​គិត​ជា​ទឹកប្រាក់​សរុប​ជាង ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អទ្ថបទ៖ ខន ណារី

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកចិញ្ចឹមជ្រូកស្នើឲ្យបិទការនាំចូលជ្រូក ពិសេសបង្ក្រាបការនាំចូលខុសច្បាប់!

ព័ត៌មាន
បើទោះបីជា រាជរដ្ឋាភិបាលបានកាត់បន្ថយ និង ចាត់វិធានការរឹតបន្ដឹងលើការនាំចូលសត្វជ្រូករស់ពីក្រៅប្រទេសមកនៅតិចជាងមុនក្ដី ប៉ុន្ដែបញ្ហានាំចូល...

កម្ពុជាត្រៀមនាំចេញមាសជាង១០០គីឡូក្រាមបន្ថែមទៀត ទៅកាន់ទីផ្សារក្រៅប្រទេស

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា មកទល់ពេលនេះកម្ពុជាចម្រាញ់មាសពីខេត្តមណ្ឌលគិរីបានជាង២០០គីឡូក្រាមហើយ ខណៈបច្ចុប្បន្នកម្ពុជាកំ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ