សហភាពអឺរ៉ុប-អាមេរិក

តើ EU នឹងដោះស្រាយបញ្ហាច្បាប់ឧបត្ថម្ភធនរបស់អាមេរិក និងផែនការឈប់ប្រើប្រាស់រថយន្ដប្រើប្រេងដោយរបៀបណា?


ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យ ទី៥ ខែមីនាថា លោកស្រីប្តេជ្ញាចិត្តប្រឆាំងនឹងបញ្ហាប្រឈមទាក់ទងនឹងការឧបត្ថម្ភធនរបស់សហរដ្ឋអាមេរិកសម្រាប់បច្ចេកវិទ្យាបៃតង និងប្ដេជ្ញាចិត្តពន្លឿនច្បាប់ដែលជាប់គាំងបច្ចុប្បន្នស្តីពីការបញ្ឈប់ការប្រើប្រាស់យានយន្ដប្រើប្រាស់ប្រេងឥន្ធនៈនៅឆ្នាំ២០៣៥តទៅ។ នេះបើតាមការចេញផ្សាយរបស់ Channel News Asia។
ភាពរកាំរកូសផ្នែកពាណិជ្ជកម្មអឺរ៉ុប និងអាមេរិក រូបភាព the hill

នៅក្នុងជំនួបអធិការបតីអាល្លឺម៉ង់លោក Olaf Scholz និងគណៈរដ្ឋមន្ត្រីអាល្លឺម៉ង់នៅពេលចាប់ផ្តើមកិច្ចប្រជុំរយៈពេល២ថ្ងៃនៅជិតទីក្រុងប៊ែរឡាំង លោកស្រី von der Leyen បាននិយាយថា ច្បាប់កាត់បន្ថយអតិផរណារបស់សហរដ្ឋអាមេរិក (IRA) នឹងនាំមកនូវការបន្ធូរបន្ថយពន្ធយ៉ាងច្រើនសម្រាប់ បច្ចេកវិទ្យាស្អាតដែលផលិតនៅសហរដ្ឋអាមេរិក។ ប៉ុន្ដែច្បាប់នេះ វាក៏ធ្វើឲ្យក្រុមហ៊ុនអឺរ៉ុបប្រឈមនឹងការចាញ់ប្រៀបក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនអាមេរិកផងដែរ។

លោកស្រី von der Leyen បានប្រាប់អ្នកយកព័ត៌មាននៅវិមាន Meseberg ក្បែរទីក្រុងប៊ែរឡាំងប្រទេសអាល្លឺម៉ង់ថា មេដឹកនាំទាំង២នេះបានពិភាក្សាគ្នាពីដំណោះស្រាយមួយចំនួន គឺការចរចាជាមួយសហរដ្ឋអាមេរិកសុំឱ្យបកស្រាយច្បាប់នេះ និងការវិនិយោគរបស់អឺរ៉ុប និងការពន្លឿនដំណើរការមួយចំនួនទៀត។

លោកស្រីបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីនៅអឺរ៉ុបត្រូវបានផ្តល់សិទ្ធិទទួលបានអត្ថប្រយោជន៍ពន្ធពីសហរដ្ឋអាមេរិក ប៉ុន្តែសហភាពអឺរ៉ុបចង់បានការធានាថា ពួកគេក៏ទទួលបានអត្ថប្រយោជន៍ផងដែរនៅផ្នែកផលិតកម្មអាគុយរថយន្ដ និងផ្នែកសមាសធាតុផលិតអាគុយរថយន្ដជាចំណុចមួយដែលត្រូវការពិភាក្សាគ្នាបន្ថែមទៀត ជាមួយទីក្រុងវ៉ាស៊ីនតោន។

លោកស្រីបាននិយាយថា សកម្មភាពនីតិប្បញ្ញត្តិរបស់អឺរ៉ុបក្នុងរយៈពេល២សប្តាហ៍មកនេះនឹងស្នើសុំឱ្យបញ្ចេញជំនួយ និងមូលនិធិរបស់អឺរ៉ុប ដែលមកដល់ពេលនេះមិនត្រូវបានប្រើប្រាស់សម្រាប់ការផ្លាស់ប្តូរបៃតងនៅក្នុងតំបន់នេះនៅឡើយទេ។

របាយការណ៍របស់គណៈកម្មការស្តីពីការប្រកួតប្រជែង ដែលនឹងត្រូវកំណត់ក្នុងពេលជាមួយគ្នានេះដែរនឹងជួយបន្ថយឧបសគ្គនៅក្នុងទីផ្សារផ្ទៃក្នុងសហភាពអឺរ៉ុប និងដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មឯកទេស ដែលលោកស្រី Von de Leyen បានហៅថាជា«ឧបសគ្គចំពោះកំណើន»។

លោកស្រីបាននិយាយថា សហភាពអឺរ៉ុបទើបតែសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីៗនេះជាមួយប្រទេសនូវែលសេឡង់ និងឈីលី។ ដោយឡែកពីនោះ សហភាពអឺរ៉ុបក៏កំពុងស្វែងរកកិច្ចព្រមព្រៀងជាមួយប្រទេសអូស្ត្រាលី ម៉ិកស៊ិក និងប្លុកអាមេរិកឡាទីននៅចុងឆ្នាំ២០២៣នេះផងដែរ។

លោក Scholz និងលោកស្រី von der Leyen បាននិយាយថា សហភាពអឺរ៉ុបក៏កំពុងតែសម្លឹងមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌូនេស៊ី និងឥណ្ឌាផងដែរ។

ពាក់ព័ន្ធនឹងការអូសបន្លាយពេលនៃផែនការឈប់លក់រថយន្ដប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងសហភាពអឺរ៉ុបនៅត្រឹមឆ្នាំ២០៣៥ លោកស្រី Von der Leyen បាននិយាយថា បញ្ហាមួយចំនួនអាចត្រូវបានដោះស្រាយជាបណ្ដើរៗហើយ។

លោកស្រី Leyen បាននិយាយថា វាត្រូវតែមានតុល្យភាពជាមួយគោលដៅអាកាសធាតុ ដែលមានការព្រមព្រៀងគ្នា ហើយការពិភាក្សានេះ គឺមានលក្ខណៈស្ថាបនា៕




អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីដាក់មហិច្ឆតាជំរុញគម្រោងរដ្ឋធានីថ្មីឲ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៅអាស៊ី

ព័ត៌មាន
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កំពុងខំប្រឹងយ៉ាងខ្លាំងក្នុងការជំរុញការវិនិយោគនៅក្នុងគម្រោងដ៏លេចធ្លោរបស់លោក គឺការផ្លាស់ប្តូរទីតាំ…

តើច្បាប់ទាក់ទងនឹងតម្លាភាពធនាគាររបស់ថៃ ដែលនឹងចូលជាធរមាននៅឆ្នាំក្រោយ សំខាន់អ្វីខ្លះ?

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃក្រសួងហិរញ្ញវត្ថុថៃ បាននិយាយថា ច្បាប់តម្លាភាពធនាគារ ដែលជាច្បាប់គ្រប់គ្រងការផ្លាស់ប្តូរព័ត៌មានអំពីគណនីប្រាក់បញ្ញើរបស់ប្រជាជ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ