សារព័ត៌មាន ខេមបូណូមីស សូមធ្វើការចែករំលែកដូចតទៅ ៖
ដំណាក់កាលទី១
មុននឹងអាចទៅបង់ពន្ធប្រថាប់ត្រាបាន យើងត្រូវធ្វើដំណើរទៅកាន់អគ្គនាយកដ្ឋានដឹកជញ្ជូន សម្រាប់អ្នកនៅរាជធានីភ្នំពេញ និងទៅមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សម្រាប់អ្នកនៅខេត្ត ដើម្បីទទួលបានសំណុំឯកសារផ្ទេរកម្មសិទ្ធិយានយន្ត ដែលសំណុំឯកសារនេះ រួមមាន កិច្ចសន្យាធានាចំនួន ០២សន្លឹក និងពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្ត ០១សន្លឹក។
បន្ទាប់មក នៅក្នុងបរិវេណនៃទីតាំងដដែលនេះ មានក្រុមបុរសមួយក្រុម ដែលមានជំនាញកាល់គែរ (ស្កេន)លេខម៉ាស៊ីននិងលេខតួរថយន្ត ដោយត្រូវចំណាយអស់ ១ម៉ឺនរៀល ។
រួចហើយ យើងត្រូវបំពេញបែបបទលើកិច្ចសន្យាធានាចំនួន ០២សន្លឹកនោះ ហើយយកទៅបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ឬសង្កាត់ដែលយើងរស់នៅ។ ឯកសារដែលត្រូវភ្ជាប់នៅពេលទៅបញ្ជាក់កិច្ចសន្យាធានានៅប៉ុស្តិ៍រដ្ឋបាលនគរបាលនោះ រួមមាន៖
- កិច្ចសន្យាធានា ០២សន្លឹក(ត្រូវចុះហត្ថលេខា និងផ្តិតមេដៃនៅចំពោះមុខនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតែម្តង)
- ថតចម្លងពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្ត ០១សន្លឹក ដែលបានកាល់គែរ(ស្កេន)លេខម៉ាស៊ីននិងលេខតួរថយន្តរួច
- ថតចម្លងអត្តសញ្ញាណបណ្ណរបស់អ្នកទិញនិងអ្នកលក់ ក្នុងករណីរថយន្តទិញលក់ច្រើនដង ត្រូវភ្ជាប់អត្តសញ្ញាណបណ្ណរបស់ម្ចាស់ដើម ដែលមានឈ្មោះដូចក្នុងកាតគ្រី
- ថតចម្លងបណ្ណសម្គាល់យានយន្ត(កាតគ្រីរថយន្ត)
- ថតចម្លងលតាបត្ររថយន្ត ដែលចេញដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(ម៉ាញ៉ែត)
- ថតចម្លងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត(ក្រដាសឆៀករថយន្ត)
- ថតចម្លងសំបុត្រកំណើត និងសៀវភៅស្នាក់នៅប្រភេទ(ក២)
- ថតរូបរថយន្តពីមុខ និងពីក្រោយ ដោយព្រីនកូល័រ (ហាមព្រីនស-ខ្មៅ)
នៅពេលដែលអ្នកមានឯកសារទាំងនេះហើយ អ្នកទទួលបានការបញ្ជាក់និងទទួលស្គាល់តាមផ្លូវច្បាប់នៅលើកិច្ចសន្យាធានាចំនួន ០២សន្លឹកនោះ។ គួរជម្រាបថា ការបញ្ជាក់និងទទួលស្គាល់តាមផ្លូវច្បាប់នៅលើកិច្ចសន្យាធានាចំនួន០២សន្លឹកនោះ មិនមានការរង់ចាំយូរទេ(មិនដល់មួយថ្ងៃទេ) អាចបានភ្លាម បើសិនជាយើងមានឯកសារគ្រប់គ្រាន់ និងតាមសភាពជាក់ស្តែង(ក្នុងករណីមានមនុស្សទៅធ្វើ អាចចាំយូរបន្តិច តែក៏មិនលើសពីមួយថ្ងៃដែរ)។
ដំណាក់កាលទី២
ជាដំណាក់កាលដែលត្រូវបង់ពន្ធផ្លូវ ឬពន្ធលើមធ្យោបាយដឹកជញ្ជូន ព្រោះថា ក្រសួងសាធារការតម្រូវឲ្យយើងបង់ពន្ធផ្លូវសម្រាប់ឆ្នាំ២០២០ នៅពេលកាត់ឈ្មោះនេះ បើទោះជាពន្ធផ្លូវឆ្នាំ២០១៩ មិនទាន់ផុតសុពលភាពក៏ដោយ។ ការបង់ពន្ធផ្លូវ ឬពន្ធមធ្យោបាយដឹកជញ្ជូននេះ យើងអាចបង់នៅធនាគារ អេស៊ីលីដា ឬក៏ធនាគារណាក៏បាន ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ ដោយត្រូវភ្ជាប់ទៅជាមួយនូវ៖
- អត្តសញ្ញាណបណ្ណច្បាប់ដើម
- បណ្ណសម្គាល់យានយន្តឬកាតគ្រី ច្បាប់ដើម
- លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០១៩
វានឹងកាន់តែងាយស្រួល និងឆាប់រហ័ស បើសិនជាអ្នកបង់តាមធនាគារអេស៊ីលីដា ហើយមានកាតសម្គាល់ការបង់ពន្ធមធ្យោបាយដឹកជញ្ជូន ដែលចេញដោយធនាគារអេស៊ីលីដា ដោយត្រូវចំណាយ ៥ពាន់រៀល ដើម្បីធ្វើកាតនេះ។
ចំពោះតម្លៃបង់ពន្ធផ្លូវ ឬពន្ធមធ្យោបាយដឹកជញ្ជូននេះ អាស្រ័យទៅតាមប្រភេទ និងឆ្នាំផលិតរបស់រថយន្តនោះ ហើយយើងនឹងទទួលបានលតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២០ ភ្លាមៗ ពីភ្នាក់ងាររបស់ធនាគារ។ ដំណាក់កាលបង់ពន្ធផ្លូវនេះ ជាដំណាក់កាលសំខាន់ណាស់ ព្រោះថា បើយើងមិនបានបង់ពន្ធផ្លូវ ឬពន្ធមធ្យោបាយដឹកជញ្ជូននេះទេ គឺមិនអាចទៅបង់ពន្ធប្រថាប់ត្រានៅអគ្គនាយកដ្ឋានពន្ធដារបានឡើយ។
ដំណាក់កាលទី៣
នៅក្នុងដំណាក់កាលបង់ពន្ធប្រថាប់ត្រានេះ អាចថា ជាដំណាក់កាលចុងក្រោយនិងចាំបាច់បំផុត មុននឹងឈានដល់ការទៅផ្ទេរកម្មសិទ្ធិយានយន្ត ឬកាត់ឈ្មោះឡាន។ ការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត មានភាពស្មុគស្មាញបន្តិច ជាពិសេស មានការភ័ន្តច្រឡំច្រើន ចំពោះតម្លៃពន្ធប្រថាប់ត្រា ៤%នេះតែម្តង។
ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត ៤% គឺខាងពន្ធដារគេគិតទៅតាមប្រភេទរថយន្ត ឆ្នាំផលិតរថយន្ត និងទំហំស៊ីឡាំងរបស់រថយន្ត មិនមែនគិតទៅតាមតម្លៃរថយន្តដែលយើងបានទិញរថយន្តនោះទេ។
ឧទាហរណ៍៖ រថយន្ត តូយូតា កាម៉ារី ផលិតនៅឆ្នាំ២០០២ មានទំហំស៊ីឡាំង ២៤០០ ត្រូវឈរលើមូលដ្ឋានគិតពន្ធ ៦លានរៀល(កំណត់ដោយពន្ធដារតែម្តង) ដូចនេះ យើងអាចយក ៦លានរៀល គុណនឹង៤ ចែកនឹង១០០ គឺស្មើនឹង ២៤ម៉ឺនរៀល។ ដូចនេះ ពន្ធប្រថាប់ត្រារបស់រថយន្ត តូយូតា កាម៉ារី ផលិតនៅឆ្នាំ២០០២ គឺ ២៤ម៉ឺនរៀល។
សម្រាប់ឯកសារដែលយើងត្រូវការ ដើម្បីអាចបង់ពន្ធប្រថាប់ត្រាបាន រួមមាន៖
- ពាក្យសុំប្រកាសបង់ពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិយានយន្ត VTT01 មួយសន្លឹក (ពាក្យនេះមាននៅអគ្គនាយកដ្ឋានពន្ធដារ)
- លិខិតទិញ-លក់យានយន្ត
- កិច្ចសន្យាធានា០២សន្លឹក ដែលបានបញ្ជាក់ដោយប៉ុស្តិ៍នគរបាលរដ្ឋបាលរួចរាល់
- ពាក្យសុំផ្ទេរកម្មសិទ្ធិយានយន្តដែលបានកាល់គែរ(ស្កេន)លេខម៉ាស៊ីននិងលេខតួរថយន្តរួច (ច្បាប់ដើមមួយសន្លឹក និងថតចម្លងមួយសន្លឹក)
- ថតចម្លងអត្តសញ្ញាណបណ្ណរបស់អ្នកទិញ ឬអ្នកទទួលសិទ្ធិ(១សន្លឹក)
- ថតចម្លងអត្តសញ្ញាណបណ្ណអ្នកលក់ ឬអ្នកផ្ទេរសិទ្ធិ ០១សន្លឹក (ឈ្មោះម្ចាស់ដើមក្នុងកាតគ្រី)
- ថតចម្លងបណ្ណសម្គាល់យានយន្ត(កាតគ្រីរថយន្ត)
- ថតចម្លងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត(ក្រដាសឆៀករថយន្ត)
- លតាបត្របង់ពន្ធលើមធ្យោបាយដឹកជញ្ជូន ឆ្នាំ២០២០
ចំពោះមូលដ្ឋានគិតពន្ធប្រថាប់ត្រា ខាងភ្នាក់ងារពន្ធដារមានតារាងមួយសម្រាប់មើល ដើម្បីគិតពន្ធឲ្យយើងតែម្តង ហើយខាងក្រោមនេះជាតារាង គិតពន្ធប្រថាប់ត្រាលើយានយន្តគ្រប់ប្រភេទ។ មួយវិញទៀត យើងត្រូវត្រៀមលុយឲ្យគ្រប់ចំនួនដែលត្រូវបង់ពន្ធឲ្យហើយជាស្រច ព្រោះនៅអគ្គនាយកដ្ឋានពន្ធដារ មិនមានលុយអាប់នោះទេ។
ក្រោយពីបង់ប្រាក់រួចរាល់ មន្រ្តីពន្ធដារនឹងចេញលិខិតបញ្ជាក់ពីការទទួលឯកសារសម្រាប់ស្នើសុំបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្តមួយសន្លឹក ហើយត្រូវរង់ចាំរយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃដាក់ឯកសារ ទើបទទួលបានលិខិតផ្លូវការមួយពីអគ្គនាយកដ្ឋានពន្ធដារ ដោយបញ្ជាក់ថា យើងពិតជាបានបង់ពន្ធប្រថាប់ត្រារួចរាល់ពិតប្រាកដមែន។ ហើយយើងអាចយកលិខិតនេះ ភ្ជាប់ជាមួយឯកសារមួយចំនួន ដែលក្រសួងសាធារណការត្រូវការ ដើម្បីផ្ទេរកម្មសិទ្ធិយានយន្ត ឬកាត់ឈ្មោះឡាន។
សូមជម្រាបថា ខាងលើនេះ គឺជាការចែករំលែកពីបទពិសោធន៍របស់អ្នកយកព័ត៌មាននៃសារព័ត៌មាន ខេមបូណូមីស ដែលបានចុះទៅធ្វើផ្ទាល់តែម្តង៕