ព្យាករណ៍សេដ្ឋកិច្ច​កម្ពុជា

សម្តេចហ៊ុន សែន អះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ អាចនឹងធ្លាក់ចុះ -១,៩%


រលកព្យុះនៃវិបត្តិកូវីដ-១៩ បាននិងកំពុងបោកបក់មកលើសេដ្ឋកិច្ចបណ្ដាប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោក ខណៈដែលនៅឆ្នាំនេះ នឹងមិនមានប្រទេសច្រើនទេ ដែលអាចរក្សាបាននូវកំណើនសេដ្ឋកិច្ចវិជ្ជមាន ពោលគឺមានប្រទេសជាច្រើននឹងមានសេដ្ឋកិច្ចដាំក្បាលចុះ។ យ៉ាងណាមិញ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅឆ្នាំ២០២០នេះដែរ ត្រូវបានសម្តេច ហ៊ុន សែនអះអាងថា តាមការប៉ាន់ប្រមាណរបស់អ្នកសេដ្ឋកិច្ច ក៏ដូចជាស្ថាប័នអន្តរជាតិធំៗបង្ហាញថា ភាពប្រាកដប្រជានៃសេដ្ឋកិច្ចរបស់កម្ពុជាអាចនឹងធ្លាក់ចុះដល់ -១,៩%។
សម្តេចហ៊ុន សែន អះអាងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ អាចនឹងធ្លាក់ចុះ -១,៩%

ថ្លែងនៅក្នុង​​ឱកាស​អញ្ជើញពិនិត្យ​មើលការដ្ឋានសាងសង់ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញថ្មី ស្ថិតនៅឃុំ​ព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ព្រឹកថ្ងៃទី ២២ ខែមិថុនានេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា​បាន​អះអាងថា នៅឆ្នាំនេះ វិបត្តិកូវីដ-១៩ បានធ្វើឲ្យប្រទេស​កម្ពុជា ក៏ដូចជា​ពិភពលោក​ទាំងមូល​កំពុងស្ថិត​នៅក្នុងស្ថានភាព​មិនច្បាស់លាស់​ និងមានការប៉ះទង្គិច​ទៅលើ​បញ្ហា​ជាច្រើន​ ពិសេស​វិបត្តិសេដ្ឋកិច្ច​ពិភពលោក​។ បើតាម​សម្ដេច ហ៊ុន សែន នៅឆ្នាំនេះ អាចនឹង​មាន​ប្រទេស​តិចតួចណាស់ ដែលមាន​សេដ្ឋកិច្ច​វិជ្ជមាន រួមទាំង​កម្ពុជា​ផងដែរ ពោលគឺ​អាចនឹងសេដ្ឋកិច្ច​ធ្លាក់ចុះ ដែលមាន​ក្នុងអត្រាអវិជ្ជមាន គឺដក តែម្ដង។

សម្តេច ហ៊ុន សែន​បាន​គូសបញ្ជាក់យ៉ាងដូច្នេះ «ឆ្នាំនេះ ប្រហែលមាន​ប្រទេសតិចតួចណាស់​ ប្រទេសដែលមាន​សេដ្ឋកិច្ច​វិជ្ជមាន​ កំណើន​វិជ្ជមាន​ ប៉ុន្ដែ​ភាគច្រើន​សេដ្ឋកិច្ច​របស់យើង សេដ្ឋកិច្ច​នៃ​បណ្ដាប្រទេស​ គឺធ្លាក់ បានសេចក្ដីថា​ដក។ ប្រទេសខ្លះ បាន​ប្រកាស​ទុកជាមុនហើយ​ ដូចជា​សាំងហ្គាពួរ​ថា នឹងដក​ដល់ទៅ ៧%នោះ ប្រទេសខ្លះថា [ដក] ១០% នោះ! ប៉ុន្ដែ​កម្ពុជា​តាម​​ការប៉ាន់​ប្រមាណ​របស់​អ្នកសេដ្ឋកិច្ច​របស់យើង​ របស់ធនាគារ​អភិវឌ្ឍន៍អាស៊ី របស់ IMF និងធនាគារ​ពិភពលោក​ សេដ្ឋកិច្ច​កម្ពុជា​អាច​ធ្លាក់​ក្នុងរង្វង់​១,៥% ទៅ​២,៩%។ ប៉ុន្ដែ សម្រាប់យើង យើង​វាយតម្លៃថា ភាពប្រាកដ​ប្រជា​អាចនឹង​​ដក ១,៩% នៅឆ្នាំនេះ។»

សម្តេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ទៀតថា ការធ្លាក់ចុះ​នៃសេដ្ឋកិច្ច​របស់​កម្ពុជា​តាមអ្វីដែលបាន​ប៉ាន់ប្រមាណ និងវាយតម្លៃខាងលើនេះ គឺជា​ការធ្លាក់ចុះ​មួយ​មិនធ្លាប់មាន​ឡើយ​ក្នុងរយៈពេល ២០ឆ្នាំមកនេះ។ 

បើទោះបីជាយ៉ាងណាក៏ដោយ សម្តេចបាន​បញ្ជាក់ថា គិតមកទល់នឹងពេលនេះ មិនទាន់មាន​ក្រុមហ៊ុន​ណាមួយ​ប្រកាស​ក្ស័យធន​ ឬក៏ការប្រកាសអាសន្ន​ពីការ​ខ្វះទុននោះទេ។ ជាក់ស្ដែង ក្រុមហ៊ុន​សាងសង់​ព្រលានយន្ដហោះ​ភ្នំពេញថ្មី ដែលមានតម្លៃ១.៥០០ លាន​ដុល្លារអាមេរិកនោះ ក៏​ក្រុមហ៊ុន​អ្នកសាងសង់​មួយនេះ មិនមាន​ប្រកាសថា ខ្វះទុនដើម្បី​សងសង់ ឬផ្អាក​ដំណើរ​ការសាងសង់នោះដែរ​។ លើសពីនេះទៀត ក្រុមហ៊ុនអភិវឌ្ឍន៍​សំណង់ធំៗដូចជា បុរីប៉េង ហួត, បុរី​ជីប ម៉ុង នៅតែ​បន្ដ​ដំណើរការសាងសង់​ធម្មតា។

សម្តេច ហ៊ុន សែន មានប្រសាសន៍ថា «យើង​មើល​ក្រុមហ៊ុន​ដទៃទៀត ដូចជា​ក្រុមហ៊ុន​ប៉េង ហួត ក្រុមហ៊ុន ជីប ម៉ុង​ កំពុងតែបើក​ការដ្ឋាន​សាងសង់​ទាំងអស់​ ពីមុនធ្លាប់សាងសង់​អាម៉េច នៅតែសាងសង់ដដែល​ ​ខ្ញុំបានជួប​ ប៉េង ហួត ជួបលាង ឃុន (ម្ចាស់គម្រោង​បុរីជីប ម៉ុង) ខ្ញុំបាន​សួរថា ផ្ទះនៅលក់ដាច់អត់? ថាដាច់ គ្រាន់​តែដាច់​តិចជាងមុន​តែប៉ុណ្ណឹង! អញ្ចឹង​ប្រជាជនខ្មែរ​នៅមានលទ្ធភាព​ ដើម្បីទិញផ្ទះតើ!»។

ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជា​សល់សាច់លុយ​សន្សំជាង​៣.៥០០លានដុល្លារ ហើយមិនទាន់បានប្រើប្រាស់ថវិកាជាតិសូម្បី១សេននោះទេ នៅក្នុង​អំឡុង​ពេលការរាតត្បាត​នៃ​កូវីដ-១៩នេះ។

សម្តេច​បាន​បន្ថែម​ថា បើ​ទោះបីជា​ចំណូល​ពន្ធគយ​ធ្លាក់​ចុះ​បន្តិច​មែន តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បើក​ប្រាក់បៀវត្សរ៍​ដល់​មន្ត្រីរាជការ​ប្រចាំខែ​នោះ​ទេ ព្រោះរាជ​រដ្ឋាភិបាល​មាន​ចំណូល​ចរន្ត ដែល​អាច​ទប់ទល់​ទោះជា​ក្នុងអំឡុងពេល​វិបត្តិ​កូ​វី​ដ​នេះ​ក្ដី។

សម្តេចនាយករដ្ឋមន្ត្រី​សង្កត់ធ្ងន់ទៀតថា វិបត្តិកូវីដ-១៩នេះ នឹងមិនអាច​សម្លាប់​រាជរដ្ឋាភិបាល​កម្ពុជា​បាននោះទេ។

គួរបញ្ជាក់ថា កាលពីខែ​ឧសភា​កន្លងនេះ ធនាគារ​ពិភពលោក បាន​ព្យាករ​ពីសេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំ២០២០នេះថា ទំនងជាមិនអាចរកឃើញកំណើនវិជ្ជមានទេ ប៉ុន្ដែនឹងមានដល់ -១% (ក្នុងសេណារីយោគោល នៃការព្យាករ) និង -២,៩% (ក្នុងសេណារីយោដែលទាបបំផុត)។

របាយការណ៍របស់ធនាគារពិភពលោក ស្ដីអំពី «កម្ពុជា​នៅក្នុង​កាលៈទេសៈ​មានវិបត្តិ​កូវីដ-១៩» បានឲ្យដឹងថា វិបត្តិ​សេដ្ឋកិច្ច និងការរីករាលដាល​នៃមេរោគ​កូវីដ-១៩ បាន​បង្ក​ការ​គំរាមកំហែង​ខ្លាំងមែនទែនមកលើការអភិវឌ្ឍដែលកម្ពុជាសម្រេចបាន​ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ នៃប្រវត្តិសាស្ត្រ​របស់ខ្លួន។ ​

ក្នុងនោះដែរ ធនាគារពិភពលោក​បាន​កត់សម្គាល់ឃើញថា មានវិស័យ​បី​ដែលជាក្បាលម៉ាស៊ីន​សេដ្ឋកិច្ច​របស់​កម្ពុជា គឺមានរង​ការប៉ះ​ទង្គិច​ខ្លាំងជាងគេ រួមមាន វិស័យ​ទេសចរណ៍ ឧស្សាហកម្ម ផលិតសម្រាប់​នាំចេញ និងវិស័យសំណង់។ វិស័យទាំងបីនេះ មានចំណែករហូតដល់ទៅ ៧០% នៃកំណើន​សេដ្ឋកិច្ច​ និងផ្ដល់ការងារ​មាន​កម្រៃ​ចំនួន​៣៩,៤% នៃការងារ​សរុប​នៅក្នុងឆ្នាំ២០១៩កន្លងទៅ។

បើតាម​សេដ្ឋវិទូ​ប្រចាំធនាគារពិភពលោក គឺលោក លី សូដេត បាន​ឲ្យដឹងថា ក្នុងចំណោម​វិស័យដែល​រងផលប៉ះពាល់នេះ គឺវិស័យទេសចរណ៍ មានការ​រង​ប៉ះពាល់ធំធេងជាងគេ​បំផុត។

ដោយឡែក របាយការណ៍​ថ្មី​ចុងក្រោយមួយ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបាន​ចេញផ្សាយ​នៅក្នុងខែមិថុនា បាន​ព្យាករ​អំពីកំណើនសេដ្ឋកិច្ច​របស់​កម្ពុជាថា អាចនឹងធ្លាក់ចុះ ដល់ទៅ -៥,៥% ដោយការធ្លាក់ចុះនេះ គឺកម្ពុជាឈរ​​ក្នុង​លំដាប់​ទី៣ នៃប្រទេស​អាស៊ាន ដែលមាន​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ខ្លាំងជាងគេ។ ក្នុងនោះ ប្រទេសថៃ​ឈរលំដាប់ជួរមុខគេ ដែល​ត្រូវបាន​ព្យាករថា នឹងមានសេដ្ឋកិច្ច​ធ្លាក់ចុះ -៦,៥%  បន្ទាប់គឺសិង្ហបុរី -៦% និងកម្ពុជា​មាន -៥,៥%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច៖ កម្ពុជាសល់សាច់លុយសុទ្ធជាង៣៥០០លានដុល្លារ និងមិនទាន់បានប្រើប្រាស់ថវិកាជាតិសូម្បី១សេន នៅក្នុងអំឡុងពេលកូវីដ១៩នេះ

ព័ត៌មាន
នៅក្នុងឱកាសដែលអញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បា…

ឈ្មួញទុរេន៖ បច្ចុប្បន្នការដាំដុះទុរេនមានការកើនឡើង ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន

ព័ត៌មាន
«បច្ចុប្បន្នការដាំដុះទុរេនមានការកើនឡើង ប៉ុន្តែនៅតែមិនអាចផ្គត់ផ្គង់តម្រូវការក្នុងស្រុកបាន» នេះជាការលើកឡើងពីសំណាក់ម្ចាស់សហគមន៍ចម្ការស្តេចទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ