កម្ពុជា និង​សំណុំរឿង EBA

នាយក​រដ្ឋមន្រ្តី​៖ បើ​សិន​​អឺរ៉ុប​តម្រូវ​ឱ្យ​បង់​ពន្ធ​ទំនិញ​នាំចូល កម្ពុជា​នៅតែ​ចំណេញ ហើយ​ក៏​ថ្លៃថ្នូរ​ផងដែរ


នាយក​រដ្ឋមន្រ្តី សម្តេច ហ៊ុន សែន មាន​ប្រសាសន៍​​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែ​វិច្ឆិកា​នេះ ថា បើ​សិន​ជា​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA មែន គឺ​កម្ពុជា​នៅ​តែ​ចំណេញ ហើយ​ក៏​ថ្លៃថ្នូរ​ផងដែរ ព្រោះ​គេ​មិន​អាច​យក​រឿង​នេះ​មក​គំរាម​យើង​តទៅ​ទៀត​បាន​ទេ។
នាយក​រដ្ឋមន្រ្តី​ មាន​ប្រសាសន៍​នៅថ្ងៃទី២១ វិច្ឆិកា ២០១៩ ថា បើ​សិន​​អឺរ៉ុប​តម្រូវ​ឱ្យ​បង់​ពន្ធ​ទំនិញ​នាំចូល កម្ពុជា​នៅតែ​ចំណេញ ហើយ​ក៏​ថ្លៃថ្នូរ​ផងដែរ។
ដោយ

សម្តេច ហ៊ុន សែន បាន​ថ្លែង​​នៅ​ក្នុង​ពិធី​សម្ពោធ​អគារ​របស់​រាជ​បណ្ឌិត្យ​សភា​កម្ពុជា យ៉ាង​ដូច្នេះ​ថា ៖ “បើ​គេ​ឱ្យ​បង់ពន្ធ បង់​ពន្ធ​ឱ្យ​គេ​ទៅ គ្រាន់តែ​ពី​មុន វា​ចំណេញ​ច្រើន តែ​ឥឡូវ វា​ចំណេញ​តិច​ជាង តែ​ប៉ុណ្ណឹង តែ​វា​នៅ​តែ​ចំណេញ ហើយ​ក៏​វា​ថ្លៃថ្នូរ​ដែរ គេ​មិន​យក​អាហ្នឹង មក​គំរាម​យើង​តទៅ​ទៀត​បាន​ដែរ។"

ធនាគារ​ពិភពលោក កាលពី​ឧសភា​ ឆ្នាំ​នេះ បាន​ចេញ​របាយការណ៍​ថ្មី​របស់​ខ្លួន ដោយ​ក្នុង​នោះ បាន​ប៉ាន់​ប្រមាណ​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ចុះ​ចំណូល​ពី​ការនាំចេញ​ប្រហែល​ជាង ៦៥០​លាន​ដុល្លារ​អាមេរិក ប្រសិន​បើ​សហភា​​អឺរ៉ុប ពិតជា​សម្រេច​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា​មែន​នោះ។

គណៈកម្មការ​អឺរ៉ុប នៅថ្ងៃ​ទី១២ វិច្ឆិកា ២០១៩ បាន​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​កម្ពុជា នូវ​របាយការណ៍​បឋម​នៃ​ការស៊ើប​អង្កេត​របស់​ខ្លួន អំពី EBA សម្រាប់​កម្ពុជា និង​ទុក​ពេល​ឲ្យ​កម្ពុជា ០១ខែ ដើម្បី​ឆ្លើយ​តប មុន​ការ​សម្រេច​ថា ដក​ហូត EBA ពីកម្ពុជា ឬ​មិនដក ដែល​នឹង​ត្រូវ​ធ្វើ​ឡើង នៅខែ​កុម្ភៈ ឆ្នាំ​២០២០។

សម្តេច ហ៊ុន សែន បាន​ថ្លែង​បន្ត​ថា កម្ពុជា​មិនចង់​ឱ្យ​បាត់បង់ EBA ទេ ប៉ុន្តែ មិន​អាច​យក​មក​ដោះដូរ ជាមួយនឹង​ច្បាប់​និង​ឯករាជ្យ​របស់​ប្រទេស​បាន​នោះទេ។

សម្តេច ហ៊ុន សែន បាន​បញ្ជាក់​ដូច្នេះ​ថា “យើង​មិន​អាច​យក​អធិបតេយ្យ​របស់​យើង​ ទៅដូរនឹង​ជាមួយ​ជំនួយ​ឬ​ការ​អនុគ្រោះ​ណាទេ។ អ្វី​ដែល​យើង​ខិតខំ​ធ្វើ យើង​ធ្វើ​បាន យើង​ធ្វើ តែ​អ្វី​ដែល​យើង​ធ្វើ​មិន​បាន អត់​ទេ។”

សម្តេច​បាន​បន្ត​ថា ទីផ្សារ​នៅតែ​ជា​ទីផ្សារ គ្រាន់តែ​ពេល​មុន​អត់​បង់​ពន្ធ ឥឡូវ ត្រូវ​បង់​ពន្ធ ហើយ​ថា ការ​បង់​ពន្ធ​នេះ នៅត្រឹម​ឆ្នាំ​២០២៥ ឬ ២០២៦ គឺ​កម្ពុជា ត្រូវ​បង់​ពន្ធ​ឱ្យ​គេ​ហើយ ព្រោះ​សេដ្ឋកិច្ច​រីក​ចម្រើន។

កម្ពុជា គឺ​ជា​ប្រទេស​ទទួល​ផល​ប្រយោជន៍​ធំ​បំផុត​ទីពីរ ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នេះ ដោយ​កាល​ពី​ឆ្នាំ​២០១៨ កម្ពុជា​នាំ​ចេញ​ទំនិញ ដែល​ភាគ​ច្រើន​បំផុត​ជា​សម្លៀក​បំពាក់​កាត់ដេរ និង​ស្បែក​ជើង មាន​ទំហំ​ទឹក​ប្រាក់​ដល់​ទៅ ប្រមាណជា ៥,៨៤​ពាន់​លាន​ដុល្លារ​អាមេរិក ទៅកាន់​ទីផ្សារ​អឺរ៉ុប ដោយ​រួច​ពន្ធ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​វៀតណាម​សហការជាមួយ Google ដើម្បី​ផលិតទូរទស្សន៍

ព័ត៌មាន
ក្រុមហ៊ុន VinSmart ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​ Vingroup ដ៏ធំ​មួយ នៅ​វៀតណាម បាន​ប្រកាស​ឲ្យ​ដឹងថា ខ្លួន​នឹង​ផលិត​ទូរទស្សន៍​ឆ្ល…

ថ្ងៃបុណ្យសមុទ្រនៅខេត្តកំពត មិនទាន់មកដល់ សណ្ឋាគារ និងផ្ទះសំណាក់ត្រូវបានកក់ពេញអស់?

ព័ត៌មាន
ក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ក្នុងខេត្តកំពត ឲ្យបើកទទួលការកក់ពីភ្ញៀវឡើងវិញ និងកុំដំឡើងថ្លៃ ជ្រុលហួសហេតុពេក ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ