នាយករដ្ឋមន្ត្រី​កម្ពុជា​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង ចំពេល​ចិន​កំពុង​វឹកវរ​ដោយ​ជំងឺ​កូរ៉ូណា

មានទាំង​ការសរសើរ ទាំង​ការរិះគន់ ខណៈ​នាយករដ្ឋមន្រ្តី​កម្ពុជា​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង


នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ឆ្នាំ២០២០​នេះ ថា សម្ដេច​​អញ្ជើញ​​ទៅ​ទស្សនកិច្ច​ទីក្រុង​ប៉េកាំង​វិញ ដោយ​មិន​ទៅ​តំបន់​ដែលរង​ការ​វាយលុក​និង​ឆ្លង​រាលដាល​វីរុស​ កូរ៉ូណា នៅទីក្រុង​វូហាន​នោះ​ទេ បន្ទាប់​ពី​មាន​ការរិះគន់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​​សម្តេច​មិន​ឲ្យ​ធ្វើ​មាតុភូមិ​និវត្តន៍​​និសិ្សត​ខ្មែរ។
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានទៅដល់​ទីក្រុង​ប៉េកាំង នៅថ្ងៃទី៥ កុម្ភៈ ២០២០ និង​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយរដ្ឋមន្ត្រីការបរទេសចិន។
ដោយ

ទីក្រុង​វូហាន ជា​ទីកន្លែង​ដែល​កកើត​វីរុស​កូរ៉ូណា​ដំបូង​គេ​បំផុត នៅឆ្នាំ​២០១៩ ហើយ​ដែល​ជំងឺ​នេះ​បាន​សម្លាប់​មនុស្ស​ជិត ៥០០​នាក់​​ហើយ និង​ភាគច្រើន​ស្ថិត​ក្នុង​ទីក្រុង​វូហាន នៃ​​ខេត្ត​​ហ៊ូប៉ី ហើយ​ប្រទេស​ជាច្រើន​ផ្សេងទៀត បាន​បញ្ជូន​យន្តហោះ​ទៅ​ដឹក ពលរដ្ឋ​របស់​ពួកគេ​ចេញ​ពី​ទីនោះ។

ក៏​ប៉ុន្តែ សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​កាល​ពី​សប្តាហ៍​មុន​ថា លោក​មិន​ខ្លាច​នឹង​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​វូហាន ដើម្បី​សួរ​សុខទុក្ខ​និស្សិត​ខ្មែរ​ចំនួន ២៣​នាក់​ដែល​កំពុង​សិក្សា​នៅ​ទីនោះ​ទេ ក៏​ប៉ុន្តែ រដ្ឋាភិបាល​ចិន​មិន​បាន​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ដំណើរ​ទៅ។

សម្តេច​ក៏​បាន​មាន​ប្រសាសន៍​ផងដែរ​ថា កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​មាន​ការហោះហើរ​ពី​ប្រទេស​ចិន​ជា​បន្ត ហើយ​នឹង​មិន​ធ្វើ​មាតុភូមិ​និវត្តន៍​​​និសិ្សត​​ខ្មែរ​ ពី​ទីនោះ​មក​កម្ពុជា​វិញ​ឡើយ។

សម្តេចតេជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក នៅថ្ងៃ​ទី៥ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ដូច្នេះ​ថា "ដោយសារ​មិត្ត​ចិន​យល់​អំពី​ការព្រួយ​បារម្ភ​របស់​ខ្ញុំ​ចំពោះ​ពលរដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ចិន នៅ​ព្រឹក​មិញ​នេះ ខាង​រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ប៉េកាំង ដើម្បី​បាន​ជួប​សម្តែង​ការគួរសម​ជាមួយ​ភាគី​មិត្ត​​ចិន និង​បាន​ស្វែងយល់​អំពី​ការយក​ចិត្ត​ទុកដាក់​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​បង​ប្អូន​និង​កូន​ក្មួយ​សិស្ស​និស្សិត​ខ្មែរ​យើង​ដែល​កំពុង​រស់នៅ​និង​សិក្សា​នៅ​ក្នុង​ទីក្រុង​វូហាន ក៏ដូចជា​នៅ​ទូទាំង​ប្រទេសចិន។"

ការ​ប្រកាស​របស់​សម្តេច​នេះ​ក៏​មាន​ការ​កោត​សរសើរ​ជាច្រើន នៅ​លើ​បណ្តាញ​សង្គម​ថា នេះ​ជាការ​រួម​សុខ​រួម​ទុក្ខ​ជាមួយ​កូនចៅ ជា​ឪពុក​ម្នាក់​ដែល​មាន​គុណធម៌​ មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ជា​ឪពុក​ម្នាក់​ដែល​មិន​មាន​ទម្លាប់​រត់​និង​ទុក​ចោល​កូន​ចៅ​ម្តង​ណា​ឡើយ។

ការកោត​សរសើរ​ផ្សេង​ទៀត រួមមាន ថា នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​វីរភាព និង​មិត្តភាព​ដ៏​ស្មោះត្រង់​របស់​សម្តេច​ចំពោះ​ប្រទេស​ចិន ដែល​កំពុង​មាន​ទុក្ខ ជា​ចេតនា​មួយ​ដែល​គ្មាន​មេដឹកនាំ​ប្រទេស​ណា​ហ៊ាន​ធ្វើ​ដូច។

ក៏ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ក៏​មាន​ការរិះគន់​ខ្លះ​ដែរ ចំពោះ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន ទៅ​ប្រទេស​ចិន​ ដោយសារ​តែ​រដ្ឋាភិបាល​ចិន​កំពុងតែ​មមាញឹក​ខ្លាំង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាលដាល​នៃ​មេរោគ​នេះ។

លោក Phil Robertson ដែល​ជា​នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស បាន​សរសេរ​នៅ​លើ Twitter ដែល​មានន័យ​ជា​ភាសា​ខ្មែរ​ ថា សម្តេច ហ៊ុន សែន កំពុងតែ​ធ្វើ​ឱ្យ​មាន​ការរំខាន​ នៅពេល​ដែល​ទីក្រុង​ប៉េកាំង​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​វិបត្តិ​ពេញលេញ ហើយ​មិន​ត្រូវការ​ភ្ញៀវ​អន្តរជាតិ​ទេ នៅ​ពេល​នេះ។

អ្នកប្រើប្រាស់​ហ្វេសប៊ុក​ដែល​មាន​ឈ្មោះ​ថា Kim Jymin បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​សម្តេច ដោយ​បាន​ចោទ​សួរ​ថា តើ​កម្ពុជា​មាន​យន្តហោះ​ឬ​អត់ ដើម្បី​ទៅ​យក​និស្សិត​ខ្មែរ​ចេញ​ពីទីក្រុង​វូហាន ដោយ​បាន​លើកឡើង​ថា ប្រទេស​ផ្សេងៗ​ទៀត​បាន​យក​យន្តហោះ​ទៅ​យក​ប្រជាជន​គេ​ចេញ​ពី​វូហាន​រួច​ហើយ៕




អត្ថបទបន្ទាប់


កសិករដាំមៀនប៉ៃលិននៅឆ្នាំនេះព្រួយបារម្ភខ្លាំង ព្រោះដាំបានផលហើយតែគ្មានទីផ្សារ!

ព័ត៌មាន
មៀនប៉ៃលិន ដែលពលរដ្ឋទូទៅស្គាល់ថាជាតាង៉ែន កំពុងរងគ្រោះព្រោះគ្មានឈ្មួញទិញ ដែលបានធ្វើឲ្យកសិករភាគច្រើនក្នុងខេត្តប៉ៃលិន យំមិនចេញដ្បិតថា ដាំបាន…

លោក ស៊ី ជីនពីង អះអាងប្រាប់សម្តេច ហ៊ុន សែន ថា «និស្សិតខ្មែរនៅវូហាន នឹងត្រូវបានមើលថែយ៉ាងល្អ»

ព័ត៌មាន
ប្រធានាធិបតីចិន នៅក្នុងជំនួបជាមួយនឹងសម្ដេច ហ៊ុន សែន នៅទីក្រុងប៉េងកាំង នាថ្ងៃទី ០៥ កុម្ភៈ ឆ្នាំ២០២០នេះ បានអះអាងថា រដ្ឋាភិបាលចិន នឹងមើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ