តម្លៃស្រូវ

សម្ដេច ហ៊ុន សែន ផ្ដាំទៅម្ចាស់រោងម៉ាស៊ីនកិនស្រូវ «កុំយកទុន​ ៥០លានដុល្លារ ដែលបានពីរដ្ឋទៅច្របាច់កប្រជាជន» ដោយការទិញស្រូវទម្លាក់ថ្លៃ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ ដែលទទួលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលនៅឆ្នាំនេះ កុំឆ្លៀតឱកាសទិញទម្លាក់ថ្លៃ ស្រូវរបស់កសិករ។ សម្តេច បានបញ្ជាក់ទៀតថា សូមរោងម៉ាស៊ីនកិនស្រូវ ដែលបានទុន៥០លានដុល្លារ ពីរដ្ឋទៅ កុំយកទៅប្រើប្រាស់ដើម្បីច្របាច់កប្រជាជន ដោយការទិញបង្អាប់ទម្លាក់ថ្លៃស្រូវរបស់ពួកគេឲ្យសោះ។
សម្តេចតេជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបភាព៖ ទំព័រហ្វេសប៊ុក នាយករដ្ឋមន្ត្រី)
ដោយ

សម្តេច តេជោ ហ៊ុន សែន មាន​ប្រសាសន៍​យ៉ាងដូច្នេះ នៅក្នុង​ពិធីប្រគល់​សញ្ញាបត្រជូន​ដល់និស្សិត​នៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ដែលធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៩នេះ។ ក្រៅពី​បាន​អំពាវនាវ​ដល់​ម្ចាស់​រោងម៉ាស៊ីន​កិនស្រូវ​កុំឲ្យ​ទម្លាក់ថ្លៃ​ស្រូវ​របស់កសិករ​ហើយនោះ សម្តេច ហ៊ុន សែន ក៏បាន​ជំរុញ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ ត្រូវបន្តតាមដាន​រឿង​នេះ​ឲ្យបាន​ជាប់លាប់ផងដែរ។

សម្ដេច ហ៊ុន សែន មាន​ប្រសាសន៍​យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ថវិកា​ចំនួន ៥០ លាន​ដុល្លារ ដើម្បីជួយឲ្យ​ម៉ាស៊ីនកិនស្រូវ ប៉ុន្ដែ​សូមអស់លោកយល់​ មិនមែន​យក​៥០លាន​ដុល្លារ​ទៅច្របាច់​ក​ប្រជាជន​សម្រាប់​ទម្លាក់ថ្លៃ​នោះទេ។ ខ្ញុំសូមឲ្យ​ក្រសួង​ក្រសួង​ពាណិជ្ជកម្ម​ ក្រសួង​សេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ត្រួតពិនិត្យមើល​បញ្ហានេះ ឲ្យបាន​ឆាប់​តាមដែលអាចធ្វើទៅកើត»។

សម្ដេច ហ៊ុន សែន​សង្កត់ធ្ងន់ទៀតថា «ស្រូវឥឡូវ​កំពុងតែពេញហើយ ទាំងស្រូវវស្សាក៏ច្រូតកាត់ ទាំងស្រូវប្រាំង​ក៏ច្រូតកាត់ ដំណាលគ្នា។ ស្រូវមានចំនួនច្រើន ក៏ប៉ុន្ដែ ថ្លៃស្រូវក៏បានធ្លាក់ចុះ ចឹងសូមឲ្យ​បណ្ដារោងម៉ាស៊ីន​កិនស្រូវ ទទួលការទិញស្រូវ​ដោយតម្លៃសមរម្យ កុំទម្លាក់ថ្លៃ​ជ្រុលហួស ដែលធ្វើឲ្យ​ប្រជាកសិករ​របស់យើង​ជួបការលំបាក។»

ទាក់ទងនឹង​ការនាំចេញអង្ករវិញ សម្ដេច ហ៊ុន សែន បាន​គូសបញ្ជាក់ដែរថា បោះទោះបីជាថ្មីៗនេះ​ទីផ្សារអឺរ៉ុប បានតម្រូវ​ឲ្យអង្ករ​កម្ពុជា​នាំចូលទៅ ត្រូវបង់ពន្ធ​គយ​ក៏ពិតមែន ប៉ុន្ដែ ឃើញថា អង្ករ​របស់កម្ពុជា​នៅតែ​អាច​លក់​បាន​នៅក្នុង​ទីផ្សារអឺរ៉ុប ចំនួន ២៨ ប្រទេស​ដដែល។ ដូច្នេះ វា​សម្ដេច ចាត់ទុកថា វា​ដូចជាការ​ជួយជំរុញ​ឲ្យ​កម្ពុជា​មានទម្លាប់ល្អ ក្នុងការ​ធ្វើពាណិជ្ជកម្ម​ដោយមានការបង់ពន្ធ​ទៅវិញទេ។

បន្ថែមពីនេះទៀត សម្ដេច ហ៊ុន សែន បាន​បង្ហើបដែរថា កាលពីពេលថ្មីៗនេះ សម្ដេច ក៏បាន​ចុះហត្ថលេខា​លើការបញ្ចេញទុន ១០០ លាន​ដុល្លារអាមេរិក ដើម្បីបង្កើត​ធនាគារ​សហគ្រាស​ធុន​តូច និងមធ្យមផងដែរ ដើម្បី​ជំរុញ​ជួយដល់​វិស័យ​ឯកជន ខណៈដែល​វិស័យ​ស្រូវអង្ករ​ក៏ជាផ្នែកមួយ​នៃ​វិស័យនេះ​សហគ្រាសធុនតូច និងមធ្យមនេះដែរ។

គួរបញ្ជាក់ថា បើតាម​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​ឲ្យដឹងថា តាមរយៈ​ទុន​បន្ថែមថ្មី​ទំហំ​៥០ លានដុល្លារអាមេរិក ដែល​រដ្ឋាភិបាល​បាន​បញ្ចេញ​សម្រាប់​ផ្ដល់ជូន​រោងម៉ាស៊ីន​កិនស្រូវនេះ នឹងជួយដល់​រោងម៉ាស៊ីន​កិនស្រូវ​ និងសហគមន៍​កសិកម្ម ដែលជាសមាជិក​សហព័ន្ធ ក្នុង​ការ​បន្ត​ប្រមូល​ទិញស្រូវ​ពីប្រជា​កសិករ នៅរដូវប្រមូលផល​ឆ្នាំនេះ រហូតដល់​ដើមឆ្នាំ២០២០​ខាងមុខ។

យ៉ាងណាក៏ដោយចុះ បើតាម​ប្រធាន​សហព័ន្ធស្រូវអង្ករ​កម្ពុជា លោកឧកញ៉ា សុង សារ៉ន​ធ្លាប់បាន​គូស​បញ្ជាក់ថា យ៉ាងហោចណាស់​គេត្រូវការទុន​ប្រមាណ​ ២០០ លាន​ដុល្លារអាមេរិក ដើម្បីប្រមូលទិញ​ស្រូវ​ពីកសិករ ដើម្បី​ស្ដុកទុក និងកិនជាអង្ករ​ដើម្បី​នាំចេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កូនប្រុស​លោក គន់ គីម ច្រាន​ចោល​ទណ្ឌកម្ម​អាមេរិក​ថា “គ្មាន​មូលដ្ឋាន និង​​​មាន​ចរិត​នយោបាយ”

ព័ត៌មាន
កូនប្រុស​លោក គន់ គីម ទេសរដ្ឋមន្ដ្រី ដែល​ត្រូវ​បាន​អាមេរិក​ដាក់​ទណ្ឌកម្ម បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អាមេរិក​មក​លើ​ឪពុក​របស់​លោ…

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើបមួយ ត្រៀមជំរុញសក្ដានុពលសេដ្ឋកិច្ចខេត្តសៀមរាបកាន់តែខ្លាំង

ព័ត៌មាន
ខេត្តសៀមរាប ត្រូវបានគេមើលឃើញថា គឺជាខេត្តសក្ដានុពលមួយរបស់កម្ពុជាក្នុងការអភិវឌ្ឍបន្ទាប់ពីរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ។ យ៉ាងណាមិញ ដោយស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ