ហុងគ្រី-សហភាពអឺរ៉ុប

រដ្ឋាភិបាលហុងគ្រីដាក់ស្នើច្បាប់ប្រឆាំងអំពើពុករលួយជាលើកដំបូងភ្លាមៗ ក្រោយសហភាពអឺរ៉ុបគ្រោងកាត់ប្រាក់មូលនិធិ


រដ្ឋាភិបាលនៃប្រទេសហុងគ្រីបានបញ្ជូនសេចក្តីស្នើច្បាប់ប្រឆាំងអំពើពុករលួយជាលើកដំបូងទៅកាន់សភាជាតិរបស់ខ្លួនកាលពីថ្ងៃទី១៩ ខែកញ្ញា។ ការប្រញ៉ាប់ប្រញាល់ បញ្ជូនសេចក្តីស្នើច្បាប់ភ្លាមៗ ពីរដ្ឋាភិបាលទីក្រុងប៊ូដាផេសដូចនេះ គឺដើម្បីព្យាយាមបញ្ជៀសការកាត់ផ្ដាច់មូលនិធិ ដោយសហភាពអឺរ៉ុបក្នុងទឹកប្រាក់៧ពាន់៥រយលានដុល្លារ។
ហុងគ្រីដាក់ស្នើច្បាប់ប្រឆាំងអំពើពុករលួយក្រោយអឺរ៉ុបចង់កាត់មូលនិធិ!

គណៈកម្មាធិការអឺរ៉ុបកាលពីពេលថ្មីៗនេះ បានស្នើឱ្យសមាជិករបស់ខ្លួនពិចារណាកាត់បន្ថយមូលនិធិប្រមាណ១ភាគ៣នៃមូលនិធិសរុបសម្រាប់ប្រទេសហុងគ្រី ក្រោមហេតុផលថា នាយករដ្ឋមន្ត្រីប្រទេសនេះ កំពុងបំផ្លាញនិតិរដ្ឋ និងមានការប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ហុងគ្រី លោកស្រី ជូឌីត ហ្វាហ្កា (Judit Varga) បានសរសេរនៅលើហ្វេសប៊ុករបស់លោកស្រីថា ក្រសួងយុត្តិធម៌បានដាក់សេចក្តីស្នើច្បាប់ប្រឆាំងអំពើពុករលួយទៅកាន់រដ្ឋសភារួចហើយ ខណៈដែលរដ្ឋាភិបាលហុងគ្រី នឹងប្តេជ្ញាចិត្តត្រៀមខ្លួនអនុវត្តច្បាប់នេះក្នុងពេលប៉ុន្មានសប្តាហ៍ ឬប៉ុន្មានខែខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌រូបនេះ បង្ហាញភាពជឿជាក់ចំពោះច្បាប់ថ្មីនេះថា នឹងនាំប្រទេសហុងគ្រីឆ្ពោះទៅកាន់ការអភិវឌ្ឍនៅឆ្នាំ២០២៣ ដោយមិនឱ្យបាត់បង់ប្រាក់មូលនិធិពីសហភាពអឺរ៉ុប សូម្បីតែមួយកាក់មួយសេន។

ច្បាប់ថ្មីប្រឆាំងអំពើពុករលួយថ្មី នឹងទៅសម្របសម្រួលកិច្ចសហប្រតិបត្តិការរបស់ប្រទេសហុងគ្រីជាមួយការិយាល័យប្រឆាំងការក្លែងបន្លំរបស់សហភាពអឺរ៉ុបហៅកាត់ថា OLAF ដោយធានាបានថា ការិយាល័យនេះ ទទួលបានការគាំទ្រពីមន្ត្រីអាជ្ញាធរពន្ធដាររបស់ហុងគ្រីក្នុងការស៊ើបអង្កេតលើគម្រោងដែលគាំទ្រមូលនិធិដោយសហភាពអឺរ៉ុប។

គួរជម្រាបថា ករណីរបស់ហុងគ្រីគឺជាករណីទីមួយនៅក្នុងសហភាពអឺរ៉ុប ក្រោមការដាក់ទណ្ឌកម្មថ្មី សំដៅការពារដល់នីតិរដ្ឋ និងប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្លុកទាំង២៧ប្រទេស។

ហុងគ្រីក្រោមការដឹកនាំអស់ពេលជាង២ទសវត្ស របស់នាយករដ្ឋមន្ត្រីជាតិនិយម លោក Viktor Orban ដែលបានកាន់អំណាចតាំងពីឆ្នាំ២០១០ បានប៉ះទង្គិចគ្នាជាញឹកញយជាមួយអឺរ៉ុប ជុំវិញគោលនយោបាយដឹកនាំរបស់លោក ដែលត្រូវបានមើលឃើញថា ជាការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសហុងគ្រី។ នាយករដ្ឋមន្ត្រីរូបនេះ បានបន្ទាបអំណាចឯករាជ្យរបស់តុលាការ ប្រព័ន្ធផ្សព្វផ្សាយ អង្គការក្រៅរដ្ឋាភិបាល និងស្ថាប័នមួយចំនួនទៀតនៅក្នុងស្រុក ព្រមទាំងការរឹតបន្តឹងលើសិទ្ធិរបស់ជនចំណាកស្រុក សិទ្ធិសហគមន៍ក្រុមអ្នកស្រលាញ់ភេទដូចគ្នា និងសិទ្ធិរបស់ស្ត្រីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ បុរសខ្លាំងរបស់ហុងគ្រីចង់ ឬមិនចង់ ត្រូវបន្ទន់កាយវាចាចិត្ត សម្របតាមសហភាពអឺរ៉ុប និងត្រូវធ្វើការកែប្រែការដឹកនាំជាបន្ទាន់។ ព្រោះថា ជាមួយនឹងបញ្ហាប្រឈមធំៗនៅចំពោះមុខ ដូចជាការឡើងថ្លៃថាមពល និងអតិផរណាដល់ទៅពីរខ្ទង់ ពិសេសហានិភ័យសេដ្ឋកិច្ចធ្លាក់ចុះ នាយករដ្ឋមន្ត្រីចាស់វស្សារូបនេះ ត្រូវបំពេញតាមការចង់បានរបស់ EU កាត់បន្ថយអំពើពុករលួយ បើមិនចង់បង់ខាតមូលនិធិដែលមានទំហំស្មើនឹង៥%នៃ GDP របស់ខ្លួនទេនោះ៕




អត្ថបទបន្ទាប់


ប្រមុខ UN ព្រមានប្រាប់មេដឹកនាំពិភពលោកថា «ពេលនេះពិភពលោកកំពុងស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំបំផុត»

ព័ត៌មាន
ប្រមុខអង្គការសហប្រជាជាតិនៅថ្ងៃទី២០ ខែកញ្ញា បានថ្លែងជាលើកដំបូងរបស់លោក នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ ដោយបាននិយាយព្រមានប្រាប់…

“ប្រូម៉ូសិនភ្ជុំបិណ្ឌ” ទិញចំណេញទាំងតម្លៃ បានទាំងដេគ័រ និងគោលការណ៍បង់ប្រាក់ពិសេសមិនធ្លាប់មាន!

ព័ត៌មាន
តើលោកអ្នកកំពុងប្រាថ្នាចង់បានផ្ទះដ៏ប្រណីតជាមួយតម្លៃដ៏ល្អ ព្រមទាំងគោលការណ៍បង់ប្រាក់ងាយស្រួលមែនទេ?
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ