ការនាំចូលជ្រូករស់ខុសច្បាប់នៅកម្ពុជាថយចុះ

ការនាំចូលជ្រូករស់ខុសច្បាប់នៅកម្ពុជាថយចុះ ប៉ុន្ដែតម្លៃសាច់ជ្រូកនៅតែទ្រឹង ខណៈក្រុមអ្នកចិញ្ចឹមជ្រូកបារម្ភពីបញ្ហាតម្លៃចំណីឡើងថ្លៃ


ក្រុមអ្នកជំនាញបានអះអាងថា ក្រោយមន្រ្តីជំនាញនៃអគ្គនាយកនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានវិធានការតឹងរ៉ឹងលើការនាំចូលជ្រូករស់ខុសច្បាប់ជាបន្តបន្ទាប់ សកម្មភាពនៃការនាំចូលជ្រូកខុសច្បាប់នៅមានចំនួនតិចតួចប៉ុណ្ណោះ។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី បញ្ហានៅក្នុងវិស័យចិញ្ចឹមជ្រូក បច្ចុប្បន្ន នៅតែរងផលប៉ះពាល់ដដែល ដូចជា បញ្ហាតម្លៃជ្រូករស់នៅមានកម្រិតនៅ ខណៈថ្លៃចំណីជ្រូកវិញកាន់តែកើនឡើង ដែលធ្វើឲ្យក្រុមអ្នកចិញ្ចឹមជ្រូក ទទួលបានផលចំណេញតិច។
ការនាំចូលជ្រូករស់ខុសច្បាប់នៅកម្ពុជាថយចុះ ប៉ុន្ដែតម្លៃសាច់ជ្រូកនៅតែទ្រឹង ខណៈក្រុមអ្នកចិញ្ចឹមជ្រូកបារម្ភពីបញ្ហាតម្លៃចំណីឡើងថ្លៃ

ជុំវិញបញ្ហានេះ ក្រុមកសិករក៏បានបង្ហាញនូវក្ដីព្រួយបារម្ភដែរថា វិស័យចិញ្ចឹមជ្រូកនៅកម្ពុជា អាចនឹងប៉ះពាល់ខ្លាំងជាងនេះ បើសិនតម្លៃជ្រូករស់មិនឡើង តែការចំណាយលើថ្លៃដើមផលិតកាន់តែខ្ពស់ដូចបច្ចុប្បន្ននេះ។

ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអះអាងប្រាប់សារព័ត៌មានខេមបូណូមីសថា អស់រយៈពេល ៨ខែ មកហើយ ដែលកម្ពុជា មិនមានការនាំចូលជ្រូករស់ពីប្រទេសដទៃ ខណៈសកម្មភាពនាំចូលជ្រូករស់ខុសច្បាប់វិញ នៅមានចំនួនតិចតួច ប៉ុណ្ណោះ។ មន្រ្តីជំនាញរូបនេះ បានកត់សម្គាល់ឃើញថា សព្វថ្ងៃ ក្រោយមន្រ្តីជំនាញបានរឹតបន្តឹងច្បាប់នាំចូលជ្រូកពីខាងក្រៅ សកម្មភាពនាំចូលជ្រូករស់ខុសច្បាប់ក៏កាន់តែចុះថយដែរ ខណៈនៅរយៈពេល ២ខែចុងក្រោយនេះ មន្រ្តីជំនាញបានបង្រ្កាបបទល្មើសនាំចូលជ្រូករស់ខុសច្បាប់ចំនួន ៧ករណី ប៉ុណ្ណោះ។ លើសពីនេះឯកឧត្តម តាន់ ផាន់ណារ៉ា បន្តថា អគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ នឹងបន្តអនុវត្តនូវវិធានការឲ្យបានម៉ឹងម៉ាត់ទប់ស្កាត់បទល្មើសនាំចូលជ្រូកបន្ថែមទៀត ក្នុងគោលបំណងលើកស្ទួយវិស័យចិញ្ចឹមជ្រូកក្នុងស្រុក។

បើទោះបីជា ការនាំចូលជ្រូកដោយខុសច្បាប់មានការថយចុះក៏ពិតមែន ប៉ុន្ដែ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា នៅតែបង្ហាញក្ដីព្រួយបារម្ភចំនួនលើវិស័យចិញ្ចឹមជ្រូកនៅកម្ពុជា ដ្បិតថា តម្លៃសាច់ជ្រូក បច្ចុប្បន្ន ហាក់នៅតែទ្រឹងនៅឡើយ ខណៈបញ្ហាថ្លៃចំណីជ្រូកកាន់តែឡើងថ្លៃ ដែលធ្វើឲ្យកសិករមិនសូវទទួលបានផលចំណេញនោះទេ។ លោក ស៊្រុន ពៅ បារម្ភថា ទៅថ្ងៃខាងមុខ បើសិនបញ្ហាតម្លៃចំណីជ្រូកកាន់តែខ្ពស់ តែតម្លៃជ្រូករស់វិញមិនប្រសើរជាងនេះ ក្រុមអ្នកចិញ្ចឹមជ្រូកអាចនឹងសម្រេចចិត្តផ្អាក ឬបោះបង់ការចិញ្ចឹមក៏ថាបាន ហើយបញ្ហានេះអាចនឹងប៉ះពាល់ដល់វិស័យចិញ្ចឹមជ្រូកក្នុងស្រុក។

ជាមួយគ្នានោះ អ្នកចិញ្ចឹមជ្រូកនៅខេត្តពោធិ៍សាត់ លោក មៀច ពុទ្ធា ក៏បានបង្ហាញពីការព្រួយបារម្ភដែរចំពោះបញ្ហានេះ ដោយលោកបានអះអាងថា បច្ចុប្បន្ន លោកអាចលក់ជ្រូករស់ក្នុងតម្លៃ ១ម៉ឺនរៀល ទៅ១ម៉ឹន៥រយរៀលប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ខណៈតម្លៃចំណីវិញ កាន់តែឡើងថ្លៃជាបន្តបន្ទាប់។ បើតាមកសិកររូបនេះ ចំណីជ្រូកទម្ងន់៣០គីឡូក្រាម ធ្លាប់ទិញក្នុងតម្លៃ ១០ម៉ឺន៥ពាន់រៀល តែឥលូវកើនដល់ ១២ម៉ឺន៥ពាន់រៀលហើយ។ រីឯ កន្ទក់វិញទម្ងន់១តោន ធ្លាប់ទិញក្នុងតម្លៃ ៩០ម៉ឺនរៀល ទៅ ៩៥ម៉ឺនរៀល តែឥលូវកើនដល់ ១លាន២សែនរៀល។ លោក ពុទ្ធា បានបង្ហាញការព្រួយបារម្ភថា បញ្ហានេះអាចនឹងប៉ះពាល់ដល់ការចិញ្ចឹមជ្រូករបស់លោក និងកសិករដទៃ បើសិនតម្លៃជ្រូករស់មិនមានស្ថិរភាព ហើយថ្លៃចំណីជ្រូកកាន់តែកើនឡើង។

សូមបញ្ជាក់ថា បច្ចុប្បន្ន បើទោះជា កម្ពុជាបានបិទការនាំចូលជ្រូករស់ពីខាងក្រៅទាំងស្រុង គួបផ្សំនឹងការទប់ស្កាត់នូវបទល្មើសនាំចូលជ្រូករស់ខុសច្បាប់មានប្រសិទ្ធិភាព តែតម្លៃជ្រូករស់របស់កសិករខ្មែរ ហាក់មិនទាន់ប្រសើរនៅឡើយទេ ដោយសារតែថ្លៃដើមផលិតខ្ពស់។ ជាក់ស្ដែង ជ្រូករស់សព្វថ្ងៃ មានតម្លៃ ចន្លោះពី ១២,៥០០រៀល ទៅ១៥,០០០រៀល ក្នុងមួយគីឡូក្រាម។ នេះបើតាមការអះអាងរបស់លោក ស៊ុរន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា៕




អត្ថបទបន្ទាប់


អេ អឹម ខេ និង Lightnet បានសហការគ្នា ដើម្បីធ្វើឲ្យការវេរលុយកាន់តែងាយស្រួលនៅអាស៊ី

ព័ត៌មាន
អេ អឹម ខេ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេលើវិសាលភាពប្រតិបត្តិការ និងចំនួនអតិថិជន បានសហការ ជាមួយក្រុមហ៊ុន Lightnet ដែលជាក្រុមហ៊ុ…

កសិដ្ឋានចិញ្ចឹមទាកាប៉ាហាក់មានទីផ្សារល្អ បើទោះបីកំពុងប្រឈមការប្រកួតប្រជែង និងតម្លៃចំណីកើនឡើងក្ដី

ព័ត៌មាន
ម្ចាស់កសិដ្ឋានភ្ញាស់កូនទាកាប៉ាមួយរូប នៅខេត្តកំពង់ឆ្នាំង ដែលកំពុងចិញ្ចឹមទាកាប៉ាជាងមួយពាន់ក្បាល ដើម្បីយកពងសម្រាប់ភ្ជាស់កូនលក់ បានអះអាងថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ