IMFទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក

IMFបន្តព្យាករបន្ទាបកំណើនសេដ្ឋកិច្ចពិភពលោក និងប្រទេសធំៗ ខណៈអូមីក្រុងបន្ដលុកលុយ


កូវី១៩អូមីក្រុងកំពុងបង្កការរាំងស្ទះ និងឧបសគ្គបន្ថែមទៀតដល់សកម្មភាពសេដ្ឋកិច្ចរបស់ពិភពលោក ដែលនឹងឈានទៅធ្វើឲ្យសេដ្ឋកិច្ចមានកំណើនយឺតនៅក្នុងឆ្នាំ២០២២ ពិសេសសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក គឺ អាមេរិក និងចិន ដោយប្រទេសមហាអំណាចសេដ្ឋកិច្ចយក្សទាំងពីរនេះដែរ ក៏ត្រូវបានគេចាត់ទុកថា ជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចរបស់ពិភពលោក ។ នេះបើតាមការអះអាង ពីអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF។
IMFទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោក

ស្ថាប័ន​រូបិយ​វត្ថុ​អន្តរជាតិ IMF បាន​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ មក​នៅ​ត្រឹម ៤,៤% ទាប​ជាង​ការ​ព្យាករ​កាលពី​ខែតុលា​ឆ្នាំ​២០២១ ថា​នឹង​មាន​ដល់ ៤,៩%​។ ការ​បន្ទាប​កំណើនសេដ្ឋកិច្ច​សកលលោក​ដូចនេះ ធ្វើ​ឡើង​ដោយសារ IMF អះអាង​ថា ពិភពលោក​មាន​ឧបសគ្គ​មួយ​ចំនួន ដែល​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឡើង​ចុង​ក្រោយបង្អស់​នៃ​កូ​វី​ដ​១៩ អូ​មី​ក្រុង ទោះបីជា​ការ​រីក​រាលដាល​ទាំងនោះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចាប់​ថយ​ចុះ​មក​វិញ​នៅ​ក្នុង​ត្រីមាស​ទី​ពីរ នៃ​ឆ្នាំ​នេះ​ក៏​ដោយ​។

បើ​យើង​ក្រឡេក​ទៅ​មើល​ទិន្នន័យ របស់​អង្គការ​សុខភាព​ពិភពលោក កាលពី​ពេល​ថ្មី​ៗ​នេះ កូ​វី​ដ​១៩​អូ​មី​ក្រុង​បាន​ចរាចរ​ទៅ​ដល់​ជាង ១៧០​ប្រទេស​ទូ​ទាំង​ពិភពលោក​រួច​ស្រេច​ទៅ​ហើយ​។ មេរោគ​នេះ ក៏​បាន​តំណាង​ឲ្យ​ករណី​វិជ្ជមាន​ភាគច្រើន​នៅ​តាម​តំបន់​នីមួយ​ៗ បើ​ធៀប​នឹង​មេរោគ​កូ​វី​ដ​១៩​ប្រភេទ​ផ្សេង​ៗ​ទៀត​។

របាយការណ៍​ទស្សនវិស័យ​សេដ្ឋកិច្ច​សកល​របស់ IMF បន្ត​គូសបញ្ជាក់​ពី​ចំណុច​ជា​ច្រើន​ដែល​រំខាន​ដល់​កំណើនសេដ្ឋកិច្ច​សកលលោក ដោយ​ក្នុង​នោះ​រួម​មាន ហានិភ័យ​នៃ​កូ​វី​ដ​១៩ បូក​រួម​នឹង​ភាព​តានតឹង​ផ្នែក​ភូមិសាស្ត្រ​នយោបាយ ការ​កើនឡើង​នូវ​តម្លៃ ទំនិញ​សំខាន់​ៗ ដែល​កំពុង​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ និង​អាជីវកម្ម​នានា​ផង​ដែរ​។ ការ​កើនឡើង​តម្លៃ​ទំនិញ​នៅ​ក្នុង​ឆ្នាំ​២០២២​នេះ ត្រូវ​បាន IMF រំពឹង​ថា នឹង​មានការ​អូស​បន្លាយ​រយៈពេល​យូរ ជាង​ការ​រំពឹង​ទុក​ពី​ពេល​មុន​ទៅ​ទៀត​។

ទន្ទឹម​នឹង​ការ​ព្យាករ​ទម្លាក់​កំណើនសេដ្ឋកិច្ច​សកលលោក IMF ក៏​បាន​បន្ទាប​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​ទាំង​ពីរ​របស់​ពិភពលោក គឺ​ចិន ហើយ​និង​សហរដ្ឋអាមេរិក​ផង​ដែរ​។ ប្រទេស​ធំ​២​នេះ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​សេដ្ឋកិច្ច​សកល​ដ៏​សំខាន់ សហរដ្ឋអាមេរិក​ត្រូវ​បាន IMF ព្យាករ​បន្ទាប​កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២២ អស់ ១,២% នៅ​សល់​កំណើន​ត្រឹមតែ ៤%​ប៉ុណ្ណោះ​នៅ​ក្នុងឆ្នាំនេះ​។ ទន្ទឹម​នឹង​នេះ គោលនយោបាយ​គ្មាន​កូ​វី​ដ​១៩​ដ៏​តឹងរ៉ឹង​របស់​រដ្ឋអំណាច​ក្រុង​ប៉េ​កាំ​ង បាន​ក្លាយជា​មូលហេតុ ធ្វើ​ឲ្យ​ស្ថាប័ន​រូបិយ​វត្ថុ​អន្តរជាតិ​IMF សម្រេច​កាត់​បន្ថយ​កំណើនសេដ្ឋកិច្ច​ចិន​អស់ ០,៨% មក​នៅ​ត្រឹម​កំណើន​សរុប ៤,៨% ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​២០២២​។ IMF ក៏​បាន​គូសបញ្ជាក់​ពី​បញ្ហា​ស្មុគស្មាញ​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​ចិន ដែល​រួមចំណែក​ដល់​ការ​ងើបឡើង​វិញ​យឺត​នៃ​សេដ្ឋកិច្ច​ផង​ដែរ​។

យ៉ាងណាមិញ ឥណ្ឌា​ដែល​ជា​យក្ស​សេដ្ឋកិច្ច​មួយ​ដែរ​នៅ​អាស៊ី បាន​មើលឃើញ​ការ​កើនឡើង​វិញ​ដល់  ០,៥% ដែល​នឹង​ធ្វើ​ឲ្យ​កំណើន​សរុប​នឹង​មាន​ដល់ ៩% នៅ​ឆ្នាំ​២០២២ ខណៈ​ប្រទេស​ជប៉ុន​នឹង​កើន ៣,៣%៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Panasonic នឹងផលិតអាគុយរថយន្តអគ្គិសនី Tesla នៅក្នុងប្រទេសជប៉ុន បន្ទាប់ពីរោងចក្រនៅអាមេរិកជួបបញ្ហា

ព័ត៌មាន
ក្រុមហ៊ុន Panasonicដ៏ធំរបស់ជប៉ុន នឹងចាប់ផ្តើមផលិតអាគុយរថយន្ដអគ្គិសនីជាលក្ខណៈពាណិជ្ជកម្ម សម្រាប់ក្រុមហ៊ុនរថយន្តអគ្គិសនីយក្សរបស់សហរដ្ឋអាមេរ…

ទំហំពាណិជ្ជកម្មកម្ពុជា-អារ៉ាប់រួមកើនជាង៥០% នៅឆ្នាំ២០២១ ខណៈការបង្កើតFTA ទ្វេភាគីកំពុងសិក្សាលទ្ធភាព

ព័ត៌មាន
ប្រទេសកម្ពុជា និងអារ៉ាប់រួម កំពុងសិក្សាពីលទ្ធភាពក្នុងការរៀបចំឲ្យមានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីពង្រីកទំហំពាណិជ្ជកម្មឲ្យកាន់តែខ្លាំងក្លាថ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ