កំណើនសេដ្ឋកិច្ចសាកល

IMF ថា ការបែកខ្ញែកនៃសេដ្ឋកិច្ចសាកល អាចនឹងធ្វើឲ្យខាតបង់ដល់កំណើនសេដ្ឋកិច្ច៧%


ការបែកខ្ញែកយ៉ាងធ្ងន់ធ្ងរមួយនៃសេដ្ឋកិច្ចសាកល បន្ទាប់ពីការធ្វើសមាហរណកម្មសេដ្ឋកិច្ចអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ គឺអាចនឹងកាត់បន្ថយទិន្នផលសេដ្ឋកិច្ចសាកលដល់ទៅ៧%ឯណោះ។ បន្ថែមពីលើសនេះ វាអាចនឹងប្រឈមការខាតបង់ចន្លោះពី ៨%ទៅ១២% នៅក្នុងប្រទេសមួយចំនួន ប្រសិនបើកវិស័យបច្ចេកវិទ្យាក៏ត្រូវបានគេប្រកាន់បែងចែកចេញជាពីររាងប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍។ នេះបើតាមរបាយការណ៍មូលនិធិរូបិយវត្ថុ (IMF) ចេញផ្សាយនៅថ្ងៃទី១៥ ខែមករាឆ្នាំ២០២៣។
IMF ព្រមានហានិភ័យនៃការបែកខ្ញែកសេដ្ឋកិច្ចសាកល!
ដោយ

IMF បានអះអាងថា បើទោះបីជាការបែកខ្ញែកនេះបច្ចុប្បន្ននៅមានកំរិតយ៉ាងណាក៏ដោយ ក៏វានឹងនៅតែអាចកាត់បន្ថយកម្រិត GDP សាកលលោកក្នុងរង្វង់ ០,២% ផងដែរ។ ទោះកម្រិតប៉ះពាល់មានត្រឹម០,២% តែ IMF គូសបញ្ជាក់ថា នៅមានកិច្ចការជាច្រើនទៀត ដែលគេត្រូវវាយតម្លៃ ចំពោះការខូចខាតលើប្រព័ន្ធរូបិយវត្ថុអន្តរជាតិ និងប្រព័ន្ធសុវត្ថិភាពហិរញ្ញវត្ថុសាកល។

ក្នុងរបាយការណ៍របស់ IMF បានកត់សម្គាល់ឱ្យឃើញថា លំហូរទំនិញជាសាកល និងដើមទុន គឺស្ថិតក្នុងកម្រិតថេរ មិនមានកំណើន ហើយពេលខ្លះក៏ធ្លាក់ចុះថែមទៀត បើគេគិតពីវិបត្តិហិរញ្ញវត្ថុសាកលឆ្នាំ២០០៨-២០០៩ គួបផ្សំនឹងវិធានការរឹតត្បិតពាណិជ្ជកម្ម ដែលបានដាក់ចេញស្ទើរគ្រប់ទិសទី ក្នុងប៉ុន្មានឆ្នាំជាប់ៗគ្នានេះ។

បន្ថែមពីលើនិន្នាការទាំងនេះ ជំងឺរាតត្បាតកូវីដ១៩ និងការឈ្លានពានរបស់រុស្ស៊ីទៅលើ អ៊ុយក្រែន គឺជាការសាកល្បងបន្ថែមទៀត ទៅលើទំនាក់ទំនងជាអន្តរជាតិ និងកំពុងដាក់ជាមន្ទិលសង្ស័យថា សាកលភាវូបនីយកម្មពិតជាបានផ្តល់ផលប្រយោជន៍ច្រើនជាង ឬយ៉ាងណា។

របាយការណ៍ IMF ថែមទាំងបានកត់សម្គាល់ថា ការរឹតចំណងពាណិជ្ជកម្មស៊ីជម្រៅតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាដើម គឺពិតជាបានកាត់បន្ថយភាពក្រីក្រក្នុងសាកលលោកយ៉ាងច្រើនសម្បើមពិតមែនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែវាក៏បានផ្តល់ ផលប្រយោជន៍ដល់អ្នកទិញទំនិញ ដែលមានចំណូលទាប រស់នៅក្នុងប្រទេសជឿនលឿន មានលទ្ធភាព អាចប្រើប្រាស់និងទិញទំនិញក្នុងតម្លៃធូរថ្លៃផងដែរ។

យ៉ាងណាមិញ លំហូរទុនវិនិយោគដែលមានតិចជាងមុន ក៏នឹងធ្វើឱ្យការវិនិយោគផ្ទាល់ពីបរទេសត្រូវកាត់បន្ថយផងដែរ ហើយការធ្លាក់ចុះក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ នឹងបង្កហានិភ័យចំពោះការផ្តល់ទំនិញដែលមានតម្រូវការជាសាកលសំខាន់ៗ។ ជាឧទាហរណ៍ គេអាចមើលលើកសិផលធញ្ញជាតិរបស់អ៊ុយក្រែនដូចជាស្រូវសាលី និងផ្កាឈូករ័ត្នសម្រាប់ធ្វើជាប្រេងចំអិនម្ហូបរបស់រុស្ស៊ី ដែលជាតម្រូវការសាកល សុទ្ធតែរងការគំរាមកំហែងពីវិបត្តិសង្គ្រាម។

ប្រការនេះ ធ្វើឱ្យប្រទេសដែលទើបរីកចម្រើនថ្មីៗ និងប្រទេសដែលមានប្រាក់ចំណូលទាប ទំនងជារងហានិភ័យធ្ងន់ធ្ងរបំផុត ខណៈសេដ្ឋកិច្ចសាកលបានប្រែផ្លាស់ទៅជាតំបន់នីយកម្មហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សាកលដែលមានការបំបែកគ្នា។ ជាក់ស្តែងយើងឃើញ រុស្ស៊ីត្រូវបានគេដកចេញពីប្រព័ន្ធទូទាត់សកល SWIFT បាត់ទៅហើយតាំងតែបានចាប់ផ្តើមលុកលុយអ៊ុយក្រែន ខណៈប្រទេសចិនកំពុងបង្កើនការដោះដូរពាណិជ្ជកម្ម ដោយប្រើរូបិយបណ្ណខ្លួន ជំនួសប្រាក់ដុល្លារជាមួយប្រទេសជាដៃគូ។

បើតាមការរកឃើញរបស់ IMF បង្ហាញថា ការបែកខ្ញែកសេដ្ឋកិច្ចសាកលនេះ អាចនឹងបណ្តាលឱ្យមានផលប៉ះពាល់ទៅលើម៉ាក្រូសេដ្ឋកិច្ចកាន់តែខ្ពស់ បង្កវិបត្តិកាន់តែធ្ងន់ធ្ងរ និងការដាក់សម្ពាធកាន់តែខ្លាំងទៅលើទុនបម្រុងរបស់ជាតិ។ វាក៏នឹងធ្វើឱ្យចុះខ្សោយដល់សមត្ថភាពរបស់សហគមន៍អន្តរជាតិ ក្នុងការគាំទ្រដល់បណ្តាប្រទេសមានវិបត្តិសេដ្ឋកិច្ច និងប្រទេសដែលកំពុងត្រាំត្រែងជាមួយនឹងវិបត្តិបំណុលផងដែរ។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ នាយិកា IMF លោកស្រី Kristalina Georgieva បាននិយាយថា សេដ្ឋកិច្ចសាកលនៅឆ្នាំ២០២៣នេះ អាចនឹងយ៉ាប់យ៉ឺនជាងឆ្នាំ២០២២ ប៉ុន្តែលោកស្រីនៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកនៅក្នុងរង្វង់ ២,៧% ដដែលដោយបានកត់សម្គាល់ថា ការភ័យខ្លាចចំពោះការកើនឡើងនៃតម្លៃប្រេង នឹងត្រូវបានសាបរលាប ហើយទីផ្សារការងារនឹងនៅតែរឹងមាំដដែល៕




អត្ថបទបន្ទាប់


វេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៣ ធ្វើឡើងក្រោមបរិបទតានតឹងខ្លាំងនៃនយោបាយ និងសេដ្ឋកិច្ចពិភពលោក

ព័ត៌មាន
កិច្ចប្រជុំប្រចាំឆ្នាំ២០២៣របស់វេទិកាសេដ្ឋកិច្ចពិភពលោក ចាប់ផ្តើមធ្វើឡើងហើយនៅក្រុងដាវ៉ូស ប្រទេសស្វីស ចាប់ពីថ្ងៃទី១៦ ដល់ ២០ ខែមករា ក្រោមមូលប…

អង្គការណាតូចាប់ផ្តើមគិតគូរផ្តល់សព្វាវុធធុនធ្ងន់ដល់អ៊ុយក្រែន ចំពេលដែលរុស្ស៊ីវាយដណ្តើមបានលើទីក្រុងយុទ្ធសាស្ត្រ

ព័ត៌មាន
អង្គការសម្ព័ន្ធយោធាណាតូបាននិយាយកាលពីពេលថ្មីៗនេះថា ក្តីសង្ឃឹមរបស់ទីក្រុងកៀវក្នុងការស្នើសុំសព្វាវុធធុនធ្ងន់កន្លងមក ពីបណ្តាប្រទេសលោកខាងលិចកំព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ