ប្រេងឆៅ

នៅខែតុលាចិននាំចូលប្រេងឆៅធ្លាក់ចុះទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ


ការនាំចូលប្រេងឆៅរបស់ចិន នៅក្នុងខែតុលាបានធ្លាក់ចុះទាបបំផុត គិតចាប់តាំងពីខែកញ្ញាឆ្នាំ២០១៨មក ដោយសារតែក្រុមហ៊ុនចម្រាញ់ប្រេងធំៗរបស់រដ្ឋចិនបានផ្អាកការទិញ ដោយសារតែតម្លៃប្រេងហក់ឡើងខ្ពស់ពេក ខណៈដែលក្រុមហ៊ុនចម្រាញ់ប្រេងឯករាជ្យផ្សេងទៀត ត្រូវបានរាំងខ្ទប់ដោយសារការកំណត់កូតានាំចូលដោយរដ្ឋជាដើម។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើននៅថ្ងៃនេះ។
រូបតំណាង៖ ប្រេងឆៅស្តុកបម្រុង
ដោយ

ប្រទេស​ចិន គឺជា​ប្រទេស​នាំ​ចូល​ប្រេង​ឆៅ​ធំ​ជាងគេ​បំផុត​ក្នុង​ពិភពលោក ដោយ​កាលពី​ខែតុលា​កន្លង​ទៅ​នេះ បាន​នាំ​ចូល​ប្រេង​ជិត​៣៨​លាន​តោន ឬ​ស្មើនឹង​ការ​នាំ​ចូល​ប្រមាណ ជិត​៩​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។ នេះ​បើ​តាម​ទិន្ន័យ​ពី​រដ្ឋបាល​គយ​ចិន​។ ក៏​ប៉ុន្ដែ ចំនួន​នាំ​ចូល​កាលពី​ខែតុលា បើ​ធៀប​នឹង​ខែកញ្ញា​វិញ គឺ​មានការ​ធ្លាក់​ចុះ​ជិត​១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​។ ដោយឡែក បើ​គិត​រយៈពេល ១០​ខែ​នៅ​ឆ្នាំ​២០២១ ប្រទេស​ចិន​បាន​នាំ​ចូល​ប្រេង​សរុប​ប្រមាណ ៤២៥​លាន​តោន ឬ​ស្មើនឹង​ការ​នាំ​ចូល​ប្រមាណ​១០​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ៗ មានការ​ធ្លាក់​ចុះ ជាង​៧%​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ការ​នាំ​ចូល​ប្រេង​ឆៅ​របស់​ចិន មានការ​ធ្លាក់​ចុះ​រៀង​រាល់​ខែ ហើយ​ការ​ធ្លាក់​ចុះ​នេះ នៅ​ចំ​ពេល​ដែល តម្លៃ​ប្រេង​ឆៅ​ពិភពលោក​បាន​ហក់​ឡើង​ខ្ពស់​ដល់​ទៅ ៦២% នៅ​ឆ្នាំ​នេះ ដោយសារ​តែ​សេដ្ឋកិច្ច​នៅ​ប្រទេស​ជា​ច្រើន​ទូ​ទាំង​ពិភពលោក​មានការ​បើក​ដំណើរការ​ឡើង​វិញ​ជា​បណ្ដើរ​ៗ ក្រោយ​បញ្ចប់​វិធានការ​រឹតត្បិត​ទប់ស្កាត់​កូ​វី​ដ​១៩ ហើយ​វា​ក៏​បាន​ជំរុញ​ឲ្យ​តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​កើនឡើង​ខ្លាំង​ផង​ដែរ​។

ជាមួយ​គ្នា​នេះ ការ​បង្ក្រាប​របស់​ទីក្រុង​ប៉េ​កាំ​ង លើ​ការ​ជួញដូរ​ប្រេង​ខុសច្បាប់​ទាក់ទង​នឹង​ចំនួន​កូតា និង​ការ​ឧបត្ថម្ភ​សម្រាប់​ក្រុម​អ្នក​ចម្រាញ់​ប្រេង​ឯករាជ្យ ក៏​ជា​កត្តា​មួយ​ធ្វើ​ឲ្យ​មានការ​កម្រិត​លើ​ការ​បញ្ជា​ទិញ​ប្រេង​ឆៅ​ពី​ក្រៅប្រទេស​របស់​ចិន​ផង​ដែរ​។ ដោយឡែក បើ​មើលទៅ​លើ​ការ​នាំ​ចូល​ឧស្ម័ន​ធម្មជាតិ រួម​ទាំង​ឧស្ម័ន​រាវ LNG វិញ គឺ​ចិន​បាន​នាំ​ចូល​ជាង​៩​លាន​តោន កើនឡើង​ជាង​២៤%​។

ជាមួយ​គ្នា​នេះ ទិន្នន័យ​ពី​រដ្ឋបាល​គយ​ចិន ក៏​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចម្រាញ់​ប្រេង​របស់​ចិន​ក៏​មានការ​នាំ​ចេញ​ប្រេង​នៅ​ក្នុង​ខែតុលា​ធ្លាក់​ចុះ​ដូច​គ្នា​ដែរ គឺ​ធ្លាក់​ចុះ​ដល់​ទៅ​ជិត​៣២% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ដោយ​មាន​មក​នៅ​ប្រមាណ​ជិត ៤​លាន​តោន​ប៉ុណ្ណោះ​។ 

យ៉ាងណា​ក៏​ដោយ​ចុះ ការ​នាំ​ចូល​ប្រេង​របស់​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ងើប​ឡើ​វិញ​នៅ​ក្នុង​ខែវិច្ឆិកា​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​បាន​សន្យា​ថា នឹង​ដោះស្រាយ​បញ្ហា​កង្វះខាត​នៃ​ការ​ផ្គត់ផ្គង់​ប្រេងម៉ាស៊ូត និង​ប្រេងសាំង​ដែល​កំពុង​ជំរុញ​ឲ្យ​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ចិន​កើនឡើង​កាន់តែ​ខ្លាំង​ថែម​ទៀត​។

ទីក្រុង​ប៉េ​កាំ​ង​ត្រូវ​បាន​គេ​ដឹ​ថា មាន​កូតា​នាំ​ចូល​ប្រេង​សម្រាប់​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​ឯករាជ្យ​ក្នុង​ចំនួន ជិត​១៥​លាន​បារ៉ែល សម្រាប់​រយៈពេល​២​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​២០២១​នេះ ខណៈ​ដែល​ក្រុមហ៊ុន​ចិន ស៊ី​ជាំ​ង ភែ​ត្រូ​ជី​មី​ខ​ល ខ​ប ដែល​ក្រុមហ៊ុន​ប្រេង​ដ៏​ធំ​បំផុត​របស់​ចិន បាន​ទទួល​កូតា​ដាច់​ដោយឡែក​មួយ​ផ្សេង​ទៀត ក្នុង​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​ប្រេង​ឆៅ​១២​លាន​តោន​.

សូម​បញ្ជាក់​ថា គិត​មក​ទល់​ថ្ងៃ​ទី ០៧ ខែវិច្ឆិកា តម្លៃ​ប្រេង​ឆៅ​ពិភពលោក​ហាក់​មានការ​ថមថយ​ចុះ​ជាង​មុន​បន្ដិច​ហើយ ប៉ុន្ដែ វា​នៅ​តែ​ជា​តម្លៃ​មួយ​ខ្ពស់​ដដែល តួយ៉ាង នៅ​ទីផ្សារ​អា​មេ​រិ​ក​តម្លៃ​ប្រេង​ឆៅ​មួយ​បារ៉ែល​តម្លៃ​ជាង ៨១​ដុល្លារ​អា​មេ​រិ​ក ខណៈ​ដែល​នៅ​អង់គ្លេស​វិញ​តម្លៃ​ជិត​៨៣​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តសៀមរាបគ្រោងរៀបចំព្រឹត្តិការណ៍កីឡាធំមួយ ដើម្បីបង្ហាញពីការបើកតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសម្រាប់ទេសចរអន្តរជាតិឡើងវិញ

ព័ត៌មាន
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានប្រកាសសម្រេចរៀបចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុនអន្តរជាតិ នៅខេត្តសៀមរាបឡើងវិញ ក្រោយមើលឃើ…

ជប៉ុនគ្រោងចែកប្រាក់ ៨៨០ដុល្លារ ទៅឲ្យពលរដ្ឋដែលមានវ័យចាប់ពីអាយុ១៨ឆ្នាំចុះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនថ្មី គឺលោក ហ្វូមីអូ គីហ្ស៊ីដា មានផែនការនឹងផ្ដល់ជូនជាសាច់ប្រាក់ឧបត្ថម្ភ ឬជាកូប៉ុង ដែលមានតម្លៃសរុបប្រមាណ៨…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ