ឥណ្ឌា-ជប៉ុន

ឥណ្ឌាផ្ដួលជប៉ុន ដណ្ដើមបានតំណែងជាទីផ្សាររថយន្តធំបំផុតលំដាប់ទី៣ក្នុងពិភពលោក នៅឆ្នាំ២០២២


ប្រទេសឥណ្ឌាបានសម្ញែងភាពខ្លាំងនៃទីផ្សារលក់រថយន្តរបស់ខ្លួន ដោយបានផ្តួលប្រទេសជប៉ុន ដណ្តើមយកលេខ៣ ជាលើកដំបូងនៃទីផ្សាររថយន្តពិភពលោក ក្នុងឆ្នាំ២០២២ និងកំពុងតាមពីក្រោយចិន និងអាមេរិក។ ទីផ្សាររថយន្តដ៏ខ្លាំងនេះ បានបង្ហាញឱ្យឃើញថា ប្រទេសដែលមានប្រជាជនច្រើនបំផុតទី២ក្នុងលោកមួយនេះ មិនទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់ និងវិបត្តិសាកលក្នុងឧស្សាហកម្មយានយន្តរបស់ខ្លួននោះទេ ខណៈដែលប្រទេសធំៗជាច្រើនកំពុងជួបបញ្ហាដ៏អាក្រក់ទាំងនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei។
ឥណ្ឌា ផ្តួលជប៉ុន ដណ្តើមយកទីផ្សាររថយន្តពិភពលោកលំដាប់ទី៣

ការលក់រថយន្តថ្មីៗក្នុងប្រទេសឥណ្ឌាកាលពីឆ្នាំ២០២២ មានចំនួនសរុបជាង ៤លាន ២៥ម៉ឺនគ្រឿង ដោយមានចំនួនច្រើនជាងជប៉ុនបន្តិច ដែលលក់បានប្រមាណ ៤លាន ២០ម៉ឺនគ្រឿង។ នេះបើយោងតាមទិន្នន័យរបស់អង្គការសង្គមនៃក្រុមហ៊ុនរថយន្តឥណ្ឌា (SIAM)។

កំណើននៃការលក់រថយន្តនៅឥណ្ឌា គឺបានការចូលរួមចំណែកដ៏សំខាន់ ពីក្រុមហ៊ុន Maruti Suzuki ដែលជាក្រុមហ៊ុនរថយន្តដ៏ធំបំផុតរបស់ប្រទេសមួយនេះ។ លើសពីនេះ ចំនួននៃការលក់ក៏ត្រូវបានរំពឹងថា នឹងកើនឡើងបន្ថែមទៀតផងដែរ ដោយសារតែតួលេខនៃការលក់ក្នុងត្រីមាសទី៤សម្រាប់រថយន្តអាជីវកម្មមិនទាន់ត្រូវបានបង្ហាញ ហើយក្រុមហ៊ុនរថយន្តឥណ្ឌាដូចជា Tata Motors ក៏មិនទាន់ប្រកាសទិន្នន័យរបស់ពួកគេនៅឡើយដែរ។

ទីផ្សាររថយន្តឥណ្ឌា បានឡើងចុះក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ២០១៨ ទីផ្សារនេះលក់រថយន្តបាន ៤លាន៤សែនគ្រឿង ប៉ុន្ដែដល់ឆ្នាំ២០១៩ ធ្លាក់ចុះក្រោម ៤លានគ្រឿង ហើយដល់ពេលបិទខ្ទប់ដោយសារកូវីដ១៩ នៅឆ្នាំ២០២០ បានរអិលចុះក្រោម ៣លានគ្រឿងទៀត។ ទើបតែមកដល់ឆ្នាំ២០២១ ទើបការលក់រថយន្តនៅឥណ្ឌានេះ បានកើនឡើងវិញដល់ ៤លានគ្រឿង។

ប្រភេទរថយន្តដែលលក់ដាច់នៅក្នុងប្រទេសឥណ្ឌា ភាគច្រើនជាប្រភេទរថយន្តសាំង និង Hybrid ពោលគឺមិនសូវមានរថយន្តអគ្គិសនីនោះទេ។ ជាមួយគ្នានេះ ឧស្សាហកម្មយានយន្តនៅឥណ្ឌា មានតម្រូវការឈីបតិចតួចប៉ុណ្ណោះ បើធៀបនឹងប្រទេសធំៗ ដូច្នេះក៏មិនសូវរងផលប៉ះពាល់ពីកង្វះខាតឈីប ឬខ្សែចង្វាក់ផ្គត់ផ្គង់ កាលពីឆ្នាំ២០២២នោះដែរ។

ចំនួនលក់រថយន្តនៅជប៉ុនប្រមាណ ៤លាន ២០ម៉ឺនគ្រឿងនេះ គឺធ្លាក់ចុះ ៥,៦% ពីឆ្នាំ២០២១។ ការធ្លាក់ចុះនេះ បណ្តាលមកពីការបិទខ្ទប់នៅប្រទេសចិន ដែលប៉ះពាល់ដល់ខ្សែចង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុនរថយន្តជប៉ុន។

គួររំលឹកថា ក្នុងឆ្នាំ២០២១កន្លងទៅ ប្រទេសចិនបានបន្តនាំមុខគេក្នុងទីផ្សាររថយន្តសាកលដែលលក់បានជាង ២៦លានគ្រឿង។ អាមេរិកក៏នៅតែឈរលេខ២ លក់បានជាង ១៥លានគ្រឿង និងតាមពីក្រោយដោយជប៉ុនជាង ៤លាន ៤សែនគ្រឿង៕




អត្ថបទបន្ទាប់


មូលហេតុធំៗ នៃការព្រមានពីហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកលនៅ ២០២៣របស់ធនាគារពិភពលោក

ព័ត៌មាន
ធនាគារពិភពលោកមានការព្រួយបារម្ភថាផលប៉ះពាល់អវិជ្ជមានថ្មីណាមួយបន្ថែមទៀត អាចជំរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនៅឆ្នាំ២០២…

ឱកាស និងបញ្ហាប្រឈមរបស់វិស័យកសិកម្មកម្ពុជាក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣

ព័ត៌មាន
វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យសំខាន់ៗ ដទៃទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈវិស័យនេះកាន់តែបង្ហា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ