បច្ចុប្បន្នភាពកូវីដ-១៩​នៅឥណ្ឌា

មជ្ឈដ្ឋានជាតិ និងអន្តរជាតិអំពាវនាវឲ្យឥណ្ឌាប្រញាប់បិទខ្ទប់ប្រទេស តែរដ្ឋាភិបាលហាក់នៅរារែក


ការអំពាវនាវមានកាន់តែច្រើនឡើងៗ ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដើម្បីឲ្យប្រទេសឥណ្ឌាសម្រេចដាក់វិធានការបិទខ្ទប់ទូទាំងប្រទេសតែម្តង ស្របពេលដែលមកទល់ពេលនេះ រលកឆ្លងកូវីដ-១៩ មិនមានការថមថយឡើយ ដែលជាហេតុធ្វើឲ្យអ្នកមានទ្រព្យស្ដុកស្ដម្ភ នាំគ្នាសម្រុកចាកចេញពីប្រទេសឥណ្ឌាជាបន្តបន្ទាប់។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ពលរដ្ឋឥណ្ឌាជញ្ជូនសពដែលស្លាប់ដោយសារកូវីដ១៩ ដោយពុំមានពាក់ខោអាវការពារនោះទេ - Reuters
ដោយ

មហាសេដ្ឋី តារា​ភាពយន្តបូល្លីវូដ និង​គ្រួសារអ្នកមាន​ថ្នាក់លើ​មធ្យមជាច្រើន​នៅក្នុងប្រទេសឥណ្ឌា បាននាំគ្នា​រត់ភៀសខ្លួន តាមជើងយន្តហោះឯកជន ចេញពីប្រទេសហើយ ដោយសារការព្រួយបារម្ភពី​វិបត្តិ​កូវីដ-១៩ ដែលកំពុង​រុញ​ច្រានប្រទេសឥណ្ឌា​ឲ្យធ្លាក់ទៅក្នុងគ្រោះមហន្តរាយ​​ជ្រៅទៅៗ។

សារព័ត៌មាន CNBC បានចុះផ្សាយដោយ​ដកស្រង់​សម្ភាសន៍​​របស់​​ប្រធានក្រុមហ៊ុន​ជួល​យន្តហោះឯកជនមួយ ឈ្មោះ JetSetGo ថា ក្នុងរយៈពេល​ប៉ុន្មានសប្ដាហ៍​ចុងក្រោយនេះ ការកក់ជួល​យន្តហោះឯកជន បានកើនឡើង ៩០០% ដោយ​ក្នុងនោះ អតិថិជន ពី ៧០% ទៅ ៨០% គឺជាគ្រួសារ​ ដែលមានជីវភាពលើមធ្យម ជាជាង​អតិថិជន​ដែលមានទ្រព្យស្ដុកស្ដម្ភ​ខ្លាំង។

ការសម្រុកចាកចេញ​ពីសំណាក់​អ្នកមានទ្រព្យធននេះ គឺស្របពេលដែល​ស្ថានភាពនៅឥណ្ឌា​​កាន់តែដុនដាប​ទៅៗហើយ ដោយគេសង្កេតឃើញថា អ្នកជំងឺកូវីដ-១៩ បន្ដ​ប្រមូលផ្តុំ​យ៉ាងកកកុញ​នៅតាមមន្ទីរពេទ្យ កង្វះខាតអុកស៊ីហ្សែន និងគ្រែ​ស្ថិតនៅ​ជាបញ្ហាចោទដដែល ខណៈដែលកន្លែង​បញ្ចុះ និងបូជាសព​មានផ្សែង​ខ្មៅ​អួអាប់​ជារៀងរាល់ថ្ងៃ។ អ្នកជំនាញបាននិយាយថា តួលេខជាក់ស្តែងស្តីពី​ស្ថានការណ៍​នៅឥណ្ឌា​អាចមានខ្ពស់ជាងការរាយការណ៍ដោយអាជ្ញាធរឥណ្ឌាទៅទៀត។ 

មកទល់នឹងពេលនេះ មានរដ្ឋជាច្រើន​ក្នុងប្រទេស​ឥណ្ឌា​បានសម្រេចចិត្ត​បិទខ្ទប់​តំបន់​ដោយខ្លួន​ឯង​តែម្តង ដោយមិន​រ​ង់ចាំ​ការសម្រេច​របស់រដ្ឋ​សហព័ន្ធឥណ្ឌានោះទេ។ ក្រៅពីនោះ មានរដ្ឋផ្សេងៗទៀត មិនទាន់បាន​បិទខ្ទប់​ទាំង​ស្រុងនៅឡើយ ដោយបានត្រឹម​អនុវត្ត​វិធានការរឹតត្បិតមួយចំនួនដូចជា បិទកន្លែងសាធារណៈ រោងកុន ភោជនីយដ្ឋាន និងផ្សារទំនើបជាដើម។

យ៉ាងណាមិញ សម្ពាធបានធ្លាក់ទៅលើលោក ណារីនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា ក្នុងការសម្រេចចិត្តថាគួរតែ​សម្រេចបិទខ្ទប់ នៅទូទាំងប្រទេសតែ​ម្តង ឬយ៉ាង។ រដ្ឋាភិបាលលោក ម៉ូឌី ហាក់នៅរារែកក្នុងការសម្រេចដាក់ប្រទេសទាំងមូលក្នុងការបិទខ្ទប់ ប៉ុន្តែគេនៅ​ចាំបានថា កាលពីរលកឆ្លង​នៅឥណ្ឌាលើកទី១កាលពីឆ្នាំមុន លោកម៉ូឌីបាន​បញ្ជា​ឲ្យបិទខ្ទប់ប្រទេស​ទាំងមូលភ្លាមៗ ដោយបានដាក់វិធានការហាមប្រាម​ការចេញដើរហើរ​របស់​ពលរដ្ឋ​យ៉ាងតឹងរឹងទៀតផង។ 

គួររំឭកថា ការដឹកនាំ និងគ្រប់គ្រង​ស្ថានការណ៍កូវីដ-១៩ក្នុងប្រទេសឥណ្ឌារបស់លោកម៉ូឌី បានក្លាយជាផ្ទាំងស៊ីប​រិះគន់ ពីសំណាក់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ក្រោយពីលោកបានមើលស្រាល​ស្ថានការណ៍ និងមើលស្រាលជំងឺកូវីដ១៩ ដោយបានអនុញ្ញាត​ឲ្យពលរដ្ឋ​ជួបប្រជុំគ្នាក្នុងពីធីសាសនា និងការហែក្បួនរកសម្លេងឆ្នោត ដោយពុំមានអើពើពីវិធានសុខាភិបាលសោះឡើយ។​

ទីប្រឹក្សាជាន់ខ្ពស់ផ្នែកជំងឺកូវីដ-១៩របស់សេតវិមាន សហរដ្ឋអាមេរិក លោលវេជ្ជបណ្ឌិត អាន់តូនី ហ្វោស៊ី បាននិយាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុនថា លោកបានផ្តល់យោបល់​ឲ្យអាជ្ញាធរ​ឥណ្ឌាថា ពួកគេត្រូវ​សម្រេចបិទខ្ទប់ប្រទេសជាបន្ទាន់។

ត្រូវបានស្រង់សម្តីដើមដោយ ព័ត៌មាន ABC News លោក ហ្វោស៊ីគូសបញ្ជាក់ថា «ដើម្បីទប់ស្កាត់ការចម្លងពីមួយទៅមួយបាន មានតែវិធានការ​មួយគត់ ដែលឥណ្ឌាត្រូវធ្វើនោះ គឺការបិទខ្ទប់ប្រទេស(lockdown)»។

សមាគមវេជ្ជសាស្ត្រឥណ្ឌា (India Medical Association) ហៅកាត់ថា IMA បានទទូចឲ្យរដ្ឋាភិបាលខ្លួន​បិទខ្ទប់ប្រទេស​ទាំងមូលផងដែរ ប៉ុន្តែពួកគេ​បានស្នើឲ្យ​មានការត្រៀមទុកមុន និងជូនដំណឹង​ជាមុន​ឲ្យត្រឹមត្រូវ។

ស្ថានភាពឆ្លងកូវីដ-១៩ នៅប្រទេស​ឥណ្ឌា​ហាក់​មិនមាន​ការថមថយឡើយ ទោះបី​ករណី​ឆ្លង​មិនឡើងខ្ពស់​ខ្លាំងដូចកាល​ពី​សប្តាហ៍មុនក្តី។ ក្នុងនោះ រដ្ឋធានីញូដេលី​របស់​ប្រទេសឥណ្ឌា​បានឈានចូលដល់​សប្តាហ៍ទី៤ហើយ នៃការបិទខ្ទប់ ខណៈដែល​ចំនួន​អ្នកឆ្លង​សរុប​នៅឥណ្ឌាមានប្រមាណ ២៣លាននាក់និងអ្នក​ស្លាប់​សរុបមានជិត ២៥ម៉ឺននាក់។ ប៉ុន្មាន​សប្ដាហ៍មកនេះ ឥណ្ឌារកឃើញអ្នកឆ្លង​ប្រមាណ​៣០ទៅ៤០ម៉ឺននាក់  ខណៈដែលស្លាប់មានមានរាប់ពាន់នាក់​ក្នុងមួយថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងពាណិជ្ជកម្មបានបញ្ចប់សកម្មភាពផ្គត់ផ្គង់ស្បៀងតាមស្តង់នៅតាមតំបន់បិទខ្ទប់ហើយ តែការលក់នៅលើបណ្ដាញអនឡាញ​នៅបន្ដ

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់សកម្មភាពផ្គត់ផ្គង់ស្បៀងតាមស្តង់ចំនួន១១ទីតាំង ស្មើនឹង ២៦ស្តង់ ក៏ដូចជាផ្អាកការលក់ស្បៀងតាមរថយន្តចល័តជូនដល់ពលដ្ឋ…

អាមេរិក និងអឺរ៉ុប ទទួលស្គាល់គុណភាពវ៉ាក់សាំង AstraZeneca ផលិតនៅប្រទេសថៃហើយ!

ព័ត៌មាន
ក្រុមហ៊ុន AstraZeneca ថ្មីៗនេះ​បានឲ្យដឹងថា វ៉ាក់សាំងកូវីដ១៩ AstraZeneca ដែលផលិតដោយក្រុមហ៊ុន ស្យាមបាយអូសាយអិន (Siam Bioscience) រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ