ប្រទេសឥណ្ឌា

ឥណ្ឌាត្រៀមទប់ទល់នឹងរកលកឆ្លងកូវីដ-១៩ជាថ្មីទៀតហើយ ដោយគ្រោងបង្កើនផលិតអុកស៊ីហ្សែន៥០%ទៀត


ឥណ្ឌា​មាន​បំណង​បង្កើន​សមត្ថភាព​ផលិត​អុកស៊ីហ្សែន​របស់​ខ្លួន​ឲ្យ​ដល់​ចំនួន ១​ម៉ឺន​៥​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ដើម្បី​ត្រៀម​បង្ការ​ទុក មុន​ពេល​រលក​ឆ្លង​លើក​ទី​៣​នៃ​កូ​វី​ដ​១៩​វាយលុក​ប្រទេស​ឥណ្ឌា​ម្តងទៀត​។ រលក​ឆ្លង​លើក​ទី​៣ ត្រូវ​បាន​អ្នកជំនាញ​រំពឹង​ថា នឹង​អាច​ផ្ទុះ​រាលដាល​ខ្លាំង​នៅ​ក្នុង​ប្រទេស​នេះ នៅ​ពាក់កណ្តាល​ខែកញ្ញា​នេះ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​រ៉​យ​ទ័​រ​។
ប្រជាជនឥណ្ឌាកំពុងតែដាក់អុកស៊ីហ្សែនដើម្បីព្យាបាលជំងឺកូវីដ១៩

ការ​បង្កើន​សមត្ថភាព​ផលិត​អុកស៊ីហ្សែន​របស់​ឥណ្ឌា​ឲ្យ​បាន​ដល់​ចំនួន​សរុប ១​ម៉ឺន​៥​ពាន់​តោន​ក្នុង​មួយ​ថ្ងៃនេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា បាន​កើនឡើង​ប្រមាណ ៥០% ពី​បរិមាណ​ផលិត​ខ្ពស់​បំផុត​នា​ពេល​កន្លង​មក ដែល​មាន​ត្រឹម ១​ម៉ឺន​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​។

ក្រុមហ៊ុន លី​ន ឥណ្ឌា (Linde India) ជា​ក្រុមហ៊ុន​ធំ​ជាងគេ​មួយ​នៅ​ឥណ្ឌា ទទួល​បន្ទុក​ផលិត​និង​ផ្គត់ផ្គង់​អុកស៊ីហ្សែន​ដល់​រដ្ឋាភិបាល ពិសេស​អំឡុង​ពេល​ដែល​ឥណ្ឌា​ជួប​ប្រទះ​រលក​ឆ្លង​កូ​វី​ដ​១៩​លើក​ទី​២​កាលពី​ពេល​កន្លង​មក​។ ប្រធាន​ក្រុមហ៊ុន​នេះ​ប្រចាំ​តំបន់​អាស៊ី គឺ​លោក  ម៉ូ​លី បាន​នឺ​ជី (Moly Banerjee) បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​ដែល​រដ្ឋាភិបាល​ឥណ្ឌា​ដាក់​គោលដៅ​ផលិត​អុកស៊ីហ្សែន​បន្ថែម​ឲ្យ​ដល់ ១​ម៉ឺន​៥​ពាន់​តោន​ក្នុង​មួយ​ថ្ងៃ ក្រុមហ៊ុន​របស់​លោក​មាន​សមត្ថភាព​អាច​ផលិត​បាន​ត្រឹម​ជាង ១​ម៉ឺ​៣​ពាន់​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ រីឯ​បរិមាណ​ដែល​នៅ​សេសសល់​ត្រូវ​ប្រគល់​ឲ្យ​ក្រុមហ៊ុន និង​សហគ្រាស​ដទៃ សហការ​ជាមួយ​រដ្ឋាភិបាល​ឥណ្ឌា ដើម្បី​បំពេញបន្ថែម​ដោយ​ខ្លួនឯង​។

គួរ​ជម្រាប​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ក្រុង​ញ៉ូ​ដេ​លី​ក្នុង​ការ​បង្កើន និង​ត្រៀម​ទុក អុកស៊ីហ្សែន​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មានការ​ព្រួយបារម្ភ​ថា រលក​ឆ្លង​កូ​វី​ដ​១៩​លើក​ទី​៣ នឹង​អាច​ផ្តើម​បោកបក់​លើ​ប្រទេស​ឥណ្ឌា​ម្តងទៀត​ក្នុង​ពាក់កណ្តាល​ខែកញ្ញា​នេះ​។ 

ជាក់ស្តែង ក្នុង​ទីក្រុង​ធំ​មួយ​ឈ្មោះ ណា​ក​ភួ​រ (Nagpur) របស់​រដ្ឋ​មហា​សាស្ត្រា​ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា កំពុង​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩​កើនឡើង​យ៉ាង​លឿន​រហ័ស ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ប្រចាំ​រដ្ឋ​មួយ​នេះ ត្រៀម​ដាក់​ចេញ​នូវ​បម្រាម​គោចរ​រួច​ជា​ស្រេច​ទៅ​ហើយ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​របស់​ឥណ្ឌា​។ 

សូម​ជម្រាប​ថា ដោយ​ធ្លាប់​ទទួល​បាន​មេរៀន​ដ៏​ជូរ​ចត់​កាលពី​រលក​ឆ្លង​កូ​វី​ដ​១៩​កាលពី​គ្រា​មុន រដ្ឋាភិបាល​ទីក្រុង​ញូ​វ​ដេ​លី​មិន​បាន​មើល​ស្រាល​ស្ថាន​ការ​ទៀត​ឡើយ ដោយ​ខ្លួន​បាន​ចេញ​មុខ​មក​សន្យា​កាលពី​ខែ​មុន​ថា នឹង​បង្កើន​ការ​ផលិត​អុក​ស៊ី​សែន តាម​រយៈ​ការ​បង្កើត​រោងចក្រ​ផលិតកម្ម​ថ្មី​ៗ​ឲ្យ​បាន​ច្រើន ព្រមទាំង​ពង្រីក​សមត្ថភាព​ផលិតកម្ម​ក្នុង​រោងចក្រ​ដែល​មាន​ស្រាប់ ដើម្បី​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ឲ្យ​បាន​គ្រប់គ្រាន់ មិន​ឲ្យ​មានការ​ខ្វះខាត​ដូច​ពេល​កន្លង​មក​ទៀត​នោះ​ទេ​៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមយោធា និងរដ្ឋាភិបាលស្រមោលភូមា កំពុងដណ្ដើមកៅអីគ្នាយ៉ាងស្វិតស្វាញនៅUN

ព័ត៌មាន
ត្រឹមដើមខែកញ្ញានេះ របបសឹកនៅប្រទេសភូមា ពុំសូវមានតម្លៃការទូតនៅលើឆាកអន្តរជាតិនោះទេ ក្រៅតែពីទំនាក់ទំនងទ្វេភាគីជាមួយចិន រុស្សី និងទំនាក...

ក្រុមហ៊ុនបារាំងតូតាល់ ចុះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ាក់ក្នុងទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនប្រេងដ៏ធំមួយរបស់បារាំង គឺ តូតាល់ បានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលប្រទេសអ៊ីរ៉ាក់ លើកិច្ចព្រមព្រៀងមួយដែលមានតម្លៃទឹកប្រាក់ដល់ទ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ