សេដ្ឋកិច្ចឥណ្ឌា

សេដ្ឋកិច្ចឥណ្ឌាបានស្ទុះឡើង២០%ក្នុងត្រីមាសទី២ឆ្នាំនេះ ក្រោយអត្រាចាក់វ៉ាក់សាំងកើនឡើងជាលំដាប់


របាយការណ៍ផ្លូវការពីរដ្ឋាភិបាលរដ្ឋសហព័ន្ធឥណ្ឌា ដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ បានឲ្យដឹងថា សេដ្ឋកិច្ចឥណ្ឌាកាលពីត្រីមាសទី២ឆ្នាំ២០២១នេះ បានហក់ឡើងក្នុងអត្រា២០% ទោះបីជាប្រទេសយក្សសេដ្ឋកិច្ចលំដាប់ទី៣នៅអាស៊ីមួយនេះ បានរងគ្រោះយ៉ាងដំណំពីរលកឆ្លងកូវីដ១៩ដ៏កាចសាហាវ ដែលបានធ្វើឲ្យប៉ះពាល់ទាំងសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ប្រទេសមួយនេះក្តី។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
រូបភាពប្រជាជននៅក្នុងប្រទេសឥណ្ឌា

របាយការណ៍​ផ្លូវការ​ពី​រដ្ឋាភិបាល ស្តី​ពី​កំណើនសេដ្ឋកិច្ច​ឥណ្ឌា​ដ៏​ខ្ពស់​គឺ​ស្រប​ទៅ​នឹង​ទិន្នន័យ​ដែល​បាន​ចងក្រង និង​វាយតម្លៃ​ពី​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​ដូច​គ្នា ជុំវិញ​កំណើន​២០%​នៃ​សេដ្ឋកិច្ច​ឥណ្ឌា​ចាប់ពី​ខែមេសា​ដល់​មិថុនា ឆ្នាំ​២០២១​។ កំណើន​នេះ​ត្រូវ​អ្នកជំនាញ និង​អ្នកវិភាគ​ផ្នែក​សេដ្ឋកិច្ច​នៅ​ឥណ្ឌា អះអាង​ថា​ជា​ការ​ជួយ​រុញច្រាន​ដោយ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បាន​ចំនួន​ច្រើន​ទៅ​ៗ ដែល​ធ្វើ​ឲ្យ​គេ​អាច​ឈាន​ទៅ​គ្រប់គ្រង​លើ​ការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩ ហើយ​អាច​អនុញ្ញាត​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​វិស័យ​នានា ដំណើរការ​ជា​ធម្មតា​ឡើង​វិញ​។

ជាក់ស្តែង វិស័យ​សំណង់​របស់​ឥណ្ឌា​បាន​ងើបឡើង​វិញ​ក្នុង​អត្រា​៦៨% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​ដែល​មាន​ត្រឹម ៥០%​ប៉ុណ្ណោះ​។ ដោយឡែក វិស័យ​ផលិតកម្ម​ឧស្សាហកម្ម បាន​ពង្រីក​ខ្លួន​ដល់​ជិត​៥០% ធៀន​ទៅ​នឹង​អត្រា​៣៦%​ប៉ុណ្ណោះ​នៃ​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ វិស័យ​កសិកម្ម​វិញ បាន​កើនឡើង ៤.៥% ធៀប​នឹង​ត្រីមាស​មុន​ដែល​កើន​ត្រឹម ៣.៥%​។

អ្វី​ជា​មូលហេតុ​នៅ​ពីក្រោយ​កំណើនសេដ្ឋកិច្ច​ឥណ្ឌា​ទោះ​រង​គ្រោះ​ខ្លាំង​ដោយសារ​រលក​ឆ្លង​កូ​វី​ដ​១៩​?

គេ​នៅ​ចាំ​បាន​ថា​កាលពី​រលក​ឆ្លង​លើក​ដំបូង​នៅ​ឥណ្ឌា​កាលពី​ឆ្នាំ​២០២០ ទោះបី​ការ​រាលដាល​មិន​មាន​ចំនួន​ច្រើន​ខ្លាំង​ក៏​ពិតមែន ប៉ុន្តែ​រដ្ឋាភិបាល​ក្រុង​ញ៉ូ​ដេ​លី បាន​ដាក់​ចេញ​វិធាន​ការណ៍​តឹង​រឹង​បំផុត ពោល​គឺ​ប្រធានាធិបតី​ឥណ្ឌា​លោក ណា​រី​ន​ដ្រា ម៉ូ​ឌី បាន​បញ្ជា​ឲ្យ​បិទ​ខ្ទប់​ទាំងស្រុង​នៅ​ទូ​ទាំង​ប្រទេស​តែ​ម្តង ទោះបីជា​តំបន់​ខ្លះ​មិន​មាន​ករណី​វិជ្ជមាន​ក៏​ដោយ​។ ប្រការ​នេះ​បាន​ធ្វើ​ប៉ះពាល់​ខ្លាំង​ដល់​សកម្មភាព​សេដ្ឋកិច្ច អាជីវកម្ម​ទាំង​តូច​ទាំង​ធំ​នៅ​ឥណ្ឌា​។ 

ក្រោយមក នៅ​គ្រា​ដែល​ឥណ្ឌា​ជួប​ប្រទះ​នឹង​រលក​ឆ្លង​លើក​ទី​២​ក្នុង​ឆ្នាំ​២០២១ ទោះ​ការ​ឆ្លង​រាលដាល​កាលនោះ មាន​សភាព​ខ្លាំង​ជាង​មុន​ក៏​ពិតមែន តែ​រដ្ឋាភិបាល​ក្រុង​ញូ​ដេ​លី បាន​បញ្ជា​ឲ្យ​គេ​បិទ​ខ្ទប់​តែ​តំបន់​ណា​ដែល​មាន​ករណី​ឆ្លង​ខ្លាំង​ប៉ុណ្ណោះ ខណៈ​តំបន់​ផ្សេង​ៗ​ត្រូវ​ដាក់​ចេញ​នូវ​បម្រាម​គោចរ​។ ប្រការ​នេះ​ហើយ ដែល​អនុញ្ញាត​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ឥណ្ឌា​នៅ​បន្ត​ដង្ហើម​បាន ជា​ហេតុ​ធ្វើ​ឲ្យ​ប្រទេស​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​៣​នៅ​អាស៊ី​មួយ​នេះ មើលឃើញ​ពី​កំណើនសេដ្ឋកិច្ច​ខ្លាំង​ដូច​ពេល​នេះ​។

សូម​ជម្រាប​ថា សេដ្ឋកិច្ច​ឥណ្ឌា​ត្រូវ​បាន​ស្ថាប័នរដ្ឋ និង​អន្តរជាតិ​នានា​ព្យាករណ៍​ថា នឹង​មាន​កំណើន​ក្នុង​រង្វង់ ៩%​នៅ​ពេញ​មួយ​ឆ្នាំ​២០២១​នេះ ប៉ុន្តែ​សេដ្ឋវិទូ​បាន​អះអាង​ថា ប្រសិនបើ​ការ​ចាក់​វ៉ាក់សាំង ដំណើរការ​ទៅ​បាន​រលូន​និង​ក្នុង​ចំនួន​កាន់តែ​ច្រើន នោះ​សេដ្ឋកិច្ច​ឥណ្ឌា​អាច​នឹង​មាន​កំណើន​លើស​ពី​ការ​ព្យាករណ៍​នេះ​ទៅ​ទៀត​។

បច្ចុប្បន្ន​ឥណ្ឌា​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​បាន​ចំនួន ៥០%​នៃ​ពលរដ្ឋ​ពេញវ័យ​សរុប​របស់​ខ្លួន​ហើយ ក្នុង​នោះ ១៥%​នៃ​ពួក​គេ​ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃចាប់ផ្តើមប្រមូលពន្ធលើសេវាកម្មអេឡិចត្រូនិកពីប្រតិបត្តិករបរទេស

ព័ត៌មាន
ចាប់ពីពេលនេះតទៅ ប្រទេសថៃ សម្រេចបានប្រមូលពន្ធអាករតម្លៃបន្ថែម ពី ប្រតិបត្តិករបរទេស ដែលកំពុងបម្រើសេវាកម្មអេឡិចត្រូនិក និងប្រមូលចំណូលពីប្រទេស…

មកដល់ពេលនេះសហភាពអឺរ៉ុបសម្រេចជោគជ័យក្នុងផែនការចាក់វ៉ាក់សាំង ៧០% ដល់មនុស្សពេញវ័យហើយ!

ព័ត៌មាន
គណៈកម្មការអឺរ៉ុបនៅថ្ងៃទី៣១ខែសីហានេះបានប្រកាសពីការសម្រេចបានយ៉ាងជោគជ័យក្នុងផែនការចាក់វ៉ាក់សាំងក្នុងអត្រា៧០% ដល់មនុស្សពេញវ័យ ដោយគិតជាចំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ