ម្ហូប​ជនជាតិ​ដើម​ភាគតិច

វីដេអូ៖ សម្ល​​«ប្រូង»​​របស់​​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន យក​បំពង់​ឫស្សី​ធ្វើ​ជា​ឆ្នាំង!


សម្ល«ប្រូង» គឺ​ជា​ឈ្មោះដើមរបស់ម្ហូប​មួយ​ប្រភេទ​នៃ​ជនជាតិដើមភាគតិចទំពួន ដែល​គេ​ស្ល​នៅ​ក្នុង​បំពង់​ឫស្សី ជំនួស​ការ​ប្រើ​ប្រាស់​ឆ្នាំង។
សម្ល «ប្រូង» ជា​មុខ​ម្ហូប​មួយ​ប្រភេទ​របស់​ជន​ជាតិ​ដើម​ភាគតិច​ទំពួន។
ដោយ

កញ្ញា ម៉ែ ស្រីពិ ជា​ចុងភៅ​ជន​ជាតិ​ដើម​ភាគតិច​ទំពួន​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ និង​កំពុង​បម្រើ​ការងារ​នៅ​ផ្ទះ​បាយ​ជនជាតិ​ដើម​ភាគ​តិច ក្នុង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា សម្ល​នេះ​ត្រូវ​បាន​ពលរដ្ឋ​ជនជាតិ​ទំពួន​ពេញ​និយម​ខ្លាំង ពីព្រោះ ពួកគេ​មិន​ចាំបាច់​ស្ពាយ​ឆ្នាំង​សម្ល​ចូល​ព្រៃ​នោះ​ទេ គឺ​មាន​តែ​បំពង់​ឫស្សី​មួយ​ថ្នាំង ពួកគេ​អាច​ចម្អិន​អាហារ​ដ៏​មាន​រស​ជាតិ​ឈ្ងុយ​ឆ្ងាញ់​បាន​យ៉ាង​ងាយ​ស្រួល។

កញ្ញា ម៉ែ ស្រពិ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ពី​បុរាណ​មក ជន​ជាតិ​ភាគ​តិច​ច្រើន​រស់នៅ​ក្នុង​ព្រៃ ដែល​មិន​សូវ​មាន​ឆ្នាំង​ដូច​ឥឡូវ​នោះ​ទេ ដូច្នេះ ទើប​ពួក​គាត់​យក​បំពង់​ឫស្សី​មក​ដុត​ចម្អិន។ ម្យ៉ាង បំពង់​ឫស្សី វា​មាន​ក្លិន​ឈ្ងុយ​ផង»។ 

កន្លង​មក គេ​អាច​ភ្លក្ស​សម្ល​ប្រភេទ​នេះ នៅ​ខេត្ត​មណ្ឌល​គិរី រតនគិរី ឬ​ខេត្ត​ដទៃ​ទៀត ដែល​មាន​ជនជាតិ​ដើម​ភាគ​តិច​ទំពួន​រស់នៅ ប៉ុន្តែ បច្ចុប្បន្ន សម្ល​«ប្រូង»នេះ បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ «ផ្ទះ​បាយ​ជនជាតិ​ដើម​ភាគតិច» នៅ​ម្តុំ​ផ្សារ​ទួលទំពូង រាជ​ធានី​ភ្នំពេញ។  

ដ្បិត​តែ​ជា​អាហារ​ជនជាតិ​ដើម​ភាគតិច​ពិត​មែន ប៉ុន្តែ តម្លៃ​របស់​វា​មិន​ចាញ់​ម្ហូប​ខ្លះ​ក្នុង​ហាង​ដែល​មាន​ប្រ៊េន​ល្បីៗ​ប៉ុន្មាន​ឡើយ។ សម្ល​«ប្រូង»​មួយ​បំពង់​ឫស្សី មាន​តម្លៃ ៤​ម៉ឺន​រៀល។

តាម​ពិត​ទៅ តម្លៃ​នេះ​មិន​ខ្ពស់​ឡើយ​ ព្រោះថា ទម្រាំ​បាន​សម្ល​មួយ​បំពង់​ឫស្សី ចុងភៅ​ត្រូវ​ស្វែងរក​ទិញ​បន្លែ​ជា​ច្រើន​មុខ និង​គ្រឿង​ផ្សំ​ជា​ច្រើន​ប្រភេទ ព្រមទាំង​ចំណាយ​ពេល​ចម្អិន​ប្រហែល​កន្លះ​ម៉ោង​ឯណោះ។ 

សម្រាប់​ឫស្សី​មួយ​ថ្នាំង គេ​អាច​ចម្អិន​បាន​ត្រឹម​តែ​២​ដង​ប៉ុណ្ណោះ បើ​សិន​ចង់​ចម្អិន​បន្ត​ទៀត ទាល់តែ​ប្រើ​​ឫស្សី​ថ្មី​​ទៀត។  

ចុងភៅ​ជនជាតិ​ដើម​ភាគ​តិច​ទំពួន កញ្ញា ម៉ែ ស្រីពិ ធ្វើការ​នៅ​ហាង ផ្ទះបាយ​ជនជាតិ​ដើម​ភាគតិច ភ្នំពេញ។ (ហេង ភារម្យ)

តើ​សម្ល​ប្រូង​មាន​គ្រឿង​ផ្សំ​អ្វី​ខ្លះ និង​ត្រូវ​ចម្អិន​យ៉ាង​ដូច​ម្តេច?      

បើ​តាម​ចុងភៅ​ខាង​លើ សម្ល​នេះ​ គេ​ចម្អិន​ដោយ​មាន​ដាក់​បន្លែ​ច្រើន​មុខ និង​គ្រឿង​ផ្សំ​ច្រើន​ប្រភេទ​ចូល​ក្នុង​បំពង់​ឫស្សី រួច​បុក​បន្លែ និង​គ្រឿង​ចូល​គ្នា​ឲ្យ​បាន​ម៉ត់ បន្ទាប់​មក គេ​យក​ទៅ​ដុត​តែ​ម្តង ដោយ​ប្រើ​រយៈពេល​ប្រហែល ២០ ទៅ ៣០​នាទី ទើប​ឆ្អិន​ល្អ។

កញ្ញា ម៉ែ ស្រីពិ បន្ត​ថា សម្ល​នេះ​មាន​ប្រភេទ​បន្លែ ដូចជា ផ្លែ​ចេក ត្រួយ​ល្ពៅ ផ្លែ​ល្ពៅ សណ្តែកកួរ ត្រប់ ទំពាំង… និង​បន្លែ​ព្រៃ ជាដើម។ ដោយ​ឡែក ប្រភេទ​សាច់​វិញ គេ​អាច​ប្រើ​សាច់​ជ្រូក ត្រី និង​សាច់​ដទៃ​ទៀត​តាម​ការ​ចូល​ចិត្ត។ រីឯ​គ្រឿង​ផ្សំ​វិញ គឺ​មាន​ម្ទេស ប្រហុក អំបិល និង​ស្ករ​ស៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីឡា​ប្រណីត​បែប​រមណីយដ្ឋាន​ក្នុងគម្រោង​ The Palms ត្រូវបាន​កក់​អស់​ហើយ !​

ព័ត៌មាន
រាប់មិន​ទំាងដល់​កន្លះម៉ោង​ផង វីឡា​ប្រណីត​បែប​រមណីយដ្ឋាន​ដែលគ្រោង​នឹងសាងសង់​ឡើង​នៅក្បែរ​មាត់ទន្លេ ក្នុងគម្រោង​លំនៅ​ដ្ឋាន​ដ៏ប្រណីត​ The …

សមាគម​រោងចក្រ​កាត់​ដេរ​អំពាវនាវ​ដល់​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​​ឲ្យ​ជួយ​កម្ពុជាជា​បន្ត

ព័ត៌មាន
សមាគម​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​អំពាវនាវ​ដ​ល់​អ្នក​បញ្ជា​ទិញ​អន្តរជាតិ​នានា ឲ្យ​នៅ​ជួយ​គាំ​ទ្រ​កម្ពុជា​ជា​បន្ត ក្នុង​គ្រា​ដែល​មាន​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ